ស្រូវ​វស្សា​ជាច្រើន​ម៉ឺន​ហិកតារ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ប្រឈម​នឹង​ខ្វះ​ទឹក​ស្រោចស្រព

ដោយ ប្រាជ្ញ ចេវ
2015.09.03
ស្រូវ​ខ្វះ​ទឹក តាកែវ ៦២០ ដើម​ស្រូវ​ដែល​ខ្វះ​ទឹក​ស្រោចស្រព​នៅ​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។ រូបថត​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៤
RFA/Ouk Savborey

ទាញ​យក​កម្មវិធី​វិទ្យុ​អាស៊ីសេរី សម្រាប់​ទូរស័ព្ទ និង Tablet

ស្រូវ​វស្សា​ជាច្រើន​ម៉ឺន​ហិកតារ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន ប្រឈម​នឹង​ខូចខាត​ដោយសារ​ខ្វះ​ទឹក ប្រសិន​បើ​គ្រោះ​រាំង​ស្ងួត​នៅ​តែ​បន្ត និង​ពុំ​មាន​ដំណោះស្រាយ​ផ្តល់​ទឹក​ស្រោចស្រព​ឲ្យ​ទាន់​ពេលវេលា។ មន្ត្រី​ជំនាញ​រំពឹង​ថា ស្រូវ​ទាំង​នោះ​អាច​នឹង​រក្សា​បាន ប្រសិន​បើ​ភ្លៀង​ចាប់​ផ្ដើម​ធ្លាក់​ក្នុង​ខែ​កញ្ញា ឬ​ខែ​តុលា។

បញ្ហា​ខ្វះ​ទឹក​ធ្វើ​ស្រែ​នៅ​តាម​បណ្ដា​ខេត្ត​នានា ដូចជា ខេត្ត​តាកែវ បាត់ដំបង កំពត កំពង់ស្ពឺ សៀមរាប និង​ខេត្ត​បន្ទាយមានជ័យ ជាដើម កើត​ឡើង​ដោយសារ​ភ្លៀង​មិន​ទាន់​ធ្លាក់​គ្រប់គ្រាន់ និង​ខ្វះ​ប្រភព​ទឹក។ ទោះ​យ៉ាង​នេះ មន្ត្រី​ជំនាញ​រដ្ឋាភិបាល ពុំ​ទាន់​បង្ហាញ​ការ​ព្រួយ​បារម្ភ​ខ្លាំង​ពេក​នៅ​ឡើយ​ទេ ព្រោះ​គេ​រង់ចាំ​ទឹក​ភ្លៀង​នៅ​ក្រោយ​រដូវ​ភ្ជុំ ឬ​ក្រោយ​ខែ​កញ្ញា ឬ​ខែ​តុលា។

ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៣ ខែ​សីហា ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ពិសេស និង​ជា​អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក ញឹម វណ្ណដា ប្រាប់​ថា តំបន់​ដែល​ខ្វះខាត​ទឹក​ទាំង​នោះ គឺ​ជា​កន្លែង​ដែល​កសិករ​ធ្វើ​ស្រែ​ចម្ការ។ ទោះ​យ៉ាង​នេះ លោក​បញ្ជាក់​ថា ប្រសិន​បើ​តំបន់​ទាំង​នោះ​មាន​ភ្លៀង​គ្រប់គ្រាន់ នឹង​ធ្វើ​ឲ្យ​ដំណាំ​ស្រូវ​ទាំង​នោះ​ប្រែ​ជា​ល្អ​ឡើង​វិញ៖ «តាម​ខ្ញុំ​ពិសោធន៍ ខេត្ត​ពោធិ៍សាត់ ឬ​ខេត្ត​បាត់ដំបង ដែល​ខ្ញុំ​ចុះ​មក​មើល​ស្ថានភាព​ខ្វះខាត​ទឹក​ហ្នឹង បើ​នៅ​ខែ​កញ្ញា នៅ​តែ​គ្មាន​ទឹក​ទេ អាច​នឹង​មាន​ការ​ខូចខាត​ខ្លះ»

មន្ត្រី​រដ្ឋាភិបាល​បន្ត​ថា អាជ្ញាធរ​ខេត្ត និង​ក្រសួង​ពាក់ព័ន្ធ កំពុង​ធ្វើ​ការងារ​លើ​រឿង​នេះ ដើម្បី​សង្គ្រោះ​ស្រូវ​ពលរដ្ឋ ប៉ុន្តែ​អ្វី​ដែល​ពិបាក​ដោះស្រាយ​នោះ តំបន់​មួយ​ចំនួន​គ្មាន​ប្រភព​ទឹក។

ទាក់ទង​រឿង​នេះ​ដែរ របាយការណ៍​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បង្ហាញ​ថា កម្ពុជា មាន​ប្រព័ន្ធ​ធារាសាស្ត្រ​ខ្នាត​តូច មធ្យម និង​ធំ ជាង ២​ពាន់​ប្រព័ន្ធ ដើម្បី​គ្រប់គ្រង​ទឹក។

អភិបាល​ខេត្ត​កំពង់ធំ លោក ឈុន ឈាន់ ឲ្យ​ដឹង​ថា ខេត្ត​កំពង់ធំ កសិករ​ជួប​បញ្ហា​ខ្វះខាត​ទឹក​តិចតួច​ទេ ព្រោះ​ភ្លៀង​ធ្លាក់​មិន​បាន​គ្រប់​កន្លែង និង​មិន​ទៀងទាត់។ លោក​អភិបាល​ខេត្ត​បន្ត​ថា ខេត្ត​ក៏​បាន​ត្រៀម​វិធានការ​ខ្លះៗ​ហើយ ដើម្បី​ជួយ​កសិករ ដូចជា​ម៉ាស៊ីន​បូម​ទឹក ជាដើម៖ «ដំណាំ​ស្រូវ​អត់​មាន​បញ្ហា​អី​ធ្ងន់ធ្ងរ​ទេ ភ្លៀង​មិន​បាន​គ្រប់ ម្តង​ចឹង​ទៅ យូរ​ទើប​ភ្លៀង​ម្តង​ទៀត»

ទោះ​ជា​ប្រទេស​កម្ពុជា ជា​ប្រទេស​កសិកម្ម ប៉ុន្តែ​ប្រជា​កសិករ​ភាគ​ច្រើន​នៅ​តែ​ធ្វើ​ស្រែ​ប្រវាស់​មេឃ ខណៈ​ដែល​រដ្ឋាភិបាល​ប្រកាស​ថា នឹង​នាំ​ស្រូវ​ចេញ​ឲ្យ​បាន ១​លាន​តោន​ក្នុង​មួយ​ឆ្នាំ​នៅ​ក្នុង​ឆ្នាំ​២០១៥ នេះ។

ប្រធាន​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា ហៅថា​សេដាក (CEDAC) លោក យ៉ង សាំងកុមារ មាន​ប្រសាសន៍​ថា កសិករ​អាច​ដាំ​ដំណាំ​ផ្សេងៗ​ដែល​ពុំ​សូវ​ត្រូវ​ការ​ទឹក លើ​ដី​ស្រែ​បន្ថែម។ អ្នក​ធ្វើ​ការងារ​ទាក់ទង​វិស័យ​កសិកម្ម​រូប​នេះ ស្នើ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ រក​ដំណោះស្រាយ​ផ្តល់​ប្រព័ន្ធ​ដូចជា ជីក​អាង ឬ​ប្រឡាយ​ទឹក​ជូន​ដល់​កសិករ ឬ​ជជែក​រឿង​ទឹក​ជាមួយ​កសិករ​ឲ្យ​បាន​ច្រើន៖ «យើង​មាន​តែ​ជួយ​គាំទ្រ​កសិករ​រក្សា​ទឹក​ទុក​នៅ​ចុង​រដូវ​វស្សា ចឹង​បើ​សិន​ជា​មាន​គោលការណ៍ ឬ​ជា​ទុក​ផ្តល់​លុយ​ជីក​អាង​ប្រឡាយ អាច​ជួយ​សម្រាល​កសិករ​បាន​ច្រើន​ណាស់»

អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក ញឹម វណ្ណដា ហៅ​ការ​ខ្វះ​ទឹក​នៅ​ពេល​នេះ គឺ​ភ្លៀង​យឺត​ពេល។ ដូច​នេះ លោក​ប្រាប់​កសិករ​ឲ្យ​ពន្យារ​ពេល​ដក​ស្ទូង ដោយ​រង់ចាំ​ដល់​ដល់​ខែ​តុលា ឬ​ខែ​វិច្ឆិកា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។