កសិករខេត្តតាកែវ រអ៊ូរទាំថា តម្លៃស្រូវពួកគាត់ឆ្នាំនេះចុះថោកជាងឆ្នាំទៅ ធ្វើឲ្យពួកគាត់ខាតបង់ច្រើនក្នុងការចំណាយដើមទុនផលិត។ ក៏ប៉ុន្តែ មន្ត្រីកសិកម្មខេត្តបញ្ជាក់ថា កសិករនៅតែទទួលបានប្រាក់ចំណេញច្រើនពីការលក់ស្រូវ ទោះបីតម្លៃស្រូវចុះថោកយ៉ាងណាក៏ដោយ។
កសិករត្អូញត្អែរថា តម្លៃស្រូវឆ្នាំនេះចុះថោកជាងឆ្នាំទៅមិញចាប់ពី ២០០ ទៅ ៤០០រៀលក្នុងមួយគីឡូក្រាម អាស្រ័យទៅតាមប្រភេទស្រូវល្អឬអន់។
កសិករនៅស្រុកសំរោង ខេត្តតាកែវ ឲ្យដឹងថា ទិន្នផលស្រូវពួកគាត់ឆ្នាំនេះបានផលល្អណាស់ តែនៅពេលរដូវប្រាំងចូលមកដល់ កសិករចាប់ផ្ដើមច្រូតកាត់ប្រមូលផល ស្រាប់តែថ្លៃស្រូវចុះថោកតែម្ដង ធ្វើឲ្យពួកគាត់បាក់ទឹកចិត្តយ៉ាងខ្លាំង៖ «ហ៊ឺ! ឆ្នាំនេះផលបានច្រើនតែដោយសារចៃដន្យស្រូវថោកពេក រាល់ឆ្នាំយើងគិតមើលស្រូវម្លិះ ១.៣៥០ ទៅ ១.៤០០ (រៀល) ឆ្នាំនេះបាន ១.១០០ ដូចអត់យល់ដែរ ឆ្ងល់ដែរ។ កសិករម្នាក់ទៀត៖ ឥឡូវស្រូវផ្ការំដួល ផ្កាម្លិះស្ងួតហ្នឹងលក់បាន ១គីឡូបាន ១.១០០ ទេ ឆ្នាំទៅមិញលក់បានថ្លៃជាងឆ្នាំនេះ ក្រៅពីស្រូវផ្ការំដួលផ្កាម្លិះហ្នឹង ស្រូវសយើងស្រូវចំណីធម្មតាឥឡូវធ្លាក់មកនៅ ៨០០ ឬ ៩០០ (រៀល)។ បើស្រូវចាស់ស្រូវសស្រូវចាស់ឆ្នាំទៅមិញបាន១គីឡូ ១.១០០ ហើយមិនដឹងយ៉ាងម៉េច ទីផ្សារគេទិញស្រូវយើងទាន់ឥឡូវៗហ្នឹងស្រូវស ស្រូវអីហ្នឹងបានតែ ៩០០ ឬ៨០០ ទេ មួយគីឡូ»។
ខេត្តតាកែវ គឺជាខេត្តមួយជាប់ព្រំដែនវៀតណាម ដែលតំបន់ភាគច្រើនមានវាលស្រែទំនាបសម្បូរទៅដោយប្រព័ន្ធធារាសាស្ត្រខ្វាត់ខ្វែង ផ្ដល់លទ្ធភាពឲ្យកសិករអាចធ្វើស្រូវបានបីដងក្នុងមួយឆ្នាំ ធ្វើឲ្យខេត្តតាកែវ អាចជាប់ឈ្មោះថាជាខេត្តមួយសម្បូរស្រូវដូចខេត្តបាត់ដំបង ដែរ។ ក៏ប៉ុន្តែ រាល់ពេលរដូវប្រមូលផលម្ដងៗ កសិករពិបាករកទីផ្សារលក់ស្រូវ ធ្វើឲ្យពួកគាត់ភាគច្រើនលក់ស្រូវទៅឲ្យឈ្មួញវៀតណាម ដែលនៅក្បែរ។ តែនៅឆ្នាំនេះ កសិករឲ្យដឹងថា សូម្បីតែឈ្មួញវៀតណាម ក៏មិនឃើញចុះមកទិញស្រូវពួកគាត់ដូចឆ្នាំមុនៗទៀតដែរ គឺមានតែឈ្មួញក្នុងស្រុកមួយចំនួន ចុះទិញស្រូវពួកគាត់ក្នុងតម្លៃថោក ហើយដឹកទៅលក់បន្តទៅវៀតណាម។
អ្នកស្រី គយ ស្រីណាក់ អាជីវករទិញស្រូវម្នាក់បញ្ជាក់ថា មូលហេតុដែលស្រូវខ្មែរចុះថោក ដោយសារមិនមានទីផ្សារក្នុងស្រុកផង និងទីផ្សារវៀតណាម ក៏ជោរជន់ស្រូវដូចនៅស្រុកខ្មែរដែរនៅដើមរដូវច្រូតកាត់នេះ៖ «ទាក់ទងបញ្ហាហ្នឹង ខ្ញុំអត់ដឹងដែរ តែគ្រាន់តែខ្ញុំដឹកទៅវៀតណាម វាឲ្យយើងថោកណាស់។ វៀតណាម បើថាស្រូវយើងស្រូវថ្មីខ្ញុំដឹកដល់នោះវាឲ្យខ្ញុំ ៩០០ មួយគីឡូ ដល់អ៊ីចឹងខ្ញុំមិនទិញ ៨០០ ឬ ៨៥០ (រៀល)»។
កសិករភាគច្រើនត្អូញត្អែរថា ពួកគាត់ខាតបង់ដើមទុន ដោយសារចំណាយខ្ពស់ទិញជីថ្នាំសម្លាប់សត្វល្អិត ចំណាយលើឈ្នួលភ្ជួររាស់ ស្ទូងដក ជាដើម ចំណែកកសិករខ្លះទៀតចងការប្រាក់ធនាគារមកធ្វើដើមទុនធ្វើស្រែ។
លោក ឯម ចាន់ មន្ត្រីផ្នែកទីផ្សារនៃសមាគមអភិវឌ្ឍន៍កសិកម្មត្រពាំងធ្នង់ ស្រុកសំរោង ខេត្តតាកែវ បញ្ជាក់ថា បើតម្លៃស្រូវថោកដូចសព្វថ្ងៃ នឹងធ្វើឲ្យកសិករជំពាក់គេវ័ណ្ឌក ជាពិសេសជំពាក់ធនាគារដែលពួកគាត់បានចងការប្រាក់យកធ្វើដើមទុនធ្វើស្រែតែម្ដង។
ទាក់ទងតម្លៃស្រូវចុះថោកនេះ ប្រធានមន្ទីរកសិកម្មខេត្តតាកែវ លោក ញ៉ិប ស្រ៊ន បញ្ជាក់ថា មូលហេតុដែលមិនសូវមានឈ្មួញចុះមកទិញស្រូវខ្មែរដូចលើកមុនៗនោះ គឺដោយសារទីផ្សារវៀតណាម ថៃ ឆ្នាំនេះ មិនទិញស្រូវខ្មែរ ដោយសារប្រទេសទាំងនោះកំពុងសម្រុកនាំចេញអង្កររបស់គេទៅលក់នៅបរទេសដែរ។ ក៏ប៉ុន្តែលោកថា ទោះយ៉ាងណា កសិករនឹងនៅតែទទួលប្រាក់ចំណេញដដែល ព្រោះថា ខេត្តតាកែវ មានប្រព័ន្ធធារាសាស្ត្រពាសពេញខេត្ត កសិករមិនចាំបាច់ចំណាយប្រាក់ច្រើនលើការស្រោចស្រពដូចខេត្តផ្សេងៗ។ ជាងនេះទៅទៀតនោះ លោកថា រដ្ឋាភិបាលរួមទាំងអង្គការដៃគូនានាជាច្រើន បានចុះបង្រៀនកសិករអំពីបច្ចេកទេសធ្វើស្រែបានទិន្នផលខ្ពស់ក្នុងមួយហិកតារជាង ៣តោន ដែលអាចលក់ផលស្រូវបានប្រហែល ៤លានរៀលក្នុងមួយហិកតារថែមទៀត។
លោក ញ៉ិប ស្រ៊ន បន្តថា នៅតំបន់ខ្លះ កសិករអាចធ្វើស្រែបានបីដងក្នុងមួយឆ្នាំទៀតផង ដែលធ្វើឲ្យជីវភាពពួកគាត់អាចធូរធារជាងមុនបានយ៉ាងបង្គួរ៖ «ជាទូទៅ កសិករគាត់អត់បានធ្វើវិភាគសេដ្ឋកិច្ចគាត់ចេះតែគិតថា ធ្វើស្រែអត់ចំណេញដោយសារតែឧទាហរណ៍គាត់ខ្ចីទុនគេ ៤លាន ក្នុង ៤លាន គាត់យកតែ ២លាន ឬ ២លានកន្លះទេ ដើម្បីទិញសម្ភារៈ។ ឧទាហរណ៍ដូចជា ពូជ ដូចជាជី ដូចជាថ្នាំ ជួលគេភ្ជួររាស់ដកស្ទូងអីហ្នឹង។ ប៉ុន្តែ ១លានកន្លះទៀតនោះ គាត់ដូចថាចងដៃការ ក៏ថវិកាហ្នឹងទៅបុណ្យគេក៏ប្រើថវិកាហ្នឹង ទិញសម្ភារៈក្មេងរៀនក៏ប្រើខ្ទង់ហ្នឹងដែរ ហើយកាលដែលច្រូតកាត់មកវិញ បើមិនបានលើសពី ៤លាន គាត់ថាខាត តាមពិតគាត់ចំណេញ បើយើងវិភាគសេដ្ឋកិច្ចលើតែដំណាំស្រូវតែមួយមុខ ដោយសារគាត់យកថវិកានោះទៅចំណាយផ្សេងៗក្រៅពីស្រូវ»។
ចំណែក លោក ដួង ហេង ប្រធានសមាគមម៉ាស៊ីនកិនស្រូវខេត្តតាកែវ ក៏បានយល់ស្របទៅនឹងការអះអាងរបស់ លោក ញ៉ិប ស្រ៊ន នេះដែរ ដោយលោកយល់ថា តម្លៃស្រូវនឹងអាចឡើងថ្លៃខ្ពស់វិញនៅចុងរដូវច្រូតកាត់ខាងមុខ បើកសិករអាចមានលទ្ធភាពទុកស្រូវលក់នៅពេលខាងមុខបាន គាត់នឹងបានប្រាក់ចំណេញច្រើនថែមទៀត។
ក៏ប៉ុន្តែ កសិករខ្លះបានឆ្លើយថា ពួកគាត់មិនអាចទុកស្រូវយូរបានទេ ព្រោះត្រូវការយកប្រាក់សងបំណុលគេបន្ទាន់។ ពួកគាត់បានអំពាវនាវឲ្យរដ្ឋាភិបាលធ្វើយ៉ាងណា ជួយរកទីផ្សារលក់ស្រូវឲ្យពួកគាត់ផង។
ដោយឡែកចំពោះទិន្នផលស្រូវឆ្នាំនេះ លោក ញ៉ិប ស្រ៊ន វាយតម្លៃជាជំហានដំបូងថា ខេត្តតាកែវ នឹងអាចបានទិន្នផលស្រូវគិតទាំងប្រាំងទាំងវស្សាសរុបចំនួនជាង ១លានតោន ហើយបើទូទាត់ផាត់លើចំណាយកសិករហូបចុកទូទាំងខេត្ត និងចំណាយលើចំណីសត្វផ្សេងៗទៀត ខេត្តតាកែវ នឹងអាចសល់ស្រូវជាង ៧៥ម៉ឺនតោនសម្រាប់នាំចេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។