ប្រធានការិយាល័យអធិការកិច្ចបេឡាជាតិរបបសន្តិសុខសង្គម លោក ម៉េង ហុង បានឲ្យដឹងនៅថ្ងៃទី២៧ ឧសភា ថា គ្រោះថ្នាក់នេះបានកើតឡើងនៅពេលវេលាម៉ោងប្រមាណ ៦ និង ៣០នាទី ក្នុងខណៈអ្នកដឹកជញ្ជូនជិះដឹកកម្មករទៅធ្វើការ។ លោកបន្តថា កម្មករទាំងនោះគឺជាពលរដ្ឋនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ក្នុងចំណោមអ្នករងគ្រោះ ៦នាក់នោះ មានម្នាក់ជាបុគ្គលិកសន្តិសុខ ពួកគេបានរបួសស្រាល ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យព្រះកុសុមៈ។
លោក ម៉េង ហុង៖ «ខ្ញុំស្រង់បានតែ ៦នាក់ទេ ៤នាក់ស្រាល នៅពេទ្យលោកសង្ឃ ហើយ ២នាក់ទៀត ម្នាក់បែកក្បាល ម្នាក់រយះដៃ គាត់ទៅផ្ទះគាត់ ហើយគាត់ត្រូវបានធានារ៉ាប់រងដោយបេឡាជាតិរបបសន្តិសុខសង្គម»។
កាលពីពាក់កណ្ដាលខែមេសា ឆ្នាំ២០១១ កម្មការិនីរោងចក្រដដែលនេះ ជាង ៧០នាក់ បានគ្រោះថ្នាក់ចរាចរណ៍ម្ដងរួចមកហើយ ដោយសារតែរថយន្តដឹកជញ្ជូនកម្មករបានបែកកង់បណ្ដាលឲ្យក្រឡាប់ នៅចំណុចវត្តជើងឯក ស្ថិតនៅសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជាទូទៅកម្មកររោងចក្រនៅកម្ពុជា ទាំងអស់បានជួលឡានរួមគ្នាធ្វើដំណើរទៅធ្វើការរោងចក្រព្រឹកល្ងាចឆ្ងាយពីផ្ទះ ដែលឡានភាគច្រើនជាឡានជជុះចាស់ៗនាំចូលពីប្រទេសកូរ៉េ ហើយច្រើនដាក់កម្មករប្រជ្រៀតគ្នាលើសចំណុះងាយបង្កគ្រោះថ្នាក់បំផុត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
