មេការខ្មែរម្នាក់ ថាពិតជាមានភាពយឺតយ៉ាវក្នុងការបើកប្រាក់ខែជូនកម្មករមែន ហើយគាត់ជាអ្នកគាំទ្រកម្មករខ្មែរ ក៏ត្រូវមានបញ្ហាដែរ។ ករណីនេះ អង្គការសិទ្ធិមនុស្សយល់ថា វាគឺជារឿងរំលោភទៅលើច្បាប់ការងារ និងរំលោភសិទ្ធិមនុស្សទៀតផង។
កម្មករចម្ការកៅស៊ូម្នាក់នៅក្រុមហ៊ុន ហ្គោលវ៉ាសុន របស់វៀតណាម នៅខេត្តកំពង់ធំ លោក អុក រិទ្ធី បានមានប្រសាសន៍ថា កម្មករខ្មែរភាគច្រើនមិនបានទទួលប្រាក់ខែពីក្រុមហ៊ុនតាមចំនួនដែលពួកគាត់បានចំណាយពលកម្ម តាំងពីក្រោយពេលបុណ្យភ្ជុំបិណ្ឌមក គឺភាគីក្រុមហ៊ុនបើកតែបន្តិចបន្តួចប៉ុណ្ណោះ ទើបធ្វើឱ្យពួកគាត់មានការលំបាកក្នុងការរស់នៅប្រចាំថ្ងៃ ពីព្រោះកម្មករខ្មែរភាគច្រើនជំពាក់គេ និងម្យ៉ាង មានប្រពន្ធកូនដែលត្រូវការប្រាក់ចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃ។
លោក អុក រិទ្ធី៖ «ខ្ញុំៗអ្នកនិយាយចេញមុខខ្លាំងៗ ហើយនិយាយកោកៗឱ្យឮទាំងអស់គ្នា ពីព្រោះខ្ញុំទ្រាំវាអត់បាន ណាមួយខ្ញុំមានកូនមានប្រពន្ធ ណាមួយជើងខ្ញុំចូលចង់ពិការទៀត ហើយខំប្រឹងតស៊ូធ្វើការ ដើម្បីយកលុយមកចិញ្ចឹមប្រពន្ធចិញ្ចឹមកូន តែចុងបញ្ចប់ មិនដឹងលុយនៅណា!»។
លោក អុក រិទ្ធី ដែលមានស្រុកកំណើតនៅឯស្រុកមុខកំពូល ខេត្តកណ្ដាល ខំប្រឹងធ្វើការទាំងសុខភាពមិនសូវល្អ បានថ្លែងបន្តថា ពេលបុណ្យទានម្តងៗ កម្មករខ្មែរពិបាកក្នុងការទៅលេងស្រុកកំណើតណាស់ ពីព្រោះក្រុមហ៊ុនមិនបានបើកប្រាក់ឱ្យបានគ្រប់ចំនួនតាមអ្វីដែលពួកគាត់ធ្វើបាន ហើយពេលណាដែលលោកចេញមុខតវ៉ា ត្រូវខាងសន្តិសុខក្រុមហ៊ុនវាយដំទៀតផង។ លោកបន្តថា សម្រាប់កម្មករវៀតណាម ដែលធ្វើការនៅទីនោះ មិនដែលមានបញ្ហានោះទេ ប្រាក់បើកបានគ្រប់ចំនួន ហើយអាចទាំងខ្ចីពីថៅកែបានថែមទៀតផង។ លោកយល់ថា ការគាបសង្កត់មកលើកម្មករខ្មែរ គឺដើម្បីជាលេសបង្ខំឱ្យកម្មករខ្មែរ ឈប់ធ្វើការប្រសិនបើជាមិនអាចទ្រាំបាន ហើយថៅកែងាយស្រួលនឹងយកកម្មករវៀតណាម ដាក់បញ្ចូលវិញ។
លោក អុក រិទ្ធី៖ «ពួកខ្ញុំរកមិនសូវបាន ពីព្រោះគេម៉ៅទៅឱ្យជនជាតិគេអស់ទៅ។ កម្ពុជា អត់សូវមានការងារជនជាតិវៀតណាម មកស្របច្បាប់ខ្លះ មិនស្របច្បាប់ខ្លះ គេគ្នាគេៗ អត់ដូចយើងទេ គ្នាគេៗបើកចង់ខ្ចីក៏បានដែរ។ ជនជាតិខ្មែរយើងលំបាកខ្ចីតម្រូវយើងខ្វះខាត ១លានអី ខ្ចីបានត្រឹម ៣០ម៉ឺនអីទេ។ អានេះបើតាមខ្ញុំគិតមើល អានេះគេហៅថា គាបសង្កត់ហើយ គេមិនចងជើងពួកខ្ញុំទេ។ សព្វថ្ងៃ គេមិនដេញពួកខ្ញុំទេ តែគេធ្វើឱ្យពួកខ្ញុំទាល់ច្រកឱ្យរត់ចេញហ្មង»។
ចំពោះបញ្ហានេះ មេការខ្មែរម្នាក់ អ្នកស្រី ធន លីម បានមានប្រសាសន៍ថា ពិតជាមានករណីបើកប្រាក់ខែយឺតយ៉ាវឱ្យកម្មករខ្មែរមែន ហើយកម្មករវៀតណាម មិនធ្លាប់មានបញ្ហាចំពោះរឿងប្រាក់ខែនោះទេ។ អ្នកស្រីតែងតែជួយគាំទ្រដល់កម្មករខ្មែរដែលជួបបញ្ហា រហូតធ្វើឱ្យមេការវៀតណាម និងមេការខ្មែរដែលមានទំនោរទៅរកថៅកែវៀតណាម សម្ដែងការមិនពេញចិត្តចំពោះអ្នកស្រីទៀតផង។
អ្នកស្រី ធន លីម៖ «និយាយទៅខ្ញុំឈឺឆ្អាលកម្មករខ្មែរហ្នឹង ហើយបានជាគេព្រួតស្អប់ខ្ញុំ ព្រោះអីខ្ញុំគាំទ្រកម្មករខ្មែរយើង ព្រោះមកនៅធ្វើការ ខ្ញុំនិយាយបាន គេថាគ្នាជាកម្មករ គ្នាមិនមែនជាទាសកររបស់យើងទេ ជាសិទ្ធិរបស់គាត់ៗធ្វើការបានប៉ុណ្ណា គាត់យកប៉ុណ្ណឹង។ ហើយកម្មករវៀតណាម គាត់មកដណ្ដើមការងារខ្មែរយើងធ្វើអ៊ីចឹងទៅ ម៉ៅការចេញធ្វើអស់អាលីង ហើយកម្មករខ្មែរយើងមានការលំបាក។ ប៉ុន្តែបើខ្មែរយើងសាមគ្គីគ្នាអត់អីទេ តែច្រើនតែច្រណែនៗមកលើតែខ្ញុំមួយទេ គេឃើញខ្ញុំស្រីវាទន់ខ្សោយ»។
អ្នកស្រីស្នើសុំឱ្យថៅកែបើកប្រាក់ខែជូនកម្មករខ្មែរដែលមានជិត ១០០នាក់ ឱ្យបានទៀងទាត់ និងសុំឱ្យមានការបែងចែកការងាររវាងកម្មករខ្មែរ និងកម្មករវៀតណាម ឱ្យបានស្នើគ្នា ជៀសវាងការរើសអើង។
វិទ្យុអាស៊ីសេរី មិនអាចស្វែងរកប្រភពទាក់ទងពីសំណាក់ថៅកែក្រុមហ៊ុនជាជនជាតិវៀតណាម បានទេ នៅថ្ងៃទី១៨ មករា។
តែយ៉ាងណាក៏ដោយ បុគ្គលិកស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) ប្រចាំខេត្តកំពង់ធំ លោក ឈួម រុណ បានមានប្រសាសន៍ថា កន្លងមកខាងលោកបានទទួលព័ត៌មានថា ពិតជាមានករណីយឺតយ៉ាវចំពោះការបើកប្រាក់ខែជូនកម្មករមែន ប៉ុន្តែខាងលោកមិនទាន់បានទៅអង្កេតដល់ទីតាំង។ លោកបញ្ជាក់ថា ករណីបែបនេះជាការរំលោភលើសិទ្ធិការងារ និងការរំលោភសិទ្ធិមនុស្សទៀតផង៖ «ឥឡូវហ្នឹងខាងយើងមានតែវិធីមួយទេ គឺឱ្យខាងគាត់ផ្តល់ព័ត៌មានឱ្យយើងច្បាស់ហើយ យើងនឹងធ្វើអន្តរាគមន៍ទៅស្ថាប័នពាក់ព័ន្ធ ព្រោះអានេះវាជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ដែលនិយាយឱ្យចំទៅ ព្រោះគាត់ធ្វើការដោយកម្លាំងពលកម្មប្រាក់កម្រៃ និយាយចំទៅប្រាក់កម្រៃបានតិចតួចទេ មិនបានគ្រប់គ្រាន់ទេ សម្រាប់កម្លាំងពលកម្មរបស់គាត់បើនិយាយឱ្យចំវាការរំលោភសិទ្ធិមនុស្សមួយដែរ»។
លោកបញ្ជាក់ថា ខាងលោកនឹងបន្តស្រាវជ្រាវឱ្យបានលម្អិតតទៅទៀតចំពោះរឿងនេះ ដើម្បីធ្វើការដោះស្រាយជូនកម្មករខ្មែរ ប្រសិនបើជាមានការស្នើសុំអន្តរាគមន៍ ឬមានដាក់ពាក្យបណ្ដឹងពីខាងកម្មករខ្មែរទាំងនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
