រោងចក្រ​សាប៊្រីណា​បញ្ឈប់​កម្មករ​ប្រមាណ​៣០០​នាក់

កម្មករ និង​កម្មការិនី​រោងចក្រ​កាត់​ដេរ សាប្រ៊ីណា ជាង ៤​ពាន់​នាក់ បាន​ធ្វើ​កូដកម្ម​ជា​បន្តបន្ទាប់ ចាប់​ពី​ថ្ងៃ​ទី២១ ខែ​ឧសភា ដល់​ថ្ងៃ​ទី៣ ខែ​មិថុនា រហូត​ដល់​ផ្ទុះ​អំពើ​ហិង្សា​ខូចខាត​ទ្រព្យ​សម្បត្តិ​រោងចក្រ និង​បណ្ដាល​អោយ​កម្មករ​រង​របួស​ធ្ងន់​ស្រាល​ជាង ២០​នាក់ ដោយសារ​ការ​បង្ក្រាប​ពី​សមត្ថកិច្ច ក្នុង​នោះ​ស្ត្រី ២​នាក់​រលូត​កូន។

លោក ជា មុនី បញ្ជាក់​ថា ចាប់​តាំង​ពី​ក្រោយ​ថ្ងៃ​បាតុកម្ម​នោះ​មក រោងចក្រ សាប្រ៊ីណា បាន​បញ្ឈប់​កម្មករ​ជា​បន្តបន្ទាប់៖ «គេ​បញ្ឈប់​ម្តង​ម្នាក់ៗ។ ខ្ញុំ​លើក​ឧទាហរណ៍​មួយ គឺ​ថា​ក្រុមហ៊ុន សាប្រ៊ីណា ហ្នឹង គេ​បាន​ជា​ក្រដាស​មួយ ហើយ​គេ​បិទ​នៅ​មុខ​រោងចក្រ គេ​ថា​សេចក្តី​ជូន​ដំណឹង​អ៊ីចឹង​មក គេ​យោង​មាត្រា​ច្បាប់ គេ​យោង​ប្រការ​របស់​គេ យោង​ព្រឹត្តិការណ៍​ថ្ងៃ​ទី២៧ និង​ថ្ងៃ​ទី៣ យោង​សំណុំ​រឿង​ព្រហ្មទណ្ឌ​លេខ​២ អី​អ៊ីចឹង​ទៅ រួច​ហើយ​គេ​ជូន​ដំណឹង​ទៅ​ឈ្មោះ​កម្មករ "ក" អី​អ៊ីចឹង​ទៅ គេ​បញ្ឈប់​ហើយ»

ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា គូស​បញ្ជាក់​ថា ការ​បញ្ឈប់​កម្មករ​ពី​ការងារ​នេះ គឺ​ខុស​ច្បាប់​ទាំង​ស្រុង។

វិទ្យុ​អាស៊ីសេរី បាន​ទាក់ទង​ភាគី​រោងចក្រ សាប្រ៊ីណា ជា​ច្រើន​លើក ដើម្បី​បំភ្លឺ​អំពី​ការ​បណ្ដេញ​កម្មករ​នេះ ប៉ុន្តែ​ទូរស័ព្ទ​ពុំ​អាច​ទាក់ទង​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។