កម្មករ​​​​ជាង​២០​នាក់​សន្លប់​និង​​របួស​ក្នុង​ពេល​តវ៉ា

កម្មករ​រោងចក្រ​កាត់​ដេរ សាប្រ៊ីណា (Sabrina) ស្ថិត​នៅ​ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ ប្រមាណ ៤​ពាន់​នាក់ បន្ត​ធ្វើ​កូដកម្ម​បិទ​ផ្លូវ​ជាតិ​លេខ ៤ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​ឧសភា ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ​ចំនួន ៩​ចំណុច។ កូដកម្ម​នោះ​បាន​ឈាន​ទៅ​ដល់​ការ​ប្រើ​អំពើ​ហិង្សា​រវាង​កម្មករ និង​កម្លាំង​កងរាជអាវុធហត្ថ បណ្ដាល​ឲ្យ​កម្មករ​ជាង ២០​នាក់​រង​របួស​ធ្ងន់ និង​ស្រាល។

0:00 / 0:00

អ្នក​ស៊ើប​អង្កេត​អង្គការ​អាដហុក (Adhoc) ប្រចាំ​ខេត្ត​កំពង់ស្ពឺ លោក រ័ត្ន ថាវី ឲ្យ​ដឹង​ថា ការ​ប៉ះ​ទង្គិច​គ្នា​នោះ បណ្ដាល​ឲ្យ​កម្មករ​ជា​ច្រើន​នាក់​រង​របួស​ធ្ងន់​និង​ស្រាល ក្នុង​នោះ​មាន​កម្មការិនី​ម្នាក់​ដែល​មាន​ផ្ទៃ​ពោះ ៣​ខែ បាន​រលូត​កូន បន្ទាប់​ពី​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​យក​ដំបង​ឆក់​នាង ហើយ​នាង​បាន​ដួល​ទៅ​លើ​ដី។

តាម​ការ​អង្កេត​ផ្ទាល់ លោក រ័ត្ន ថាវី មើល​ឃើញ​ថា មុន​នឹង​ឈាន​ដល់​ការ​ប្រើ​អំពើ​ហិង្សា ដំបូង​ឡើយ​កម្មករ​បាន​ធ្វើ​កូដកម្ម​នៅ​មុខ​រោងចក្រ រហូត​ហៀរ​ដល់​លើ​ផ្លូវ​ជាតិ​លេខ​៤ បង្ក​ឲ្យ​កក​ស្ទះ​ចរាចរណ៍ ទើប​មាន​ការ​បង្ក្រាប​ពី​កម្លាំង​កងរាជអាវុធហត្ថ​តែម្ដង។ រី​ឯ​កម្មករ​ក៏​បាន​យក​ដុំ​ថ្ម​គប់​ទៅ​លើ​កម្លាំង​កងរាជអាវុធហត្ថ​វិញ​ដែរ រហូត​ធ្វើ​ឲ្យ​មាន​របួស​ទាំង​សង​ខាង។ ប៉ុន្តែ​ខាង​កម្មករ​បួស​ច្រើន​ជាង និង​ធ្វើ​ឲ្យ​ស្ត្រី​រោងចក្រ​រលូត​កូន​ថែម​ទៀត៖ «ស្ត្រី​មាន​ផ្ទៃ​ពោះ ៣​ខែ​ម្នាក់ ត្រូវ​បាន​រលូត​កូន ដោយសារ​តែ​ប៉េអឹម​ឆក់ និង​មាន​របួស​ជា​ច្រើន​នាក់ គ្រាន់​តែ​ថា យើង​កំពុង​ស៊ើប​អង្កេត»

ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​រោងចក្រ សាប្រ៊ីណា លោក ស៊ុន វណ្ណនី បញ្ជាក់​ថា កម្មការិនី​ដែល​រលូត​កូន​នោះ​មាន​ឈ្មោះ អ៊ុំ ស្រីសូត្រ ហើយ​នាង​បាន​ចេញ​ពី​មន្ទីរពេទ្យ​ហើយ កាល​ពី​រសៀល​ថ្ងៃ​ទី​២៧ ខែ​ឧសភា។

លោក​បញ្ជាក់​ថា តាម​ការ​ស្រាវជ្រាវ​ជំហាន​ដំបូង កម្មករ​ចំនួន ២៣​នាក់​រង​របួស ក្នុង​នោះ​មាន ៣​នាក់​របួស​ធ្ងន់ ដោយ​ម្នាក់​រលូត​កូន ហើយ ២​នាក់​ទៀត​សន្លប់ មិន​ដឹង​ខ្លួន​នៅ​ឡើយ​រហូត​នៅ​រសៀល​ថ្ងៃ​ដដែល៖ «អ្នក​ដែល​របួស​ពោក​ក្បាល ត្រូវ​ជើង វា​វ៉ៃ​ជើង វ៉ៃ​ដៃ។ ទើប​តែ​រក​ឃើញ​ម្នាក់ គាត់​រលូត​កូន​បណ្ដាល​មក​ពី​ប៉េអឹម​គាត់​រុញ​គាត់ ម្នាក់​ទៀត​ខ្ញុំ​មិន​ទាន់​ទាក់ទង​បាន»

ក្រុម​ប៉េអឹម​ឈរ​ពង្រាយ​នៅ​ផ្លូវ​ជាតិ​លេខ ខណៈ​ក្រុម​កម្មករ​រោងចក្រ សាប្រ៊ីណា ធ្វើ​កូដកម្ម នៅ​ព្រឹក​ថ្ងៃ​២៧ ឧសភា ឆ្នាំ​២០១៣។
ក្រុម​ប៉េអឹម​ឈរ​ពង្រាយ​នៅ​ផ្លូវ​ជាតិ​លេខ ខណៈ​ក្រុម​កម្មករ​រោងចក្រ សាប្រ៊ីណា ធ្វើ​កូដកម្ម នៅ​ព្រឹក​ថ្ងៃ​២៧ ឧសភា ឆ្នាំ​២០១៣។ (RFA/Uon Chhin)

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​តំណាង​រោងចក្រ សាប្រ៊ីណា និង​តំណាង​មន្ត្រី​កងរាជអាវុធហត្ថ​បាន​ទេ ជុំវិញ​ការ​ប៉ះ​ទង្គិច​គ្នា​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​ឧសភា។

មន្ត្រី​អង្គការ​អាដហុក ប្រចាំ​ខេត្ត​កំពង់ស្ពឺ ចាត់​ទុក​ការ​ប្រើ​ហិង្សា​របស់​កម្លាំង​កងរាជអាវុធហត្ថ​ថា មិន​មែន​ជា​ដំណោះស្រាយ​ប្រសើរ​នោះ​ឡើយ ហើយ​ស្នើ​សុំ​ឲ្យ​ខាង​ក្រុមហ៊ុន និង​មន្ត្រី​មន្ទីរ​ការងារ​ចេញ​មក​ជួយ​ដោះស្រាយ​ដោយ​សន្តិវិធី៖ «ដំណោះស្រាយ​បែប​ហ្នឹង​វា​មិន​មែន​ជា​ដំណោះស្រាយ​ដ៏​ល្អ វា​អំពើ​ហិង្សា​ទៅ​លើ​កម្មករ កម្មការិនី​ទៅ​វិញ»

កម្មករ សាប្រ៊ីណា បាន​ធ្វើ​កូដកម្ម​តាំង​ពី​ថ្ងៃ​ទី​២១ ខែ​ឧសភា ដើម្បី​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ទទួល​សំណើ ៩​ចំណុច ជាអាទិ៍​សុំ​ឲ្យ​ថៅកែ​រោងចក្រ​ផ្ដល់​ប្រាក់​ចំនួន ១៤​ដុល្លារ ដែល​រដ្ឋាភិបាល​ប្រកាស​ឲ្យ​កម្មករ​ចាប់​ពី​ខែ​ឧសភា ត​ទៅ បន្ថែម​លើ​ប្រាក់​ខែ​គោល​ដែល​មាន​ស្រាប់​ចំនួន ៧៤​ដុល្លារ។ ស្នើ​សុំ ថ្លៃ​ធ្វើ​ដំណើរ ៨​ដុល្លារ​បន្ថែម​ទៀត លើ​ប្រាក់​ដែល​មាន​ស្រាប់​ចំនួន ៧​ដុល្លារ សុំ​ថ្លៃ​អាហារ​បាយ​ថ្ងៃ​ត្រង់​ចំនួន ៤​ពាន់​រៀល​ក្នុង​មួយ​ថ្ងៃ​ជាដើម។

ការ​ទាមទារ​របស់​កម្មករ​ធ្លាប់​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​ជា​ច្រើន​លើក ដោយ​ធ្លាប់​បាន​ប្រើ​រថយន្ត​ទឹក​បាញ់​ទៅ​លើ​ក្រុម​កម្មករ​ក្នុង​ហ្វូង​កូដកម្ម កាល​ពី​ថ្ងៃ​ទី​២១ ខែ​ឧសភា។

ជុំវិញ​ការ​ទាមទារ​លក្ខខណ្ឌ​ការងារ​របស់​កម្មករ សាប្រ៊ីណា ប្រធាន​ការិយាល័យ​ការងារ​នៃ​មន្ទីរ​ការងារ​ខេត្ត​កំពង់ស្ពឺ លោក ចឹក បូរិន បញ្ជាក់​ថា លោក​បាន​ចុះ​ទៅ​ចរចា ៥ ទៅ ៦​លើក​ហើយ​ជាមួយ​ក្រុមហ៊ុន និង​អាជ្ញាធរ​ខេត្ត ប៉ុន្តែ​សំណើ​របស់​កម្មករ​វា​លើស​ពី​ច្បាប់​ដែល​មាន​ចែង ទើប​ខាង​ក្រុមហ៊ុន​បដិសេធ​មិន​ទទួល​យក​បាន។

លោក​ពន្យល់​ថា សព្វថ្ងៃ​នេះ​កម្មករ​បាន​ទទួល​ប្រាក់​ខែ​ចំនួន ៩៥​ដុល្លារ ចំពោះ​កម្មករ​ធ្វើ​ការ​យូរ​ឆ្នាំ បាន​ទទួល​ប្រាក់​រហូត ១០២​ដុល្លារ​ក្នុង​មួយ​ខែ ដូច្នេះ​បើ​ទាមទារ​ដំឡើង ១៤​ដុល្លារ​បន្ថែម​ទៀត​នោះ វា​មិន​អាច​ទៅ​រួច​បាន​នោះ​ឡើយ។

យ៉ាង​ណា​តំណាង​សហជីព​សេរី​កម្មករ​ប្រចាំ​រោងចក្រ​សាប្រ៊ីណា បញ្ជាក់​ថា ភាគី​រោងចក្រ​ឲ្យ​ប្រាក់​ខែ​គោល​កម្មករ​លើស​ពី​រោងចក្រ​ដទៃ ខណៈ​រោងចក្រ​ផ្សេង​ពី​មុន​បាន ៦១​ដុល្លារ ក្នុង​មួយ​ខែ តែ​នៅ​រោងចក្រ សាប្រ៊ីណា ទទួល​បាន​រហូត ៧៤​ដុល្លារ​ក្នុង​មួយ​ខែ។ លុះ​ដល់​ពេល​រដ្ឋាភិបាល​ប្រកាស​ដំឡើង​ប្រាក់​ខែ ១៤​ដុល្លារ​បន្ថែម​លើ​ប្រាក់​ខែ​គោល​ចាប់​ពី​ខែ​ឧសភា នេះ ខាង​រោងចក្រ​បែរ​ជា​ដំឡើង​ឲ្យ​កម្មករ​តែ ៩​ដុល្លារ​ប៉ុណ្ណោះ។

ជុំវិញ​រឿង​នេះ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា លោក អាត់ ធន់ ពន្យល់​ថា ដំបូង​ឡើយ​កម្មករ សាប្រ៊ីណា ទទួល​ប្រាក់​ខែ​គោល​ចំនួន ៦៨​ដុល្លារ​ក្នុង​មួយ​ខែ​ប៉ុណ្ណោះ ប៉ុន្តែ​ដោយ​សហជីព​លោក​មាន​អនុស្សរណៈ (MOU) ជាមួយ​ក្រុមហ៊ុន ទើប​កាល​ពី​ខែ​មករា កន្លង​ទៅ លោក​បាន​ចរចា​សុំ​ដំឡើង​ប្រាក់​ខែ​ឲ្យ​កម្មករ​បាន ៦​ដុល្លារ​បន្ថែម​ទៀត សរុប​ទៅ​កម្មករ​បាន​ទទួល​ប្រាក់ខែ ៧៤​ដុល្លារ។ ខាង​ក្រុមហ៊ុន​សន្យា​ថា ប្រសិន​បើ​មាន​ការ​ចរចា​គ្នា​នៅ​ថ្នាក់​ជាតិ​ដំឡើង​បាន​ប្រាក់​លើស​ពី​នេះ​ទៀត ខាង​ក្រុមហ៊ុន​នឹង​ដំឡើង​បន្ថែម។

លោក អាត់ ធន់ បញ្ជាក់​ថា លុះ​កិច្ច​ចរចា​ថ្នាក់​ជាតិ​សម្រេច​ដំឡើង​ប្រាក់ ១៤​ដុល្លារ​បន្ថែម​នោះ ខាង​ក្រុមហ៊ុន​ព្រម​ដំឡើង ៩​ដុល្លារ​ទៀត​ឲ្យ​កម្មករ ប៉ុន្តែ​បែរ​ជា​កម្មករ​ស្នើ​សុំ​ដំឡើង​រហូត ១៤​ដុល្លារ​ថែម​ទៀត ដែល​នេះ​ជា​មូលហេតុ​ធ្វើ​ឲ្យ​ភាគី​រោងចក្រ​បដិសេធ​មិន​ទទួល​សំណើ​របស់​កម្មករ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។