ពលរដ្ឋ​ស្រុក​ព្រែក​ប្រសព្វ​ខេត្ត​ក្រចេះ​ស្នើសុំ​សង់​វិទ្យាល័យ​នៅ​ជនបទ​បន្ថែម

0:00 / 0:00
ទាញ​យក​កម្មវិធី​វិទ្យុ​អាស៊ីសេរី សម្រាប់​ទូរស័ព្ទ និង TabletOpens in new window

ពលរដ្ឋ​រស់នៅ​ស្រុក​ព្រែកប្រសព្វ ខេត្ត​ក្រចេះ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល ឬ​ក្រសួង​អប់រំ ចុះ​សិក្សា​ស្រាវជ្រាវ​ពី​តម្រូវ​ការ​របស់​សិស្ស ដែល​ត្រូវ​ការ​សាលា​រៀន​ជា​ចាំបាច់។ ការ​អំពាវនាវ​នេះ កើត​ឡើង​ស្រប​ពេល​ដែល​វិទ្យាល័យ​ក្នុង​ស្រុក​នេះ មិន​អាច​បំពេញ​តម្រូវ​ការ​សិក្សា​របស់​សិស្ស​ក្នុង​ស្រុក​ទាំង​មូល​បាន​នោះ​ទេ។ បញ្ហា​នេះ បង្ក​ការ​លំបាក​ធ្ងន់ធ្ងរ​ដល់​ការ​សិក្សា​របស់​សិស្ស ហើយ​ក៏​ជា​កត្តា​រួម​ផ្សំ​មួយ ដែល​អាច​ឲ្យ​យុវជន​ងាយ​នឹង​បោះបង់​ការ​សិក្សា។

ពលរដ្ឋ​រស់នៅ​ភូមិ​ព្រែកជីក ឃុំ​សោប ស្រុក​ព្រែកប្រសព្វ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៦ កញ្ញា ថា ខ្វះ​សាលា​រៀន គឺ​ជា​ក្តី​បារម្ភ​របស់​អ្នក​ភូមិ ខណៈ​ចំនួន​យុវជន​កាន់​តែ​កើន​ឡើង រីឯ​វិទ្យាល័យ​ឆ្ងាយ​ពី​លំនៅឋាន។ បញ្ហា​ទាំង​នេះ អាច​ជា​កត្តា​រួម​ផ្សំ​មួយ បង្ក​ជា​ឧបសគ្គ​ចម្បង​ដែល​ជំរុញ​ឲ្យ​យុវជន​ភាគ​ច្រើន ពុំ​អាច​តស៊ូ​បន្ត​ការ​សិក្សា​កម្រិត​មធ្យម​សិក្សា ឬ​កម្រិត​វិទ្យាល័យ​បាន។

ពលរដ្ឋ​ម្នាក់ គឺ​លោក ថៃ ម៉ាប់ រៀបរាប់​នៅ​ថ្ងៃ​ទី​២៦ កញ្ញា ថា បច្ចុប្បន្ន​យុវជន​ជាច្រើន​រស់នៅ​ក្នុង​ស្រុក​ព្រែកប្រសព្វ បាន​បោះបង់​ការ​សិក្សា​នៅ​កម្រិត​វិទ្យាល័យ។ ជាក់ស្ដែង កូនៗ​របស់​លោក​ត្រូវ​បង្ខំ​ចិត្ត​ឈប់​រៀន​នៅ​កម្រិត​ថ្នាក់​អនុវិទ្យាល័យ ដោយសារ​កត្តា​ជីវភាព ការ​ធ្វើ​ដំណើរ​ឆ្ងាយ និង​ខ្វះ​សាលា​រៀន ជាដើម។ លោក​សង្កត់​ធ្ងន់​ថា ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ យុវ​សិស្ស​ដែល​រស់នៅ​ឃុំ​ឆ្ងាយ​ដាច់​ស្រយាល ប្រឈម​ការ​លំបាក​ធ្វើ​ដំណើរ​ទៅ​វិទ្យាល័យ ព្រោះ​សាលា​រៀន​មាន​ចម្ងាយ​ឆ្ងាយ​ពី​ផ្ទះ​របស់​ពួក​គេ​ចាប់​ពី​ជាង ១០​គីឡូ​ម៉ែត្រ​ដល់​ជាង ៥០​គីឡូ​ម៉ែត្រ ម្យ៉ាង ផ្លូវ​លំបាក​ធ្វើ​ដំណើរ​ផង៖ «អ្នក​ធំៗ​គេ​អត់​សូវ​គិតគូរ​ខាង​អប់រំ​ហ្នឹង​ទេ។ ការ​អប់រំ​ស្រុក​ព្រែកប្រសព្វ នេះ យ៉ាប់​ណាស់​វេទនា​ណាស់ ទម្រាំ​រៀន​ចប់​មួយៗ​មិន​ងាយ​ទេ ហើយ​លុយ​ចង​ការ​គេ​ទៅ ខ្ញុំ​អ្នក​ក្រ​អ៊ីចឹង។ ខ្ញុំ​អត់​ហ៊ាន​ចង​ការ​គេ​ទេ ចង់​ឈប់​អី ខ្ញុំ​នឹង​ជំរុញ​ឲ្យ​ទៅ​រៀន​ទៀត ក្រែងលោ​ថ្ងៃ​ណា​មួយ​គេ​បាន​សាលា»

ឆ្លើយ​តប​បញ្ហា​នេះ ប្រធាន​មន្ទីរ​អប់រំ ខេត្ត​ក្រចេះ លោក ឡាយ បូរ៉ា មាន​ប្រសាសន៍​ថា ប្រសិន​បើ​ពលរដ្ឋ​ពិត​ជា​ចង់​បាន​វិទ្យាល័យ​បន្ថែម​មែន ត្រូវ​ធ្វើ​សំណើ​ដែល​ទទួល​ស្គាល់​ដោយ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ឲ្យ​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​អប់រំ ចុះ​ស្រាវជ្រាវ​ពី​លទ្ធភាព​នៃ​តម្រូវ​ការ​ប្រើប្រាស់​ជាក់ស្តែង នៅ​តំបន់​នោះ​ជា​មុន​សិន។ លោក​បដិសេធ​ថា តម្រូវ​ការ​សិក្សា​របស់​សិស្ស​ថ្នាក់​មធ្យម​សិក្សា ពុំ​មាន​អ្វី​លំបាក​ដូច​ពី​មុន​នោះ​ឡើយ ហើយ​សិស្ស​ក៏​អាច​មាន​ជម្រើស​ច្រើន​ដើម្បី​សិក្សា​នៅ​មធ្យម​សិក្សា​បាន ដូចជា​អាច​ជិះ​ទូក​ឆ្លង​ទន្លេ​មក​សិក្សា​នៅ​វិទ្យាល័យ​នៅ​ទី​រួម​ខេត្ត ហើយ​ក៏​អាច​សិក្សា​នៅ​វិទ្យាល័យ​នៅ​ទី​រួម​ស្រុក​ព្រែកប្រសព្វ ក៏​បាន៖ «តើ​បើ​ការងារ​ចាំបាច់ យើង​មើល​ទៅ ថា​វា​ច្រើន​អា​ហ្នឹង​យើង​នឹង​សុំ​គោលការណ៍​ទៅ​ក្រសួង ព្រោះ​កន្លង​មក យើង​មើល​ឃើញ​ថា វា​មិន​ពិបាក​ដែរ​ទេ វា​គ្រាន់​ថា​ឆ្លង​ទឹក​បន្តិច សម្រាប់​គាត់​មិន​ឆ្លង​ទឹក គាត់​ទៅ​ខាង​ព្រែកប្រសព្វ អត់​ឆ្លង​ទឹក​ទេ»

មន្ត្រី​សង្គម​ស៊ីវិល​មើល​ឃើញ​ថា បញ្ហា​ខ្វះ​សាលា​រៀន​នេះ​បង្ហាញ​ថា ក្រសួង​អប់រំ ហាក់​កំពុង​ដើរ​បញ្ច្រាស​ពី​គោល​នយោបាយ​ពង្រឹង​វិស័យ​អប់រំ និង​ការ​អនុវត្ត​យុទ្ធសាស្ត្រ​លើក​កម្ពស់​វិស័យ​អប់រំ​ជា​អាទិភាព​ក្នុង​គោលដៅ ដើម្បី​ទប់ស្កាត់​អត្រា​បោះបង់​ការ​សិក្សា​របស់​សិស្ស។

ទាក់ទង​បញ្ហា​នេះ អ្នក​សម្រប​សម្រួល​នៃ​បណ្ដាញ​រួបរួម​ដើម្បី​គណនេយ្យ​ភាព​សង្គម នៅ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក ប្រចាំ​កម្ពុជា លោក សន ជ័យ ថ្លែង​បញ្ជាក់​ថា ក្តី​កង្វក់​របស់​ពលរដ្ឋ​ទាក់ទិន​ការ​ខ្វះ​សាលា​រៀន គឺ​ជា​បញ្ហា​ចម្បង ដែល​ក្រសួង​អប់រំ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​ជា​បន្ទាន់ ដើម្បី​ឲ្យ​អនុលោម​តាម​គោល​នយោបាយ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​របស់​វិស័យ​អប់រំ។ លោក​ថា ជាក់ស្តែង រដ្ឋសភា​បាន​អនុម័ត​កញ្ចប់​ថវិកា​សម្រាប់​ក្រសួង​អប់រំ ប្រមាណ ៥០០​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៥ ស្មើ​នឹង ១១​ភាគរយ​នៃ​ថវិកា​ជាតិ​សរុប ដែល​មិន​គួរ​ទុក​ឲ្យ​ពលរដ្ឋ​ត្អូញត្អែរ​បញ្ហា​ខ្វះ​សាលា​រៀន​ឡើយ៖ «ការ​បែង​ចែក​ថវិកា​ជាតិ គឺ​ក្រសួង​អប់រំ បាន​ច្រើន​ជាង​គេ។ ការ​ដែល​ច្រើន​ជាង​គេ គឺ​មាន​ទំហំ​ច្រើន ហើយ​បើ​សិន​ជា​ទំហំ​វា​ច្រើន នៅ​តែ​ខ្វះ​សាលា​រៀន យើង​សួរ​ថា តើ​ការ​ចាយ​លុយ​កាក់​វា​មាន​ប្រសិទ្ធភាព​ត្រឹម​ណា? ហើយ​យើង​ចង់​ឲ្យ​សិស្ស​មាន​សាលា​រៀន យើង​ចង់​ឲ្យ​ស្ថានភាព​ក្រសួង​អប់រំ ប្រសើរ​ឡើង​យ៉ាង​ម៉េច​ទេ? បាន​ន័យ​ថា អ្នក​សម្រេច​ចិត្ត​ផ្នែក​គោល​នយោបាយ គេ​កំពុង​តែ​ចាប់​អារម្មណ៍​ហើយ បាន​លើក​ទឹក​ចិត្ត​វិស័យ​អប់រំ​ហ្នឹង»

ស្ថិតិ និង​សូចនាករ​អប់រំ​ខេត្ត​ក្រចេះ ក្នុង​ឆ្នាំ​២០១៤-២០១៥ ក្នុង​ស្រុក​ព្រែកប្រសព្វ បង្ហាញ​ថា ស្រុក​ព្រែកប្រសព្វ មាន​វិទ្យាល័យ​ចំនួន​២ ហើយ​មាន​សិស្ស​សិក្សា​ចំនួន ១.៧៤០​នាក់ មាន​អនុវិទ្យាល័យ​ចំនួន​៧ មាន​សិស្ស​សិក្សា​ចំនួន ១.៥៣៧​នាក់ និង​មាន​សាលា​បឋម​សិក្សា​ចំនួន​៤៤ ដែល​មាន​សិស្ស​ចំនួន ១៣.៦២៥​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។