ម៉ុងតាញ៉ា​​វៀតណាម​១៤​នាក់​ស្ម័គ្រ​ចិត្ត​ត្រឡប់​ទៅ​ស្រុក​វិញ

0:00 / 0:00

ជនជាតិ​វៀតណាម​ចំនួន​ ១៤​នាក់ ​ដែល​គេ​សង្ស័យ​ថា ជា​ជនភៀសខ្លួន​ម៉ុងតាញ៉ា ​ត្រូវ​បាន​បញ្ជូន​ចេញ​ពី​ខេត្ត​រតនគិរី ទៅ​ប្រគល់​ឲ្យ​អាជ្ញាធរ​វៀតណាម បន្ទាប់​ពី​ពួកគេ​ស្ម័គ្រចិត្ត​វិលត្រឡប់​ទៅ​ភូមិ​កំណើត​វិញ។ ជនជាតិ​វៀតណាម​ទាំងនោះ​អះអាង​ថា ពួកគេ​ជា​ពលករ​ចំណាកស្រុក​រត់ចេញ​ពី​ប្រទេស​វៀតណាម ទៅ​ស្វែងរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ អស់​រយៈពេល​៨​ខែ​កន្លង​ទៅ។

អាជ្ញាធរ​ខេត្ត​រតនគិរី និង​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ ស្រុក​អូរយ៉ាដាវ ​បាន​សម្របសម្រួល ឲ្យ​ពលរដ្ឋ​វៀតណាម​ រស់នៅ​ភាគ​កណ្ដាល ប្រទេស​ហៅ​កាត់​ថា ​ម៉ុងតាញ៉ា​ ១៤​នាក់ ឆ្លងដែន​វិល​ទៅ​ប្រទេស​របស់​ខ្លួន​វិញ នៅ​ទី​៣១​ ខែ​កក្កដា តាម​ការ​ស្ម័គ្រចិត្ត។

ជនជាតិ​វៀតណាម​ទាំង​ ១៣​នាក់ មាន​ស្រី​ ៦​នាក់ និង​ប្រុស ​៨​នាក់ ក្នុង​នោះ​មាន​កុមារា​ម្នាក់ និង​កុមារី​​ម្នាក់។ ពួកគេ​ជា​ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ រស់នៅ​ខេត្ត​យ៉ាឡាយ ប្រទេស​វៀតណាម។ សាច់ញាតិ​របស់​ពួកគេ​រស់នៅ​ប្រទេស​វៀតណាម បាន​អន្តរាគមន៍​ដឹកជញ្ជូន​ពួកគេ​ពី​ព្រំដែន​ថៃ និង​ខ្មែរ​ក្នុង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្លងកាត់​ខេត្ត​សៀម​រាម ខេត្ត​ព្រះវិហារ​ស្ទឹងត្រែង មក​ស្នាក់នៅ​ក្រុង​បាន​លុង​ខេត្ត​រតនគិរី មួយ​យប់​ទើប​បន្ត​ដំណើរ ទៅ​ច្រក​ទ្វារ​ព្រំដែន ស្រុក​អូរយ៉ាដាវ ចូល​ទៅ​ប្រទេស​វៀតណាម។

បុរស​ជនជាតិ​ចារ៉ាយ​វៀតណាម ដែល​ជា​អ្នក​រៀបចំ​ដឹកជញ្ជូន​ពលរដ្ឋ​វៀតណាម​ទាំង​ ១៤​នាក់​អះអាង​ថា ជនជាតិ​វៀតណាម​ទាំង​ ១៤​នាក់ បាន​លួច​ឆ្លងដែន​ពី​ប្រទេស​វៀតណាម​ ចូល​ទៅ​ប្រទេស​ឡាវ​ ហើយ​បន្ត​លួច​ឆ្លងដែន​ពី​ប្រទេស​ឡាវ​ចូល​ទៅ​ប្រទេស​ថៃ។ ពួកគេ​មានបំណង​​រក​ការងារ​មាន​កម្រៃ​ខ្ពស់ នៅ​ប្រទេស​ថៃ ក៏ប៉ុន្តែ​ដោយសារ​រស់នៅ​ប្រទេស​ថៃ ជួប​បញ្ហា​លំបាក​ទើប​ទូរស័ព្ទ ប្រាប់​សាច់ញាតិ​ឲ្យ​ជួយ​អន្តរាគមន៍ ទៅ​អាជ្ញាធរ​វៀតណាម ​បាន​វិល​មក​ស្រុកកំណើត​វិញ៖ «សាច់ញាតិ​ខ្ញុំ​មិន​មាន​ការ​យល់ដឹង គេ​ប្រាប់​ថា​ទៅ​លក់ដូរ​នៅ​ទី​នោះ បាន​ប្រាក់​ច្រើន​អញ្ចឹង​បងប្អូន​ខ្ញុំ​មួយ​គ្រួសារ​ទៅតាម​គេ ទៅ​ដល់​អត់​ការ​ធ្វើ​នៅ​មួយ​កន្លែង​អញ្ចឹង គេ​អត់​នៅ​កើត​គ្មាន​ប្រាក់​ទើប​ត្រឡប់មកវិញ»។

ជនជាតិ​វៀតណាម​ម្នាក់​ក្នុងចំណោម​ជនជាតិ​វៀតណាម​ ១៤​នាក់ ឈ្មោះ រឡាន សាន ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឆ្លងដែន តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ ស្រុក​អូរយ៉ាដាវ ប្រគល់​ឲ្យ​អាជ្ញាធរ​វៀតណាម បញ្ជាក់​ថា ពួកគេ​ពិតជា​មាន​បំណង​ស្វែងរក​ការងារ​ល្អ ធ្វើ​នៅ​ប្រទេស​ថៃ ​ទើប​សម្រេច​ចាក​ចេញពី​ប្រទេស ក៏​ប៉ុន្តែ​ពេលនេះ​ពួកគេ​សម្រេច​វិល​ទៅ​លំនៅឋាន​វិញ បន្ទាប់ពី​មិន​អាច​បន្ត​រស់​នៅ​ក្នុង​​ប្រទេស​ថៃ​ យូរ​តទៅ​ទៀត​បាន៖ «នៅ​ស្រុក​នៅផ្ទះ​ក្រលំបាក​ទឹកដី អត់​មាន​ទើប​ឆ្លង​ទៅ​ទីនោះ ធ្វើការ​ធ្ងន់​ហើយ​គេ​មិន​បើកប្រាក់​ខែ ទើប​សម្រេច​វិល​ទៅ​ស្រុក​វិញ»។

ទាក់ទិន​ករណី​នេះ​ដែរ​អ្នកនាំពាក្យ​ឧត្ដម​ស្នងការ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​ជនភៀសខ្លួន ​(UNHCR) កញ្ញា វីវៀន តាន់ (Vi vian Tan) បញ្ជាក់​តាម​សារ​អេឡិចត្រូនិក​ នៅ​ថ្ងៃ​ទី​៣១ ខែ​កក្កដា ​ថា កញ្ញា​បាន​ដឹង​ពី​ការ​វិល​ត្រឡប់ ដោយ​ស្ម័គ្រចិត្ត​នៃ​ក្រុម​ម៉ុងតាញ៉ា ​១៤​នាក់ ក៏​ប៉ុន្តែ​កញ្ញា​មិនបាន​អធិប្បា​យ​ពី​អត្តសញ្ញាណ​ជន​ម៉ុងតាញ៉ា​ទាំងនោះ​យ៉ាងណា​ឡើយ។

ចំណែក​មន្ត្រី​សិទ្ធិមនុស្ស​សមាគម​អាដហុក​ (ADHOC) ខេត្ត​រតនគិរី លោក ឆាយ ធី ថ្លែង​ថា មិន​មាន​ការ​ចាប់​បង្ខំ​អ្វី​ទៅលើ​ការ​វិល​ត្រឡប់​របស់​ជ​ន​ជាតិ​វៀតណាម​ទាំង​នោះ​ដែរ។ លោក​សង្ស័យ​ថា ជនជាតិ​វៀតណាម​ទាំង ​១៤​នាក់ អាច​ជា​ជនភៀសខ្លួន ពីព្រោះ​មាន​ជនភៀសខ្លួន​មួយ​ក្រុម ទើបនឹង​​រត់​ចេញពី​ប្រទេស​ថៃ ហើយ​ស្ម័គ្រចិត្ត​វិលត្រឡប់​ទៅ​លំនៅឋាន​វិញ តាមរយៈ​ការិយាល័យ​ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជន​ភៀសខ្លួន កាលពី​ខែ​ពាក់​កណ្ដាល​​ខែ​កក្កដា៖ «យើង​ពិនិត្យ​នៅ​ព្រំដែន​ជាក់ស្ដែង មិន​ឃើញ​មាន​អង្គការសហប្រជាជាតិ​មក​ទេ មានតែ​បង​ប្អូន​សាច់ញាតិ​ម្នាក់​ជា​ចារ៉ាយ​វៀតណាម ធ្វើ​បែបបទ​ស្នើសុំ​ចេញ។ គាត់​បញ្ជាក់​ថា​បងប្អូន​គាត់​ទៅ​រស់នៅ​ទីនោះ គឺ​ជឿ​តាម​គេ ហើយ​លំបាក​សុំ​ត្រឡប់មកវិញ»។

ទោះជា​យ៉ាង​នេះ​ក្ដី​ស្នងការ​រង​ប៉ូលិស​ខេត្ត​រតនគិរី ទទួល​បន្ទុក​អន្តោប្រវេសន៍ លោក ជា ប៊ុនធឿន ទទួល​ស្គាល់​ថា​ ជនជាតិ​វៀតណាម​ទាំង​ ១៤​នាក់​នេះ ត្រូវ​បាន​បញ្ជូន​ចេញ​តាមរយៈ​ការ​សម្របសម្រួល របស់​អាជ្ញាធរ​វៀតណាម និង​ក្រុម​គ្រួសារ​ពួកគេ។ លោក​ចាត់ទុកថា​ក្រុម​នេះ​ទំនងជា​អន្តោប្រវេសន៍​ខុសច្បាប់៖ «ស្ម័គ្រចិត្ត​វិលត្រឡប់​ដោយ​ខ្លួន​គាត់ អ៊ីចឹង​យើង​ស្នើសុំ​ទៅ​ថ្នាក់ដឹកនាំ​ខេត្ត​សម្របសម្រួល​ឲ្យ​គាត់ បាន​វិលត្រឡប់​ទៅវិញ​ចុះ»។

កាលពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា កន្លង​ទៅ​នេះ មន្ត្រី​ការិយាល័យ​ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជន​ភៀសខ្លួន បាន​អម​ដំណើរ​ជនភៀសខ្លួន​ម៉ុងតាញ៉ា​វៀតណាម​១២ ពី​ក្រុងភ្នំពេញ​មកកាន់​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ ស្រុក​អូរយ៉ាដាវ ហើយ​ប្រគល់​ពួកគេ​ទៅ​ឲ្យ​អាជ្ញាធរ​វៀតណាម​បន្ទាប់ពី​ជនភៀសខ្លួន​ទាំងនោះ​ស្ម័គ្រចិត្ត​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។