ប្រាក់ឈ្នួលកម្មករនិយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០១៧ ខាងមុខ នឹងត្រូវដំឡើងដល់ ១៥៣ដុល្លារអាមេរិកក្នុងមួយខែ។ ការដំឡើងប្រាក់ឈ្នួលនេះទទួលបានការស្វាគមន៍ពីសហជីព ខណៈភាគីថៅកែមិនសូវពេញចិត្ត។
ឆ្លងកាត់កិច្ចប្រជុំមានច្រើនភាគីចូលរួមទីបំផុតនៅល្ងាចថ្ងៃទី២៩ ខែកញ្ញា សេចក្ដីសម្រេចរបស់រដ្ឋាភិបាល ដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង កំណត់ប្រាក់ខែ គោលកម្មករអប្បបរមាសម្រាប់ឆ្នាំ២០១៧ ចំនួន១៤៨ដុល្លារអាមេរិក ហើយរដ្ឋាភិបាលបន្ថែមពីលើនេះ ៥ដុល្លារទៀត ដែលធ្វើកម្មករអាចទទួលបាន ប្រាក់ឈ្នួលគោលសរុបចំនួន ១៥៣ដុល្លារ។
ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា លើកឡើងថា ការដំឡើងនេះមានលក្ខណៈល្អប្រសើរ ក្នុងស្ថានភាពដែលកំពុងមានវិបត្តិនយោបាយ។ លោកបន្តថា នៅក្នុងកិច្ចប្រជុំ គ្រប់ភាគីមានការយោគយល់គ្នាច្រើន មិនតឹងសរសៃក ដូចកាលពីឆ្នាំមុនៗឡើយ៖ «ខ្ញុំសូមអរគុណចំពោះភាគីពាក់ព័ន្ធដែលប្រឹងប្រែងក្នុងការចរចា ក៏ដូចជាបង្ហាញនូវឆន្ទះពិតប្រាកដ»។
ដោយឡែក លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខាវឌូ (C-CAWDU) ដែលចូលរួមក្នុងកិច្ចប្រជុំនេះ និយាយថា លោកមិនពេញចំពោះការដំឡើងនេះទេ។ លោក អាត់ ធន់ នៅតែបញ្ជាក់ជំហរ ទាមទារប្រាក់ឈ្នួលកម្មករអប្បបរមាដល់កម្មករចំនួន១៧១ដុល្លារដដែល៖ «ចំពោះខាងខ្ញុំដែលតំណាងសហជីពកម្មករ យើងអត់ពេញចិត្តលទ្ធផលនេះទេ»។
លោក អាត់ ធន់ ឲ្យដឹងថា កិច្ចប្រជុំក្រុមប្រឹក្សាការងារ ដែលអ្នកអ្នកពាក់ព័ន្ធចូលរួម ២៤នាក់។ អ្នកពាក់ព័ន្ធចំនួន ២២រូប បានបោះឆ្នោតគាំទ្រការកំណត់ប្រាក់ខែគោល ១៤៨ដុល្លារ។ ចំណែកការទាមទារប្រាក់ឈ្នួល ១៧១ដុល្លារ មានការគាំទ្រតែ ២សំឡេងប៉ុណ្ណោះ។
ភ្លាមៗនេះ អាស៊ីសេរី មិនអាចសុំអត្ថាធិប្បាយបន្ថែមណាមួយពីភាគីក្រសួងការងារបានទេ។
សេចក្ដីសម្រេចរបស់រដ្ឋាភិបាល ដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បញ្ជាក់ថា ការកំណត់ប្រាក់ឈ្នួលកម្មករសាកល្បងចំនួន១៤៨ ដុល្លារ ក្នុងមួយខែ។ លុះចប់រយៈពេលសាកល្បង ក្លាយជាកម្មករនយោជិតពេញសិទ្ធិ ត្រូវទទួលបានប្រាក់ឈ្នួលអប្បបរមាចំនួន១៥៣ដុល្លារ។
សេចក្ដីសម្រេចដដែលបញ្ជាក់ថា ចំពោះកម្មករដែលទទួលបានប្រាក់ឈ្នួលគិតតាមបរិមាណផលិតផល (ដេរស៊ីបុង) ត្រូវបានប្រាក់ឈ្នួលតាមទិន្នផលជាក់ស្ដែងដែលធ្វើបាន។ បើទិន្នផលទទួលបានលើសការកំណត់ថៅកែ ត្រូវបង្គ្រប់ឲ្យដល់១៤៨ដុល្លារ សម្រាប់កម្មករសាកល្បង និង១៥៣ដុល្លារ សម្រាប់កម្មករពេញសិទ្ធិ។
ភាគីថៅកែរោងចក្រវិញម្ដងយល់ថា ចំនួនខ្ពស់បន្តិចដែលអាចប៉ះពាល់ដល់ថៅកែរោងចក្រ។
អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) លោក កាំង មូនីកា ព្រួយបារម្ភថា ដោយលោកបញ្ជាក់ថា នៅពេលនេះ អ្នកបញ្ជាទិញទំនិញពីកម្ពុជាមានការធ្លាក់ចុះ។ ប៉ុន្តែ ទោះយ៉ាងណាក្តី លោកថា ភាគីរោងចក្រ នៅរង់ចាំមើលស្ថានការណ៍ជាក់ស្តែងនៅឆ្នាំ២០១៧ ថានឹងមានអ្វីកើតឡើងក្រោយការដំឡើងនេះ «ខ្ញុំយល់ឃើញថា ជាការដំឡើងមួយដែលរាងខ្ពស់បន្តិចពីអ្វីដែលយើងមានលទ្ធភាព ប៉ុន្តែយ៉ាងណាក៏ដោយវាជាឆន្ទានុសិទ្ធិរបស់រដ្ឋាភិបាលក្នុងការសម្រេច»។
សព្វថ្ងៃប្រាក់ខែគោលកម្មករ ១៤០ ដុល្លារ ការដំឡើងដល់១៥៣ ដុល្លារ នាឆ្នាំ២០១៧ ខាងមុខ កើនឡើងលើសប្រាក់ឈ្នួលបច្ចុប្បន្ន ជិត១០ភាគរយ។ អង្គការពលកម្មអន្តរជាតិ (ILO) បង្ហាញថា កម្មករក្នុងវិស័យវាយនភ័ណ្ឌ និងស្បែកជើងនៅកម្ពុជាមានជិត ៧០ម៉ឺននាក់គិតត្រឹមចុងឆ្នាំ២០១៥៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។