ប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តដែលមានព្រំដែនជាប់ជាមួយប្រទេសថៃ កំពុងត្រៀមលើកយកក្ដីកង្វល់ និងបញ្ហាជាច្រើនទាក់ទិនជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ដាក់ជូនរដ្ឋាភិបាលថ្មីមួយរបស់ប្រទេសកម្ពុជា ដែលគេរំពឹងថានឹងអាចកើតមានឡើងនៅក្រោយការបោះឆ្នោត។ ទុក្ខកង្វល់ទាំងនោះ មានដូចជា បញ្ហាទំនាស់ដីធ្លី កង្វះខាតទីផ្សារពលកម្មនៅក្នុងស្រុក បូករួមនឹងបញ្ហាសង្គមជាច្រើនផ្សេងទៀត។
អ្នកសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគារ កត់សម្គាល់ថា ប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យ រក្សាភាពស្ងប់ស្ងាត់ ហើយបញ្ហាមួយចំនួនផ្សេងទៀតទាក់ទិនទៅនឹងទំនាស់ដីធ្លី ក៏ពុំឃើញមានសកម្មភាពនោះដែរ។ ស្ថានភាពនេះកើតមានឡើងចាប់តាំងពីប្រទេសកម្ពុជា រៀបចំការបោះឆ្នោតរួចមក។ លោកសង្កត់ធ្ងន់ថា ក្នុងន័យស្ងប់ស្ងាត់នេះ ពុំមែនមានន័យថា ប្រជាពលរដ្ឋទាំងនោះអស់ទុក្ខកង្វល់នោះទេ៖ «ពេលនេះយើងឃើញថា មានភាពស្ងប់ស្ងាត់ ប៉ុន្តែរឿងរបស់គាត់នៅដដែល ប៉ុន្តែការស្ងប់ស្ងាត់នេះជាការរង់ចាំបង្កើតរដ្ឋាភិបាលថ្មី និងយកបញ្ហាគាត់ហ្នឹងមកដោះស្រាយ។ អ៊ីចឹង គាត់រង់ចាំរដ្ឋាភិបាលថ្មីកើត ដោះស្រាយឲ្យគាត់នៅពេលណា ខែណា ឆ្នាំណា ពេលដែលបង្កើតរដ្ឋាភិបាលនេះចេញរួច»។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ឆ្នាំ២០១៣ នេះ បានបញ្ចប់ទៅកាលពីថ្ងៃទី២៨ កក្កដា ប៉ុន្តែរដ្ឋាភិបាលថ្មីនៅពុំទាន់កើតមាននៅឡើយ។ ពលរដ្ឋជាម្ចាស់ឆ្នោតនៅខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន សុទ្ធតែរង់ចាំអុតមើលរដ្ឋាភិបាលថ្មីមួយកើតឡើង ដើម្បីជួយដោះស្រាយទុក្ខកង្វល់របស់ពួកគាត់។
អ្នកសម្របសម្រួលរបស់អង្គការលីកាដូ (Licadho) ប្រចាំខេត្តបាត់ដំបង លោក ស៊ុន តឹក បញ្ជាក់ថា នៅខេត្តបាត់ដំបង ប្រជាពលរដ្ឋរក្សាភាពស្ងប់ស្ងាត់ពុំឃើញសកម្មភាពតវ៉ាលើបញ្ហាដីធ្លីនោះទេ។ ក្រៅពីនេះ ការប្រើពាក្យសម្ដីឌឺដងដាក់គ្នា រវាងអ្នកគាំទ្របក្សនយោបាយមានសភាពស្ងប់ស្ងាត់ខុសពីអាណត្តិមុន។ លោកថា ពាក្យឌឺដងដែលគ្មានប្រយោជន៍មានការប្រែប្រួលក៏ពិតមែន ប៉ុន្តែក្ដីកង្វល់ និងបញ្ហាជីវភាពរស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅតែមានដដែល៖ «បន្ទាប់ពីការបោះឆ្នោត សភាពការណ៍ទូទៅមានភាពស្ងប់ស្ងាត់ មិនសូវមានការប្ដឹងផ្ដល់តវ៉ា ហើយពាក្យបណ្ដឹងផ្សេងក៏ដូចជាមិនទាន់មានអីដែរ ហើយគាត់រង់ចាំមើលសភាពការណ៍ គាត់តាមដានជាប់របស់គាត់»។
លោក ស៊ុន តឹក បន្តថា ការប្រែប្រួលនេះដោយសារស្ថានភាពនយោបាយមានការផ្លាស់ប្ដូរខុសប្លែកពីអាណត្តិមុន។ ក្រៅពីប្រជាពលរដ្ឋ ក្រុមមន្ត្រីមុខងារសាធារណៈនៅតាមមូលដ្ឋាន ភូមិឃុំសង្កាត់ស្រុកខេត្ត រក្សាភាពស្ងប់ស្ងាត់ចាំមើលរដ្ឋាភិបាលថ្មីបង្កើតឡើង។ ក្រៅពីខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង នៅមានខេត្តប៉ៃលិន។ នៅខេត្តប៉ៃលិន អ្នកស្រុកជាច្រើននាក់រក្សាភាពស្ងប់ស្ងាត់ដូចគ្នា។ ប្រភពពីប្រជាពលរដ្ឋ ឲ្យដឹងថា នៅក្រោយថ្ងៃបោះឆ្នោតបានបញ្ចប់ទៅ សកម្មភាពតវ៉ាផ្សេងៗរបស់អ្នកស្រុក ទាក់ទិនទៅរឿងទំនាស់ដីធ្លី និងក្តីកង្វល់ផ្សេងៗនៅក្នុងខេត្តនេះ មានសភាពស្ងប់ស្ងាត់ក៏ពិតមែន ប៉ុន្តែគម្រោងតវ៉ារបស់ប្រជាពលរដ្ឋនៅតែមាន៖ «អារឿងដីធ្លីហ្នឹង ពួកគាត់នៅតែទាមទារហ្នឹង គ្រាន់កាលមុនបោះឆ្នោត គាត់ស្ងប់មួយរយៈ អ៊ីចឹងវាអាចនឹងផ្ទុះឡើងនៅពេលណា ព្រោះដីពួកគាត់នៅតែបាត់ដដែល ពួកភ្នំកេះ ពួកគាត់ជាប់គុកអត់ទាន់ចេញផល ហើយដីព្រលាននៅតែទាមទារ»។
ចំណែកក្រុមការងាររបស់គណបក្សនយោបាយ និងក្រុមស៊ើបការណ៍របស់កងកម្លាំងមានសមត្ថកិច្ច ត្រូវគេសង្កេតឃើញមានសកម្មភាពនៅដដែល ប៉ុន្តែពួកគេធ្វើឡើងក្នុងរូបភាពមួយដែលមានភាពស្ងប់ស្ងាត់ ខណៈដែលរដ្ឋាភិបាលថ្មីនៅពុំទាន់បានបង្កើតឡើងនៅក្រោយការបោះឆ្នោត។ មកទល់ពេលនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅមិនទាន់ប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការនៅឡើយទេ។ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានអះអាងរៀងៗខ្លួនថា បានទទួលជ័យជម្នះក្នុងការបោះឆ្នោតនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
