កង​សន្តិសុខ​ខណ្ឌ​ដូនពេញ​ប្រមាណ​៤​នាក់​រង​របួស​ពេល​ប៉ះ​ទង្គិច​គ្នា​ខាង​ក្រៅ​តុលាការ

0:00 / 0:00

នៅ​ខាង​ក្រៅ​បរិវេណ​ជុំវិញ​អគារ​តុលាការ កង​កម្លាំង​អាជ្ញាធរ​ចម្រុះ និង​កង​សន្តិសុខ​សាលា​ខណ្ឌ បាន​ដាក់​ពង្រាយ​បិទ​ច្រក​ផ្លូវ​ជា​ច្រើន ដែល​អាច​ចេញ​ចូល​ទៅ​កាន់​អគារ​តុលាការ។

សហជីព​កម្មករ សមាជិក​សមាគម​ប្រជាធិបតេយ្យ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​របស់ លោក វន់ ពៅ អ្នក​មាន​ជម្លោះ​ដីធ្លី ជា​ពិសេស​អ្នក​បឹងកក់ និង​ព្រះសង្ឃ​ជា​ដើម​សរុប​ប្រមាណ ៣០០​នាក់ ប្រមូល​ផ្ដុំ​គ្នា​នៅ​លើ​ច្រក​ផ្លូវ​ចូល​ទៅ​ខាង​មុខ​តុលាការ ដោយ​ចែក​ជា ២​ក្រុម។ មួយ​ក្រុម​នៅ​ក្បែរ​រង្វង់​មូល​អាង​ទឹក និង​មួយ​ក្រុម​ទៀត​នៅ​រង្វង់​មូល​ក្បែរ​វត្ត​ព្រះពុទ្ធ។ ពួក​គេ​ស្រែក​តវ៉ា​អោយ​អាជ្ញាធរ​ពាក់ព័ន្ធ​ដោះ​លែង​អ្នក​ទាំង ២៣​នាក់ អោយ​មាន​សេរីភាព។

ការ​ប៉ះ​ទង្គិច​មួយ​បាន​កើត​ឡើង​រវាង​កង​កម្លាំង​សន្តិសុខ និង​ព្រះសង្ឃ បណ្ដាល​អោយ​សន្តិសុខ​មួយ​ចំនួន​របួស។

សំឡេង​ទាមទារ៖ «យើង​ត្រូវ​ការ​យុត្តិធម៌​អោយ​ដោះ​លែង​អ្នក​ទាំង ២៣​នាក់​នៅ​ថ្ងៃ​នេះ!»

យ៉ាង​ហោច​ណាស់​មាន​កង​កម្លាំង​សន្តិសុខ​សាលា​ខណ្ឌ​ដូនពេញ​ចំនួន ៤​នាក់ បាន​របួស​នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​មួយ​ប្រាវ​រវាង​ក្រុម​នេះ និង​ព្រះសង្ឃ ដែល​ចូល​រួម​ជាមួយ​ក្រុម​អ្នក​តវ៉ា។

អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ ថ្លែង​ថា ការ​បង្ក​ហិង្សា​ចាប់​ផ្ដើម​ដោយ​ព្រះសង្ឃ ដែល​មិន​បាន​គោរព​ដល់​តួនាទី​របស់​កម្លាំង​អាជ្ញាធរ៖ «ឃើញ​សង្ឃ​យក​ដុំ​ថ្ម​គប់​ទៅ​ខាង​អាជ្ញាធរ​មុន​ហ្នឹង ជា​ទង្វើ​ជា​សកម្មភាព​មួយ​ដែល​មិន​អាច​ទទួល​យក​បាន​ទេ ព្រោះ​ធម្មតា​ជា​បព្វជិត​ជា​សង្ឃ ត្រូវ​រក្សា​សីល កាន់​ធម៌​ណាស់ តែ​បែរ​ជា​មក​ប្រើ​ហិង្សា ហើយ​ទៅ​អាជ្ញាធរ​ទៀត គឺ​ជា​រឿង​ដែល​ខ្ញុំ​ថ្កោលទោស​ណាស់ ដែល​មិន​អាច​អត់​អោយ​បាន»

តំណាង​អ្នក​បឹងកក់ អ្នកស្រី ទេព វន្នី បាន​អះអាង​ពី​ការ​ប៉ះ​ទង្គិច​នោះ​ថា ក្រុម​សន្តិសុខ​ពុំ​មាន​សិទ្ធិ​អំណាច​អ្វី​មក​វាយ​អ្នក​តវ៉ា​ឡើយ។ ពួក​គេ​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​អំពើ​ហិង្សា​ទាំង​ឡាយ៖ «ឥឡូវ​នេះ​រដ្ឋាភិបាល​កំពុង​គេចវេស​នូវ​ការ​ទទួល​ខុស​ត្រូវ។ គាត់​យក​អ្នក​ទាំងអស់​ហ្នឹង​ម៉ោ​ប្រើ​ហិង្សា​ទៅ​លើ​ប្រជាពលរដ្ឋ និង​ព្រះសង្ឃ។ គាត់​យក​លេស​ថា​គាត់​អត់​បាន​បញ្ជា​អត់​បាន​ធ្វើ អ្នក​ហ្នឹង​អត់​ដឹង​អ្នក​ណា​គ្រប់គ្រង​ពិត​ប្រាកដ ហើយ​អ្នក​ហ្នឹង​វ៉ៃ​ដោយសារ​អី?»

ទាក់ទិន​នឹង​ស្ថានភាព​ទូទៅ​ខាង​ក្រៅ​តុលាការ​វិញ ចរាចរណ៍​នៅ​ផ្លូវ​ខាង​មុខ​តុលាការ​ត្រូវ​បិទ​ទាំង​ស្រុង រនាំង​ដែក​ជា​ច្រើន​ជាន់​ត្រូវ​គេ​ដាក់​បណ្ដាក់​គ្នា ឡាន​ទឹក​ជិត ១០​គ្រឿង​ត្រូវ​បញ្ឈរ​ចាំ​នៅ​ចំពោះ​មុខ​អ្នក​តវ៉ា។ សមត្ថកិច្ច​ជា​ច្រើន​រយ​នាក់​ប្រដាប់​ដោយ​ដំបង​ឆក់ និង​ខែល ត្រូវ​ដាក់​ពង្រាយ​តាម​ដង​ផ្លូវ និង​ឈរ​ជើង​ក្នុង​ពហុកីឡាដ្ឋាន​អូឡាំពិក និង​វត្ត​ព្រះពុទ្ធ ជាដើម។

ខុស​ប្លែក​គ្នា​បន្តិច​ពី​ការ​តវ៉ា​នៅ​លើក​មុនៗ ក្រុម​ស្ត្រី​នៃ​តំបន់​បឹងកក់ វិញ ពួក​គេ​បាន​តុបតែង​ខ្លួន​ជា​ស្ត្រី​ស្រស់​ស្អាត មាន​សៀត​ផ្កា​ចំប៉ី​នៅ​នឹង​ត្រចៀក ដោយ​សរសេរ​ថា ដោះ​លែង​អ្នក ២៣​នាក់។ ពួក​គេ​ស្រែក​ច្រៀង​ចំអក​ឡកឡឺយ​ដល់​កង​កម្លាំង​អាជ្ញាធរ និង​មន្ត្រី​តុលាការ៖ «ប៉ូលិស​ខូច​ណាស់​យិះ គិត​តែ​ពី​ដើរ​បិទ​ផ្លូវ គ្រាន់​តែ​អូន​ស្រី​ដើរ​ទៅ នែក! ប្រុស​ពៅ​បិទ​ផ្លូវ​ធ្វើ​ហី។ មេ​បញ្ជា​ពេល​ណា​នែក! ជីវ៉ា​ចេះ​តែ​ចង់​វ៉ៃ​ស្រីៗ តើ​អូន​ស្រី​ខុស​អ្វី​ប្រុស​ថ្លៃ​ម្ដេច​មិន​មេត្តា»

ក្រៅ​ពី​នេះ ពួក​គេ​បាន​រៀប​ចំ​សំណែន​សែន​ព្រេន​ព្រលឹង ដោយ​ធ្វើ​រូប​ទីងមោង​មួយ​អោយ​ស្លៀកពាក់​ពណ៌​ខ្មៅ សរសេរ​អក្សរ​ពណ៌​ស ដាក់​ឈ្មោះ​ទីងមោង​ថា ចៅក្រម ព្រះរាជ​អាជ្ញា និង​មេធាវី។ គេ​ក៏​បាន​ចង​មាន់​ឆ្កាង​ពណ៌​ខ្មៅ​ចំនួន​ពីរ ដាក់​នៅ​ខាង​មុខ​បាយសី​ដែល​គេ​រៀប​ជា​រណ្ដាប់​សម្រាប់​ពិធី​នេះ។ បន្ថែម​លើ​នេះ ពួក​គេ​បាន​បង្ហាញ​រូបភាព​នៃ​ការ​រង​ទោស​កម្ម​នៅ​ឯ​ឋាន​នរក​របស់​អ្នក​ដែល​បាន​សាង​អំពើ​អាក្រក់​ក្នុង​ជាតិ​នេះ ទៅ​តាម​ទ្រឹស្ដី​កម្មផល​ក្នុង​ព្រះពុទ្ធ​សាសនា។

ក្នុង​ពេល​នោះ ព្រះសង្ឃ​ក៏​បាន​ស្វាធ្យាយ​ប្រោះព្រំ​អោយ​មាន​សេរីភាព​ដល់​អ្នក​ទាំង ២៣​នាក់។ ក្រុម​អ្នក​តវ៉ា​ក៏​បាន​ប្រកូកប្រកាស​អោយ​តុលាការ ត្រូវ​កាត់​ក្ដី​ដោយ​យុត្តិធម៌ បើ​ពុំ​នោះ​សោត តុលាការ​នឹង​ប្រឈម​ចំពោះ​មុខ​ការ​ដាក់​ទោស​ទណ្ឌ​ពី​សំណាក់​បារមី​សក្ដិសិទ្ធិ​ដូច​ទីងមោង និង​មាន់​ឆ្កាង ដែល​ពួក​គាត់​ដាក់​បង្ហាញ​នៅ​ពេល​នេះ៖ «សូម​អោយ​ប្រព័ន្ធ​តុលាការ​ថ្ងៃ​នេះ​ឈរ​លើ​គោលការណ៍​ឯករាជ្យ មិន​នៅ​ក្រោម​ការ​គាប​សង្កត់ ឬ​កន្ទុយ​ក្បិន​របស់​អ្នក​ណា​ម្នាក់។ បើ​សិន​ជា​នៅ​ក្រោម​កន្ទុយ​ក្បិន ឬ​មាន​ការ​គាប​សង្កត់​ពី​ជន​បុគ្គល​ណា​មួយ សូម​អោយ​តុលាការ​ថ្ងៃ​នេះ​ដូច​មាន់​ឆ្កាង​មួយ​គូ​នេះ​ចឹង»

នៅ​ពេល​ថ្ងៃ​ក្ដៅ​ខ្លាំង ពួក​គេ​បាន​ចង​សំពត់​តង់​តូច​មួយ ហើយ​នាំ​គ្នា​ជ្រក។ យូរៗ​ម្ដង គេ​នាំ​គ្នា​ចេញ​ទៅ​រាំវង់​នៅ​កណ្ដាល​ថ្ងៃ​ក្ដៅ​ខ្លាំង​នោះ ដើម្បី​បន្ថយ​ភាព​តានតឹង។ ក្នុង​ពេល​នោះ អ្នក​តវ៉ា​បាន​ចាក់​ទឹក​លក្ខ​ពណ៌​ក្រហម តំណាង​អោយ​ឈាម​ទៅ​លើ​រូប​ទីងមោង ដោយ​ឧទ្ទិស​ថា វាសនា​ចៅក្រម ព្រះរាជ​អាជ្ញា និង​មេធាវី ដែល​កាត់​ក្ដី​មិន​ត្រឹមត្រូវ ឬ​មិន​យុត្តិធម៌ គឺ​នឹង​ដូច​រូប​ទីងមោង​នោះ​ហើយ។

ការ​តវ៉ា​បាន​បញ្ចប់​នៅ​ពេល​ដែល​តុលាការ​បាន​សម្រេច​ផ្អាក​សវនាការ​អ្នក​ទាំង ២៣​នាក់។ ក្រុម​អ្នក​តវ៉ា​បាន​អះអាង​ថា នឹង​វិល​មក​តវ៉ា​នៅ​កន្លែង​ដដែល​ជា​ថ្មី​ទៀត នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​ឧសភា បន្ត​ទៀត ដើម្បី​ទាមទារ​រក​សេរីភាព​ដល់​មនុស្ស​ជាប់​ចោទ​ទាំង ២៣​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។