រោងចក្រ​អែស.អិល​ព្រម​ទទួល​យក​តំណាង​កម្មករ​១៩​នាក់​ឲ្យ​ចូល​ធ្វើ​ការ​វិញ

តំណាង​ក្រុមហ៊ុន អែស.អិល (SL) បាន​យល់​ព្រម​ទទួល​យក​តំណាង​កម្មករ​រោងចក្រ​នេះ​ចំនួន ១៩​នាក់ ឲ្យ​ចូល​ធ្វើ​ការ​វិញ​ហើយ។ ការ​យល់​ព្រម​ទទួល​យក​តំណាង​កម្មករ​ទាំង ១៩​នាក់ ឲ្យ​ចូល​ធ្វើ​ការ​វិញ​នេះ នៅ​បន្ទាប់​ពី​មាន​កិច្ច​ប្រជុំ​រវាង​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង ជាមួយ​តំណាង​រោងចក្រ។

ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង ជាមួយ​តំណាង​រោងចក្រ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន នៅ​ថ្ងៃ​ទី​២៨ វិច្ឆិកា បាន​ជូន​ដំណឹង​ដល់​សាធារណជន កម្មករ និយោជិត និង​និយោជក អង្គការ​វិជ្ជាជីវៈ អង្គការ​ជាតិ អន្តរជាតិ ថា កាល​ពី​ថ្ងៃ​ទី​២៧ វិច្ឆិកា តំណាង​រោងចក្រ អែស.អិល លោក វង ហុង មីន (Wong Hong Ming) បាន​បើក​កិច្ច​ប្រជុំ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការងារ ដើម្បី​បញ្ចប់​បញ្ហា​វិវាទ​នេះ និង​ទទួល​យក​តំណាង​កម្មករ​ឲ្យ​ចូល​ធ្វើ​ការ​វិញ។

កម្មករ អែស.អិល រាប់​ពាន់​នាក់ បាន​ធ្វើ​បាតុកម្ម​ប្រមាណ ៤​ខែ ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ និង​សុំ​ឲ្យ​ថៅកែ​ទទួល​យក​តំណាង​កម្មករ​ចំនួន ១៩​នាក់​នេះ រហូត​ដល់​មាន​ការ​បាញ់​បង្ក្រាប​ធ្វើ​ឲ្យ​ស្ត្រី​ម្នាក់​ស្លាប់​នៅ​ស្ទឹងមានជ័យ កាល​ពី​ថ្ងៃ​ទី​១២ វិច្ឆិកា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។