មន្ត្រីជាន់ខ្ពស់នៃអង្គស្នងការដ្ឋាននគរបាលជាតិ និងកងរាជអាវុធហត្ថ អះអាងនៅពេលនេះថា សមត្ថកិច្ចបានកំណត់មុខសញ្ញាឆក់ប្លន់ ដើម្បីឈានទៅធ្វើការបង្ក្រាបហើយ ប៉ុន្តែសមត្ថកិច្ចមិនទាន់អាចបង្ហាញជាសាធារណៈ នៃអត្តសញ្ញាណនៃជនល្មើសនោះនៅឡើយទេ។ ការអះអាងបែបនេះ បន្ទាប់ពីមានជំនួបកំពូលមួយរវាងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងសមត្ថកិច្ចចម្រុះ នៅថ្ងៃទី២២ ខែធ្នូ នាក្រសួងយុត្តិធម៌។
ការបង្ហាញសញ្ញាវិជ្ជមាននៃករណីឆក់ប្លន់ដែលកំពុងកើតឡើងស្ទើររាល់ថ្ងៃនាបច្ចុប្បន្ននេះ ត្រូវបានលើកឡើងក្នុងសន្និសីទសារព័ត៌មាន ដោយមានស្ថាប័នប៉ូលិស កងរាជអាវុធហត្ថ និងអ្នកនាំពាក្យក្រសួងយុត្តិធម៌ ចូលរួម។
ឆ្លើយតបនឹងការព្រួយបារម្ភនានាទាក់ទងនឹងសុវត្ថិភាពសង្គម ទាំងមន្ត្រីកងរាជអាវុធហត្ថ និងនគរបាល ថាខ្លួនកំពុងមានវិធានការជាក់លាក់ដើម្បីទប់ស្កាត់ និងបង្ការ។
អគ្គស្នងការរងនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ ឲ្យដឹងថា មុខសញ្ញាដែលកំណត់មានពីរ គឺទីមួយ សមត្ថកិច្ចចាប់បានជនល្មើស ហើយរឿងមួយករណីទៀត លោកមិនទាន់បង្ហើបឲ្យដឹងជាសាធារណៈនោះទេ។ លោកបន្តថា សព្វថ្ងៃនេះ សមត្ថកិច្ចបើកប្រតិបត្តិការស្ទើរគ្រប់ខេត្ត-រាជធានី ដោយមានវិធានការចំហ ល្បាត ពួនស្ទាក់ ស្រាវជ្រាវ ឆែកឆេរ និងស្រាវជ្រាវតាមជំនាញរបស់សមត្ថកិច្ច៖ «មកពេលនេះការស្រាវជ្រាវបង្ក្រាបយើងកំពុងតាមចាប់។ ការងារនេះសម្ងាត់ ជំនាញមិនទាន់ប្រាប់ឲ្យស៊ីជម្រៅនៅពេលនេះបានទេ ពេលចាប់បានយើងប្រាប់»។
ក្នុងពេលក្រុមជនល្មើសមានអាវុធគ្រប់ដៃពេលធ្វើសកម្មភាពឆក់ប្លន់ មានការចោទសួរថា ក្រុមជនល្មើសបានអាវុធមកពីណា? ឆ្លើយតបករណីនេះ ក្រុមសមត្ថកិច្ចប្រាប់ថា តាមចម្លើយពីជនល្មើសសារភាព អាវុធដែលគេធ្វើសកម្មភាពបានពីការទិញតៗគ្នា ហើយសមត្ថកិច្ចអះអាងថា គ្មានករណីទិញអាវុធពីឃ្លាំងនោះទេ ប៉ុន្តែមានករណីជនល្មើសទិញអាវុធខុសច្បាប់។
មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលបន្ទុកព័ត៌មាន សន្តិសុខ និងស្រាវជ្រាវ បង្ក្រាបបទល្មើស លោកឧត្តមសេនីយ៍ទោ ហុង វិណុល ឲ្យដឹងក្នុងពេលនោះដែរថា កងរាជអាវុធហត្ថក្រៅពីពិនិត្យអាវុធជាតិផ្ទុះ គឺឈានដល់ការត្រួតពិនិត្យមធ្យោបាយធ្វើដំណើរ និងកន្លែងបញ្ចាំ។ លោកបន្តទៀតថា ក្នុងករណីបទល្មើសកើតឡើងផ្ទួនៗ ប៉ុន្តែអាជ្ញាធរខេត្តនោះទប់ស្កាត់យឺតយ៉ាវ ក្រុមជំនាញរបស់លោកចុះទៅខេត្តនោះផ្ទាល់តែម្តង ដោយធ្វើទាំងផែនការបង្ការ និងផែនការបង្ក្រាប៖ «កន្លងមកយើងបានចុះទៅខេត្តកំពត ថ្មីៗនេះយើងចុះត្រួតពិនិត្យនៅកណ្ដាល ហើយល្ងាចថ្ងៃទី២៣ ខែធ្នូ យើងចុះទៅខេត្តកំពង់ស្ពឺ មួយទៀត។ សព្វថ្ងៃនេះ សមត្ថកិច្ចកំពុងធ្វើការងារយ៉ាងសកម្ម ទាំងការងារបង្ការ និងបង្ក្រាប»។
ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្ស លើកឡើងថា សកម្មភាពបទល្មើសកំពុងរីករាលដាលក្នុងសង្គមសព្វថ្ងៃនេះ គឺជាការបរាជ័យលើការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដែលជាគោលនយោបាយមួយការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ពួកគេថា ករណីឆក់ប្លន់ គឺកើតឡើងដោយសារកត្តាធំៗបី គឺការរីករាលដាលនៃល្បែងស៊ីសង ការជួញដូរគ្រឿងញៀន និងភាពមិនប្រក្រតីនៃការដោះលែងទណ្ឌិត។
កាលពីថ្ងៃទី១៥ ខែធ្នូ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រាប់ទៅស្នងការខេត្តចំនួន៣ គឺខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តកណ្ដាល ឲ្យដើរចេញពីមុខតំណែង បើសិនពួកគេមិនអាចចាប់ខ្លួនជនល្មើសធ្វើសកម្មភាពឆក់ប្លន់។
ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន ផ្តល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី ថា លោកបានធ្វើផែនការពីរជារៀងរាល់ខែ គឺវិធានការបង្ក្រាប និងវិធានការបង្ការ។ លោកស្នងការថា សមត្ថកិច្ចខេត្តព្រះសីហនុ តែងតែឆ្លើយតបភ្លាមៗក្នុងករណីមានបទល្មើស៖ «យើងអនុវត្តវិធានការបង្ការបានច្រើនជាង ព្រោះបង្ការមានប្រសិទ្ធភាព មិនមានការបាត់សម្ភារៈ ឬគ្រោះថ្នាក់ប្រជាពលរដ្ឋទេ»។
បទល្មើសក្នុងឆ្នាំ២០១៥ នេះ ត្រូវបានអគ្គស្នងការរងនគរបាលជាតិ លោក ម៉ក់ ជីតូ បង្ហាញថា ប្លន់ចំនួន ២៥០ករណី ឆក់ ៩ករណី លួច ១.០៣៨ករណី បទល្មើសគ្រឿងញៀន ៤៣៥ករណី ប៉ុន្តែបើធៀបនឹងឆ្នាំ២០១៤ គឺថយចុះ ១៤ភាគរយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។