ការចល័តទ័ព និងការគំរាមធ្វើមហាបាតុកម្មពីគណបក្សប្រឆាំង បានធ្វើឲ្យកម្មករកម្មការនីរោងចក្រមួយចំនួន ជ្រួលច្របល់។ អ្នកខ្លះបានសុំច្បាប់ពីការងារដើម្បីឈប់សម្រាក ព្រោះខ្លាចមានភាពចលាចលក្នុងសង្គម បើសិនជាពលរដ្ឋធ្វើបាតុកម្មពិតមែននោះ។
បន្ទាប់ពីការបោះឆ្នោតបានបញ្ចប់ ស្ថានភាពនយោបាយនៅកម្ពុជា នៅមិនទាន់មានភាពធូរស្រាលនោះទេ។ ភាពតានតឹងនេះ បណ្ដាលឲ្យកម្មកររោងចក្រជាច្រើនកន្លែង មានការព្រួយបារម្ភខ្លាចមានមហាបាតុកម្ម ដែលត្រូវបានបង្ក្រាបដោយការប្រើអំពើហិង្សា។
ការព្រួយបារម្ភនេះ បានធ្វើឲ្យកម្មកររោងចក្រមួយចំនួនជ្រួលច្របល់ សុំច្បាប់ឈប់សម្រាកពីការងារមួយរយៈ ដោយហេតុថា ពួកគេបារម្ភខ្លាចមានការផ្ទុះអាវុធណាមួយក្នុងពេលបាតុកម្ម។
កម្មករទាំងនោះបានអះអាងថា ហេតុផលដែលធ្វើឲ្យពួកគាត់សុំច្បាប់ឈប់សម្រាក ព្រោះពួកគាត់មានការព្រួយបារម្ភអំពីការកើតមានអំពើហិង្សា នាំឲ្យមានការផ្ទុះអាវុធដែលអាចធ្វើឲ្យមានចលាចលនៅក្នុងសង្គមដូចឆ្នាំ១៩៩៧។
អ្នកស្រី ស្រុន សុខធី ជាកម្មការិនីរោងចក្រ ជូស៊ីង នៅសង្កាត់ព្រែកលាភ បានឲ្យដឹងថា នៅក្នុងរោងចក្រដែលគាត់ធ្វើការ កម្មករជាច្រើននាក់សុំច្បាប់ឈប់សម្រាក ដើម្បីវិលទៅស្រុកកំណើត ព្រោះពួកគេបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន។ អ្នកស្រីបានបន្តថា រហូតមកទល់ពេលនេះ ការដាក់ច្បាប់សុំឈប់សម្រាកកាន់តែមានការកើនឡើងជាលំដាប់។
ពាក់ព័ន្ធនឹងបញ្ហានេះ ប្រធានសហជីពសេរីកម្មករ លោក អាត់ ធន់ បានបញ្ជាក់ថា លោកបានរកឃើញថា មានកម្មករមួយចំនួនមានការជ្រួលច្របល់បារម្ភខ្លាចមានហិង្សា បើសិនជាមានបាតុកម្មមែននោះ។ លោកបានបន្តថា ការព្រួយបារម្ភរបស់ក្រុមកម្មករទាំងនោះនៅបន្ទាប់ពី គ.ជ.ប បានប្រកាសលទ្ធផលបោះឆ្នោតបណ្ដោះអាសន្ន ហើយគណបក្សសង្គ្រោះជាតិ ដែលជាបក្សប្រឆាំងបានបដិសេធមិនទទួលស្គាល់លទ្ធផលដែល គ.ជ.ប បានប្រកាសកាលពីថ្ងៃទី១២ សីហា កន្លងទៅ។
លោកបានបន្ថែមថា ការភ័យខ្លាចរបស់ក្រុមកម្មករ ជាហេតុធ្វើឲ្យមានការសុំឈប់សម្រាកកាន់តែច្រើនឡើង។ ហើយការកើនឡើងនៃការសុំឈប់សម្រាកនេះ នឹងធ្វើឲ្យរោងចក្រប្រឈមនឹងបញ្ហា ដោយសារមានការថយចុះកម្លាំងពលកម្ម និងជាហេតុបណ្ដាលឲ្យមានផលប៉ះពាល់ដល់វិស័យកាត់ដេរ និងឧស្សាហកម្មនៅកម្ពុជា ជាក់ជាមិនខាន។
ឆ្លើយតបនឹងបញ្ហានេះ អ្នកចាត់ការទូទៅនៅក្នុងសិប្បកម្មផលិតចាហួយ ហ្វាហ្វា (FAFA) ក្នុងខណ្ឌមានជ័យ លោក សេង គ្រី បានឲ្យដឹងថា កម្មករក្នុងសិប្បកម្មរបស់លោកបានសុំច្បាប់ឈប់សម្រាកច្រើនពិតមែន ហើយលោកបានបញ្ជាក់ពីមូលហេតុដែលកម្មករទាំងនោះសុំឈប់សម្រាកថា កម្មករមួយចំនួនសុំច្បាប់ឈប់សម្រាកដើម្បីទៅជួយគ្រួសារធ្វើស្រែចម្ការ ដោយសារតែខែនេះជារដូវធ្វើស្រែចម្ការសម្រាប់កសិករនៅតាមខេត្ត។ ហើយជាងនេះទៅទៀត លោកបានបញ្ជាក់បន្ថែមថា កម្មករមួយចំនួនក៏ព្រួយបារម្ភពីស្ថានភាពនយោបាយកម្ពុជា នាពេលបច្ចុប្បន្នផងដែរ។
ទោះបីជាក្រសួងការពារជាតិ បានអះអាងអំពីស្ថានភាពប្រក្រតីនៅក្នុងសង្គមនាពេលបច្ចុប្បន្នក្តី ប៉ុន្តែភាពតានតឹងរវាងអ្នកនយោបាយមិនទាន់មានដំណោះស្រាយសមស្របនោះទេ ហើយការចល័តទ័ពរបស់រដ្ឋាភិបាលបានធ្វើឲ្យប្រជាពលរដ្ឋព្រួយបារម្ភខ្លាចមានភាពវឹកវរនៅក្នុងសង្គម ដូចភាពវឹកវរនៅក្នុងឆ្នាំ១៩៩៧ ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
