កម្មករ កម្មការិនីនៅតាមរោងចក្រមួយចំនួនរក្សាជំហរទៅបោះឆ្នោតតាមការិយាល័យដែលបានចុះឈ្មោះនៅស្រុកកំណើតរបស់ពួកគេ។ កម្មកររោងចក្រថា បើទោះជាមកធ្វើការថ្ងៃទី៥ ខែមិថុនា វិញមិនទាន់ ក៏ពួកគេត្រូវតែទៅស្រុកកំណើតដើម្បីបោះឆ្នោត និងដើម្បីបានជួបជុំក្រុមគ្រួសារ។
កម្មការិនីរោងចក្រ អែស.អិល (SL) ម្នាក់ឈ្មោះ ឡៃ ហន ប្រាប់ថា រោងចក្របានអនុញ្ញាតឲ្យកម្មករចេញមុនម៉ោងបាន ១ម៉ោង នៅថ្ងៃទី៣ ខែមិថុនា គឺអាចចេញនៅម៉ោង ៣រសៀល។ កម្មការិនីដែលបានចុះឈ្មោះបោះឆ្នោតនៅខេត្តតាកែវ រូបនេះបន្តថា កញ្ញានឹងទៅបោះឆ្នោត បើទោះជាថៅកែរោងចក្រមិនអនុញ្ញាតឲ្យបានឈប់ថ្ងៃទី៥ ខែមិថុនា ក៏ដោយ៖ «រោងចក្រខ្ញុំគេអត់ឲ្យឈប់ផង (ទៅបោះឆ្នោត) ឲ្យឈប់តែថ្ងៃអាទិត្យ»។
កម្មកររោងចក្រ អែស.អិល ម្នាក់ទៀត ផ្នែកកោសខោវប៊យ ឈ្មោះ លី វ៉ាន់ ប្រាប់ថា លោកចេញដំណើរល្ងាចថ្ងៃទី៣ មិថុនា ទៅខេត្តស្វាយរៀង ដើម្បីបោះឆ្នោត ហើយត្រឡប់មកវិញនៅពេលលោកបានបោះឆ្នោតរួចរាល់។ លោកមិនបានដឹងថា ថៅកែអនុញ្ញាតឲ្យប្រើច្បាប់ឈប់ប្រចាំឆ្នាំ ឬកាត់លុយនោះទេ តែលោកនឹងចូលធ្វើការវិញនៅថ្ងៃច័ន្ទ ទី៥ ខែមិថុនា៖ «អត់ផងបង... ទៅហើយវិលវិញ»។
កម្មការិនីរោងចក្រ Try Timex Group នៅផ្លូវលេខ ៣៧១ សង្កាត់បឹងទំពុន កញ្ញា ព្រំ ពៅ ប្រាប់ថា ខាងរោងចក្របានអនុញ្ញាតឲ្យកម្មករឈប់សម្រាកបាននៅថ្ងៃទី៥ ខែមិថុនា ដោយប្រើច្បាប់ឈប់ប្រចាំឆ្នាំដែលកម្មករម្នាក់អាចឈប់បាន ១៨ដងក្នុងមួយឆ្នាំ។ សម្រាប់កម្មការិនីដែលមានស្រុកកំណើតនៅខេត្តស្វាយរៀង រូបនេះប្រាប់ថា រោងចក្រដែលនាងធ្វើការអនុញ្ញាតឲ្យកម្មករឈប់ នៅថ្ងៃបន្ទាប់ប៉ុន្មានថ្ងៃក៏បានដែរឲ្យតែប្រើច្បាប់ឈប់ប្រចាំឆ្នាំដែលនៅសល់៖ «ទៅបោះឆ្នោត រួចមកវិញថ្ងៃច័ន្ទ ដាច់បាន ១ថ្ងៃ»។
កម្មករផ្នែកជាងនៃរោងចក្រ Try Timex Group លោក ម៉ន ឡៅ ប្រាប់ថា កម្មករដែលមានស្រុកកំណើតនៅខេត្តឆ្ងាយពីភ្នំពេញ បានចេញដំណើរតាំងពីម៉ោង ១១ ឬ ១២ ថ្ងៃត្រង់ ថ្ងៃទី៣ ខែមិថុនា។ លោកបន្តថា សម្រាប់រោងចក្រ គឺកម្មករ ទោះនៅខេត្តឆ្ងាយ ឬជិត សុទ្ធតែអាចឈប់សម្រាកបានដោយប្រើច្បាប់ប្រចាំឆ្នាំ ប៉ុន្តែសម្រាប់កម្មករទើបចូលថ្មីមួយចំនួន មិនហ៊ានដាក់ច្បាប់ឈប់សម្រាកទេ៖ «អ្នកឆ្ងាយ ខ្លះគេទៅថ្ងៃមិញហ្នឹង (៣ មិថុនា) ពេលបាយគេចេញទៅកន្លះថ្ងៃទៅ។ ... ប្រើ (ថ្ងៃសម្រាក) បំណាច់ឆ្នាំប្រើអីដូចគ្នាអ៊ីចឹង។ គេនៅឆ្ងាយៗគេចេញម៉ោង ១១ថ្ងៃមិញ គេចេញទៅផ្ទះ»។
អ្នករត់ម៉ូតូឌុបម្នាក់ ដែលកំពុងរង់ចាំប្រពន្ធចេញពីធ្វើការនៅរោងចក្រប្រាប់ថា រោងចក្រដែលប្រពន្ធគាត់ធ្វើការអនុញ្ញាតឲ្យកម្មករឈប់សម្រាកថ្ងៃទី៥ ខែមិថុនា ព្រោះរោងចក្របានឲ្យកម្មករធ្វើការជំនួសថ្ងៃទី៥ រួចហើយ កាលពីថ្ងៃទី១ ខែមិថុនា ដែលជាទិវាកុមារអន្តរជាតិ៖ «ទៅទាំងល្ងាចហ្នឹង ព្រលឹមឡើងបោះឆ្នោត ថ្ងៃច័ន្ទមកវិញ។ ថ្ងៃច័ន្ទគេដូរហើយ គេដូររួចហើយ ឈប់ដល់ថ្ងៃច័ន្ទ មួយថ្ងៃ ខ្ញុំមកវិញ។ … អត់កាត់ (លុយ) ទេ អត់មានកាត់ទេ ព្រោះយើងដូរថ្ងៃមួយថ្ងៃ អ៊ីចឹងយើងមានពេលបោះហើយមកវិញ»។
សហជីពបានទាមទារឲ្យមានការសម្រួលដល់កម្មករអាចឈប់សម្រាកពិសេសបាន ២ថ្ងៃ គឺនៅថ្ងៃទី៣ និងថ្ងៃទី៥ មិថុនា ដើម្បីអាចឲ្យកម្មករធ្វើដំណើរទៅបោះឆ្នោតនៅតាមការិយាល័យនៅស្រុកកំណើត ដែលកម្មករបានចុះឈ្មោះបោះឆ្នោត។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ថា ក្នុងករណីដែលពុំមានភ្លើងខៀវសម្រាប់ថ្ងៃឈប់ពិសេស កម្មករដែលកំពុងបម្រើការនៅតាមរោងចក្រ និងសហគ្រាសផ្សេងទៀតពុំមានសិទ្ធិពិសេសឈប់សម្រាកបន្ថែមអមនៅថ្ងៃបោះឆ្នោតឡើយ។ ប៉ុន្តែសមាគមដដែលនេះបញ្ជាក់ថា ពួកគេអាចប្រើប្រាស់ច្បាប់ឈប់សម្រាកប្រចាំឆ្នាំ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានផ្ដល់សិទ្ធិសម្រេចនេះឲ្យទៅក្រសួងសាមី ដែលធ្វើការជិតដិតជាមួយកម្មករ និងភាគីរោងចក្រ។ ប៉ុន្តែក្រសួងការងារបកស្រាយថា បញ្ហានេះគឺជាកាតព្វកិច្ច និងការទទួលខុសត្រូវរបស់ស្ថាប័នរៀបចំការបោះឆ្នោត។ ជាលទ្ធផលមកថ្ងៃទី៣ មិថុនា នេះ ពុំទាន់មានព័ត៌មានស្ដីពីការអនុញ្ញាតឲ្យកម្មករឈប់សម្រាកបន្ថែមពីថ្ងៃអាទិត្យ ទី៤ ដែលជាថ្ងៃបោះឆ្នោតឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។