លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលតំណាងឲ្យគណៈកម្មការទី២ នៃរដ្ឋសភាកម្ពុជា ប្រាប់ទៅសមាជិកសភា និងព្រឹទ្ធសភានៃប្រទេសជិតខាងកម្ពុជា និងអ្នកពាក់ព័ន្ធថា ផ្លូវនៅប្រទេសកម្ពុជា ធ្វើអស់លុយច្រើន ប៉ុន្តែមិនសូវមានគុណភាព។ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលច្រានចោលការលើកឡើងនេះ និងទាមទារឲ្យលោក សុន ឆ័យ បង្ហាញករណីពិត ឬឯកសារជាភស្តុតាង។
ក្នុងនាមជាសមាជិកសភា និងជាអនុប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសវនកម្ម នៃរដ្ឋសភា លោក សុន ឆ័យ បានយកវេទិកាសិក្ខាសាលារួមគ្នាលើកទី៧ ស្ដីពីបទពិសោធន៍ក្នុងការតាមដានត្រួតពិនិត្យថវិកាជាតិ និងការគ្រប់គ្រងវិនិយោគសាធារណៈ ដែលមានសមាជិកព្រឹទ្ធសភា រដ្ឋសភាមកពីប្រទេសវៀតណាម ឡាវ មីយ៉ាន់ម៉ា អង្គទូតនានា និងអ្នកពាក់ព័ន្ធចូលរួមនោះ លោកប្រាប់អ្នកទាំងនោះថា ផ្លូវនៅប្រទេសកម្ពុជា ចំណាយលុយច្រើនសាងសង់ ប៉ុន្តែមិនសូវមានគុណភាពនោះទេ។
លោក សុន ឆ័យ ថ្លែងឲ្យអាស៊ីសេរីដឹងនៅក្នុងសិក្ខាសាលានៅសណ្ឋាគារសុខារាជធានីភ្នំពេញ ថ្ងៃទី១៣ មីនា ថា លោកទទួលព័ត៌មានបានពីក្រុមហ៊ុនសាងសង់ផ្លូវមួយចំនួនប្រាប់លោកថា ពួកគេត្រូវចំណាយលុយក្រៅប្រព័ន្ធដើម្បីសូកប៉ាន់មន្ត្រីពាក់ព័ន្ធពី ៤០% ទៅ ៥០% នៃថ្លៃសាងសង់ផ្លូវ ជាថ្នូរដើម្បីទទួលបានសិទ្ធិសាងសង់លើគម្រោងស្ថាបនាផ្លូវ ឬស្ពានអ្វីមួយ។
លោក សុន ឆ័យ បន្តថា អ្នកពាក់ព័ន្ធនឹងថវិកាក្រៅប្រព័ន្ធនេះ ជាបុគ្គលមានអំណាច អភិបាលខេត្ត-រាជធានី និងមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាដើម។ លោកថា គួរតែមានការតាមដានដើម្បីឲ្យដឹងថា តើព័ត៌មានដែលលោកទទួលបានពិតកម្រិតណា?៖ «ទម្រាំបានគម្រោងហ្នឹងគឺថា ត្រូវតែផ្ដល់ភាគរយអោយអ្នកណាដែលមានអំណាចផ្ដល់គម្រោងអោយគាត់ យ៉ាងតិចណាស់ក៏ ១៥ ទៅ ២០ភាគរយដែរ។ ពេលទម្លាក់លុយទៀត ក៏ត្រូវការអោយមន្ត្រីមួយចំនួននៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែរ គឺអ្នកទម្លាក់លុយហ្នឹង ហើយមានអ្នកតាមទារអីហូរហែទៀត»។
ប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ បន្តថា កម្ពុជា បានខ្ចីលុយពីក្រៅប្រទេសច្រើនណាស់ ដើម្បីសាងសង់ផ្លូវ និងស្ពាន។ ដូច្នេះ រឿងនេះត្រូវលើកឡើងឲ្យអ្នកពាក់ព័ន្ធបានដឹង ដើម្បីជាការប្រមូលមតិ ចង់ដឹងថា ប្រទេសជិតខាងកម្ពុជា មានគម្រោងសាងសង់ផ្លូវបែបណា? និងប្រទេសកម្ពុជា មានគម្រោងធ្វើផ្លូវបែបណាដែរ?៖ «ត្រូវមានវិធានការអីដើម្បីធានាថា ធ្វើម៉េចកសាងផ្លូវដែលជាតម្រូវការចាំបាច់ ហើយមានគុណភាពជួយដល់ផ្នែកសេដ្ឋកិច្ច ហើយមិនទាន់ជួយផ្នែកសេដ្ឋកិច្ច បានចំណេញលុយដើម្បីទៅសងផង មួយឆ្នាំទៅភ្លៀងមក វាបាត់ផ្លូវហ្នឹងទៅ»។
យ៉ាងណាក៏ដោយចុះ ការថ្លែងឲ្យដឹងបែបនេះរបស់លោក សុន ឆ័យ ត្រូវបានមន្ត្រីរដ្ឋាភិបាលច្រានចោល ហើយថាគ្មានភាពពិតជាក់ស្តែង។
អភិបាលរង និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា និយាយថា ការដេញថ្លៃធ្វើផ្លូវនៅភ្នំពេញ និងតាមបណ្ដាខេត្តនានា គឺគោរពតាមគោលការណ៍ និងមានការដេញថ្លៃត្រឹមត្រូវ។ លោកអភិបាលរងក្រុងភ្នំពេញ ទាមទារឲ្យលោក សុន ឆ័យ បង្ហាញករណីពិត និងប្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ៖ «ការលើកឡើងថា ធ្វើខែប្រាំង ខែវស្សាខូច ជាការចោទប្រកាន់ដោយគ្មានហេតុផល ជាការចោទប្រកាន់ដោយងងឹតងងល់ គេហៅថាប្រឆាំងផ្កាប់មុខ ធ្វើអ្វីក៏មិនដែលត្រូវសម្រាប់ពួកគាត់ដែរ»។
រីឯអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក វ៉ា ស៊ឹម សុរិយា មានប្រសាសន៍ថា ការលើកឡើងរបស់លោក សុន ឆ័យ ដែលក្នុងនាមជាសមាជិកសភា នឹងធ្វើឲ្យប្រទេសជាម្ចាស់ជំនួយអន់ចិត្ត និងប៉ះពាល់ដល់រដ្ឋាភិបាលដែលខិតខំសាងសង់ផ្លូវស្ពានជាយូរមកហើយ។ លោកឆ្លើយតបវិញថា ប្រសិនបើគម្រោងសាងសង់ផ្លូវស្ពានអ្វីមួយចំណាយលុយក្រៅប្រព័ន្ធអស់ជាង ៤០ភាគរយនៃថ្លៃសាងសង់ទៅហើយនោះ គឺមិនអាចសង់ផ្លូវចាក់កៅស៊ូឲ្យចេញជារូបរាងបានទេ៖ «មុននឹងទៅដល់ការអនុវត្តគម្រោងនីមួយៗគឺមាននីតិវិធីច្រើន ហើយបើយើងទទួលជំនួយអន្តរជាតិផង គឺមិនងាយទេ។ ទី១ យើងខ្ញុំសូមច្រានចោលតែម្ដង។ ទី២ បើសិនជាមានសូមអោយមាននីតិវិធីទៅតាមច្បាប់ទៅ»។
លោក វ៉ា ស៊ឹម សុរិយា ពន្យល់ថា ការដែលផ្លូវមួយចំនួនសាងសង់រួចហើយ បែរមានបញ្ហា ព្រោះបញ្ហាអាកាសធាតុ និងករណីរថយន្តដឹកលើសចំណុះ។
យ៉ាងណាក៏ដោយចុះ កាលពីពេលថ្មីនេះ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានចុះទៅពិនិត្យដល់ការដ្ឋានសាងសង់ផ្លូវ ពេលនោះលោកបានស្តីបន្ទោសទៅក្រុមហ៊ុនសាងសង់ថា ធ្វើផ្លូវគ្មានស្តង់ដារ និងគ្មានគុណភាព ដោយផ្លូវនោះចាក់កៅស៊ូស្តើងៗពីលើបន្តិចប៉ុណ្ណោះ។ ពេលនោះ លោករដ្ឋមន្ត្រីបង្គាប់ឲ្យក្រុមហ៊ុនចាក់កៅស៊ូបន្ថែម។
អ្នកសិក្សាការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី យល់ថា ការលើកឡើងថាមានអំពើពុករលួយនៅក្នុងគម្រោងសាងសង់ផ្លូវស្ពាន គឺជារឿងត្រឹមត្រូវ ប៉ុន្តែលោកថា រឿងនេះពិបាកក្នុងការស្វែងរកឯកសារជាភស្តុតាងមកធ្វើអំណះអំណាងណាស់។ ជាងនេះទៅទៀត លោកយល់ថា រដ្ឋាភិបាលនឹងបញ្ចេញប្រតិកម្មអវិជ្ជមានទៅកាន់លោក សុន ឆ័យ ដែលហ៊ានថ្លែងដូចនេះក្នុងបទបង្ហាញដែលជាលក្ខណៈអន្តរជាតិ។
ពលរដ្ឋតែងតែថ្លែងផ្លែផ្កាថា ផ្លូវនៅប្រទេសកម្ពុជា ធ្វើជាប់រហូត ដែលពួកគេចង់សំដៅថា បើមានការសាងសង់ផ្លូវ បើធ្វើហើយខាងមុខ ខូចខាងក្រោយ ឬធ្វើផ្លូវបានល្អហើយ ទើបកាយដាក់លូវិញ។
លោក សុន ឆ័យ យល់ថា ដើម្បីជៀសវាងពីការធ្វើផ្លូវរដូវប្រាំងដល់រដូវវស្សាផ្លូវនោះខូច ទាមទារឲ្យមានការដេញថ្លៃឲ្យមានតម្លាភាព បង្ហាញតម្លៃធ្វើផ្លូវជាសាធារណៈ តាមដាននៅពេលកសាង និងការទម្លាក់លុយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។