អតីត​អ្នក​បើក​ឡាន​ក្រុមហ៊ុន​សុរិយា​បន្ត​តវ៉ា​ឲ្យ​ក្រុមហ៊ុន​ទទួល​យក​ធ្វើ​ការ​វិញ

0:00 / 0:00

អតីត​អ្នក​បើកបរ​រថយន្ត​ដឹក​អ្នក​ដំណើរ​របស់​ក្រុមហ៊ុន​ភ្នំពេញ​សុរិយា ដែល​ត្រូវ​ថៅកែ​ក្រុមហ៊ុន​បញ្ឈប់​ពី​ការងារ បាន​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​ជា​ថ្មី​ទៀត​នៅ​ពី​មុខ​ទីស្នាក់ការ​ក្រុមហ៊ុន ក្នុង​ក្រុង​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៥ ខែ​សីហា ដើម្បី​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ទទួល​យក​អ្នក​បើកបរ​រថយន្ត​ចំនួន ១៧​នាក់ ឲ្យ​ចូល​ធ្វើ​ការ​វិញ។

​វិវាទ​នេះ មន្ត្រី​ក្រសួង​ការងារ​សន្យា​កោះ​ហៅ​តំណាង​ភាគី​ក្រុមហ៊ុន​ទៅ​ជួប​រក​ដំណោះស្រាយ​ជាមួយ​ភាគី​ពាក់ព័ន្ធ​នៅ​ថ្ងៃ​ទី​២៦ ខែ​សីហា បន្ត​ទៀត។

តំណាង​អតីត​អ្នក​បើកបរ​រថយន្ត​ទាំង ១៧​នាក់ លោក សម្បត្តិ វន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា នៅ​ក្នុង​ការ​តវ៉ា​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ គឺ​មាន​ការ​គំរាមកំហែង និង​ការ​ចាក់​ធុងបាស​រំខាន​ពី​ភាគី​ថៅកែ​រោងចក្រ​និង​កង​សន្តិសុខ​មក​លើ​ក្រុម​អ្នក​តវ៉ា​ផង។

​លោក​បន្ត​ថា ការ​តវ៉ា​ដោយ​មាន​ទាំង​លើក​បដា​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ មិន​មាន​តំណាង​ភាគី​ក្រុមហ៊ុន​ចេញ​មុខ​ដោះស្រាយ ឬ​ជួប​ជាមួយ​ពួកគេ​ទេ។ ប៉ុន្តែ​មាន​មន្ត្រី​ដោះស្រាយ​វិវាទ​មក​ពី​ក្រសួង​ការងារ បាន​ចេញ​មុខ​សន្យា​ជាមួយ​ក្រុម​អ្នក​តវ៉ា​ថា នឹង​កោះហៅ​តំណាង​ភាគី​ក្រុមហ៊ុន​ទៅ​ដោះស្រាយ​នៅ​ថ្ងៃ​ទី​២៦ ខែ​សីហា៖ «រយៈ​ពេល​ធ្វើ​កូដកម្ម ២​ថ្ងៃ​នេះ អត់​ឃើញ​ខាង​ក្រុមហ៊ុន ឬ​ខាង​អាជ្ញាធរ​ចេញ​មុខ​ជួយ​អន្តរាគមន៍ ឬ​ជួយ​ដោះស្រាយ​ទេ​រហូត​មក​ដល់​ថ្ងៃ​នេះ»

​លោក សុខ ឈុនអឿង អនុប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដែល​ចូល​រួម​ស្វែង​រក​ដំណោះស្រាយ ឬ​ជួយ​ទាមទារ​សិទ្ធ​ជូន​អតីត​អ្នក​បើកបរ​រថយន្ត​ទាំង ១៧​នាក់ បាន​ចូល​ធ្វើ​ការ​វិញ។ លោក​បញ្ជាក់​ថា ទំនាស់​នេះ ខាង​ភាគី​ក្រុមហ៊ុន​ទំនង​ជា​គ្មាន​ចេតនា​ចង់​ជួប​ចរចា​បញ្ចប់​វិវាទ​ជាមួយ​ក្រុម​អ្នក​តវ៉ា​ទេ និង​ព្យាយាម​គេច​ពី​តំណាង​អ្នក​បើកបរ​រថយន្ត​ដែល​ស្វែងរក​ដំណោះស្រាយ​បញ្ចប់​វិវាទ​នេះ។

​លោក​ស្នើ​ឲ្យ​ផ្នែក​ពាក់ព័ន្ធ​ជួយ​មាន​វិធានការ​ដោះស្រាយ​បញ្ចប់​ជម្លោះ​នៅ​ក្រុមហ៊ុន​ភ្នំពេញ​សុរិយា ឲ្យ​បាន​ឆាប់ ដើម្បី​បញ្ឈប់​ការ​តវ៉ា​ជា​បន្តបន្ទាប់​នៅ​ថ្ងៃ​អនាគត៖ «សូម​ឲ្យ​ក្រុមហ៊ុន​ហ្នឹង​ធ្វើតាម​សេចក្តី​បង្គាប់​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល។ ព្រោះ​អាជ្ញាកណ្ដាល​បង្គាប់​ឲ្យ​ក្រុមហ៊ុន​ហ្នឹង​យក​អ្នក​ទាំង ១៧​នាក់​ហ្នឹង​ចូល​ធ្វើ​ការ​វិញ។ ខាង​ក្រុមហ៊ុន​ត្រូវ​តែ​មាន​ជំហរ​ដោះស្រាយ ដើម្បី​ឲ្យ​ពួកគេ​មាន​ការងារ​ធ្វើ​វិញ»

អ្នក​គ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន​ដឹក​អ្នក​ដំណើរ​ភ្នំពេញ​សុរិយា លោក ចាន់ សុផាន់ណា ធ្លាប់​បញ្ជាក់​ថា ក្រុមហ៊ុន​ព្រម​ផ្ដល់​សំណង​ជំងឺ​ចិត្ត​តាម​ច្បាប់​ការងារ​ទៅ​ដល់​អតីត​អ្នក​បើកបរ​រថយន្ត​ទាំង ១៧​នាក់។ ប៉ុន្តែ​មិន​អាច​ទទួល​ពួកគេ​ឲ្យ​ចូល​ធ្វើការ​នៅ​ក្រុមហ៊ុន​នេះ​វិញ​បាន​ទេ។ លោក​ពន្យល់​ថា សព្វថ្ងៃ​ក្រុមហ៊ុន​មាន​អ្នក​បើកបរ​រហូត​ដល់​ជិត ១៥០​នាក់ (១៤៧) គឺ​លើស​ពី​ចំនួន​រថយន្ត​ដែល​មាន​ចំនួន​ជាង ១២០​គ្រឿង (១២៣)។ ជាង​នេះ ក្រុមហ៊ុន​បាន​ចេញ​ខាត​ជា​ច្រើន​ដើម្បី​ផ្ដល់​ប្រាក់ខែ​ឲ្យ​អ្នក​បើកបរ​ទាំង​នោះ និង​បាន​កាត់​សេវា​ដឹក​អ្នក​ដំណើរ​នៅ​តំបន់​ខ្លះ​ទៀត ដោយសារ​តែ​គ្មាន​អតិថិជន ហើយ​ក្រុមហ៊ុន​ក៏​កំពុង​ប្រឈម​នឹង​វិបត្តិ​ហិរញ្ញវត្ថុ ដែល​មិន​អាច​ទទួលយក​បុគ្គលិក​បន្ថែម​ទៀត​បាន​ទេ។

​ក្រុមហ៊ុន​រថយន្ត​ដឹក​អ្នក​ដំណើរ​ភ្នំពេញ​សុរិយា បាន​បញ្ឈប់​អ្នក​បើកបរ​ចំនួន ១៧​នាក់ កាល​ពី​ខែ​មេសា ឆ្នាំ​២០១៤ ដោយ​ប្រាប់​បុគ្គលិក​ថា ក្រុមហ៊ុន​អត់​ការងារ​ធ្វើ ហើយ​ត្រូវ​កាត់​បន្ថយ​បុគ្គលិក។ ប៉ុន្តែ​បើ​តាម​ការ​អះអាង​របស់​បុគ្គលិក​ក្រុមហ៊ុន​នេះ​ឲ្យ​ដឹង​ថា មូលហេតុ​ពិត​ដែល​ក្រុមហ៊ុន​បញ្ឈប់​អតីត​អ្នក​បើកបរ​រថយន្ត​ទាំង ១៧​នាក់​នោះ គឺ​ដើម​ហេតុ​ដោយសារ​ពួកគេ​ត្រៀម​បង្កើត​សហជីព​មួយ​នៅ​ក្នុង​ក្រុមហ៊ុន ដើម្បី​ការពារ​ផលប្រយោជន៍​ឲ្យ​បុគ្គលិក ឲ្យ​ស្រប​តាម​ច្បាប់​ការងារ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។