មន្ត្រីសង្គមស៊ីវិលជំរុញឲ្យអាជ្ញាធរខែត្រ ពន្លឿនការជម្លៀសជនជាតិវៀតណាម ដែលកំពុងរស់នៅមាត់ទន្លេក្នុងក្រុងស្ទឹងត្រែង។ ការលើកឡើងនេះ បន្ទាប់ពីផែនការរបស់អាជ្ញាធរក្នុងការជម្លៀសជនជាតិវៀតណាម ឋិតក្នុងភាពស្រពេចស្រពិល ស្របពេលដែលផលប៉ះពាល់សុខភាពបរិស្ថាន និងបញ្ហាផ្សេងៗ កំពុងកើតមាន។
មន្ត្រីអង្គការមិនមែនរដ្ឋាភិបាល នៅថ្ងៃទី៩ ខែតុលា អំពាវនាវឲ្យអាជ្ញាធរខែត្រជម្លៀសពលរដ្ឋវៀតណាម រស់នៅដងទន្លេមេគង្គ ក្នុងក្រុងស្ទឹងត្រែង ឲ្យបានឆាប់។ ការអំពាវនាវឲ្យនេះធ្វើឡើងនៅពេលពលរដ្ឋវៀតណាម ទាំងនោះ រស់នៅតាមមាត់ទន្លេយ៉ាងអនាធិបតេយ្យ ដែលប៉ះពាល់សោភ័ណភាពក្រុង បរិស្ថានធម្មជាតិ និងជាប្រភពនៃបទល្មើសព្រៃឈើជាដើម។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខែត្រស្ទឹងត្រែង លោក ហូ សំអុល ថ្លែងបញ្ជាក់ថា អាជ្ញាធរខែត្រនៅមិនទាន់កំណត់ពេលជាក់លាក់ ទាក់ទិននឹងការជម្លៀសពលរដ្ឋវៀតណាម ទាំងនោះចេញពីមាត់ទន្លេនោះទេ។ លោកថា ភាពព្រងើយកន្តើយរបស់អាជ្ញាធរ និងការពន្យារពេលដោះស្រាយ នឹងបង្កផលប៉ះពាល់កាន់តែធ្ងន់ធ្ងរដល់បរិស្ថាន ប្រជាពលរដ្ឋរស់នៅតាមដងទន្លេផ្នែកខាងក្រោម បាក់ច្រាំងទន្លេ និងបង្កឲ្យទឹកកង្វក់ជាដើម៖ «ព្រោះជាក់ស្ដែងដែរ ខ្ញុំទៅហ្នឹងវាឃើញផ្ទះសិប្បកម្មមួយចំនួន ឬផ្ទះជនជាតិវៀតណាម ដែលគាត់ជួលហ្នឹង រស់នៅយ៉ាងអនាធិបតេយ្យលើហ្នឹងឃើញ បន្ទប់បន្ទោបង់របស់គាត់ធ្លាក់ទៅក្នុងទន្លេ»។
វិទ្យុអាស៊ីសេរី មិនទាន់ទាក់ទងអភិបាលក្រុងស្ទឹងត្រែង លោក ប៊ុន ណារី ដើម្បីសុំការបញ្ជាក់បញ្ហានេះបានទេ នៅថ្ងៃទី៩ ខែតុលា។
តែលោកធ្លាប់ប្រាប់វិទ្យុអាស៊ីសេរី ថា អាជ្ញាធរបានរៀបចំទីតាំងជម្លៀសជនជាតិវៀតណាម ទាំងនោះទៅនៅទីតាំងថ្មី នៅគីឡូម៉ែត្រលេខ១៤ ផ្លូវជាតិលេខ៧ ឋិតនៅសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។ លោកថា អាជ្ញាធរខេត្តក៏មិនទាន់មានថវិកាគ្រប់គ្រាន់ក្នុងការឈូសឆាយធ្វើផ្លូវសំអាតទីតាំងថ្មីនោះទេ៖ «យើងមានផែនការសម្រាប់គាត់ គឺមានដីសម្រាប់ចែកពួកគាត់អស់ហើយ»។
ជនជាតិវៀតណាម ម្នាក់ក្នុងចំណោមជនជាតិវៀតណាម ជាច្រើនទៀត លោក ឡេវ យ៉ាំង ឡង ឲ្យដឹងថា លោកនៅមិនទាន់ទទួលដំណឹងពីការជម្លៀសចេញពីលំនៅឋាននោះទេ គ្រាន់តែដឹងថា អាជ្ញាធរនឹងផ្ដល់ទីតាំងថ្មីឲ្យគេរស់នៅឆ្ងាយពីទីរួមខេត្ត។ តែទោះយ៉ាងណា គាត់ត្អូញត្អែរថា ពួកគាត់ប្រហែលមិនអាចរស់នៅតំបន់ដាច់ស្រយាលបានទេ ដោយសារការរស់នៅតាមមាត់ទន្លេជាទម្លាប់ទៅហើយ និងងាយស្រួលរកស៊ី៖ «ឮគេនិយាយ ខាងរដ្ឋគេអត់ទាន់និយាយអី។ និយាយថា គេដេញអីគេឲ្យទៅនៅ គេចែកដីឲ្យ»។
ករណីនេះដែរ មន្ត្រីសម្របសម្រួលអង្គការបណ្ដាញទន្លេបី លោក មៀច មាន លើកឡើងថា ការរស់នៅរបស់ជនជាតិវៀតណាម នៅមាត់ទន្លេ និងលើទឹក បង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់គុណភាពទឹក បរិស្ថានធម្មជាតិ និងសុខភាព ព្រោះជនជាតិវៀតណាម ទាំងនោះបានបន្ទោបង់ និងចោលកាកសំណល់រឹង រាវ ចូលទន្លេ ដែលជាប្រភពនៃប៉ារ៉ាស៊ីត និងមេរោគឆ្លងផ្សេងៗ បណ្ដាលឲ្យគុណភាពទឹកកង្វក់៖ «ជុះ នោមអីនៅហ្នឹងទាំងអស់។ វាពិបាកមែនទែន នៅក្នុងលក្ខណៈបែបហ្នឹង គាត់ជុះទៅឲ្យត្រីស៊ីទៅ មិនដឹងគាត់រោគអីៗ មិនដឹងអីកើតឡើង អាហ្នឹងវាពិបាកណាស់»។
មន្ត្រីសង្គមស៊ីវិលក៏ជំរុញឲ្យអាជ្ញាធរអនុវត្តច្បាប់អន្តោប្រវេសន៍ និងច្បាប់សញ្ជាតិ បើរកឃើញថា ជនជាតិវៀតណាម ទាំងនោះ ជាជនអន្តោប្រវេសន៍ខុសច្បាប់ ហើយសមត្ថកិច្ចត្រូវអនុវត្តច្បាប់ដោយបញ្ជូនជនជាតិវៀតណាម ទាំងនោះ ទៅប្រទេសវៀតណាម វិញ ទោះដឹងថា ពួកគេរស់នៅស្រុកខ្មែរយូរយ៉ាងណាក៏ដោយ។
អាជ្ញាធរក្រុងស្ទឹងត្រែង ឲ្យដឹងថា បច្ចុប្បន្នក្នុងឃុំព្រះបាទ ក្រុងស្ទឹងត្រែង មានពលរដ្ឋរស់នៅតាមច្រាំងទន្លេចំនួនជាង ៣០០គ្រួសារ ក្នុងនោះមានពលរដ្ឋខ្មែរ ៣០ភាគរយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។