ប្រជាពលរដ្ឋនៅស្រុករមាសហែក ខេត្តស្វាយរៀង ចោទប្រកាន់អាជ្ញាធរស្រុកថា មិនអើពើឈ្មួញនាំកូនជ្រូកឈឺពីប្រទេសវៀតណាម ចូលតាមច្រករបៀងមកលក់យ៉ាងគគ្រឹកគគ្រេងនៅកម្ពុជា ទេ។ កូនជ្រូកឈឺដែលនាំចូលមកនោះ បានចម្លងមេរោគដល់ជ្រូករបស់អ្នកភូមិនៅតាមជាយដែន ងាប់ជាបន្តបន្ទាប់។ ប៉ុន្តែ អភិបាលស្រុកបញ្ជាក់ថា ពុំទទួលបានព័ត៌មានការនាំជ្រូកចូលមកកម្ពុជា នៅឡើយ ហើយលោកថានឹងតាមដានការងារនេះ។
ប្រជាពលរដ្ឋអំពាវនាវសុំឲ្យអាជ្ញាធរប្រចាំការតាមច្រកព្រំដែនកម្ពុជាវៀតណាម និងមន្ត្រីពាក់ព័ន្ធ ចាត់វិធានការទប់ស្កាត់ជាបន្ទាន់ ដើម្បីការពារកុំឲ្យជំងឺឆ្លងមកជ្រូករបស់អ្នកភូមិ។
អ្នកភូមិម្នាក់ លោក អ៊ឹម សំអូន រស់នៅភូមិតាសួស ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ឲ្យដឹងនៅថ្ងៃទី២៧ ឧសភា ថា កូនជ្រូករាប់ពាន់ក្បាល ត្រូវបានឈ្មួញនាំចូលពីប្រទេសវៀតណាម តាមច្រករបៀងត្រឡោកបែក ក្នុងមួយថ្ងៃប្រមាណ ៥០ទ្រុង ហើយមួយទ្រុងពី ២០ ទៅ ៣០ក្បាលជ្រូក ទាំងយប់ថ្ងៃមកលក់នៅកម្ពុជា យ៉ាងគគ្រឹកគគ្រេង ដោយពុំមានការទប់ស្កាត់ពីសំណាក់អាជ្ញាធរខ្មែរឡើយ។ លោក អ៊ឹម សំអូន បន្តថា កូនជ្រូកដែលនាំចូលមកនោះ ភាគច្រើនជាជ្រូកឈឺ ខ្លះបានងាប់ ខណៈដែលដឹកតាមរថយន្តចូលមកនោះ ហើយបានចម្លងមេរោគដល់ជ្រូករបស់អ្នកភូមិដែលរស់នៅតាមជាយដែនងាប់ជាបន្តបន្ទាប់។
លោក អ៊ឹម សំអូន៖ «អឺ! ប៉ះពាល់ដូចថាវាដឹកជ្រូកពីកើតមក អាខ្លះជួនកាលទៅអាជ្រូកឈឺវាហ្នឹង វាក្រវាត់ចោលពេញហ្នឹងទៅលេងពេញភូមិណាស់! បាទ! ពេលអ៊ីចឹង វាប៉ះពាល់ប្រជាពលរដ្ឋ ឥឡូវអាអ្នកចិញ្ចឹមជ្រូកម្នាក់ៗងាប់ទាំងទ្រុងៗណោះ។ ហើយដឹកមកចេញពីយួនមក មួយថ្ងៃយ៉ាងហោចណាស់ក៏ប្រហែលជា ៥០ទ្រុងដែរ។ ឥឡូវជ្រូកវាដឹកទៅខាងព្រៃវែង វិញបង! ឥឡូវថ្ងៃមិនសូវប៉ុន្មានទេ ច្រើនដឹកចេញយប់ហ្មងបង!»។
ចំណែកប្រជាពលរដ្ឋនៅស្រុករមាសហែក ម្នាក់ទៀតមានប្រសាសន៍ថា ឈ្មួញនាំកូនជ្រូកចូលពីប្រទេសវៀតណាម ភាគច្រើនធ្វើសកម្មភាពនៅពេលយប់ចូលមកកម្ពុជា តាមច្រងរបៀងដោយសេរី ពុំមានអាជ្ញាធរណាចេញមកទប់ស្កាត់នោះទេ។ លោកបន្តថា ជ្រូកដែលនាំចូលមកនោះ បង្កបញ្ហាដល់ប្រជាពលរដ្ឋនៅតាមជាយដែន ហើយបានទៅប្ដឹងអាជ្ញាធរមូលដ្ឋានឲ្យជួយដោះស្រាយច្រើនលើកមកហើយ ប៉ុន្តែអាជ្ញាធរហាក់ធ្វើព្រងើយ មិនអើពើពីទុក្ខលំបាករបស់អ្នកភូមិឡើយ៖ «រៀងរាល់បង! ដឹកមានថ្ងៃមានយប់ដឹក បងចេញជួនកាលម៉ោង៨បានចេញមកពីវៀតណាម ជួនកាលម៉ោង៩អ៊ីចឹងទៅ ហើយជួនកាលថ្ងៃម៉ោង២ ម៉ោង៣។ ដឹកចេញមកហ្នឹងមិនបានត្រួតពិនិត្យត្រឹមត្រូវទេបង! បាទ! ត្រួតពិនិត្យម៉េចហ្នឹងបាន បើនៅពេលយប់ពីណាមកត្រួតពិនិត្យបង!»។
ឆ្លើយតបនឹងបញ្ហានេះ អភិបាលស្រុករមាសហែក លោក ពេញ ជា មានប្រសាសន៍បញ្ជាក់ថា លោកពុំទាន់ទទួលព័ត៌មានការនាំកូនជ្រូកឈឺពីប្រទេសវៀតណាម ចូលតាមច្រករបៀងមកកម្ពុជា នេះនៅឡើយទេ។ លោកថា បញ្ហានេះប្រសិនបើមានមែន ករណីនេះអាចពាក់ព័ន្ធនឹងមន្ត្រីប្រចាំការនៅច្រកព្រំដែន ហើយលោកនឹងតាមដានចាត់វិធានការលើការងារនេះ៖ «សូមអធ្យាស្រ័យ វាគ្មានលាភសក្ការៈអីទេ ចូលមកបើចូលមកយប់វាមានតែវាត្រូវរ៉ូវជាមួយពួកឆ្លងដែនហ្នឹង បានចូលមកបាន ហើយអាជ្ញាធរនេះគ្មានដឹងទេ មេភូមិមេឃុំ គាត់អត់ទាន់រាយការណ៍ឲ្យខ្ញុំ អត់ទាន់ណាស់! ខ្ញុំឡើងនៅស្រុកនេះវាក្ដាប់ច្រើន ដល់អ៊ីចឹងវាក្ដាប់អត់បាន។ ចាំមើលខ្ញុំព្យាយាមដើម្បីធ្វើការដោះស្រាយរឿងហ្នឹងណាស់!»។
តែយ៉ាងណា អ្នកភូមិឲ្យដឹងថា កូនជ្រូកនាំចូលពីប្រទេសវៀតណាម តាំងពីចុងខែមេសា ជាបន្តបន្ទាប់រហូតមក។ ចាប់តាំងពីពេលនោះមក កូនជ្រូករបស់អ្នកភូមិដែលរស់នៅតាមជាយដែនកម្ពុជាវៀតណាម នៅស្រុករមាសហែក ឈឺងាប់បន្តកន្ទុយគ្នាជាហូរហែ។ ក្រៅពីនោះ ការនាំកូនជ្រូកពីប្រទេសវៀតណាម បានប៉ះពាល់ដល់របរចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសាររបស់ប្រជាពលរដ្ឋខ្មែរនៅតាមជាយដែន កូនជ្រូករបស់ពួកគាត់ធ្លាក់ថ្លៃ គឺគ្មានទីផ្សារសម្រាប់លក់។ បញ្ហានេះ បើពុំមានការទប់ស្កាត់ទាន់ពេលទេ អ្នកភូមិដែលប្រកបរបរចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារ នឹងបាត់បង់អាជីពនេះនៅថ្ងៃខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។