គ្រូបង្រៀនចំនួន ៣នាក់ បង្រៀននៅសាលាបឋមសិក្សាសម៉រ ឃុំខ្វាវ ស្រុកទ្រាំង មានឈ្មោះ ជឹម វណ្ណៈ លោក ចៀម ចិន និងលោក ឃ្លាំង ច័ន្ទតារា កាលពីថ្ងៃទី២៣ ខែកក្កដា ត្រូវបានមន្ទីរអប់រំខេត្តតាកែវ ពង្រាយ ឬប្ដូរឲ្យទៅបង្រៀននៅសាលាផ្សេង។
លោក ជឹម វណ្ណៈ គ្រូបង្រៀនម្នាក់ក្នុងចំណោមគ្រូបង្រៀន ២នាក់ទៀត នៅថ្ងៃសុក្រ ទី២៣ ខែសីហា បានស្នើដល់ លោក អ៊ឹម សិទ្ធី រដ្ឋមន្ត្រីក្រសួងអប់រំ ចុះស៊ើបអង្កេត និងជួយឲ្យពួកគាត់បានបង្រៀននៅសាលាដើមវិញ ព្រោះសាលាថ្មីនៅឆ្ងាយពីផ្ទះរាប់សិបគីឡូម៉ែត្រ៖ «ខ្ញុំមានឋានៈជានាយករងស្តីទីដែរ ហើយដល់គេដកចេញអីចឹង។ ក្នុងនោះមានគ្រូបីនាក់ ខ្ញុំជានាយករងស្តីទី ម្នាក់ទៀតជាលេខាធិការសាលា និងម្នាក់ទៀតជាគ្រូបង្រៀនថ្នាក់ទី៤ នៅសាលាបឋមសិក្សាសម៉រ ហ្នឹង។ ការផ្លាស់ប្ដូរហ្នឹង ខ្ញុំគ្មានរឿងហេតុផលអីសោះ ស្រាប់តែឃើញលិខិតបង្គាប់ការឲ្យខ្ញុំដូរសាលាឲ្យទៅបង្រៀនសាលាផ្សេង។ អយុត្តិធម៌សម្រាប់ខ្ញុំណាស់»។
លោកគ្រូ ជឹម វណ្ណៈ បញ្ជាក់ថា ការផ្លាស់ប្ដូរសាលាបង្រៀនរបស់មន្ទីរអប់រំខេត្តតាកែវ នេះ ពួកគាត់មិនបានដឹងខ្លួន និងដឹងថា មានកំហុសអ្វីទេ។
វិទ្យុអាស៊ីសេរី មិនទាន់អាចទាក់ទងមន្ត្រីក្រសួងអប់រំ ដើម្បីបំភ្លឺជុំវិញសំណើរបស់គ្រូបង្រៀននៅសាលាបឋមសិក្សាសម៉រ បានទេតាមទូរស័ព្ទ នៅថ្ងៃទី២៣ ខែសីហា។
នាយកសាលាបឋមសិក្សាសម៉រ លោក ឆឹង សត្យា មានប្រសាសន៍ថា មិនបានដឹងការផ្លាស់ប្ដូរគ្រូបង្រៀនក្រោមឱវាទចំនួន ៣នាក់ ទៅកាន់សាលាផ្សេងទេ ព្រោះលោកបានសុំច្បាប់សម្រាកមួយរយៈពេល និងផ្តល់ការងារសាលាជូន លោក គឹម ថា នាយកស្តីទីជាអ្នកសម្រេចកិច្ចការផ្សេងៗ៖ «ខ្ញុំផ្ទេរការងារសាលាទៅឲ្យនាយកស្តីទី អ៊ីចឹងខ្ញុំអត់បានពាក់ព័ន្ធរឿងប្ដូរផ្លាស់គ្រូហ្នឹងទេ។ រឿងហ្នឹងជាសមត្ថកិច្ចរបស់មន្ត្រីអប់រំ រីឯការផ្លាស់ប្ដូរ ឬដាក់គ្រូហ្នឹង គឺជាសមត្ថកិច្ចរបស់ប្រធានមន្ទីរអប់រំ»។
ទាក់ទិនបញ្ហានេះ លោក សីវ សុខន ប្រធានមន្ទីរអប់រំខេត្តតាកែវ បដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញការផ្លាស់ប្ដូរគ្រូបង្រៀនសាលាបឋមសិក្សាសម៉រ នេះទេ រួចក៏ចុចផ្តាច់ទូរស័ព្ទ។
ប្រធានការិយាល័យអប់រំ ស្រុកទ្រាំង ខេត្តតាកែវ អ្នកស្រី ជិត គឹមណាវី បានឲ្យដឹងថា ករណីផ្លាស់គ្រូបង្រៀននៅសាលាបឋមសិក្សាសម៉រ គឺជាកិច្ចការរបស់មន្ទីរអប់រំខេត្តតាកែវ ជាអ្នកមានសិទ្ធិសម្រេច។ អ្នកស្រីបញ្ជាក់ថា កន្លងមកសាលាបឋមសិក្សាសម៉រ ធ្លាប់កើតមានបញ្ហាខ្លះរវាងគ្រូបង្រៀនក្នុងសាលា ទើបថ្នាក់លើធ្វើការផ្លាស់ប្ដូរសមាសភាពគ្រូបង្រៀនខ្លះ៖ «សាលាហ្នឹងធ្លាប់មានបញ្ហាច្រើនដង និងបានចុះនៅក្នុងគេហទំព័រថា មន្ទីរអប់រំ និងការិយាល័យអប់រំហ្នឹង មិនបានអើពើលើការងារផ្សេងៗ។ នាយកសាលាហ្នឹងធ្លាប់ចុះកាសែតអ៊ីចឹងៗ បើជាសំណើរបស់សាលាមកដល់ដៃហើយៗយើងមិនធ្វើ វាមានន័យថា វាស្របទៅនឹងការចុះកាសែតលើកមុនទៀតហើយ។ យើងមើលតាមគោលការណ៍រដ្ឋបាលរបស់សាលា គេធ្វើសំណើមក គេមានក្រុមប្រឹក្សា គេមានប្រជុំវាយតម្លៃអីជាដើម»។
លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ មានប្រសាសន៍ថា ករណីផ្លាស់ប្ដូរគ្រូបង្រៀន ៣នាក់ ចេញពីសាលាបឋមសិក្សាសម៉រ ទៅកាន់សាលាថ្មីរបស់មន្ទីរអប់រំ ខេត្តតាកែវ និងការិយាល័យអប់រំស្រុកទ្រាំង ធ្វើឡើងដោយបង្ខំ និងគ្មានការស៊ើបអង្កេត។
ករណីនេះ លោកស្នើឲ្យ លោក អ៊ឹម សិទ្ធី រដ្ឋមន្ត្រីក្រសួងអប់រំ ជួយស៊ើបអង្កេត និងអន្តរាគមន៍ឲ្យគ្រូបង្រៀនទាំង ៣នាក់ បានបង្រៀននៅសាលាបឋមសិក្សាសម៉រ ដូចដើមវិញ៖ «តាមសមាគមស៊ើបអង្កេត ពួកគាត់ទាំង ៣ ហ្នឹង អត់មានខុសអីទេ។ គ្រាន់តែជាការរើសអើងទៅនឹងនយោបាយតែប៉ុណ្ណឹង ពីព្រោះគាត់បានចូលរួមសកម្មភាពគាំទ្រគណបក្សសង្គ្រោះជាតិ ហើយក៏ត្រូវបានរងគ្រោះដោយអយុត្តិធម៌»។
គ្រូបង្រៀនសាលាបឋមសិក្សាសម៉រ ទាំង ៣នាក់ ដែលត្រូវមន្ទីរអប់រំខេត្តតាកែវ និងការិយាល័យអប់រំស្រុកទ្រាំង ពង្រាយទៅកាន់សាលាថ្មីបានទទូចដល់ថ្នាក់ដឹកនាំក្រសួងអប់រំ ឲ្យជួយផ្តល់យុត្តិធម៌ ព្រោះការផ្លាស់ប្ដូរសាលានេះ ពួកគាត់មិនដឹងពីកំហុសឆ្គងមុនទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។