
គ្រូបង្រៀនលើកឡើងថា ដើម្បីលើកកម្ពស់អំណាចគ្រូបង្រៀន ចាំបាច់ត្រូវដំឡើងប្រាក់ខែគ្រូបង្រៀន ខណៈដែលប្រាក់ខែគ្រូបង្រៀនមិនអាចធ្វើឲ្យជីវភាពពួកគេរស់នៅបានសមរម្យនៅឡើយ។ ការចង់បានប្រាក់ខែបន្ថែមរបស់គ្រូបង្រៀននេះ នឹងត្រូវលើកឡើងដោយគ្រូបង្រៀនជាង ២០០នាក់ មកពី ២៥ខេត្ត-រាជធានី ក្នុងទិវាគ្រូបង្រៀនពិភពលោក ប្រធានបទ "ការលើកកម្ពស់អំណាចគ្រូបង្រៀន"។
បញ្ហាប្រាក់ខែគ្រូបង្រៀននៅតែជាការចង់បានរបស់គ្រូបង្រៀន ផ្ញើសារទៅអ្នកពាក់ព័ន្ធនៅក្នុងទិវាគ្រូបង្រៀនថ្ងៃទី៥ ខែតុលា នៅទីលានប្រជាធិបតេយ្យក្នុងរាជធានីភ្នំពេញ។
សមាជិកគណៈកម្មការនាយកនៃសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី រស់ ទិត្យម៉ាល័យ ថ្លែងឲ្យដឹងថា ខ្លឹមសារញត្តិនោះ គ្រូបង្រៀនស្នើសុំដំឡើងប្រាក់ខែគោលទៅដល់ ១លាន ៥សែនរៀល សុំប្រាក់ឧបត្ថម្ភនៅពេលចូលឆ្នាំ និងប្រាក់បន្ទាប់បន្សំផ្សេងៗ។ អ្នកស្រីបន្តថា កម្មវិធីនឹងត្រូវចាប់ផ្ដើមនៅម៉ោង ៨ព្រឹក បន្ទាប់មក គឺមានការថ្លែងសាររបស់ប្រធានស្តីទីសមាគមគ្រូបង្រៀន និងរៀបចំឲ្យលោកគ្រូអ្នកគ្រូបញ្ចេញមតិយោបល់ និងកម្មវិធីចុងក្រោយ តំណាងគ្រូបង្រៀនយកញត្តិទៅដាក់នៅស្ថាប័នពាក់ព័ន្ធ៖ «ពេលដែលប្រាក់ខែគាត់ (គ្រូបង្រៀន) ហូបគ្រប់ គាត់លែងរណបនាយកសាលា។ សព្វថ្ងៃនេះ គាត់ពង្រឹងអំណាចគាត់អត់បាន ដោយសារគាត់ហ៊ានទទឹងរឹងរូស ឬក៏ចូលរួមជាមួយសមាគម ឬក៏គេដឹងថា មានចលនានយោបាយគណបក្សប្រឆាំង គ្រូខ្លះឲ្យសិស្សគ្នាតិចនាក់បង្រៀន ជួនអីផ្លាស់ប្ដូរគាត់ទៅបង្រៀនឆ្ងាយ ចឹងទេប្រាក់ខែច្រើន ធ្វើឲ្យគាត់ពង្រឹងអំណាចខ្លួនឯងបាន ហើយពេលប្រាក់ខែហូបឆ្អែត គាត់លែងខ្លាចអ្នកណាទៀតហើយ»។
សាលារាជធានីភ្នំពេញ អនុញ្ញាតឲ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ធ្វើការជួបជុំ ប៉ុន្តែមិនឲ្យហែក្បួនឡើយ។ លិខិតមួយច្បាប់របស់អភិបាលរងរាជធានីភ្នំពេញ លោក ឃួង ស្រេង ដែលផ្ញើជូនសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អនុញ្ញាតឲ្យអ្នករៀបចំកម្មវិធី ចាត់តំណាងចំនួន ១០រូប ជិះរថយន្ត ១គ្រឿងយកញត្តិទៅដាក់នៅក្រសួងអប់រំ និងខុទ្ទកាល័យនាយករដ្ឋមន្ត្រី។
វិទ្យុអាស៊ីសេរី មិនអាចសុំការឆ្លើយតបពីរដ្ឋមន្ត្រី និងអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ចំពោះសំណើរបស់ក្រុមគ្រូបង្រៀនបានទេ នៅថ្ងៃទី៤ ខែតុលា។
យ៉ាងណាក៏ដោយចុះ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន ថ្លែងក្នុងសន្និសីទកាសែតស្ដីពីការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា នាទីស្ដីការក្រសួងអប់រំ កាលពីថ្ងៃទី១៤ ខែសីហា ថា ដើម្បីលើកកម្ពស់គុណភាពអប់រំ ក្រសួងមានផែនការដំឡើងប្រាក់ខែដល់គ្រូបង្រៀននៅឆ្នាំ២០១៦ ខាងមុខ។ ប៉ុន្តែលោករដ្ឋមន្ត្រីមិនទាន់បញ្ជាក់ថា នឹងដំឡើងប៉ុន្មាននោះទេ។
ទាក់ទងរឿងនេះ អ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍសង្គម លោក កែម ឡី និយាយថា ដើម្បីអាចធ្វើឲ្យគ្រូបង្រៀន ឬមន្ត្រីរាជការអាចរស់នៅសមរម្យបាន លុះណារដ្ឋាភិបាលដំឡើងប្រាក់ខែយ៉ាងហោចណាស់ឲ្យបាន ២លានរៀលក្នុងមួយខែ។ អ្នកសិក្សាស្រាវជ្រាវដដែលយល់ថា រដ្ឋាភិបាលអាចធ្វើរឿងនេះបាន ដោយគ្រាន់តែលុបបំបាត់មន្ត្រីខ្មោច រឹតបន្តឹងប្រព័ន្ធពន្ធដារ និងគ្រប់គ្រងមន្ត្រីដែលចូលនិវត្ត ត្រូវរៀបចំឲ្យចូលឲ្យនិវត្ត៖ «ទិន្នន័យរបស់ក្រសួងផែនការ បានបញ្ជាក់ច្បាស់ថា មួយគ្រួសារបើយើងរស់នៅភ្នំពេញ ទាល់តែមានចំណូល ៦០០ដុល្លារ បានអាចទប់ទល់បាន។ ខ្ញុំគិតថា ប្រាក់ខែគ្រូបង្រៀនប្រហែល ៥០០ដុល្លារ ទើបគាត់ (គ្រូបង្រៀន) មានសមត្ថភាពគ្រប់គ្រាន់អាចធ្វើកិច្ចការបាន»។
ម្យ៉ាងវិញទៀត ការមិនអនុញ្ញាតឲ្យអ្នកប្រារព្ធពិធីដង្ហែក្បួន ត្រូវសាលារាជធានីភ្នំពេញពន្យល់ថា ដើម្បីធានាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ និងមិនឲ្យចូលរួមថ្លែងប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូរមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។