គ្រូ​បង្រៀន​នៅ​ខេត្ត​កំពង់ឆ្នាំង​បដិសេធ​លទ្ធផល​នៃ​ការ​ជ្រើស​រើស​ថ្នាក់​ដឹក​នាំ​សាលា

គ្រូ​បង្រៀន​ចំនួន ៣​រូប តំណាង​ឲ្យ​គ្រូ​បង្រៀន​ជាច្រើន​រូប​ផ្សេង​ទៀត នៅ​វិទ្យាល័យ ព្រះបាទ សុរាម្រិត ខេត្ត​កំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​តុលា បាន​រៀប​ចំ​ពាក្យ​បណ្ដឹង​មួយ​ទៅ​កាន់​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត ដើម្បី​បដិសេធ​លទ្ធផល​បោះ​ឆ្នោត​ជ្រើស​រើស​នាយក​រង ឬ​នាយិកា​រង ប្រចាំ​វិទ្យាល័យ​នេះ កាល​ពី​រសៀល​ថ្ងៃ​ទី​៣០ ខែ​តុលា។

0:00 / 0:00

ពួក​គាត់​អះអាង​ថា មន្ត្រី​របស់​មន្ទីរ​អប់រំ លោក ម៉ូវ តឿ និង​លោក ជូ បូរិន្ទ ព្រម​ទាំង​មន្ត្រី​ការិយាល័យ​អប់រំ​ក្រុង​កំពង់ឆ្នាំង លោក គង់ សាវឿន បាន​អនុវត្ត​ខុស​នីតិវិធី​ច្រើន​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ថ្នាក់​ដឹក​នាំ​ប្រចាំ​សាលា​នេះ។

ក្រុម​គ្រូ​បង្រៀន​នៅ​វិទ្យាល័យ ព្រះបាទ សុរាម្រិត ចង់​ឲ្យ​ថ្នាក់​ដឹក​នាំ​មន្ទីរ​អប់រំ យុវជន និង​កីឡា ខេត្ត​កំពង់ឆ្នាំង ដោះស្រាយ​សំណើ​របស់​ខ្លួន​ចំនួន ៣​ចំណុច​សំខាន់ៗ គឺ​ទី​១ សុំ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​សា​ឡើង​វិញ ទី​២ សុំ​ឲ្យ​មាន​នាយក​រង ឬ​នាយិកា​រង​កម្រិត​បឋម​ភូមិ​ចំនួន ២​រូប ស្មើ​នឹង​កម្រិត​ទុតិយភូមិ និង​ទី​៣ សុំ​ឲ្យ​ប្រធាន​បច្ចេកទេស​ទាំងអស់​ដែល​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត ត្រូវ​តែ​មាន​អតីតភាព​ការងារ​យ៉ាង​តិច ១៥​ឆ្នាំ។

តំណាង​គ្រូ​បង្រៀន​ម្នាក់​ក្នុង​ចំណោម ៣​នាក់ លោក ជួន ចាំ មាន​ប្រសាសន៍​ថា ក្នុង​ករណី​ដែល​បាន​ពិភាក្សា និង​ដាក់​សំណើ​ដល់​ដៃ​មន្ទីរ ក្នុង​រយៈពេល ៧​ថ្ងៃ​មិន​ទទួល​បាន​លទ្ធផល​អ្វី​នោះ លោក​នឹង​បន្ត​ដាក់​ទៅ​ខុទ្ទកាល័យ​អភិបាល​ខេត្ត ឬ​អាច​ដល់​ក្រសួង​អប់រំ ទៀត​ផង។ លោក​បន្ត​ថា នៅ​ក្នុង​រចនាសម្ព័ន្ធ​នៃ​គណៈ​គ្រប់គ្រង​សាលា​ទាំង​មូល គួរ​តែ​មាន​នាយក​ក្ដាប់​រួម ១​រូប ហើយ​នាយក​រង​ត្រូវ​តែ​មាន​ពីរ​រូប ស្មើ​គ្នា​រវាង​កម្រិត​បឋម​ភូមិ និង​កម្រិត​ទុតិយភូមិ។

លោក ជួន ចាំ៖ «ផល​ប្រយោជន៍​ធំ​ជាង​គេ គឺ​ចង់​បាន​ឲ្យ​មាន​សមភាព​រវាង​អ្នក​គ្រប់គ្រង​នៅ​បឋម​ភូមិ ហើយ​និង​នៅ​ទុតិយភូមិ ពីព្រោះ​នៅ​បឋម​ភូមិ​ហ្នឹង គ្រូ​បឋម​ភូមិ​មាន​ដល់ ១២៦​នាក់ ចំណែក​វិទ្យាល័យ​ហ្នឹង​មាន​តែ ៥៧​នាក់​ទេ។ ដូច្នេះ ឃើញ​ថា​ចំនួន​ហ្នឹង​ខុស​គ្នា​ច្រើន បាន​ជា​លោកគ្រូ​អ្នកគ្រូ​ទាមទារ​ឲ្យ​មាន​ខាង​គណៈ​គ្រប់គ្រង​អនុវិទ្យាល័យ​រង​ចំនួន ២​រូប»

លោក​បញ្ជាក់​ថា កន្លង​មក សាលា​បាន​បោះ​ឆ្នោត​ជ្រើស​រើស​នាយក​គ្រប់គ្រង​រួម​ចំនួន ១​រូប និង​នាយិកា​រង​កម្រិត​ទុតិយភូមិ​ចំនួន ១​រូប បាន​រួច​ហើយ ក៏ប៉ុន្តែ សាលា​ត្រូវ​ការ​នាយក​រង​ចំនួន ៣​រូប​បន្ថែម​ទៀត។ ដូច្នេះ​ហើយ ទើប​ក្រុម​គ្រូ​បង្រៀន​ចង់​ឲ្យ​ថ្នាក់​ដឹក​នាំ​សាលា​ទាំង​មូល មាន​សមាសភាព​ចេញ​ពី​កម្រិត​បឋម​ភូមិ​ចំនួន ២​រូប និង​ទុតិយភូមិ​ចំនួន ២​រូប​ស្មើ​គ្នា។

នៅ​ក្នុង​ពាក្យ​បណ្ដឹង​ដែល​មាន​ឈ្មោះ​គ្រូ​បង្រៀន​នៅ​វិទ្យាល័យ ព្រះបាទ សុរាម្រិត ចំនួន​បី​រូប គឺ​ទី​១ លោក ជួន ចាំ ទី​២ លោក អ៊ុក ចាន់ស៊ឺន និង​ទី​៣ លោក ឡុង ស៊ីដាវុធ បាន​បញ្ជាក់​ថា លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​នាយក​រង ឬ​នាយិកា​រង​ប្រចាំ​វិទ្យាល័យ​បន្ថែម​បី​រូប​ទៀត​នោះ គឺ​មាន​សំឡេង​ក្រោម ៥០% មិន​អាច​យក​ជា​ផ្លូវ​ការ​បាន​ឡើយ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​អប់រំ ដែល​រង​នូវ​ការ​ចោទ​ប្រកាន់​ថា បាន​ប្រព្រឹត្ត​ខុស​ក្នុង​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​នាយក​រង​គ្រប់គ្រង​វិទ្យាល័យ ព្រះបាទ សុរាម្រិត ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​រសៀល​ថ្ងៃ​ទី​៣១ ខែ​តុលា។

ទោះ​ជា​យ៉ាង​ណា ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា ខេត្ត​កំពង់ឆ្នាំង លោក ពេជ្រ សំបូរ មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​បាន​ទទួល​សំណើ​នេះ​នៅ​ឡើយ​ទេ ក៏ប៉ុន្តែ លោក​នឹង​កោះ​ប្រជុំ​បន្ទាន់​មួយ​នៅ​ល្ងាច​ថ្ងៃ​ទី​៣១ ខែ​តុលា ជាមួយ​អ្នក​ដែល​ត្រូវ​បាន​ជ្រើស​រើស ដើម្បី​ពិភាក្សា និង​ដោះស្រាយ​ជុំវិញ​បញ្ហា​នេះ៖ «ខ្ញុំ​ហៅ​មក​ប្រជុំ​ឥឡូវ​ហើយ ដើម្បី​ដោះស្រាយ ខ្ញុំ​ថា​ធម្មតា​មាន​បញ្ហា​អី​មាន​ដំណោះស្រាយ​ហើយ ខ្ញុំ​ជឿ​ថា​អ៊ីចឹង លក្ខណៈ​វិនិច្ឆ័យ​ដែល​ត្រូវ​បាន​សម្រេច​ដោយ​អង្គ​ប្រជុំ​នោះ​យក​ជា​ផ្លូវ យើង​គួរ​តែ​គោរព​តាម​មនុស្ស​ភាគ​ច្រើន»

នៅ​ក្នុង​អំឡុង​ពេល​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​នាយក​រង ឬ​នាយិកា​រង​ប្រចាំ​វិទ្យាល័យ ព្រះបាទ សុរាម្រិត មាន​គ្រូ​បង្រៀន​ដែល​ជា​អ្នក​បោះ​ឆ្នោត​ប្រមាណ​ជា ២០​នាក់ បាន​ដើរ​ចេញ​ពី​បន្ទប់​បោះ​ឆ្នោត និង​ខ្លះ​មិន​ព្រម​បោះ​ឆ្នោត ដោយសារ​តែ​មិន​ពេញ​ចិត្ត​នឹង​ការ​រៀប​ចំ​របស់​មន្ត្រី​មន្ទីរ និង​ការិយាល័យ​អប់រំ​ក្រុង​កំពង់ឆ្នាំង។ វិទ្យាល័យ ព្រះបាទ សុរាម្រិត នៅ​ក្នុង​ឆ្នាំ​សិក្សា ២០១២-២០១៣ មាន​សិស្ស​សរុប​ចំនួន ៣.២៣៣​នាក់ ហើយ​មាន​គ្រូ​បង្រៀន​ទាំង​កម្រិត​ទុតិយភូមិ និង​បឋមភូមិ​សរុប​ចំនួន ១៨៣​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។