សិស្សសាលាវិទ្យាល័យ ជា ស៊ីម ត្បែងមានជ័យ ប្រមាណ ២.០០០នាក់ បានខកខានរៀនសូត្រពេញមួយថ្ងៃច័ន្ទ ទី២៨ តុលា ដោយសារតែលោកគ្រូអ្នកគ្រូនាំគ្នាធ្វើកូដកម្មទាមទារឱ្យបើកប្រាក់បន្ថែមម៉ោងដែលយឺតយ៉ាវចំនួន ៣ឆមាសមកហើយ។
ក្រុមគ្រូបង្រៀនខ្លះបានស្ដីបន្ទោសថា ប្រាក់បន្ថែមម៉ោងរបស់ពួកគាត់សម្រាប់ឆ្នាំ២០១២-២០១៣ មិនទាន់បានបើកមួយរៀលទេ រហូតដល់ជិតដាច់ឆ្នាំទៅហើយ។
បុរសម្នាក់ក្នុងចំណោមគ្រូបង្រៀនជាច្រើនទៀត នៅវិទ្យាល័យ ជា ស៊ីម ត្បែងមានជ័យ នៃទីរួមខេត្តព្រះវិហារ បានមានប្រសាសន៍កាលពីរសៀលថ្ងៃច័ន្ទ ថា រូបគាត់ ព្រមទាំងគ្រូបង្រៀន ទាំងពេលព្រឹកនិងល្ងាច បានស្រុះស្រួលគ្នាមិនបង្រៀនសិស្សទេ។
បុរសដដែលបានបញ្ជាក់ថា សាលាវិទ្យាល័យ ជា ស៊ីម ត្បែងមានជ័យ បានបិទទ្វារបន្ទប់ពេញមួយថ្ងៃច័ន្ទនេះ៖ «ថ្ងៃនេះគេអត់បង្រៀនទាំងអស់គ្នាតែម្ដង ទាមទារឱ្យមន្ទីរអប់រំបើកប្រាក់បន្ថែមម៉ោងឱ្យបាន បើមិនអ៊ីចឹងទេ គ្រូមិនបានចូលបង្ហាត់បង្រៀន វាធ្វើឱ្យសកម្មភាពសាលាវាអត់ល្អមើល»។
ទោះយ៉ាងណា វិទ្យុអាស៊ីសេរី មិនអាចទាក់ទងនាយកវិទ្យាល័យ ជា ស៊ីម ត្បែងមានជ័យ ដើម្បីសុំការពន្យល់ជុំវិញបញ្ហាគ្រូនាំគ្នាធ្វើកូដកម្មមិនចូលបង្រៀននោះ បានថាយ៉ាងណានៅឡើយទេ។
ចំណែកប្រធានមន្ទីរអប់រំយុវជននិងកីឡា ខេត្តព្រះវិហារ លោក ហន ឆន បានបដិសេធថា មិនមានគ្រូបង្រៀននៅសាលាវិទ្យាល័យ ជា ស៊ីម ណាម្នាក់ នាំគ្នាធ្វើកូដកម្មមិនចូលបង្រៀននោះទេ។
លោក ហន ឆន បានទទួលស្គាល់ថា ជាការពិត ប្រាក់បង្រៀនបន្ថែមម៉ោង គឺមានការយឺតយ៉ាវមែន ដោយសារតែនៅតាមសាលាជាច្រើនបានបំពេញឯកសារខុស ហើយមន្ទីរអប់រំត្រូវចំណាយពេល មួយរយៈ ដើម្បីកែឯកសារទាំងនោះឡើងវិញ។
មន្ត្រីមន្ទីរអប់រំដដែលបានអះអាងថា លោកកំពុងតែពន្លឿនទៅរតនាគារខេត្ត ដើម្បីឱ្យបើកប្រាក់បង្រៀនបន្ថែមម៉ោងនេះឲ្យបានឆាប់រហ័ស៖ «គ្រូបង្រៀនគាត់ទូរស័ព្ទមកខ្ញុំព្រឹកមិញ ហើយខ្ញុំថា បង្រៀនទៅ ព្រោះអីយើងតស៊ូទៅដល់រតនាគារ គេសន្យាថា នឹងបើកឱ្យស្អែក។ គេថា បើកឱ្យថ្ងៃច័ន្ទ ហើយថ្ងៃនេះថ្ងៃច័ន្ទ»។
ប្រធានសាខាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យប្រចាំខេត្តព្រះវិហារ លោក ធួន ពុត បានឱ្យដឹងថា ពេញមួយថ្ងៃច័ន្ទ គឺក្រុមគ្រូបង្រៀននៅវិទ្យាល័យ ជា ស៊ីម ត្បែងមានជ័យ ពិតជានាំគ្នាធ្វើកូដកម្មមិនចូលបង្រៀនមែន ដោយសារតែមិនបានបើកប្រាក់បន្ថែមម៉ោងចំនួន ៣ឆមាសមកហើយ។
ប្រាក់បន្ថែមម៉ោងនោះ គឺសម្រាប់គ្រូបង្រៀនម្នាក់នៅវិទ្យាល័យ ត្រូវទទួលបាន ៥.២០០រៀល និងគ្រូអនុវិទ្យាល័យអាចទទួលបាន ២.៦០០រៀលក្នុង ១ម៉ោង។
លោក ធួន ពុត បានជំរុញឱ្យរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា ដែលទើបតែឡើងកាន់ដំណែងថ្មីត្រូវយកចិត្តទុកដាក់ ពន្លឿនការបើកប្រាក់បន្ថែមម៉ោងនេះឱ្យបានឆាប់រហ័ស ដើម្បីកុំទុកឱ្យបញ្ហាយឺតយ៉ាវ ក្លាយទៅជាទម្លាប់មួយដែលមិនល្អ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ៕
