ក្រសួង​ប្រកាស​លេខ​ទូរស័ព្ទ​ជួយ​អន្តរាគមន៍​ដល់​ពលរដ្ឋ​ខ្មែរ​ចំណាក​ស្រុក​នៅ​ក្រៅ​ប្រទេស

ទាញ​យក​កម្មវិធី​វិទ្យុ​អាស៊ីសេរី សម្រាប់​ទូរស័ព្ទ និង TabletOpens in new window

ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ធ្វើ​ចំណាក​ស្រុក ដែល​ជួប​នូវ​ការ​លំបាក និង​ហានិភ័យ​ផ្សេងៗ អាច​ទំនាក់ទំនង​ជាមួយ​ស្ថានទូត និង​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា ប្រចាំ​នៅ​ប្រទេស​ចំនួន​៣ ដើម្បី​ទទួល​បាន​ការ​ជួយ​អន្តរាគមន៍។

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១ ខែ​កញ្ញា បាន​ផ្សព្វផ្សាយ​ថា ដើម្បី​បង្កើន​ថែម​ទៀត​នូវ​ប្រសិទ្ធភាព​ការងារ​របស់​ខ្លួន ក្នុង​ការ​ជួយ​អន្តរាគមន៍​ដល់​ពលរដ្ឋ​រងគ្រោះ ដែល​បាន​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស ហើយ​និង​ស្ត្រី​ខ្មែរ​ដែល​បាន​រៀបការ​ជាមួយ​ជន​បរទេស​ទាំង​ក្នុង​ករណី​ស្រប​ច្បាប់ និង​មិន​ស្រប​ច្បាប់ នៅ​ក្នុង​ប្រទេស​សំខាន់​ចំនួន​៣ គឺ​ប្រទេស​ម៉ាឡេស៊ី ប្រទេស​ថៃ និង​ប្រទេស​ចិន នោះ ក្រសួង​មាន​លេខ​ទូរស័ព្ទ​សម្រាប់​ទំនាក់ទំនង។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ជុំ សុន្ទរី មាន​ប្រសាសន៍​ថា ថ្វីត្បិត​តែ​ស្ថាន​តំណាង​បាន​ជួយ​សង្គ្រោះ និង​បាន​ជួយ​រៀបចំ​ឲ្យ​ពលករ​ពលការិនី និង​ស្ត្រី​ខ្មែរ​រងគ្រោះ​រាប់​រយ​នាក់ បាន​វិល​ត្រឡប់​មក​កម្ពុជា វិញ​ក្ដី ប៉ុន្តែ​ការ​ប្រកាស​លេខ​ទំនាក់ទំនង​នៅ​ពេល​នេះ គឺ​ជា​វិធី​មួយ​ទៀត​ដើម្បី​បង្កើន​ភាព​ងាយ​ស្រួល ឲ្យ​មាន​ការ​ជួយ​អន្តរាគមន៍​ទាន់​ពេល៖ «កន្លង​មក​មាន​ករណី​ខ្លះ អ្នក​ដែល​ជួប​បញ្ហា​ជួប​ការ​លំបាក​រងគ្រោះ ហើយ​បាន​ទំនាក់ទំនង​ទៅ​ស្ថានទូត ហើយ​ស្ថានទូត​ក៏​បាន​ជួយ​ដោះស្រាយ​ទៅ។ មាន​ករណី​ខ្លះ​គាត់​ទាក់ទង​មក​ខាង​ក្រសួង​ការ​បរទេស នៅ​ភ្នំពេញ​វិញ ហើយ​ក្រសួង​ត្រូវ​បញ្ជូន​ព័ត៌មាន​ហ្នឹង​ទៅ​ឲ្យ​ស្ថាន​បណ្ដាញ​យើង​នៅ​ក្រៅ​ប្រទេស​មាន​បញ្ហា​ហ្នឹង បាន​ក្រសួង​បញ្ជាក់​ពី​លេខ​ទូរស័ព្ទ កាល​ណា​មាន​បញ្ហា គាត់​ទាក់ទង​ទៅ​តាម​លេខ​អស់​ហ្នឹង ដើម្បី​ឲ្យ​គាត់​មាន​លក្ខណៈ​ងាយ​ស្រួល​កុំ​ឲ្យ​គាត់​ពិបាក»

ក្នុង​សេចក្ដី​ប្រកាស​ដដែល​បាន​បញ្ជាក់​នៅ​ប្រទេស​ម៉ាឡេស៊ី ថា ពលការិនី​ខ្មែរ​ទៅ​បម្រើ​ការ​ជា​អ្នក​បម្រើ​តាម​ផ្ទះ តាម​រយៈ​ក្រុមហ៊ុន​ជ្រើសរើស​ពលករ​នៅ​កម្ពុជា និង​នៅ​ម៉ាឡេស៊ី ក៏ដូចជា​តាម​រយៈ​ការ​ធ្វើ​ដំណើរ​ទៅ​តាម​ការ​រៀបចំ​របស់​មេ​ខ្យល់ បាន​ជួប​ការ​លំបាក និង​បញ្ហា​រួម​មាន ការ​បង្ខំ​ឲ្យ​ធ្វើ​ការ​គ្មាន​ពេល​កំណត់ ហូប​មិន​ឆ្អែត បើក​ប្រាក់​បៀវត្ស​មិន​ទៀងទាត់ និង​មិន​មាន​កិច្ចសន្យា ហើយ​ក៏​មាន​ករណី​ជាប់​ពន្ធនាគារ​ដោយ​ការ​ស្នាក់នៅ​មិន​ស្រប​ច្បាប់ ជាដើម។

ចំណែក​ប្រទេស​ថៃ វិញ ពលរដ្ឋ​ខ្មែរ​ទៅ​រក​ការងារ​ធ្វើ​ដោយ​លួច​ឆ្លង​ដែន​ខុស​ច្បាប់ និង​តាម​រយៈ​មេ​ខ្យល់ បាន​ជួប​បញ្ហា​មួយ​ចំនួន​ដូច​ជា ការ​បង្ខំ​ឲ្យ​ធ្វើ​ការ​ធ្ងន់​គ្មាន​ពេល​កំណត់ មិន​បាន​ប្រាក់​បៀវត្ស​ដូច​ការ​សន្យា ករណី​ជាប់​ពន្ធនាគារ និង​ការ​ចាប់​បញ្ជូន​មក​មាតុ​ប្រទេស​វិញ​ជាដើម។ ជាង​នេះ​ទៅ​ទៀត ក៏​មាន​ករណី​ចាប់​បង្ខំ​ឲ្យ​ធ្វើ​ជា​ទាសករ​នៅ​លើ​កប៉ាល់ នេសាទ ពុំ​មាន​ប្រាក់​ឈ្នួល ហើយ​មាន​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ថែម​ទៀត។

មួយ​វិញ​ទៀត​នៅ​ឯ​ប្រទេស​ចិន ស្ត្រី​ខ្មែរ​រងគ្រោះ​ជាច្រើន ត្រូវ​បាន​មេ​ខ្យល់​បោក​បញ្ឆោត​នាំ​យក​ទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន ហើយ​រង​ការ​ធ្វើ​បាប​ពី​ប្ដី ឬ​ត្រូវ​លក់​បន្ត​ឲ្យ​ទៅ​ធ្វើ​ជា​ស្រី​បម្រើ​ផ្លូវ​ភេទ។ល។

លេខ​ទូរស័ព្ទ​ទំនាក់ទំនង​ស្ថានទូត​ទាំង​បី​ប្រទេស៖

ប្រទេស​ម៉ាឡេស៊ី៖

  • ស្ថាន​ឯក​អគ្គរាជទូត៖ +៦០ ១១៣ ៣០៤ ៧៥៥ ៨ / +៦០ ១០២ ៤៧១ ៩៨៦

ប្រទេស​ចិន៖

  • ស្ថាន​ឯក​អគ្គរាជទូត៖ +៨៦ ១៨៨ ០១៤ ០៧៨ ៦៥ / +៨៦ ១៨២ ០១៣ ៨២២ ៣៦
  • ស្ថាន​អគ្គ​កុងស៊ុល​នៅ​ក្វាងចូវ៖ +៨៦ ១៣៩ ២៤១ ៧០០ ០៤
  • ស្ថាន​អគ្គ​កុងស៊ុល​នៅ​ហុងកុង៖ +៨៥ ២៥៥ ៨៨៨ ៥៨៩ / +៨៥ ២៦៥ ១៦៦ ៦៧៨
  • ស្ថាន​អគ្គ​កុងស៊ុល​នៅ​សៀងហៃ៖ +៨៦ ១៥៦ ០១៧ ១៨៧ ៧៧
  • ស្ថាន​អគ្គ​កុងស៊ុល​នៅ​ឆុងឈីង៖ +៨៦ ១៣៦ ២៨៤ ៩៦១ ៩៣
  • ស្ថាន​អគ្គ​កុងស៊ុល​នៅ​គន់មីង៖ +៨៦ ១៣៧ ៩៥១ ៩២៣ ៩៨
  • ស្ថាន​អគ្គ​កុងស៊ុល​នៅ​ណាននីង៖ +៨៦ ១៨២ ៧៦៦ ៧៧៧ ៧៨

ប្រទេស​ថៃ៖

  • ស្ថាន​ឯក​អគ្គរាជទូត៖ +៦៦ ៩៨៤ ០៤១ ៥៥០
  • ស្ថាន​អគ្គ​កុងស៊ុល​នៅ​ស្រះកែវ៖ +៦៦ ៦១៧ ៦៨៨ ៧០៦

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។