សមត្ថកិច្ច​ថៃ​ចាប់​បញ្ជូន​ពលករ​ខ្មែរ​រាប់​ពាន់​នាក់​ត្រឡប់​មក​ស្រុក​វិញ​តាម​ច្រក​​ប៉ោយប៉ែត

សមត្ថកិច្ច​ថៃ ចាប់​បញ្ជូន​ពលករ​ខ្មែរ​រាប់​ពាន់​នាក់​​រយៈពេល ៤​ថ្ងៃ អំឡុង​ដើម​ខែ​មេសា ត្រឡប់​មក​កម្ពុជា វិញ តាម​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ។ ប្រធាន​ច្រក​ព្រំដែន​ប៉ោយប៉ែត​ អះអាង​ថា​ ភាគី​ថៃ បញ្ជូន​ពលករ​មក​វិញ​នេះ​ គឺ​ជា​រឿង​ធម្មតា ដោយសារ​ជា​រដូវ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ ដែល​​ពួកគេ​តែង​តែ​​​នាំ​គ្នា​ត្រឡប់​មក​លេង​ស្រុក​កំណើត​ជា​រៀងរាល់​ឆ្នាំ​​ ហើយ​ពលករ​នឹង​ត្រឡប់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ វិញ ក្រោយ​បុណ្យ​ចូល​ឆ្នាំ​រួច។

សមត្ថកិច្ច​ប្រចាំ​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត លើក​ឡើង​ថា ក្នុង​ឱកាស​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចូល​មក​ដល់​ខាង​មុខ​នេះ​ ពលករ​ដែល​​ធ្វើ​ការ​នៅ​ប្រទេស​ថៃ នឹង​ត្រឡប់​មក​លេង​ស្រុក​កំណើត​កាន់​តែ​ច្រើន​ថែម​ទៀត​តាម​ច្រក​មួយ​នេះ។​

​​​​​​​ប្រធាន​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ​ លោក វិច អូន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៤ ខែ​មេសា ​ថា រយៈពេល ៤​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១ ដល់​រសៀល​ម៉ោង ១២​ថ្ងៃ​ត្រង់ ទី​៤ ខែ​មេសា សមត្ថកិច្ច​ថៃ ចាប់​បញ្ជូន​ពលករ​ខ្មែរ​ខុស​ច្បាប់​​តាម​ច្រក​ព្រំដែន​ប៉ោយប៉ែត ទាំង​​អស់​ជិត ២​ពាន់​នាក់ (១,៩៤៥)។

លោក​បន្ថែម​ថា​ ចំនួន​នេះ​ខុស​​ពី​ពេល​មុនៗ ​​ដែល​សមត្ថកិច្ច​ថៃ ចាប់​បញ្ជូន​ពលករ​តាម​ច្រក​មួយ​នេះ​ប្រមាណ​ជាង ១០០​នាក់​ក្នុង​មួយ​ថ្ងៃ៖ «តាម​ពិត​ថា ឆ្លង​ដែន​ខុស​ច្បាប់​ក៏​បាន មិន​ខុស​ច្បាប់​ក៏​បាន ដ្បិត​អី​ពលករ​យើង​ខ្លះ​​​ គាត់​ស្ម័គ្រ​ចិត្ត​ឲ្យ​ថៃ​ ចាប់ ដើម្បី​កុំ​ពិបាក​លុយ​ប៉ូលិស​អន្តោប្រវេសន្ត​​ នេះ​ជា​រឿង​ពិត។ ក៏ប៉ុន្តែ​ចាប់​ពី​ស្អែក​ទៅ​មិន​ដឹង​ច្រើន​យ៉ាង​មិច​ទេ​ ព្រោះ​ដោយសារ​ការ​យល់​យោគ​ និង​អនុសញ្ញា​នៃ​ក្រសួង​ការងារ​របស់​ថៃ​ ដែល​មាន​ការ​យល់​យោគ​ឲ្យ​ពលករ​ឆ្លង​ដែន​អត់​មាន​ការ​បង់​ប្រាក់​នឹង​កម្រៃ​ផ្សេងៗ​ ទាំង​សមត្ថកិច្ច​ថៃ និង​ខ្មែរ»

លោក វិច អូន អះអាង​ទៀត​ថា នៅ​អំឡុង​ពេល​បុណ្យ​ចូល​ឆ្នាំ​នេះ​ ភាគី​ថៃ ក៏​បាន​​អនុញ្ញាត​ឲ្យ​ពលករ​ខ្មែរ ឡាវ និង​ភូមា ដែល​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ដែល​​មាន​ប័ណ្ណ​ធ្វើ​ការងារ​ពណ៌​ស៊ីជម្ពូ បាន​វិល​ត្រឡប់​មក​លេង​ស្រុក​កំណើត​វិញ ដោយ​ពុំ​បាច់​សុំ​ទិដ្ឋាការ​ចេញ​ចូល​ប្រទេស​​ថៃ​ ចាប់​ពី​ថ្ងៃ​ទី​៥​ ដល់​ថ្ងៃ​ទី​៣០ ខែ​មេសា។

ទោះ​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា លើក​ឡើង​​ថា ពលករ​ខ្មែរ​ដែល​ធ្វើ​ការ​ចំណាក​ស្រុក​ដែល​ត្រឡប់​មក​លេង​បុណ្យ​ចូល​ឆ្នាំ គួរ​តែ​រង់ចាំ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់ រួច​រាល់​សិន​ចាំ​ត្រឡប់​ទៅ​ប្រទេស​ថៃ វិញ​ជា​ការ​ល្អ៖ «ព្រោះ​ថា​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នេះ គឺ​ជា​ការ​ចាំបាច់​បំផុត ដែល​តួនាទី​គាត់​ជា​ម្ចាស់​ឆ្នោត​ និង​ជា​ម្ចាស់​វាសនា​នៃ​ប្រទេស​ជាតិ។ អ៊ីចឹង​គាត់​គួរ​តែ​នៅ​ជ្រើសរើស​អ្នក​ណា​ដែល​ធ្វើ​ការងារ​បម្រើ​រាស្ត្រ​ និង​ចេះ​អភិវឌ្ឍន៍​តាម​តម្រូវ​ការ​របស់​ពលរដ្ឋ។ ប្រសិន​បើ​គាត់​មិន​បាន​នៅ​បោះឆ្នោត​ទេ ពួកគាត់​នឹង​ខាតបង់​ធំ ព្រោះ​​នេះ​ជា​ពេល​វេលា​ដ៏​មាន​តម្លៃ​សម្រាប់​ពួកគាត់»

​​​​​​​​​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​ ឲ្យ​ដឹង​ថា មាន​ពលករ​ខ្មែរ​ដែល​​ត្រឡប់​មក​ពី​ប្រទេស​ថៃ ក្នុង​មួយ​ថ្ងៃ​ជា​ច្រើន​ពាន់​នាក់​ ដើម្បី​មក​លេង​បុណ្យ​ចូល​ឆ្នាំ​​ខ្មែរ​តាម​ច្រក​របៀង​បន្ទាត់​ព្រំដែន នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ មាន​ជាអាទិ៍​​​ច្រក​នៅ​ស្រុក​ម៉ាឡៃ ក្រុង​ប៉ោយប៉ែត ស្រុក​អូរជ្រៅ​ ស្វាយចេក និង​ស្រុក​ថ្មពួក។ គេហទំព័រ​ដដែល​ឲ្យ​ដឹង​​ទៀត​ថា ពលករ​ចំណាក​ស្រុក​ទាំង​អស់​នោះ​ ឆ្លង​កាត់​ព្រំដែន​មក​កម្ពុជា តាម​រយៈ​មេខ្យល់​ខុស​ច្បាប់​ដោយ​បង់​លុយ​ឲ្យ​សមត្ថកិច្ច​ឈរ​ជើង​នៅ​តាម​ព្រំដែន​ម្នាក់​ ប្រមាណ ៥​ម៉ឺន​រៀល (៥០.០០០)។

របាយការណ៍​របស់​មន្ត្រី​ទទួល​បន្ទុក​ពលករ​ចំណាក​ស្រុក​ក្រសួង​មហាផ្ទៃ ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​២០១៦ មាន​ពលករ​កំពុង​បំពេញ​ការងារ​នៅ​ប្រទេស​ថៃ ប្រមាណ​ជាង ១​លាន​នាក់ ក្នុង​នោះ​មាន ៣៦​ម៉ឺន​នាក់ ពុំ​មាន​ឯកសារ​ច្បាប់​ត្រឹមត្រូវ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។