ប្រភពព័ត៌មានពីមន្ត្រីខេត្តឧត្តរមានជ័យ ឱ្យដឹងថា ច្រករបៀងព្រំដែនដែលធ្លាប់តែដោះដូរទំនិញគ្នារវាងប្រជាពលរដ្ឋខ្មែរ និងថៃ ចំនួន៣ ត្រូវភាគីថៃ សម្រេចបិទជាឯកតោភាគី កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា។
នាយករដ្ឋបាលសាលាខេត្តឧត្តរមានជ័យ គឺលោក ហោ ជិនវិរៈយុទ្ធ។ លោកមានប្រសាសន៍កាលពីព្រឹកថ្ងៃសុក្រ ទី២៣ ខែឧសភា ថា ចាប់តាំងពីរសៀលថ្ងៃទី២២ ខែឧសភា ភាគីថៃ បានសម្រេចបិទច្រកទ្វារព្រំដែនអន្តរជាតិអូស្មាច់ ដែលនៅជាប់ព្រំដែនខេត្តសុរិន្ទ ច្រកជាំសាង៉ាំ ដែលនៅជាប់ព្រំដែនខេត្តស៊ីសាកេត ហើយនៅថ្ងៃសុក្រ ទី២៣ ខែឧសភា គឺបានបិទច្រករបៀងជប់គគីរ ដែលនៅជាប់នឹងព្រំដែនខេត្តបូរីរ៉ាំ។
លោក ហោ ជិនវិរៈយុទ្ធ៖ «ថ្ងៃទី២២ ពីម៉ោង៤កន្លះមក គាត់បិទនៅច្រកជាំសាង៉ាំ ហើយម៉ោង៦ បិទនៅអូស្មាច់។ តំបន់ជប់គគីរ យើងបើកតែ២ថ្ងៃទេ ព្រហស្បតិ៍ សុក្រ ថ្ងៃនេះបិទដូចគ្នា។ ពាក់ព័ន្ធនឹងប្រជាពលរដ្ឋយើងដែលចង់ចាកចេញពីប្រទេសថៃ មកយើង គឺគាត់អនុញ្ញាតឱ្យចេញ ហើយប្រជាពលរដ្ឋគាត់ដែលចូលពីដីខ្មែរទៅប្រទេសវិញ គឺគាត់ឱ្យចូល ប៉ុន្តែការផ្លាស់ប្ដូរទំនិញប្ដូរអី គឺគាត់បិទជាបណ្ដោះអាសន្ន»។
ប្រទេសថៃ សម្រេចចិត្តបិទច្រកនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃ នេះ នៅស្របពេលដែលស្ថានភាពនយោបាយកំពុងមានវិបត្តិធ្ងន់ធ្ងរ ដោយសារតែប្រមុខយោធាថៃ ព្រមានធ្វើរដ្ឋប្រហារនៅពេលប្រទេសនេះកំពុងស្ថិតក្រោមច្បាប់អាជ្ញាសឹក។
កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋាភិបាលកម្ពុជា បានចេញបទបញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ ប្រុងប្រយ័ត្ននឹងស្ថានការណ៍នៅប្រទេសថៃ ក៏ប៉ុន្តែត្រូវតែបង្កើនបរិយាកាសល្អ សម្រាប់ទំនាក់ទំនងនៃប្រទេសទាំងពីរដដែល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។