ទឹកជន់លិចទីក្រុងភ្នំពេញ ក្រោយភ្លៀងម្ដងៗ បានប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ និងសកម្មភាពអាជីវកម្មមួយចំនួនត្រូវបានផ្អាក។ ម្យ៉ាងវិញទៀត បញ្ហានេះក៏បានប៉ះពាល់ដល់ការទាក់ទាញទេសចរណ៍ ដោយសារតែបាត់បង់សោភ័ណភាពក្រុង និងបរិស្ថាន។ ស្ថាប័នស្រាវជ្រាវអន្តរជាតិមួយចំនួន ក៏ធ្លាប់បានចំណាត់ថ្នាក់ទីក្រុងភ្នំពេញរបស់កម្ពុជា ជាទីកន្លែងដ៏អាក្រក់បំផុតក្នុងការរស់នៅ។
បញ្ហាជន់លិចទីក្រុងភ្នំពេញ ពីទឹកភ្លៀង ជាប្រធានបទដែលប្រជាពលរដ្ឋកម្ពុជា ជាពិសេសអ្នករស់នៅទីក្រុងភ្នំពេញ បានរិះគន់ថ្នាក់ដឹកនាំ និងអ្នកអភិវឌ្ឍន៍ក្រុងយ៉ាងធ្ងន់ធ្ងរ។ បញ្ហានេះ អ្នកទទួលខុសត្រូវលើផ្នែកអភិវឌ្ឍន៍ក្រុងនេះ បានចោទប្រកាន់ និងយកត្រូវរៀងខ្លួន។ រដ្ឋាភិបាលបានបញ្ជាក់ពីមូលហេតុមួយ គឺប្រព័ន្ធលូបង្ហូរទឹកមិនគ្រប់គ្រាន់ ប៉ុន្តែតំណាងអង្គការសង្គមស៊ីវិលវិញយល់ថា បញ្ហានេះបណ្ដាលមកពីការចាក់ដីលុបបំបាត់បឹងនៅជុំវិញក្រុង។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានអះអាងថា ទឹកលិចភ្នំពេញ មិនមែនបណ្ដាលមកពីការលុបបឹងនោះទេ គឺបណ្ដាលមកពីមានប្រព័ន្ធលូមិនគ្រប់គ្រាន់។ លោកបញ្ជាក់ថា ចំនួនទឹកភ្លៀង និងភាពស្រុតរបស់លូក្នុងក្រុងភ្នំពេញ គឺជាមូលហេតុដែលធ្វើឲ្យទឹកភ្លៀងលិចក្រុងភ្នំពេញ។ ប៉ុន្តែ អង្គការសង្គមស៊ីវិល បានអះអាងផ្ទុយពីការលើកឡើងរបស់ក្រសួងបរិស្ថាន ដែលខ្វះការស្រាវជ្រាវជាក់លាក់ និងមានផែនការអភិវឌ្ឍន៍ក្រុង និងតំបន់ជាយក្រុងពុំបានច្បាស់លាស់។
តំណាងសម្ព័ន្ធគណនេយ្យភាពសង្គមអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ប្រចាំកម្ពុជា លោក សន ជ័យ យល់ឃើញថា ផែនការអភិវឌ្ឍន៍ក្រុងជាក់លាក់មានតែលើក្រដាស ប៉ុន្តែការអនុវត្តជាក់ស្ដែង ប្រាសចាកពីគោលដៅដែលបានរំពឹងទុក។ លោកបញ្ជាក់ថា យន្តការនេះជាមូលហេតុសំខាន់ធ្វើឲ្យទឹកលិចក្រុងភ្នំពេញ ដោយជំនន់ទឹកភ្លៀង។ ម្យ៉ាងវិញទៀត ការលុបបឹងមួយចំនួនដោយយកលេសទៅអភិវឌ្ឍ ជាមូលហេតុសំខាន់ទីពីរ។ ផលពីការអភិវឌ្ឍក្រុងភ្លាមៗដោយខ្វះការស្រាវជ្រាវ នឹងប៉ះពាល់ដល់ប្រជាពលរដ្ឋ ហើយម្ចាស់គម្រោងអភិវឌ្ឍន៍លុបបឹងទាំងនោះវិញ ជាអ្នកទទួលលាភសក្ការៈខ្ពស់៖ «សំឡេង»។
បន្ថែមលើនេះ អង្គការអន្តរជាតិផ្ដល់ជំនួយទាំងហិរញ្ញវត្ថុ និងបច្ចេកទេសជាច្រើនដល់កម្ពុជា បានរកឃើញថា ប្រជាពលរដ្ឋរាប់ម៉ឺននាក់កំពុងរងផលប៉ះពាល់ដោយសារទឹកភ្លៀងលិចក្រុងនារដូវវស្សា។ តាមការប៉ាន់ស្មានកាលពីឆ្នាំ២០១៣ ដោយភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន បានបង្ហាញថា ប្រជាពលរដ្ឋកម្ពុជា ដែលរស់នៅទីក្រុងភ្នំពេញ ប្រមាណ ៣សែននាក់ រងគ្រោះដោយការជន់លិចក្រុងពីទឹកភ្លៀង។
ឆ្លើយតបទៅនឹងបញ្ហានេះ សាលារាជធានីភ្នំពេញ បានអះអាងថា ការលិចក្រុងភ្នំពេញ មិនមែនបណ្ដាលមកពីការអភិវឌ្ឍក្រុងតាមរយៈការលុបបឹងនោះទេ។
អ្នកនាំពាក្យនៃសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ បានបញ្ជាក់ពីមូលហេតុនៃការលិចក្រុង ដោយសារការស្ទះលូ។ ការស្ទះលូនេះ បណ្ដាលមកពីមូលហេតុលូតូច ការកកស្ទះសំរាមដែលប្រជាពលរដ្ឋបោះចោលដោយគ្មានសណ្ដាប់ធ្នាប់ និងចំនួនទឹកភ្លៀង។ លោកបញ្ជាក់ទៀតថា ប្រសិនបើមានលុយគ្រប់គ្រាន់ ការដោះស្រាយបញ្ហាលិចក្រុងភ្នំពេញ អាចធ្វើបាននៅក្នុងរយៈពេល ៨ឆ្នាំ៖ «សំឡេង»។
ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគសង្គមមួយចំនួនបានលើកឡើងថា ការកសាងប្រព័ន្ធលូ ក៏មិនមែនជាកត្តាដោះស្រាយបញ្ហាលិចក្រុងភ្នំពេញបានទេ ប្រសិនបើមិនមានបឹងសម្រាប់ទុកទឹកភ្លៀងនោះ។
[ វីដេអូ៖ ទឹកលិចទីក្រុងភ្នំពេញកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៣Opens in new window ]
បច្ចុប្បន្ន រដ្ឋាភិបាលកម្ពុជា បានផ្ដល់សិទ្ធិឲ្យក្រុមហ៊ុនឯកជនមួយចំនួន យកដីទៅចាក់លុបបំបាត់បឹងនៅតំបន់ជាយក្រុងភ្នំពេញ ដូចជា បឹងកក់ បឹងទំពុន បឹងពោងពាយ បឹងបាយ៉ាប ជាដើម។
ការស្រាវជ្រាវជាច្រើនបានរកឃើញថា ក្នុងចំណោមប្រទេសជិតខាងកម្ពុជា ដូចជាវៀតណាម និងប្រទេសថៃ មានតែប្រទេសកម្ពុជា មួយដែលចាក់ដីបឹងយកទៅអភិវឌ្ឍ ប៉ុន្តែប្រទេសជិតខាងកម្ពុជា បានសាងសង់បឹងនៅតំបន់ជុំវិញក្រុង ដើម្បីរំដោះទឹកភ្លៀងទៅវិញ។ ក្នុងនោះ ប្រទេសវៀតណាម បានបង្កើតបឹងចំនួន៣០បន្ថែមទៀត ដើម្បីរំដោះទឹកភ្លៀងនៅឆមាសទីមួយឆ្នាំ២០១៤។
ក្រៅពីផលប៉ះពាល់ដល់ប្រជាពលរដ្ឋដែលរស់នៅទីក្រុងភ្នំពេញ ពីជំនន់ទឹកភ្លៀង តែក៏បានប៉ះពាល់សោភ័ណភាពក្រុង និងបរិស្ថានរស់នៅ ប្រសិនបើរដ្ឋាភិបាលកម្ពុជា មានវិធានការតិចតួចក្នុងការទប់ស្កាត់បញ្ហានេះ។ ទិដ្ឋភាពលិចក្រុងភ្នំពេញ អាចប៉ះពាល់វិស័យទេសចរណ៍ ដែលរដ្ឋាភិបាលធ្លាប់ប្រកាសថា ប្រទេសកម្ពុជា ព្រះរាជាណាចក្រអច្ឆរិយ។
របាយការណ៍ស្រាវជ្រាវរបស់អង់គ្លេស ប្រចាំឆ្នាំ២០១៣ ឈ្មោះ អេកូណូមិស អ៊ីនធឺលីជេន យូនីត (Economist Intelligent Units) បានបង្ហាញថា ទីក្រុងភ្នំពេញ ជាទីកន្លែងមួយក្នុងចំណោមទីក្រុងជាច្រើនដែលពិបាករស់នៅនៅលើពិភពលោក។ ការរកឃើញរបស់ស្ថាប័នស្រាវជ្រាវនេះ បានចំណាត់ទីក្រុងភ្នំពេញ របស់ប្រទេសកម្ពុជា ស្ថិតនៅលេខ១២៦ ដែលមានលក្ខខណ្ឌរស់នៅល្អប្រសើរក្នុងចំណោមប្រទេស១៤០ ដែលបានអង្កេត។
របាយការណ៍នេះបានលើកយកលក្ខខណ្ឌចំនួនប្រាំមកគណនាសន្ទស្សន៍នៃការអភិវឌ្ឍនៃបរិយាកាសរស់នៅរបស់ទីក្រុងភ្នំពេញ។ លក្ខខណ្ឌទាំងនោះរួមមាន ស្ថិរភាពទីក្រុង ការថែរក្សាសុខភាព បរិស្ថាន អប់រំ និងវិស័យហេដ្ឋារចនាសម្ព័ន្ធ។ ដោយឈរលើមូលដ្ឋានទាំងអស់នេះ ប្រទេសកម្ពុជា បានធ្វើប្រសើរឡើងការរស់នៅក្នុងទីក្រុងភ្នំពេញ ចំនួន ១% ប៉ុណ្ណោះនៅរយៈពេលប្រាំឆ្នាំចុងក្រោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។