ប្រវត្តិ​នៃ​ការ​ងើប​បះបោរ​របស់​ពលរដ្ឋ​ភូមិ​ក្រាំងលាវ​ដែល​បារាំង​ដាក់​ឈ្មោះ​ថា​ភូមិ​តិរច្ឆាន

0:00 / 0:00

ភូមិ​ក្រាំងលាវ ត្រូវ​បារាំង ដាក់​ឈ្មោះ​ជា​ភូមិ​តិរច្ឆាន​នៅ​អំឡុង​ពេល​នៃ​ការ​គ្រប់គ្រង​ក្រោម​អាណានិគម​របស់​ខ្លួន បន្ទាប់​ពី​អ្នក​ភូមិ​បាន​ព្រួត​គ្នា​វាយ​សម្លាប់​ជនជាតិ​បារាំង ម្នាក់​ឈ្មោះ បាដេស កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​១៩២៥។

រហូត​មក​ដល់​បច្ចុប្បន្ន ពលរដ្ឋ​មួយ​ចំនួន​នៅ​តែ​ចងចាំ​អំពី​ហេតុការណ៍​នេះ និង​ចង់​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​អភិរក្ស​នូវ​និមិត្តរូប​សំណង់​ចេតិយ​របស់ លោក រ៉េស៊ីដង់ បាដេស ដើម្បី​ទុក​ជា​ការ​ចងចាំ និង​ជា​គំរូ​វីរភាព​សម្រាប់​ក្មេង​ជំនាន់​ក្រោយ ក្នុង​ការ​រើ​បម្រាស់​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ ឬ​ភាព​អយុត្តិធម៌​ដែល​កើត​មាន​ក្នុង​សង្គម។

បើ​ទោះ​បី​ជា​សម័យ​បច្ចុប្បន្ន​ពុំ​មាន​ការ​ជិះជាន់ ឬ​ហូត​យក​ពន្ធ​ដី​ដូច​កាល​ពី​សម័យ​នោះ ប៉ុន្តែ​សកម្មភាព​រឹបអូស ឬ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន ដើម្បី​យក​ដី​ប្រគល់​ជូន​អ្នក​មាន​លុយ ឬ​មាន​អំណាច​នៅ​តំបន់​មួយ​ចំនួន​នៃ​ប្រទេស​កម្ពុជា បាន​ធ្វើ​ឡើង​ក្នុង​រូបភាព​រំលោភ​សិទ្ធិ​មនុស្ស​គួរ​ឲ្យ​ព្រួយ​បារម្ភ​នៅ​ក្នុង​របប​លទ្ធិប្រជាធិបតេយ្យ​នេះ។

ប្រទេស​កម្ពុជា បាន​ស្ថិត​នៅ​ក្រោម​អាណានិគម​និយម​បារាំង អស់​រយៈពេល​ជិត​មួយ​សតវត្ស គឺ​គិត​ចាប់​ពី​ឆ្នាំ​១៨៦៣ រហូត​ដល់​ពេល​ទទួល​បាន​ឯករាជ្យ​នៅ​ឆ្នាំ​១៩៥៣។ នៅ​ក្នុង​រយៈពេល​នេះ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចងចាំ និង​មាន​ការ​ឈឺ​ចាប់​ចំពោះ​ការ​ធ្វើ​ទុក្ខបុកម្នេញ និង​គាប​សង្កត់​ទារ​យក​ពន្ធ​ដី​ដោយ​ជនជាតិ​បារាំង។ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ក្រាំងលាវ ដែល​ជា​ភូមិ​ប្រវត្តិសាស្ត្រ​ក្នុង​ទឹក​ដី​ខេត្ត​កំពង់ឆ្នាំង ទាក់ទង​នឹង​ការ​វាយ​សម្លាប់​ជនជាតិ​បារាំង ម្នាក់ ដើម្បី​រើ​បម្រាស់​ពី​ការ​ជិះជាន់ បាន​សម្ដែង​ការ​ចាប់​អារម្មណ៍​ស្រដៀង​គ្នា​ថា ពួក​គាត់​ស្អប់ខ្ពើម​អំពើ​អយុត្តិធម៌ និង​មិន​ចង់​ឲ្យ​ស្ថានភាព​នោះ​វិល​ត្រឡប់​មក​កម្ពុជា វិញ​ទៀត​ឡើយ។

កំពុង​អង្គុយ​យោល​អង្រឹង​បំពេ​ចៅ​ក្រោម​ផ្ទះ ស្ថិត​នៅ​ក្បែរ​ចេតិយ​ដែល​គេ​សង់​ជា​និមិត្តរូប​ឲ្យ លោក បាដេស ដែល​ត្រូវ​អ្នក​ភូមិ​វាយ​សម្លាប់ អ្នកស្រី អ៊ុង វណ្នី មាន​ប្រសាសន៍​ថា រយៈពេល​ជាង ១០​ឆ្នាំ​ដែល​គ្រួសារ​អ្នកស្រី​មក​តាំង​ទីលំនៅ​ក្បែរ​ចេតិយ​នេះ មិន​ដែល​មាន​ការ​ព្រឺ​ខ្លាច ឬ​មាន​ផល​រមាស់​អ្វី​កើត​ចេញ​ពី​ចេតិយ​នេះ​ឡើយ ប៉ុន្តែ​អ្នកស្រី​ចង់​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច ជួយ​កែលំអ​បរិវេណ និង​អភិរក្ស​ចេតិយ ព្រម​ទាំង​រូប​ចម្លាក់​ស្ត្រី​កាន់​ដំបង​ម្នាក់ ដើម្បី​កុំ​ឲ្យ​បាត់​បង់​ទៅ​ថ្ងៃ​អនាគត៖ «ចង់​ឲ្យ​ធ្វើ​កន្លែង​ហ្នឹង​ឲ្យ​ស្អាតបាត​ទៅ​ទុក​ឲ្យ​ក្មេង​ជំនាន់​ក្រោយ ក្មេង​សម័យ​នេះ​អត់​បាន​ដឹង​អំពី​ប្រវត្តិ​លើក​មុន​ទេ ហើយ​ដល់​អ៊ីចឹង​ហ្នឹង ជា​កេរ​ដំណែល។ ទុក​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​ហ្នឹង ថា​ភូមិ​ក្រាំងលាវ ហ្នឹង​ថា​ភូមិ​តិរច្ឆាន កុំ​ឲ្យ​ក្មេង​ចេះ​តែ​ថា ភូមិ​ហ្នឹង​ជា​ភូមិ​កាច​សាហាវ​អ៊ីចឹង​ទៅ​ណា ទុក​អា​ហ្នឹង​ឲ្យ​ឃើញ​ជា​ភស្តុតាង​ថា បារាំង ធ្វើ​មក​លើ​ខ្មែរ​យ៉ាង​ម៉េច ប្រជាជន​ហ្នឹង​យ៉ាង​ម៉េច​មិន​អ៊ីចឹង​នែ!»

ចំណែក អ្នកស្រី ណុប រ៉ែន កំពុង​អង្គុយ​ទំពា​ស្លា​ម្លូ​ក្រោម​ផ្ទះ សម្លឹង​មើល​ទៅ​ចេតិយ លោក បាដេស បណ្ដើរ​បាន​ថ្លែង​ក្នុង​ទឹក​មុខ​បែប​មាំ​ថា បើ​ទោះ​បី​ជា​អ្នកស្រី​កើត​មិន​ទាន់​សម័យ​នោះ ដោយ​គ្រាន់​តែ​ឮ​ចាស់​បុរាណ​និយាយ​ប្រាប់​ត​គ្នា​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ និង​មើល​ឃើញ​និមិត្តរូប​ចេតិយ​ដែល​បាន​បន្សល់​ទុក​មក​ដល់​សព្វថ្ងៃ​ផង​នោះ ក៏​អ្នកស្រី​ឈឺ​ចិត្ត​នឹង​ការ​ជិះជាន់​របស់​បារាំង កាល​ពី​សម័យ​នោះ​ដែរ៖ «ចង់​ឲ្យ​គេ​ធ្វើ​ឲ្យ​វា​ស្អាត​ទៅ​ថ្ងៃ​ក្រោយ គ្រាន់​ទុក​មើល​ទៅ​ណា​កូន។ អាច​មាន​ផល​ប្រយោជន៍​អី​ទេ​បើ​ទុក? ទេ​កូន! មាន​ប្រយោជន៍​ទៅ​មុខ​អ៊ីចឹង​ដែរ ក្មេង​ស្រករ​ក្រោយ​គ្នា​អត់​ដឹង​អី ដល់​ពេល​ដឹង​អី​បាន​មក​ឃើញ អ្ហឺ...! ម៉ែ​យាយ​តា​បាន​វាយ​បារាំង អ៊ីចឹង​ទៅ ប៉ុន្តែ​យើង​មុន​ទេ ដល់​មក​ឥឡូវ​លែង​អ៊ីចឹង​ហើយ យើង​ស្រឡាញ់​ជាតិ​យើង​កសាង​ថ្មី យើង​ធ្វើ​ឲ្យ​វា​ស្អាត​ទៅ​វិញ​ទុក​ជា​កេរ​ដំណែល»

បច្ចុប្បន្ន នៅ​ក្បែរ​ខ្លោងទ្វារ​ចូល​វត្ត​បល្ល័ង្ករង្សី ហៅ​វត្ត​ក្រាំងលាវ គេ​ឃើញ​មាន​សំណង់​ចេតិយ​ចាស់​ទ្រុឌទ្រោម​មួយ ដែល​ហ៊ុមព័ទ្ធ​ទៅ​ដោយ​មែក​ឈើ​តូចៗ និង​វល្លិ​ទ្រុបទ្រុល ហើយ​នៅ​ក្បែរ​នោះ​ក៏​មាន​រូប​ចម្លាក់​ស្ត្រី​ម្នាក់​ឈរ​កាន់​ដំបង ដែល​អ្នក​ស្រុក​អះអាង​ថា ជា​និមិត្តរូប​របស់​យាយ​ប៊ី ដែល​ជា​អ្នក​ភូមិ​ក្រាំងលាវ ម្នាក់​ហ៊ាន​ងើប​ឡើង​តវ៉ា និង​វាយ​សម្លាប់ រេស៊ីដង់ បាដេស ក្រោយ​ពី​មាន​ការ​ធ្វើ​ទុក្ខបុកម្នេញ និង​ចាប់​ប្ដី​របស់​គាត់​ទៅ​ឃុំឃាំង ដោយសារ​តែ​គ្មាន​ប្រាក់​បង់​ពន្ធ​ដី​គ្រប់​ចំនួន​តាម​ការ​ទាមទារ​របស់​ពួក​បារាំង កាល​ពី​សម័យ​នោះ។

សំណង់​ចេតិយ​នោះ​មាន​កម្ពស់​ប្រហែល ៦​ម៉ែត្រ និង​ទំហំ​ប្រហែល ៤​ម៉ែត្រ​ការ៉េ ធ្វើ​សម្រាប់​ជា​និមិត្តរូប​ដាក់​អដ្ឋិធាតុ​របស់ លោក បាដេស ក្រោយ​ពី​អ្នក​ភូមិ​វាយ​សម្លាប់។ ចំណែក​រូប​ចម្លាក់​យាយ​ប៊ី ដែល​ទំនង​ជា​ទើប​កសាង​នៅ​ក្នុង​សម័យ​បច្ចុប្បន្ន មាន​កម្ពស់​ប្រហែល​១​ម៉ែត្រ និង​ទម្រ​ជើង​ប្រហែល​កន្លះ​ម៉ែត្រ បែរ​មុខ​ទៅ​ទិស​ខាង​កើត។ និមិត្តរូប​ទាំង​ពីរ ត្រូវ​បាន​សង់​ក្នុង​បរិវេណ​តូច​ល្មម​មួយ​ជាប់​របង​វត្ត​ក្រាំងលាវ ផ្នែក​ខាង​ត្បូង ស្ថិត​នៅ​ភូមិ​ក្រាំងលាវ ឃុំ​ក្រាំងលាវ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង នា​ពេល​បច្ចុប្បន្ន។

ស្ត្រី​វ័យ ៥៧​ឆ្នាំ​ម្នាក់ គឺ​អ្នកស្រី ឈុន ទឺន ដែល​អះអាង​ថា ខ្លួន​ជា​ចៅ​របស់​យាយ​ប៊ី មាន​ប្រសាសន៍​ថា មក​ដល់​បច្ចុប្បន្ន អ្នកស្រី​ស្ទើរ​ភ្លេច​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ​នេះ​អស់​ទៅ​ហើយ ប៉ុន្តែ​នៅ​ចាំ​ខ្លះ​ថា ជីតា​របស់​អ្នកស្រី​ឈ្មោះ ឈុន ស៊ឹប ត្រូវ​ជា​ប្ដី​របស់​យាយ​ប៊ី បាន​រៀបរាប់​អំពី​ដំណើរ​រឿង​វាយ​សម្លាប់​តំណាង​ជនជាតិ​បារាំង ម្នាក់ ដែល​តែង​តែ​ធ្វើ​បាប​អ្នក​ស្រុក និង​ការ​ដាក់​ឈ្មោះ​ភូមិ​ក្រាំងលាវ ទៅ​ជា​ភូមិ​តិរច្ឆាន កាល​ពី​អ្នកស្រី​នៅ​ក្នុង​វ័យ​ប្រហែល ១០​ឆ្នាំ៖ «ផ្ទះ​គាត់​នៅ​ខាង​ត្បូង​សាលា​ឃុំ​នេះ តា​ស៊ឹប យាយ​ប៊ី ហ្នឹង រួច​ដល់​ខ្ញុំ​ត្រូវ​ជា​ចៅ ខ្ញុំ​ចេញ​ចូល​ផ្ទះ​គាត់​ហ្នឹង​មក​ដេក​មក​នៅ​មក​លេង​អ៊ីចឹង​ទៅ រួច​បាន​គាត់​និយាយ​ប្រាប់​រឿង​ប្រវត្តិ​ហ្នឹង។ បារាំង ហ្នឹង​វា​ដើរ​ទារ​ពន្ធ ហើយ​គាត់​ហ្នឹង​ដី​ក៏​វា​ច្រើន រួច​រក​លុយ​អត់​បាន​បង់​ពន្ធ​ឲ្យ​វា ហើយ​វា​ចាប់​ទៅ​ឃុំឃាំង​បី​ថ្ងៃ​នៅ​កន្លែង​ឃុំ​ហ្នឹង ដល់​ពេល​អ៊ីចឹង​ទៅ វា​កើត​ការ​បះបោរ​វាយ​បារាំង ហ្នឹង​ទៅ»

ទាក់ទង​រឿង​នេះ ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ ខេត្ត​កំពង់ឆ្នាំង លោក សុខ ធូក មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​អភិរក្ស​ចេតិយ​នេះ ពីព្រោះ​វា​ជា​ចេតិយ​ប្រវត្តិសាស្ត្រ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ច្បាស់​អំពី​វិធានការ​អភិរក្ស ឬ​កែលំអ​កេរ​ដំណែល​ទាំង​នេះ​ស្រប​ទៅ​នឹង​ការ​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ឡើយ៖ «បាទ! អា​ហ្នឹង​យើង​អភិរក្ស​ទុក​អត់​មាន​ត្រូវ​ប៉ះពាល់​ទេ​ណា ព្រោះ​វា​ជា​ចេតិយ​មួយ​ប្រវត្តិសាស្ត្រ ដែល​បញ្ជាក់​អំពី​ការ​ធ្វើ​អាណានិគម​របស់​ពួក​បារាំង មក​លើ​ប្រទេស​កម្ពុជា យើង ហើយ​ជាពិសេស​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង ហ្នឹង ដែល​បាន​បញ្ជាក់​ពី​ការ​ឈឺ​ចាប់​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ឃុំ​ក្រាំងលាវ ដែល​បារាំង បាន​ត្រួតត្រា ហើយ​បាន​ហូត​ពន្ធ​ទៅ​លើ​ប្រជាពលរដ្ឋ​យើង​នៅ​ភូមិ​ក្រាំងលាវ ហ្នឹង​បង្កើត​ឲ្យ​មាន​ព្រឹត្តិការណ៍​សម្លាប់​បារាំង នេះ​កើត​ឡើង»

យោង​តាម​ឯកសារ និង​អ្នក​ស្រាវជ្រាវ​ខ្លះ​ឲ្យ​ដឹង​ថា ការ​ដែល​តម្រូវ​ឲ្យ​ហៅ​ភូមិ​ក្រាំងលាវ ទៅ​ជា​ភូមិ​តិរច្ឆាន នោះ គឺ​ជា​ដើម​គំនិត​របស់​បារាំង ពីព្រោះ​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​១៩២៥ ដែល​ជា​ថ្ងៃ​ប្រជុំ​សេនាបតី​ខ្មែរ គឺ​មាន​ការ​ចូលរួម និង​ធ្វើ​ជា​ប្រធាន​អង្គ​ប្រជុំ​ដោយ លោក រេស៊ីដង់ ស៊ុបពែរីយ័រ បូដ្វាំង ចំណែក​ស្ដេច​ខ្មែរ គឺ​គ្រាន់​តែ​ជា​អ្នក​ស៊ីញេ​លើ​ព្រះរាជ​ប្រកាស​ឲ្យ​ហៅ​ភូមិ​តិរច្ឆាន នោះ​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ អ្នក​ស្រុក​អះអាង​ថា ឈ្មោះ​ភូមិ​តិរច្ឆាន នេះ ត្រូវ​បាន​គេ​ហៅ​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ។

អ្នក​ស្រាវជ្រាវ​ផ្នែក​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី មាន​ប្រសាសន៍​ថា ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ រឿង​ប្រវត្តិសាស្ត្រ​អាច​នឹង​បាត់​បង់​ទៅ ប្រសិន​បើ​មិន​អភិរក្ស ឬ​សរសេរ​នូវ​ប្រវត្តិសាស្ត្រ​ដែល​បាន​កើត​ឡើង​រក្សា​ទុក ស្រប​ពេល​ដែល​រដ្ឋាភិបាល​មិន​សូវ​ចាប់​អារម្មណ៍​ក្នុង​ការ​បង្កើត​ក្រុម​អ្នក​សរសេរ​រឿង​ប្រវត្តិសាស្ត្រ។ លោក​ថា បច្ចុប្បន្ន​ការ​អភិរក្ស​នូវ​រឿង​ប្រវត្តិសាស្ត្រ គេ​មិន​សូវ​ចាប់​អារម្មណ៍​ដូច​ជា​ការ​អភិរក្ស​វត្ថុ​បុរាណ និង​ធនធាន​ធម្មជាតិ ជាដើម ដែល​គេ​មើល​ឃើញ​ថា មាន​ប្រយោជន៍​ធំធេង​ជាង​នោះ៖ «ជាទូទៅ នៅ​ស្រុក​គេ​ផ្ទេរ​ការងារ​ហ្នឹង​ទៅ​ឲ្យ​ឃុំ ហើយ​ឃុំ​ហ្នឹង​រៀបចំ​សហគមន៍​ដើម្បី​អភិរក្ស ប៉ុន្តែ​រដ្ឋ​មាន​កាតព្វកិច្ច​ចលនា​ធនធាន ត្រូវ​ផ្ដល់​វិមជ្ឈការ បើ​សិន​ជា​ឲ្យ​រដ្ឋាភិបាល​គិតគូរ​ទាំង​អ៊ីចឹង វា​អត់​ទៅ​មុខ​រួច»

ហេតុការណ៍​វាយ​សម្លាប់​ជនជាតិ​បារាំង ដើម្បី​រើ​បម្រាស់​ពី​ការ​ជិះជាន់​ពី​អាណានិគម​និយម​បារាំង នៅ​ខេត្ត​កំពង់ឆ្នាំង នេះ ត្រូវ​បាន​អ្នក​និពន្ធ​ចងក្រង​ជា​សាច់​រឿង​ប្រវត្តិសាស្ត្រ និង​ធ្លាប់​បញ្ចូល​ទៅ​ក្នុង​កម្មវិធី​សិក្សា​របស់​សិស្ស​នៅ​អំឡុង​ឆ្នាំ​១៩៨០ ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។