ក្រសួង​ការងារ​រំឭក​ជា​ថ្មី​ដល់​ក្រុមហ៊ុន​ពី​ការ​កំណត់​បុគ្គលិក​បរទេស​១០%​នៃ​បុគ្គលិក​សរុប

0:00 / 0:00

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ប្រកាស​រំឭក​ជា​ថ្មី​ទៀត​ដល់​ក្រុមហ៊ុន​ដែល​ប្រើប្រាស់​កម្លាំង​ពលកម្ម​បរទេស សុំ​ឲ្យ​គោរព​ទៅ​តាម​ច្បាប់​វិនិយោគ និង​ច្បាប់​ការងារ ដែល​កំណត់​ចំនួន​បុគ្គលិក​ក្នុង​គ្រឹះស្ថាន ឬ​ក្រុមហ៊ុន​នីមួយៗ​ត្រឹម ១០​ភាគរយ នៃ​បុគ្គលិក​សរុប។

ចំណែក​ខាង​ក្រុមហ៊ុន ស្វាគមន៍​ចំពោះ​ការ​កំណត់​នេះ ហើយ​បញ្ជាក់​ថា ស្ថានភាព​ធនធាន​មនុស្ស​ក្នុង​ស្រុក​បច្ចុប្បន្ន អាច​ឲ្យ​ពួក​គេ​ដំណើរ​ការងារ​ទៅ​តាម​ច្បាប់​នេះ​បាន។

ក្រសួង​មហាផ្ទៃ និង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ រឹត​បន្តឹង​ការ​ប្រើប្រាស់​កម្លាំង​ពលកម្ម​បរទេស ដោយ​អនុវត្ត​ច្បាប់​វិនិយោគ និង​ច្បាប់​ការងារ។

មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការងារ លោក ហេង សួ មាន​ប្រសាសន៍​នៅ​ថ្ងៃ​សុក្រ ទី​៥ កញ្ញា ថា ក្រសួង​នឹង​ធ្វើ​ការ​ផាក​ពិន័យ​ចំពោះ​ក្រុមហ៊ុន​ណា ដែល​មិន​គោរព​ទៅ​តាម​ច្បាប់ និង​សេចក្តី​ប្រកាស​របស់​ក្រសួង ដែល​ចេញ​ផ្សាយ​ជា​ថ្មី​ទៀត កាល​ពី​ថ្ងៃ​ទី​២០ សីហា កន្លង​ទៅ ស្ដីពី​ការ​ប្រើប្រាស់​ពលកម្ម​បរទេស។

លោក​បន្ត​ថា ក្រុមហ៊ុន​នីមួយៗ​អាច​ប្រកាស​ឲ្យ​ដឹង​នូវ​ចំនួន​ពលកម្ម​ដែល​នាំ​យក​មក​ពី​បរទេស​លើស​ពី ១០% ដែល​ច្បាប់​កំណត់​ដោយ​បំពេញ​បែប​បទ ក្នុង​ករណី​ចាំបាច់​ទៅ​ដល់​សមត្ថកិច្ច មុន​ពេល​ចុះ​ធ្វើ​អធិការកិច្ច​ប្រចាំ​ឆ្នាំ ដើម្បី​ជៀស​ផុត​ពី​ការ​ផាក​ពិន័យ៖ «លើក​ទឹក​ចិត្ត​ឲ្យ​ក្រុមហ៊ុន​ប្រកាស ជា​ជាង​ប្រឈម​នឹង​ការ​ពិន័យ ហើយ​យើង​ទុក​សិទ្ធិ​ឲ្យ​គាត់​ធ្វើ​ស្វ័យ​ប្រកាស ហើយ​ក្រសួង​ទាំង​ពីរ​នឹង​ធ្វើ​អធិការកិច្ច​ទៅ​តាម​ក្រុមហ៊ុន​នីមួយៗ ឥឡូវ​នេះ​វា​ស្ថិត​នៅ​ក្នុង យើង​ធ្វើ​អធិការកិច្ច​ជា​ប្រចាំ»

ការ​ផាក​ពិន័យ​នោះ បុគ្គលិក​ម្នាក់ ៧២​ម៉ឺន​រៀល​សម្រាប់​ការ​ល្មើស​ច្បាប់​វិនិយោគ និង​ច្បាប់​ការងារ និង​បូក​ថែម ២០​ម៉ឺន​រៀល​ទៅ ៥០​ម៉ឺន​រៀល​ផ្សេង​ទៀត សម្រាប់​ច្បាប់​អន្តោប្រវេសន៍ បើ​សិន​ជា​ក្រុម​អធិការកិច្ច​ចម្រុះ​រវាង​ក្រសួង​មហាផ្ទៃ និង​ក្រសួង​ការងារ រក​ឃើញ​ថា ក្រុម​នោះ​មាន​លាក់​បុគ្គលិក​បរទេស​ធ្វើ​ការ​ដោយ​គ្មាន​ការ​អនុញ្ញាត។

ទន្ទឹម​នេះ ក្រសួង​មាន​សមត្ថកិច្ច ក៏​មាន​ការ​យោគយល់​ចំពោះ​ក្រុមហ៊ុន​មួយ​ចំនួន​ដែល​ទើប​បើក​ថ្មី ឬ​មុខ​ជំនាញ​ខ្លះ​ដែល​ពិបាក​រក​កម្លាំង​ពលកម្ម​ក្នុង​ស្រុក ប៉ុន្តែ​ត្រូវ​តែ​សុំ​ការ​អនុញ្ញាត​ពី​ក្រសួង​ការងារ និង​ត្រូវ​បំពេញ​លក្ខខណ្ឌ​ច្បាប់​មួយ​ចំនួន​ទៅ​តាម​លទ្ធភាព​ជាក់ស្តែង៖ «អ៊ីចឹង គឺ​ថា​ភាគរយ​នៅ​ពេល​ដែល​ក្រុមហ៊ុន​មួយ​ទើប​នឹង​ចាប់​ផ្ដើម គឺ​អាច​មាន​ការ​លើក​លែង ប៉ុន្តែ​នៅ​ពេល​ដែល​ក្រុមហ៊ុន​ហ្នឹង​ធ្វើ​ប្រតិបត្តិការ​ពេញ​សមត្ថភាព​ហើយ​ហ្នឹង គឺ​ភាគរយ គឺ​ស្ថិត​នៅ​ក្រោម​ច្បាប់​ទាំងអស់»

ទាក់ទង​បញ្ហា​នេះ​ដែរ លោក​ឧកញ៉ា ស៊ន សុខណា ជា​សមាជិក​សភា​ពាណិជ្ជកម្ម​កម្ពុជា និង​កំពុង​វិយោគ​លើ​គម្រោង​ពាណិជ្ជកម្ម​ជាច្រើន​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក បាន​ស្វាគមន៍​ចំពោះ​ការ​កំណត់​នេះ។ លោក​បញ្ជាក់​ថា ក្រុមហ៊ុន​ពិត​តម្រូវ​ការ​ពលកម្ម​បរទេស ជាពិសេស​អ្នក​ជំនាញ​គ្រប់គ្រង​គម្រោង​ធំៗ ប៉ុន្តែ លោក​អាច​លៃលក​តម្រូវ​ទៅ​តាម​ច្បាប់​កំណត់​បាន ដោយ​យោង​ទៅ​តាម​បរិបទ​កម្ពុជា បច្ចុប្បន្ន ចាប់​ផ្ដើម​មាន​ធនធាន​មនុស្ស​ចេះ​តែ​កើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដែល​អាច​ប្រើ​ជំនួស​ជន​បរទេស​បាន៖ «ពី​មុន​យក​មក​ច្រើន​ដែរ ក្រោយ​មក​ខ្ញុំ​បង្ហាត់​អ្នក​ក្នុង​ស្រុក​ធ្វើ​បាន! អ៊ីចឹង​ខ្ញុំ​អាច​តម្រូវ​តាម ១០% ហ្នឹង​បាន ហើយ​នៅ​មាន​មុខ​ការ​ខ្លះ​នៅ​ខ្វះ​ដែរ តែ​ខ្ញុំ​យក​មក​រយៈពេល​ខ្លី អ្នក​បច្ចេកទេស​ខ្លះ»

លោក​បន្ត​ថា បញ្ហា​នេះ​វា​ពិត​ជា​មាន​ការ​លំបាក​ខ្លះ​ដែរ ប៉ុន្តែ​ក៏​អាច​ចំណេញ​ថវិកា​មួយ​ផ្នែក​សម្រាប់​ការ​កាត់​បន្ថយ​ចំណាយ​លើ​ប្រាក់​ខែ​បុគ្គលិក​ពី​បរទេស​នោះ។

បច្ចុប្បន្ន ជន​បរទេស​ដែល​កំពុង​ធ្វើ​ការងារ​ក្នុង​ស្រុក​ខ្មែរ ហើយ​តម្រូវ​ឲ្យ​ធ្វើ​ប័ណ្ណ​ការងារ​ស្រប​ច្បាប់​នោះ មាន​ប្រមាណ ៨​ពាន់​នាក់។ ក្នុង​ចំណោម​កម្លាំង​ពលកម្ម​ជា​ជន​បរទេស ១០% ដែល​ច្បាប់​បាន​កំណត់​នោះ ត្រូវ​បែង​ចែក​ទៅ​តាម​ជំនាញ​នីមួយៗ​ថែម​ទៀត ដូចជា អ្នក​ធ្វើ​ការ​នៅ​តាម​ការិយាល័យ ៣% កម្មករ​ឯកទេស ឬ​និយោជិត ៦% និង​កម្មករ​គ្មាន​ឯកទេស​មាន ១%។

មន្ត្រី​ក្រសួង​ការងារ បញ្ជាក់​ថា ការ​កំណត់​បែប​នេះ​ក្នុង​គោលដៅ​ជំរុញ​ឲ្យ​ម្ចាស់​ក្រុមហ៊ុន ផ្តល់​អាទិភាព​ដល់​កម្លាំង​ពលកម្ម​ក្នុង​ស្រុក ឲ្យ​ពលរដ្ឋ​ម្ចាស់​ស្រុក​មាន​ការងារ​ធ្វើ​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។