អ្នកភូមិក្រីក្រ និងជាអ្នករងគ្រោះដោយសារទឹកជំនន់ចំនួន ២៦០គ្រួសារ នៅឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ទទួលបានស្បៀងសប្បុរសធម៌ពីប្រជាពលរដ្ឋខ្មែរជាច្រើន ដែលកំពុងរស់នៅសហរដ្ឋអាមេរិក និងនៅប្រទេសកាណាដា។
ការផ្ដល់ស្បៀងមនុស្សធម៌នេះ បានធ្វើឡើងតាមរយៈសម្ព័ន្ធសប្បុរសជនខ្មែរសង្គ្រោះជនក្រីក្រ (K.R.F) នៅក្នុងបរិវេណវត្តជំពូព្រឹក្ស ឋិតនៅភូមិពោធិ៍បាត់ដំបង ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៤។
ប្រធានសម្ព័ន្ធសប្បុរសជនខ្មែរសហរដ្ឋអាមេរិកសង្គ្រោះអ្នកក្រីក្រ នៅទីក្រុងឡង់ប៊ិច សហរដ្ឋអាមេរិក លោក ម៉ៅ សុខា ថ្លែងថា ស្បៀងសប្បុរសធម៌មានអង្ករ មី និងទឹកស៊ីអ៊ីវ ដែលបានផ្ដល់ជូនអ្នកភូមិនេះ គឺបានមកពីការឧបត្ថម្ភរបស់ជនជាតិខ្មែរជាច្រើននាក់ រស់នៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា។
លោកថា នេះជាសកម្មភាពមនុស្សធម៌របស់អ្នកនៅក្រៅស្រុក ដែលពួកគេមានចិត្តអាណិតអាសូរដល់ពលរដ្ឋខ្មែរក្រីក្រក្នុងប្រទេសកម្ពុជា៖ «ខ្ញុំធ្វើដំណើរមកនេះ គឺមិនមានគំនិតផ្អៀងទៅលើគណបក្សណាមួយទេ គឺធ្វើដើម្បីផលប្រយោជន៍របស់សង្គមខ្មែរយើង។ អង្គរនេះមិនមែនជាលុយខ្ញុំផ្ទាល់ទេ គឺជាថវិការបស់បងប្អូនរួមកម្លាំងគ្នាសាមគ្គីគ្នា យកថវិកាទាំងអស់ហ្នឹងមកចែកឲ្យអ្នកក្រ ដែលរងគ្រោះដោយសារទឹកជំនន់ដែលលិចលង់ខែមុនហ្នឹង»។
ថ្វីត្បិតការធ្វើដំណើរកម្ពុជា មានភាពយឺតយ៉ាវបន្តិច ដោយសារផ្លូវឆ្ងាយ ប៉ុន្តែការផ្ដល់ស្បៀងសប្បុរសធម៌នេះអាចជួយអ្នកភូមិក្រីក្រទាំងនោះបានមួយគ្រា ហើយខ្មែរនៅក្រៅស្រុកនៅមានចិត្តអាណិតស្រឡាញ់ពលរដ្ឋខ្មែរដូចគ្នា។ លោកបន្តថា សម្ព័ន្ធសប្បុរសជនខ្មែរសហរដ្ឋអាមេរិក សង្គ្រោះអ្នកក្រីក្រ នៅតែបន្តសកម្មភាពរបស់ខ្លួនក្នុងការចុះជួយដល់ពលរដ្ឋក្រីក្រ នៅភូមិ ឃុំ ស្រុក ខេត្តនានាថែមទៀត។
ក្នុងចំណោមអ្នកភូមិទាំង ២៦០គ្រួសារនោះ គឺជាអ្នកក្រីក្រ ខ្លះពុំមានដីស្រែបង្កបង្កើនផល និងអ្នកខ្លះទៀតមានដីស្រែតិចតួច។ តែកាលពីឆ្នាំ២០១៣ កន្លងទៅ ផលដំណាំស្រូវរបស់ពួកគាត់ខូចខាតដោយសារគ្រោះទឹកជំនន់។ នៅក្នុងឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ពួកគាត់មានតែមុខរបរធ្វើស្រែ និងការនេសាទត្រីតែប៉ុណ្ណោះ។ ក្រៅពីនេះ ពុំមានការងារអ្វីផ្សេងអាចធ្វើរកបានប្រាក់កម្រៃចិញ្ចឹមជីវិតនៅក្នុងមូលដ្ឋាននោះឡើយ។
ពួកគាត់បានអះអាងដូចគ្នាថា បច្ចុប្បន្ននៅតាមភូមិ លំនៅឋានខ្លះមានសភាពស្ងាត់ ដោយសារគ្រួសារ និងកូនចៅបាននាំគ្នាចំណាកស្រុកទៅស៊ីឈ្នួលធ្វើការឲ្យគេ នៅតំបន់ព្រំដែនខ្មែរថៃ និងអ្នកទៅរកការងារនៅក្នុងទឹកដីថៃ៖ «ទៅក្រៅច្រើនពីផ្ទះនីមួយៗចង់អស់ វាអត់ពេក ដូចខ្ញុំមានទៅណាគេទេ នៅរកត្រីលក់បន្តិចបន្តួច គេនៅនេះរកស៊ីអត់កើត អត់មានអីរំពឹងប្រទេសខ្មែរ យើងមានអីគ្រាន់ថា ស៊ីឈ្នួលគេតាមស្រែអីបានតែឈ្នួលច្រូតអីហ្នឹងឯង ដល់ច្រូតរួចទៅអស់។ មនុស្សធម៌ពីខាងសហរដ្ឋអាមេរិក មកជួយនេះខ្ញុំអរគុណច្រើនណាស់»។
មេឃុំរកា លោកស្រី ស៊ឹម ពៅ ថ្លែងថា ចំនួនប្រជាពលរដ្ឋនៅក្នុងឃុំរកា មានចំនួន ២៣៤គ្រួសារ ស្មើនឹងចំនួនមនុស្សរាយជិត ១ម៉ឺននាក់។ ៧៥% នៃអ្នកភូមិមានមុខរបរធ្វើស្រែ ១៥% ជាអ្នករកស៊ី និង ១៥% ផ្សេងទៀត ប្រកបរបរដើរស៊ីឈ្នួលធ្វើការអោយគេ ដោយសារតែពុំមានដីស្រែបង្កបង្កើនផល។ លោកស្រីបន្តថា ក្នុងរយៈពេលបីឆ្នាំជាប់គ្នា ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឃុំរកា រងគ្រោះធម្មជាតិជាបន្តបន្ទាប់៖ «២០១១ ជួបទឹកជំនន់ ២០១២ ជួបគ្រោះរាំងស្ងួត និង ២០១៣ ជួបការលំបាក ទឹកជំនន់ពីស្រុកលើមក ឃុំរបស់ខ្ញុំជួបប្រទះគ្រោះមហន្តរាយ សូម្បីវិហារក្នុងវត្តនេះ ប្រជាពលរដ្ឋពុំមានថវិកាជួយដែរ»។
នៅក្នុងបរិវេណវត្តជំពូព្រឹក្ស នោះដែរគេសង្កេតសំណង់គ្រឹះព្រះវិហារនៅក្នុងវត្តនៅជាប់គាំង មិនអាចកសាងបានឡើយ ដោយសារតែប្រជាពុទ្ធបរិស័ទចំណុះជើងវត្តនោះក្រីក្រ ពុំមានលទ្ធភាពផ្ដល់បច្ច័យជួយដល់ព្រះសង្ឃបាន។ លោកស្រីបន្តថា ចំណែកឯផ្លូវប្រើប្រាស់នៅក្នុងភូមិរងការខូចខាត ដោយសារគ្រោះទឹកជំនន់ពិបាកធ្វើដំណើរ ហើយអ្នកភូមិបាននាំគ្នាធ្វើចំណាកស្រុករកការងារធ្វើ ដើម្បីបានប្រាក់កម្រៃចិញ្ចឹមជីវិតនៅតំបន់ព្រំដែនខ្មែរថៃ និងនៅប្រទេសថៃ ដោយសារតែជីវភាពក្រីក្រ ព្រោះនៅក្នុងមូលដ្ឋានពុំមានការងារធ្វើ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។