
កំពង់ឆ្នាំង គឺជាខេត្តមួយជាប់បឹងទន្លេសាបក្នុងចំណោមខេត្តចំនួន៦ របស់ប្រទេសកម្ពុជា។ ខេត្តនេះមានកប៉ាល់ទេសចរណ៍ឆ្លងកាត់ជាច្រើនគ្រឿងក្នុងមួយឆ្នាំៗ ជាពិសេសនៅរដូវវស្សាទឹកទន្លេឡើង។
ប្រធានមន្ទីរទេសចរណ៍អះអាងថា ក្នុងរយៈពេល ៨ខែឆ្នាំ២០១៥ មានភ្ញៀវទេសចរបរទេសតាមទូក ទៅកម្សាន្តទីតាំងសំខាន់ៗក្នុងខេត្តជាង ៩ពាន់នាក់។ តើភ្ញៀវបរទេសទាំងនោះ ចាប់អារម្មណ៍លើអ្វីខ្លះ?
ភ្ញៀវទេសចរបរទេសដែលមានដំណើរកម្សាន្តតាមកប៉ាល់ពីរាជធានីភ្នំពេញ ទៅសៀមរាបអង្គរ ឬទៅមករាជធានីភ្នំពេញ-ប្រទេសវៀតណាម បានចំណាយពេលខ្លីក្នុងការចុះសម្រាក ឬកម្សាន្តនៅតំបន់ចំនួនបីនៃខេត្តកំពង់ឆ្នាំង គឺនៅភូមិកំពង់ត្រឡាចក្រោម ភូមិអណ្ដូងឫស្សី និងនៅក្រុងកំពង់ឆ្នាំង។ តំបន់កម្សាន្តទាំងបីមានលក្ខណៈពិសេសខុសៗគ្នា សម្រាប់ទាក់ទាញអារម្មណ៍ភ្ញៀវទេសចរ។
នៅភូមិកំពង់ត្រឡាចក្រោម ឋិតនៅស្រុកកំពង់ត្រឡាច ភ្ញៀវបរទេសភាគច្រើនចាប់អារម្មណ៍លើការជិះរទេះគោ និងទស្សនាវត្តដែលមានអាយុកាលចំណាស់មួយឈ្មោះ ពោធិ៍រុក្ខារាម។ ចំពោះភ្ញៀវជិះរទេះគោ ក្នុងម្នាក់ត្រូវចំណាយលុយ ១ដុល្លារសម្រាប់ជិះម្ដង ឬត្រូវចំណាយច្រើនជាងនេះទៅតាមតម្លៃចរចាត្រូវរ៉ូវគ្នា បើភ្ញៀវចង់ជិះចម្ងាយឆ្ងាយ។ អ្នកភូមិមានរទេះសរុបជិត ៨០គ្រឿង រង់ចាំបម្រើភ្ញៀវ។
ចំពោះនៅតំបន់ទេសចរណ៍ភូមិអណ្ដូងឫស្សី ឋិតនៅឃុំស្រែថ្មី ស្រុករលាប្អៀរ មានភ្ញៀវភាគច្រើនចាប់អារម្មណ៍លើការទស្សនាសកម្មភាពសូនក្អមឆ្នាំង ឬផលិតកុលាលភាជន៍ និងសកម្មភាពឡើងត្នោត។ ក្រុមអ្នកសូនក្អមឆ្នាំង និងកសិករឡើងត្នោត ទទួលបានប្រាក់កម្រៃតាមរយៈការបង្ហាញសកម្មភាពផលិតរបស់ខ្លួនជូនភ្ញៀវទស្សនា ហើយមានភ្ញៀវខ្លះចាប់អារម្មណ៍ទិញវត្ថុអនុស្សាវរីយ៍ពួកគាត់ដែរ។
ចំណែកនៅក្រុងកំពង់ឆ្នាំង ភ្ញៀវបរទេសភាគច្រើនទស្សនាផ្ទះបណ្ដែតទឹក ភ្នំនាងកង្រី និងសកម្មភាពលក់ដូរសេរីរបស់អាជីវករផ្សារក្រោម។ ក្រៅពីនេះ មានភ្ញៀវខ្លះជួលរ៉ឺម៉កកង់បី ដើម្បីជិះកម្សាន្តនៅក្នុង និងតាមវាលស្រែក្បែរក្រុងកំពង់ឆ្នាំង។ ស្ទើរនៅជុំវិញក្រុង សម្បូរទៅដោយជួរភ្នំ និងដើមត្នោត មានទេសភាពស្រស់ស្អាត ជាពិសេសពេលព្រឹក និងពេលល្ងាច ព្រះអាទិត្យរៀបលិច។
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង លោក សេង សាលី មានប្រសាសន៍ថា មន្ទីរបានជួយសម្រួលអាជ្ញាធរខេត្ត និងស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដោយចាត់ឲ្យមន្ត្រីនគរបាលទេសចរម្នាក់ រង់ចាំជួយសម្រួលដល់ដំណើរឡើងគោករបស់ភ្ញៀវនៅកំពង់ផែផ្សារក្រោម។ លោកថា ក្រៅពីនេះ លោកក៏បានណែនាំដល់ប្រតិបត្តិករទេសចរណ៍ក្នុងខេត្តទាំងអស់ ផ្ដល់សេវាកម្មល្អដល់ភ្ញៀវ៖ «វត្ថុអនុស្សាវរីយ៍អំពីដី ឬម្ហូបអាហារខ្មែរ ឬរបស់បុរាណខ្មែរដែលគាត់ (ភ្ញៀវបរទេស) មកទស្សនា ហើយគាត់ចង់ទិញ ខ្ញុំបានណែនាំទៅដល់សហគមន៍ដែលមានផលិតផលទាំងនោះ សូមកុំឲ្យគាត់លក់តម្លៃខ្ពស់ពេក ធ្វើយ៉ាងណារក្សាតម្លៃសមរម្យ ដើម្បីទាក់ទាញភ្ញៀវទេសចរស្ថិតស្ថេរ និងកើនឡើងជាលំដាប់»។
យ៉ាងណា អ្នកផ្ដល់សេវាកម្មទេសចរណ៍ក្នុងខេត្តខ្លះត្អូញត្អែរថា កំពង់ឆ្នាំង មិនមែនជាខេត្តទេសចរណ៍ប្រវត្តិសាស្ត្រ ឬមានតំបន់ទេសចរណ៍ធម្មជាតិ ដែលភ្ញៀវសម្រុកមកលេងដោយចំណាយពេលស្នាក់នៅយូរ ឬចាយវាយច្រើនក្នុងដំណើរកម្សាន្តក្នុងខេត្ត ដើម្បីផ្ដល់ផលប្រយោជន៍សេដ្ឋកិច្ចដល់សហគមន៍ ឬប្រជាកសិករដែលបានផ្ដល់សេវាកម្មនោះទេ។ បញ្ហានេះ ប្រតិបត្តិករស្នើឲ្យអាជ្ញាធររកវិធីទាក់ទាញភ្ញៀវបន្ថែមទៀត។
សិប្បករផលិតកុលាលភាជន៍ និងជាជំនួយការភូមិអណ្ដូងឫស្សី អ្នកស្រី កែវ ចន្ធា មានប្រសាសន៍ថា អ្នកភូមិរបស់គាត់ប្រមាណ ៩០ភាគរយ មានប្រភពចំណូលពីការផលិតវត្ថុអនុស្សាវរីយ៍ ឬសម្ភារៈប្រើប្រាស់អំពីដី ក្រៅពីប្រភពចំណូលពីការធ្វើស្រែ និងឡើងត្នោត។ អ្នកស្រីថា ការលក់វត្ថុអនុស្សាវរីយ៍ជូនភ្ញៀវមានទំហំតិចតួចប៉ុណ្ណោះ ប៉ុន្តែអ្នកភូមិសម្រុកនាំគ្នាផលិតសម្ភារៈបោះដុំឲ្យម៉ូយលក់បន្ត៖ «ចា៎! ប្រជាពលរដ្ឋមានចំណូលតាមរយៈម៉ូយថា រឿងភ្ញៀវទេសចរមិនសូវដែលទិញទេ ពីឆ្នាំមុនៗមក មានទិញច្រើនណាស់ តែដល់គាត់និយាយលំបាកយកទៅដាក់តាមយន្តមានគេបោះទីណាត់ទីណែងបែក ដល់អ៊ីចឹងគាត់អត់សូវទិញដូចពីដើមទេ»។
ចំណែកម្ចាស់អាហារដ្ឋាន និងសណ្ឋាគារសុវណ្ណភូមិ អ្នកស្រី មួង មុន្នី ថ្លែងថា បច្ចុប្បន្នអ្នកស្រីបានធ្វើបន្ទប់សណ្ឋាគារបន្ថែមខ្លះទៀត ប៉ុន្តែមិនសង្ឃឹមថា មានភ្ញៀវទេសចរបរទេសចូលស្នាក់នៅច្រើននោះទេ។ អ្នកស្រីថា កន្លងទៅសណ្ឋាគាររបស់អ្នកស្រីទទួលបានភ្ញៀវភាគច្រើនជាមន្ត្រីសង្គមស៊ីវិល ឬមន្ត្រីរាជការ ដែលមានវគ្គបណ្ដុះបណ្ដាលផ្សេងៗនៅក្នុងខេត្តកំពង់ឆ្នាំង៖ «មកជួលស្នាក់នៅសម្រាប់តែខាងមន្ត្រី អិន.ជី.អូ (NGOs) គាត់មកធ្វើការនៅក្នុងខេត្តរបស់យើងអ៊ីចឹងណាពូ»។
យ៉ាងណា ប្រធានមន្ទីរទេសចរណ៍ លោក សេង សាលី សម្ដែងនូវការសប្បាយចិត្តចំពោះខេត្តរបស់ខ្លួន ដែលទទួលបានភ្ញៀវបរទេសតាមទូកកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ភាគច្រើនជាជនជាតិបារាំង។ លោកថា រយៈពេល ៩ខែ កាលពីឆ្នាំ២០១៤ មានភ្ញៀវបរទេសតាមទូកចំនួន ៧៨២នាក់ ប៉ុន្តែបើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៥ បានកើនដល់ជាង ៩ពាន់នាក់ (៩.១០២នាក់)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។