Opens in new windowខេត្តសៀមរាប គឺជាតំបន់ទាក់ទាញភ្ញៀវទេសចរបរទេសឲ្យមកទស្សនាប្រាសាទបុរាណ និងអេកូទេសចរណ៍នៅបឹងទន្លេសាបច្រើនលាននាក់ក្នុង ១ឆ្នាំ ក៏ប៉ុន្តែជាច្រើនឆ្នាំមកហើយ ចំណូលដែលស្រូបបានពីវិស័យទេសចរណ៍ គឺធ្លាក់ទៅលើដៃទីភ្នាក់ងារទេសចរណ៍ និងក្រុមហ៊ុន មិនសូវធ្លាក់ទៅលើដៃប្រជាពលរដ្ឋដែលរស់នៅជុំវិញប្រាសាទបុរាណ និងសហគមន៍រស់នៅក្នុងបឹងទន្លេសាបទេ។
ដោយសារតែបញ្ហាចំណូលដែលបានពីវិស័យទេសចរណ៍ មិនសូវធ្លាក់មកលើដៃប្រជាពលរដ្ឋនេះ គឺក្រុមហ៊ុនកូរ៉េ បានសហការជាមួយមន្ទីរទេសចរណ៍ខេត្តសៀមរាប ហើយចាប់ផ្ដើមជួយដល់សហគមន៍ប្រជាពលរដ្ឋនៅក្នុងបឹងទន្លេសាប ឲ្យអាចទទួលបានកម្រៃយ៉ាងប្រសើរពីវិស័យទេសចរណ៍នៅពេលអនាគត។
មន្ទីរទេសចរណ៍ខេត្តសៀមរាប កំពុងសហការជាមួយក្រុមហ៊ុនមួយនៃប្រទេសកូរ៉េខាងត្បូង ចាប់ផ្ដើមបង្រៀនភាសាអង់គ្លេស និងភាសាកូរ៉េ និងជំនាញបដិសណ្ឋារកិច្ចភ្ញៀវទេសចរ ដល់យុវជនដែលជាអ្នកអុំទូកជាច្រើននាក់ រស់នៅក្នុងសហគមន៍បឹងទន្លេសាបនៃសង្កាត់ចុងឃ្នៀស កាលពីព្រឹកថ្ងៃច័ន្ទ ទី៣១ ខែសីហា។
ការបង្រៀនឲ្យចេះនិយាយភាសាអង់គ្លេស និងកូរ៉េ នៅពេលអនាគតនេះ គឺបំណងចង់ឲ្យប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍បឹងទន្លេសាប អាចទទួលបានកម្រៃពីវិស័យទេសចរណ៍យ៉ាងសមរម្យ នៅស្របពេលដែលកំណើនភ្ញៀវទេសចរបរទេសមកទស្សនាតំបន់អង្គរ និងបឹងទន្លេសាប ចេះតែកើនឡើង ហើយទីភ្នាក់ងារ និងក្រុមហ៊ុនជាច្រើន កំពុងតែទទួលបានកម្រៃយ៉ាងក្រាស់ក្រែលដែរនោះ។
ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប គឺលោក ង៉ូវ សេងកាក់។ លោកមានប្រសាសន៍កាលពីព្រឹកថ្ងៃច័ន្ទ ទី៣១ ខែសីហា ថា រូបលោក និងអ្នកជំនាញរបស់ក្រុមហ៊ុន ជី.អូ.អេន (GON) កូរ៉េ បានចាប់ផ្ដើមបង្រៀនក្រុមអ្នកអុំទូក ដែលរស់នៅក្នុងសហគមន៍នៃបឹងទន្លេសាបចំនួនជិត ១០០នាក់ ចាប់ពីពេលនេះតទៅ។ លោក ង៉ូវ សេងកាក់ បញ្ជាក់ថា ជំនាញដែលយកទៅបង្រៀនអ្នកអុំទូកដែលភាគច្រើនជាយុវជនទាំងនោះ មានពីរភាសា គឺភាសាអង់គ្លេស និងភាសាកូរ៉េ។ ជំនាញទាំងនោះរួមមាន បដិសណ្ឋារកិច្ចភ្ញៀវទេសចរ ជំនាញសង្គ្រោះបន្ទាន់នៅពេលមានគ្រោះថ្នាក់ ព្រមទាំងជំនាញមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់សហគមន៍ ជាដើម។ ការបង្រៀនជំនាញទាំងនេះ ក្នុងគោលបំណងឲ្យប្រជាពលរដ្ឋដែលរស់នៅតំបន់ចុងឃ្នៀស អាចទទួលបានកម្រៃពីវិស័យទេសចរណ៍ល្អប្រសើរនៅពេលខាងមុខ៖ «ភ្ញៀវភាគច្រើនជិះកាណូតធំមកទស្សនាបឹងទន្លេសាប ហើយក៏ចង់ជិះកាណូតតូច ដើម្បីបានទស្សនាទេសភាពនៅតាមសហគមន៍ដែរ។ អ៊ីចឹងកាណូតតូចត្រូវការសេវាកម្មច្រើន ដូចជាអ្នកនៅសហគមន៍របស់គាត់ហ្នឹង ត្រូវការរៀបរាប់ជូនភ្ញៀវ។ ដូច្នេះទាល់តែគាត់ចេះភាសា»។
បច្ចុប្បន្ននៅបឹងទន្លេសាបតំបន់ចុងឃ្នៀស គឺមានភ្ញៀវទេសចរបរទេសច្រើនរយនាក់ តែងទៅទស្សនាអេកូទេសចរណ៍ ហើយភាគច្រើននៃភ្ញៀវទេសចរទាំងនោះ គឺជនជាតិកូរ៉េ។ ហេតុដូច្នេះហើយ បានជាមន្ទីរទេសចរណ៍ ចាប់ផ្ដើមសហការជាមួយក្រុមហ៊ុនកូរ៉េ ដើម្បីបង្រៀនភាសាកូរ៉េ និងភាសាអង់គ្លេស ដល់ប្រជាពលរដ្ឋដែលជាអ្នកអុំទូកទេសចរណ៍។
លោក ង៉ូវ សេងកាក់ មានប្រសាសន៍បន្ថែមថា ក្រុមហ៊ុនកូរ៉េ ជី.អូ.អេន មិនត្រឹមតែជួយបង្រៀនភាសាកូរ៉េ និងអង់គ្លេស ដល់ប្រជាពលរដ្ឋជាអ្នកអុំទូកប៉ុណ្ណោះទេ គឺបានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ១០០ដុល្លារសម្រាប់ម្នាក់ៗក្នុង ១ខែថែមទៀត សម្រាប់ឲ្យពួកគេជួយការពារព្រៃលិចទឹកឲ្យបានគង់វង្ស សម្រាប់ធ្វើជាតំបន់ទេសចរណ៍សហគមន៍។
ចៅសង្កាត់ចុងឃ្នៀស លោក ឯម ម៉ាន ចាត់ទុកការដែលមន្ទីរទេសចរណ៍ខេត្តសៀមរាប និងក្រុមហ៊ុនកូរ៉េ ជួយបង្ហាត់បង្រៀនភាសាអង់គ្លេស និងកូរ៉េ ឲ្យប្រជាពលរដ្ឋទទួលបានកម្រៃពីទេសចរណ៍នោះ ថាជាការល្អប្រសើរបន្ថែមទៅលើជីវភាពនេសាទត្រីរបស់ប្រជាសហគមន៍ ក៏ប៉ុន្តែលោកយល់ថា ទោះយ៉ាងណា គឺមានតែអ្នកភូមិតិចតួចទេដែលទទួលបានផលប្រយោជន៍នេះ៖ «ប្រហែលជា ៣០% អីប៉ុណ្ណឹងទេ ដែលបានទទួលពីទេសចរណ៍ ដូចជាម្ចាស់ទូក ម្ចាស់កាណូត ហើយអ្នកបើកបរកាណូតទៅលក់ដូរតិចតួចប៉ុណ្ណឹង»។
លោកចៅសង្កាត់ឲ្យដឹងថា បច្ចុប្បន្ននៅបឹងទន្លេសាបនៃសង្កាត់ចុងឃ្នៀស ទាំងមូល គឺមានប្រជាពលរដ្ឋរស់នៅជាង ១.៣០០គ្រួសារ ប៉ុន្តែអ្នកដែលមានចំណេះដឹងអាចរៀនភាសាអង់គ្លេស ឬក៏កូរ៉េ ដើម្បីទទួលបានកម្រៃពីទេសចរ គឺមានចំនួនតិចតួច ឯភាគច្រើន គឺមិនទាំងចេះអក្សរខ្មែរផង បានត្រឹមតែធ្វើជាអ្នកនេសាទត្រី កម្មករលីសែង ឬក៏ជាងជួសជុលទូកដដែល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
