សហជីព​ចាប់​ផ្ដើម​ចែក​ខិត្តប័ណ្ណ​អំពាវនាវ​ឲ្យ​កម្មករ​ចូល​រួម​តវ៉ា​ជា​ថ្មី

0:00 / 0:00

សហព័ន្ធ​សហជីព​និង​សមាគម ១៨​ស្ថាប័ន បាន​ចាប់​ផ្ដើម​ចែក​ខិត្តប័ណ្ណ​ជា​ថ្មី​ម្ដង​ទៀត​ដល់​កម្មករ​និយោជិត​នៅ​តាម​បណ្ដា​រោងចក្រ​សហគ្រាស​ទូទាំង​ប្រទេស ឲ្យ​ចូល​រួម​ការ​តវ៉ា​ជំរុញ​ឲ្យ​រដ្ឋាភិបាល និង​តំណាង​រោងចក្រ​ដោះស្រាយ​បញ្ហា​ប្រាក់ខែ​គោល​ឲ្យ​បាន ១៦០​ដុល្លារ និង​សុំ​ឲ្យ​ដោះលែង​មនុស្ស ២១​នាក់ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង ឲ្យ​មាន​សេរីភាព។

ខិត្តប័ណ្ណ​ប្រមាណ ១០​ម៉ឺន​សន្លឹក ត្រូវ​បាន​មន្ត្រី​សហព័ន្ធ​សហជីព និង​សមាគម​ចំនួន ១៨ ចុះ​យក​ទៅ​ចែកចាយ​នៅ​តាម​រោងចក្រ​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន ដើម្បី​អំពាវនាវ​ឲ្យ​កម្មករ មន្ត្រី​រាជការ សិស្ស និស្សិត ចូល​រួម​តវ៉ា​ដោយ​ប្រើប្រាស់​សិទ្ធិ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​របស់​ខ្លួន បន្ទាប់​ពី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ១​សប្ដាហ៍​បន្ត​ទៀត។

ក្នុង​ខិត្តប័ណ្ណ​នោះ សហព័ន្ធ​សហជីព​ស្នើ​សុំ​ឲ្យ​ពួកគេ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​ចាប់​ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២២ ខែ​មេសា ក្រោយ​ពី​ពិធី​បុណ្យ​ចូល​ឆ្នាំ ដើម្បី​ដាក់​សម្ពាធ​ទៅ​រដ្ឋាភិបាល​ឲ្យ​ដោះលែង​កម្មករ ២១​នាក់ និង​ទម្លាក់​ការ​ចោទ​ប្រកាន់​កម្មករ ២៣​នាក់ រួម​ទាំង​ដំឡើង​ប្រាក់ខែ​គោល​កម្មករ​ឲ្យ​ដល់ ១៦០​ដុល្លារ។

ប្រធាន​សហព័ន្ធ​សហជីព​មិត្តភាព​កម្មករ លោក សៀង សម្បត្តិ ដែល​ចុះ​ទៅ​ចែក​ខិត្តប័ណ្ណ​ដល់​កម្មករ​នៅ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា និង​រោងចក្រ​ឯ​ទៀត​នៅ​ផ្លូវ​វ៉េងស្រេង នៅ​ព្រឹក​ថ្ងៃ​​ទី​៩ មេសា ជឿ​ថា កម្មករ​និយោជិត​ជា​ច្រើន​នឹង​គាំទ្រ​ជំហរ​របស់​សហព័ន្ធ​សហជីព ហើយ​ឈប់​សម្រាក​បន្ត​ក្រោយ​ពិធី​បុណ្យ​ចូល​ឆ្នាំ​រហូត​ដល់​ថ្ងៃ​ទី​២២ មេសា ដើម្បី​បង្ហាញ​ឲ្យ​រដ្ឋាភិបាល​ដឹង​ថា កម្មករ​ត្រូវ​ការ​ប្រាក់​ខែ ១៦០​ដុល្លារ សម្រាប់​រស់​នៅ​សមរម្យ។

លោក សៀង សម្បត្តិ៖ «មក​ទល់​ថ្ងៃ​នេះ​យើង​ឃើញ​ថា កម្មករ​ពិត​ជា​គាំទ្រ ព្រោះ​ការ​ឈប់​សម្រាក​ចាប់​ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២២ គឺ​ជា​ការ​ប្រើប្រាស់​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ វា​មិន​មែន​ជា​ការ​ធ្វើ​កូដកម្ម​ទេ ប៉ុន្តែ​គឺ​ជា​ការ​ពហិការ​មួយ​សម្រាប់​ការ​ឈប់​សម្រាក»

មន្ត្រី​សហព័ន្ធ​សហជីព​ជា​ច្រើន​បាន​ចុះ​ចែក​ខិត្តប័ណ្ណ​ដល់​កម្មករ​នៅ​ម៉ោង​បាយ​ថ្ងៃ​ត្រង់ នា​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា នៅ​ផ្លូវ​វ៉េងស្រេង រួច​ទៅ​ចែក​បន្ត​នៅ​រោងចក្រ ប្រាយ ស្កាយ (Bright Sky) មុន​នឹង​មន្ត្រី​ទាំង​នោះ​បង្ហួស​ទៅ​ចែក​ខិត្តប័ណ្ណ​នៅ​សួន​ឧស្សាហកម្ម​វឌ្ឍនៈ។ នៅ​រោងចក្រ​ប្រាយស្កាយ ខាង​ក្រុមហ៊ុន​បាន​ហាម​មិន​ឲ្យ​កម្មករ​ចេញ​មក​ហូប​បាយ​ថ្ងៃ​ត្រង់​នៅ​ក្រៅ​រោងចក្រ​ដូច​រាល់​ដង​ទេ។ បើ​តាម​កម្មករ​រោងចក្រ​ប្រាយស្កាយ ប្រាប់​ថា ខាង​រោងចក្រ​ចេញ​បម្រាម​ហាម​មិន​ឲ្យ​កម្មករ​ហូប​បាយ​ខាង​ក្រៅ​រយៈពេល ៣​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​៩ ដល់​ថ្ងៃ​ទី​១១ ខែ​មេសា ដើម្បី​កុំ​ឲ្យ​ខាង​មន្ត្រី​សហព័ន្ធ​សហជីព​ចែក​ខិត្តប័ណ្ណ​ដល់​ពួកគេ។

អ្នក​លក់​បាយ​ឲ្យ​កម្មករ​នៅ​ក្បែរ​រោងចក្រ​ត្រូវ​ឲ្យ​ទៅ​លក់​នៅ​ខាង​ក្នុង​រោងចក្រ។ រី​ឯ​ខិត្តប័ណ្ណ​​ខាង​សហព័ន្ធ​សហជីព​ចែក​ដល់​កម្មករ​ខ្លះ​តាម​ផ្លូវ​នោះ ត្រូវ​សន្តិសុខ​រោងចក្រ​ប្រមូល​យក​វិញ។ កម្មករ​រោងចក្រ​ប្រាយស្កាយ​ម្នាក់ កញ្ញា តក់ សុខរដ្ឋ ប្រាប់​ថា ខាង​ក្រុមហ៊ុន​មិន​ចង់​ឲ្យ​កម្មករ​យក​ខិត្តប័ណ្ណ​ដែល​ចែក​នោះ​ទេ ដោយ​ខ្លាច​កម្មករ​ខ្លះ​បះបោរ​ចេញ​មក​ធ្វើ​បាតុកម្ម។

កញ្ញា​បន្ត​ថា នាង​ទំនង​ជា​ចូល​រួម​តាម​ការ​អំពាវនាវ​របស់​សហព័ន្ធ​សហជីព និង​បន្ត​ឈប់​សម្រាក​រហូត​ដល់​ថ្ងៃ​ទី​២២ មេសា៖ «គេ​ប្រាប់​ថា កាត់​ប្រាក់​ខែ​ទៅ។ បើ​យើង​មាន​ធុរៈ គេ​ឲ្យ​យើង​ធ្វើ​ក្រដាស (លិខិត) ស្នើ​សុំ​ច្បាប់​គេ​មុន​ថ្ងៃ​យើង​ឈប់​ទៅ​ផ្ទះ​បាន​អត់​កាត់​លុយ បើ​សិន​ជា​យើង​អត់​សុំ​គេ​មុន គឺ​ដាច់​លុយ​ហើយ បើ​យើង​ត្រឡប់​មក​វិញ ចាប់​ដាក់​លិខិត​ក៏​ដាច់​លុយ​ដែរ»

កម្មករ​ម្នាក់​ទៀត​មក​ពី​ខេត្ត​ព្រៃវែង ប្រាប់​ថា ក្រោយ​ពី​ឈប់​សម្រាក​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​រួច នាង​នឹង​ត្រឡប់​មក​ធ្វើ​ការ​វិញ​តាម​ការ​កំណត់​របស់​ក្រុមហ៊ុន ដែល​កំណត់​ឲ្យ​ចូល​ធ្វើ​ការ​នៅ​ថ្ងៃ​ទី​២១ មេសា ដោយ​ខ្លាច​ក្រុមហ៊ុន​កាត់​ប្រាក់ខែ៖ «បើ​គេ​ឲ្យ​មក​ធ្វើ​ការ ខ្ញុំ​នៅ​មក ព្រោះ​បើ​ឈប់​គេ​កាត់​ប្រាក់ខែ»

កម្មករ​ខ្លះ​បាន​កត់សម្គាល់​ថា នៅ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​លើក​នេះ ខាង​ក្រុមហ៊ុន​បាន​ឲ្យ​កម្មករ​ឈប់​សម្រាក​ច្រើន​ខុស​ប្លែក​ពី​ឆ្នាំ​មុន។ រោងចក្រ​ភាគ​ច្រើន​បាន​អនុញ្ញាត​ឲ្យ​កម្មករ​ឈប់​សម្រាក​ចាប់​ពី​ថ្ងៃ​ទី​១៣ រហូត​ដល់​ថ្ងៃ​ទី​២១ មេសា ខុស​ពី​ឆ្នាំ​មុន​ដែល​ឲ្យ​កម្មករ​ឈប់ ៣​ថ្ងៃ តាម​ប្រតិទិន​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ចូល​ឆ្នាំ។

កន្លង​មក​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង ក៏​បាន​ជូន​ដំណឹង​ស្ដី​អំពី​ការ​ឈប់​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​រយៈពេល ៣​ថ្ងៃ គឺ​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ មេសា ហើយ​ការ​ឈប់​សម្រាក​ចូល​ឆ្នាំ​រយៈពេល​វែង​ខុស​ពី​រាល់​ដង​នេះ ទំនង​ជា​អាច​ខាង​ក្រុមហ៊ុន​បញ្ចៀស​ការ​ចូល​រួម​ពហិការ​មិន​ធ្វើ​ការ​របស់​កម្មករ​តាម​ការ​អំពាវនាវ​របស់​សហព័ន្ធ​សហជីព។ យ៉ាង​ណា​ប្រធាន​សមាគម​កាត់ដេរ​កម្ពុជា លោក វ៉ាន់ ស៊ូអៀង ធ្លាប់​ប្រាប់​ថា ការ​ចូល​រួម​កូដកម្ម​មិន​ចូល​ធ្វើ​ការ​របស់​កម្មករ គឺ​ជា​សិទ្ធិ​របស់​ពួកគេ។ ប៉ុន្តែ​ពួកគេ​មិន​ត្រូវ​មក​ទាមទារ​ប្រាក់​ថ្ងៃ​ឈប់​សម្រាក​នោះ​ឡើយ។

អនុ​ប្រធាន​ផ្នែក​អង្កេត​នៃ​សមាគម​អាដហុក លោក ណៃ វ៉ង់ដា យល់​ឃើញ​ថា ការ​ដាក់​សម្ពាធ​បែប​ថ្មី​ដោយ​មិន​ចូល​ធ្វើ​ការ​របស់​កម្មករ​អាច​ជា​សារ​មួយ​ឲ្យ​រដ្ឋាភិបាល និង​ថៅកែ​រោងចក្រ​គិតគូរ​ឡើង​វិញ​ចំពោះ​ស្ថានភាព​រស់​នៅ​របស់​ពួកគេ៖ «ហើយ​ក៏​មិន​មែន​ជា​ទាសករ​សម័យ​ថ្មី​ដែរ ដូច្នេះ​គាត់​ជា​មនុស្ស​ធាតុ​ជា​មនុស្ស​ត្រូវ​ការ​ហូប​ចុក​គ្រប់គ្រាន់ ការ​ស្លៀកពាក់ ការ​រស់​នៅ​សមរម្យ ដូច្នេះ​ត្រូវ​ដល់​ពេល​គិត​ពិចារណា​ថា កម្មករ​ជា​មនុស្ស​សំខាន់»

ខ្លឹមសារ​នៃ​លិខិត​អំពាវនាវ​របស់​សហព័ន្ធ​សហជីព​ចំនួន ១៨ ដែល​ចែក​ជូន​កម្មករ​នោះ រួម​មាន​ជាអាទិ៍ ស្នើ​ទៅ​តុលាការ​ដោះលែង​ជន​ជាប់​ចោទ​ទាំង ២១​នាក់ និង​ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​មនុស្ស​ទាំង ២៣​ទាំង​ស្រុង។ ស្នើ​ទៅ​រដ្ឋាភិបាល​សម្របសម្រួល​ភាគី​សហជីព និង​និយោជក ឲ្យ​មាន​ការ​ចរចា​ដំឡើង​ប្រាក់​ឈ្នួល​គោល ១៦០​ដុល្លារ​ក្នុង​មួយ​ខែ ស្នើ​ឲ្យ​តុលាការ​ចោទ​ប្រកាន់​ដល់​ជន​ដែល​ប្រព្រឹត្ត​បាញ់​សម្លាប់​កម្មករ ដោយ​ផ្ដន្ទាទោស​ផ្ដល់​សំណង​ជំងឺ​ចិត្ត​ដល់​ជនរងគ្រោះ និង​អ្នក​ជាប់​ឃុំ និង​ស្នើ​ឲ្យ​រដ្ឋាភិបាល​ដក​បម្រាម​នៃ​ការ​ជួប​ប្រជុំ​ជា​សាធារណៈ​របស់​ប្រជាពលរដ្ឋ​ចេញ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។