សហជីព​១៨​អំពាវនាវ​ឲ្យ​កម្មករ​ឈប់​សម្រាក​១​សប្ដាហ៍​ក្រោយ​ចូល​ឆ្នាំ

0:00 / 0:00

សហព័ន្ធ​សហជីព​ចំនួន ១៨ បាន​អំពាវនាវ​ឲ្យ​កម្មករ មន្ត្រី​រាជការ សិស្ស​និស្សិត ចូល​រួម​ការ​តវ៉ា​មួយ​ដោយ​ប្រើប្រាស់​សិទ្ធិ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​របស់​ខ្លួន បន្ទាប់​ពី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ១​សប្ដាហ៍​បន្ត​ទៀត ដោយ​ការ​ទាមទារ​នោះ​មាន​លក្ខខណ្ឌ​ ៧​ចំណុច ក្នុង​គោលដៅ​ការពារ​សិទ្ធិ​សេរីភាព​របស់​កម្មករ និង​ផ្ដល់​អត្ថប្រយោជន៍​ដល់​កម្មករ។

សហព័ន្ធ​សហជីព​ចំនួន ១៨ បាន​ចេញ​លិខិត ២ ស្រប​គ្នា​មួយ​ជា​លិខិត​អំពាវនាវ​ដល់​កម្មករ និង​មួយ​ទៀត​ដាក់​ទៅ​សមាគម​រោងចក្រ​កាត់ដេរ ទាមទារ​ឲ្យ​កម្មករ​បាន​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ បន្ទាប់​ពី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ចំនួន ១​សប្ដាហ៍ ដើម្បី​ដាក់​សម្ពាធ​ទៅ​រដ្ឋាភិបាល​ឲ្យ​ដោះលែង​កម្មករ ២១​នាក់ និង​ទម្លាក់​ការ​ចោទ​ប្រកាន់​កម្មករ ២៣​នាក់ រួម​ទាំង​ដំឡើង​ប្រាក់ខែ​គោល​កម្មករ​ឲ្យ​ដល់ ១៦០​ដុល្លារ។

នៅ​ក្នុង​លិខិត​អំពាវនាវ និង​លិខិត​ដាក់​ទៅ​សមាគម​រោងចក្រ​កាត់ដេរ នៅ​ថ្ងៃ​ទី​២ មេសា មាន​ខ្លឹមសារ​ដូច​គ្នា​ដោយ​មាន​ការ​ទាមទារ​ចំណុច​សំខាន់​ចំនួន ៧​ចំណុច មាន​ជាអាទិ៍ ស្នើ​ទៅ​តុលាការ​ដោះលែង​ជន​ជាប់​ចោទ​ទាំង ២១​នាក់ និង​ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​មនុស្ស​ទាំង ២៣ ទាំង​ស្រុង។ ស្នើ​ទៅ​រដ្ឋាភិបាល​សម្របសម្រួល​ភាគី​សហជីព និង​និយោជក ឲ្យ​មាន​ការ​ចរចា​ដំឡើង​ប្រាក់​ឈ្នួល​គោល ១៦០​ដុល្លារ​ក្នុង​មួយ​ខែ ស្នើ​ឲ្យ​តុលាការ​ចោទ​ប្រកាន់​ដល់​ជន​ដែល​ប្រព្រឹត្ត​បាញ់​សម្លាប់​កម្មករ ដោយ​ផ្ដន្ទាទោស​ផ្ដល់​សំណង​ជំងឺ​ចិត្ត​ដល់​ជនរងគ្រោះ និង​អ្នក​ជាប់​ឃុំ និង​ស្នើ​ឲ្យ​រដ្ឋាភិបាល​ដក​បម្រាម​នៃ​ការ​ជួប​ប្រជុំ​ជា​សាធារណៈ​របស់​ប្រជាពលរដ្ឋ​ចេញ​វិញ។

ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ហៅ​កាត់​ថា ស៊ីខាវឌូ (CCAWDU) លោក អាត់ ធន់ ដែល​ជា​សមាជិក​ក្នុង​ចំណោម​សហព័ន្ធ​សហជីព​ចំនួន ១៨ បាន​ថ្លែង​ថា ក្រុម​ការងារ​បាន​ដាក់​លិខិត​នេះ​ទៅ​ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ដោយ​ស្នើ​សុំ​ឲ្យ​កម្មករ​ក្នុង​វិស័យ​កាត់ដេរ​បាន​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​ចាប់​ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២២ មេសា។ លោក​ថា នេះ​ជា​ការ​ស្នើ​ឲ្យ​ដោះស្រាយ​បញ្ហា​មួយ​ចំនួន​ដែល​មិន​ទាន់​ដោះស្រាយ​ចប់។

ឆ្លើយ​តប​បញ្ហា​នេះ ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា លោក វ៉ាន៉ ស៊ូអៀង បាន​ចោទ​ថា ការ​ស្នើ​សុំ​របស់​សហជីព​នេះ​គឺ​ជា​ការ​ខុស​ច្បាប់។ រីឯ​ចំណុច​ខ្លះ​នៃ​សំណើ​នេះ គឺ​មិនមែន​សមាគម​ជា​អ្នក​សម្រេច​បាន​ទេ។

ទាក់ទង​ការ​អំពាវនាវ​នេះ មន្ត្រី​កម្មវិធី​ផ្នែក​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោកស្រី ឆន សុខា មាន​មតិ​ថា នេះ​ជា​ការ​ស្នើ​សុំ​ស្រប​ច្បាប់​មួយ។ លោកស្រី​យល់​ឃើញ​ថា ការ​ស្នើ​សុំ​ប្រើប្រាស់​សិទ្ធិ​មួយ​នេះ កម្មករ​មិន​ធ្លាប់​បាន​ប្រើ​កន្លង​មក​នោះ​ទេ ប៉ុន្តែ​ការ​ប្រើ​សិទ្ធិ​នេះ​ទំនង​ជា​សម្ពាធ​មួយ​ដែរ ដោយសារ​តែ​កម្មករ​មិន​សប្បាយ​ចិត្ត​នឹង​ការ​ទាមទារ​របស់​ពួកគេ​កន្លង​មក​ដែល​ពុំ​ទាន់​មាន​លទ្ធផល​នៅ​ឡើយ​នោះ។

ថ្មីៗ​នេះ​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង ក៏​បាន​ជូន​ដំណឹង​ស្ដី​អំពី​ការ​ឈប់​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ រយៈពេល ៣​ថ្ងៃ គឺ​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ មេសា ដែរ។ ក្នុង​លិខិត​បាន​បញ្ជាក់​ថា ការ​អនុញ្ញាត​ឲ្យ​មាន​ការ​ឈប់​សម្រាក​ក្នុង​អំឡុង​ពេល​ពិធី​បុណ្យ​នេះ ត្រូវ​រក្សា​ប្រាក់​ឈ្នួល​ប្រចាំ​ឆ្នាំ ហើយ​ថា បើ​សិន​ជា​មិន​អាច​បញ្ឈប់​សកម្មភាព​របស់​ខ្លួន​បាន​ទេ ម្ចាស់​សហគ្រាស​ត្រូវ​សម្របសម្រួល​ជាមួយ​កម្មករ​និង​និយោជិត​ដោយ​មាន​ការ​ស្ម័គ្រ​ចិត្ត ព្រម​ទាំង​បែងចែក​ពេលវេលា​នៅ​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ឲ្យ​បាន​សមស្រប និង​ទទួល​បាន​ប្រាក់​បំណាច់​បន្ថែម​ដែល​មាន​ចំនួន​ស្មើ​នឹង​ប្រាក់​ឈ្នួល​ថ្ងៃ​ធម្មតា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។