លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានឲ្យដឹងថា នៅថ្ងៃទី៥ កុម្ភៈ មេដឹកនាំសហជីពធំៗទាំង៩ នឹងជួបប្រជុំដើម្បីកំណត់ថ្ងៃធ្វើមហាបាតុកម្មជាលើកទី២ នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ។ លោកព្រមានថា មហាកូដកម្មរបស់ក្រុមកម្មករនៅទូទាំងប្រទេស ទំនងជាមិនអាចជៀសផុតទេ បើរដ្ឋាភិបាលមិនពិចារណាដំឡើងប្រាក់ខែជូនកម្មករឲ្យបានសមរម្យ និងមិនព្រមដោះលែងមនុស្សទាំង ២៣នាក់នោះទេ។
កាលពីថ្ងៃទី២ និងទី៣ ខែមករា ឆ្នាំ២០១៤ អាជ្ញាធរមានសមត្ថកិច្ច បានចាប់ខ្លួនមេដឹកនាំសមាគម សកម្មជនសិទ្ធិមនុស្ស និងកម្មករសរុបចំនួន ២៣នាក់ ដាក់ពន្ធនាគារ។ ការចាប់ខ្លួននេះគឺក្នុងព្រឹត្តិការណ៍ប៉ះទង្គិចគ្នារវាងកម្លាំងអាជ្ញាធរជាមួយក្រុមកម្មករទាមទារប្រាក់ខែគោល ១៦០ដុល្លារ នៅតំបន់សេដ្ឋកិច្ចពិសេសកំបូល តាមផ្លូវជាតិលេខ៤ និងសួនឧស្សាហកម្មកាណាឌីយ៉ា តាមផ្លូវវ៉េងស្រេង រាជធានីភ្នំពេញ។
ទោះយ៉ាងណា មន្ត្រីនាំពាក្យសាលារាជធានី និងមន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ ថ្លែងថា បើការធ្វើបាតុកម្ម ឬកូដកម្ម មានច្បាប់អនុញ្ញាត គឺសមត្ថកិច្ចត្រៀមកម្លាំងដើម្បីការពារសន្តិសុខ ប៉ុន្តែបើមិនមានច្បាប់ពីអាជ្ញាធរទេ សមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់។
យ៉ាងនេះក្តី មេដឹកនាំសហជីពកម្មករទាំង ៩ បានត្រៀមរៀបចំបោះពុម្ពខិត្តប័ណ្ណស្ដីពីគម្រោងធ្វើមហាកូដកម្មជាលើកទី២ ចំនួន ៥ម៉ឺនសន្លឹក សម្រាប់ចែកជូនក្រុមកម្មករតាមរោងចក្រនៅទូទាំងប្រទេសឲ្យចូលរួមឲ្យបានច្រើន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
