អ្នកបញ្ជាទិញម៉ាកយីហោល្បីឈ្មោះ និងសហជីពពិភពលោក បានជ្រើសយកប្រទេសកម្ពុជា គឺជាប្រទេសសាកល្បងមុនគេនៅក្នុងតំបន់អាស៊ី សម្រាប់កម្មវិធី អាក់ហ្សិន ខូឡាបូរ៉េហ្សិន ត្រេនស្វ័មេសិន (Action, Collaboration,Transformation) ដែលអាចប្រែជាភាសាខ្មែរថា "សកម្មភាព សហប្រតិបត្តិ និងការកែទម្រង់"។ កម្មវិធីនេះមានគោលបំណងជជែកពិភាក្សាគ្នារកវិធីដើម្បីបង្កើនប្រាក់ឈ្នួលសមរម្យសម្រាប់កម្មករកាត់ដេរនៅកម្ពុជា។
សហជីពគាំទ្ររដ្ឋាភិបាល និងសហជីពដែលជាសមាជិករបស់សហជីពពិភពលោក (Industry all) បានសាទរចំពោះគម្រោងថ្មីដើម្បីជំរុញឲ្យមានប្រាក់ឈ្នួលសមរម្យ និងផ្ដល់អត្ថប្រយោជន៍ដល់កម្មករនៅកម្ពុជា។
ប្រធានសហភាពការងារកម្ពុជា និងជាប្រធានសហជីពស៊ីខៅឌូ លោក អាត់ ធន់ មានប្រសាសន៍នៅថ្ងៃទី២៣ មករា ថា នេះគឺជាឱកាសល្អដែលជាវិធីថ្មីមួយទៀត អាចដំឡើងឲ្យកម្មករមានប្រាក់ឈ្នួលសមរម្យ ព្រោះកន្លងមកសហជីពបានធ្វើការតស៊ូមតិឲ្យដំឡើងតែប្រាក់ឈ្នួលអប្បបរមាប៉ុណ្ណោះ។ លោកថា ជាងនេះទៅទៀត គ្រប់និន្នាការសហជីពដែលចូលរួមក្នុងកម្មវិធីនេះ គឺមិនឆ្លុះបញ្ចាំងអំពីការខ្ទាស់គ្នា ឬខ្វែងគំនិតគ្នានោះទេ ដែលជាសារពីសហជីពរួមគ្នាមួយ។
លោកបន្តថា កម្មវិធីនេះមានគម្រោងយុទ្ធសាស្ត្របច្ចេកទេសសមហេតុសមផលដែលអាចទៅរួចនៅក្នុងការដំឡើងប្រាក់ឈ្នួលសមរម្យឲ្យកម្មករក្នុងប្រទេសកម្ពុជា ដែលជាប្រទេសសាកល្បងមុនគេ៖ «ការជួបជុំគ្នានេះគឺជាចំណុចល្អ ដោយសារតែលទ្ធភាពនៃការបង្កើតប្រាក់ឈ្នួលសមរម្យជូនកម្មករ ដែលពីមុនយើងចរចាប្រាប់ឈ្នួលអប្បបរមាមានការលំបាក។ នៅពេលនេះគឺ ATC មិនត្រឹមតែប្ដេជ្ញាចិត្តជួយឲ្យមានការកើនឡើងនូវប្រាក់ឈ្នួលសមរម្យទេ វាមានការធានាពីអ្នកបញ្ជាទិញលើកទឹកចិត្តដល់ប្រទេសឯកភាពអនុវត្តមុនគេ និងលើកទឹកចិត្តក្រុមហ៊ុនដែលសន្យារៀបចំប្រាក់ឈ្នួលសមរម្យឲ្យអាជីវកម្មដំណើរការទៅមុខ និងក្រុមហ៊ុនដែលធ្វើហ្នឹងរហូតដល់បង្កើនតម្លៃទិញ និងបន្តសហការជាមួយរដ្ឋាភិបាល និងប្រទេសហត្ថលេខីត្រូវជួយរៀបចំយ៉ាងម៉េចឲ្យដំណើរការបានល្អ»។
សហជីពប្រមាណ ១០ នៅកម្ពុជា បានជួបជុំគ្នាក្នុងកម្មវិធីអាក់ហ្សិន ខូឡាបូរ៉េហ្សិន ត្រេនស្វ័មេសិន (ACT) ដែលអាចប្រែជាភាសាខ្មែរថា សកម្មភាព សហប្រតិបត្តិ និងការកែទម្រង់ កាលពីរសៀលថ្ងៃទី២២ ខែមករា ក្នុងរាជធានីភ្នំពេញ។
កម្មវិធីនេះ មានគោលបំណងជជែកពិភាក្សាគ្នាជាមួយភាគីពាក់ព័ន្ធដើម្បីដោះស្រាយបញ្ហាបណ្ដឹងរបស់កម្មករ ពាក់ព័ន្ធការផ្ដល់ប្រាក់ឈ្នួលកម្មករមិនគ្រប់គ្រាន់ កម្មករគ្មានតម្លៃ និងរស់នៅដោយពិបាក ជាពិសេសគឺរកវិធីដើម្បីបង្កើនប្រាក់ឈ្នួលសមរម្យសម្រាប់កម្មករកាត់ដេរ។
សហជីពពិភពលោក និងអ្នកបញ្ជាទិញ (buyer) ធំៗ ល្បីឈ្មោះចំនួន ១៧ ដូចជា ម៉ាក អេច្ឆ អែន អ៊ឹម (H&M) ម៉ាកភូម៉ា (Puma) ម៉ាកថាកហ្គេត (Target) និងស៊ី អែន អេ (C&A) បានផ្ដួចផ្ដើមឲ្យមានកម្មវិធីនេះនៅឆ្នាំ២០១៦ ប៉ុន្តែទើបលេចចេញជារូបរាងក្នុងឆ្នាំ២០១៨។
កម្មវិធីនេះនឹងធ្វើកិច្ចការសំខាន់ជាអាទិ លើកទឹកចិត្តប្រទេសសាកល្បងជំរុញក្រុមហ៊ុនផលិតដោយសហការធ្វើអាជីវកម្មរយៈពេលវែង បង្កើនតម្លៃបញ្ជាទិញ សហប្រតិបត្តិការជាមួយអាជ្ញាធរដើម្បីឲ្យផ្ដល់ប្រាក់ឈ្នួលសមរម្យ។ ប្រទេសណាដែលសាកល្បងគម្រោងនេះ នឹងក្លាយទៅជាគោលដៅនៃការបញ្ជាទិញដើម្បីលើកទឹកចិត្តឲ្យប្រទេសនោះខិតខំផលិត ពោលគឺអ្នកបញ្ជាទិញនឹងប្ដេជ្ញាចិត្តទិញ។
អ្នកបញ្ជាទិញផ្លាស់ប្ដូរទំនិញពីអ្នកផ្គត់ផ្គង់គឺរោងចក្រផលិតនៅក្នុងប្រទេសសាកល្បងនោះដោយផ្អែកទៅលើដំណើរការចរចាអនុសញ្ញារួមឲ្យជៀសផុតពីការប្រកួតប្រជែងមិនស្មើភាពគ្នា។ ម្ចាស់ម៉ាកយីហោធានាថា ការអនុវត្តរបស់អ្នកបញ្ជាទិញរបស់ខ្លួនជួយឲ្យមានទំនាក់ទំនងយូរអង្វែងជាមួយរោងចក្រដើម្បីឲ្យរោងចក្រមានអាជីវកម្មយូរអង្វែង។
ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា លោក សោម អូន ថ្លែងលោកស្វាគមន៍រាល់យន្តការចរចាដែលជួយដល់កម្មករ។ លោកថា កន្លងមកក្រុមសហជីពក៏តែងតែពឹងពាក់ទៅលើអ្នកបញ្ជាទិញរាល់ពេលជជែកពីរឿងប្រាក់ឈ្នួលគឺសហជីពតែងតែស្នើសុំឲ្យដំឡើងការបញ្ជាទិញដល់ថៅកែរោងចក្រដើម្បីឲ្យថៅកែរោងចក្រមានលទ្ធភាពផ្ដល់ប្រាក់ខែខ្ពស់ឲ្យកម្មករ៖ «ឥឡូវនេះបើសិនជាមានក្រុមអ្នកបញ្ជាទិញគាត់ចូលរួមដោយផ្ទាល់នៅក្នុងការងារនេះ យើងស្វាគមន៍មែនទែនដើម្បីធ្វើយ៉ាងណាឲ្យគាត់ជួយជំរុញឲ្យថៅកែហ្នឹងផ្ដល់ប្រាក់ឈ្នួលឲ្យបានខ្ពស់។ ជួនកាលថៅកែគាត់និយាយថា ប្រាក់ឈ្នួលឲ្យច្រើនម៉េចកើតបើអ្នកបញ្ជាទិញគាត់មិនទិញថ្លៃផង អ៊ីចឹងយន្តការនេះសំខាន់»។
គម្រោងនេះ គេគ្រោងធ្វើនៅប្រទេសចំនួន៥ នៅក្នុងតំបន់អាស៊ី មានដូចជា កម្ពុជា វៀតណាម ភូមា បង់ក្លាដេស និងប្រទេសឥណ្ឌូនេស៊ី។ លោក អាត់ ធន់ ឲ្យដឹងថា ប្រទេសកម្ពុជា គឺជាប្រទេសសាកល្បងអនុវត្តមុនគេ ដោយបានរៀបចំឲ្យមានរចនាសម្ព័ន្ធក្រុមការងារ បច្ចេកទេស នៅតែការកំណត់ពេលវេលាចរចាគ្នារកវិធីដើម្បីបង្កើនប្រាក់ឈ្នួលសមរម្យ ប្រហែលជាអាចនឹងធ្វើនៅចុងឆ្នាំ២០១៨ នេះ។
ចាប់ពីខែមករា ឆ្នាំ២០១៨ កម្មកររោងចក្រពេញសិទ្ធិទទួលបានប្រាក់ឈ្នួលគោល ១៧០ដុល្លារ និងសម្រាប់កម្មករសាកល្បងទទួលបាន ១៦៥ដុល្លារក្នុង១ខែ។ ចំណែកអត្ថប្រយោជន៍ដទៃទៀតដែលកម្មករធ្លាប់ទទួលបានគឺនៅរក្សាដដែល។
ថ្វីបើរដ្ឋាភិបាលបានសម្រេចដំឡើងប្រាក់ដំឡើងប្រាក់ឈ្នួលគោលចំនួន ១៧០ដុល្លារក្នុងឆ្នាំ២០១៨ ក្ដី ប៉ុន្តែកម្មករនៅក្នុងវិស័យវាយនភណ្ឌកាត់ដេរសំលៀកបំពាក់ និងស្បែកជើងនៅមិនទាន់ពេញចិត្តទាំងស្រុងនោះទេ ដោយពួកគេយល់ថា ប្រាក់ឈ្នួលគោលនេះមិនទាន់អាចផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃឲ្យបានសមរម្យនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។