ប៉ូលិស​ចរាចរណ៍​ខេត្ត​ព្រះសីហនុ​ចុះ​អប់រំ​ច្បាប់​ដល់​ពលរដ្ឋ​នៅ​តាម​ផ្លូវ​សាធារណៈ

0:00 / 0:00

មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ កំពុង​បង្កើន​សកម្មភាព​ចុះ​ផ្សព្វផ្សាយ​ចំណេះដឹង​ស្តីពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ជូន​ដល់​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​តាម​ផ្លូវ​នានា ក្នុង​មូលដ្ឋាន​នេះ ដើម្បី​ឲ្យ​បាន​យល់​ដឹង​បន្ថែម​ទៀត​ពី​សារប្រយោជន៍​នៃ​ការ​គោរព​ច្បាប់​ចរាចរណ៍ ឬ​ការ​ពាក់មួក​ការពារ​សុវត្ថិភាព​ជាដើម។

សកម្មភាព​នេះ មាន​ការ​ចូលរួម​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​វិស័យ​ឯកជន​ដ៏​ច្រើន​ផុស​ផុល ហើយ​មាន​ការ​ចាប់​អារម្មណ៍​ពី​សាធារណជន​ទូទៅ​រស់​នៅ​ខេត្ត​ព្រះសីហនុ។

លោក វរសេនីយ៍ឯក អ៊ី សុខា ស្នងការ​រង​នគរបាល​ខេត្ត​ព្រះសីហនុ និង​ជា​ប្រធាន​ការិយាល័យ​កណ្ដាល​នគរបាល​សណ្ដាប់ធ្នាប់​សាធារណៈ មាន​ប្រសាសន៍​ថា ការ​បង្កើន​សកម្មភាព​ចុះ​អប់រំ​ច្បាប់​ចរាចរណ៍​របស់​មន្ត្រី​ជំនាញ​សហការ​ជាមួយ​មន្ត្រី​សង្គម​ស៊ីវិល និង​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​ពេល​នេះ គឺ​មាន​បំណង​បញ្ជ្រាប​ការ​យល់​ដឹង​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​នៅ​គ្រា​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​នឹង​ត្រូវ​ដាក់​ឲ្យ​អនុវត្ត​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០១៥ ត​ទៅ។

​លោក​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទូទៅ​ឲ្យ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ទាំង​អស់​គ្នា ដើម្បី​កាត់​បន្ថយ​អត្រា​ស្លាប់ និង​គ្រោះថ្នាក់​នេះ​ឲ្យ​ថយ​មក​ចំនួន​ទាប​ចាប់ពី​ឆ្នាំ​២០១៥ ត​ទៅ៖ «យើង​ចង់​ជំរុញ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់​ឲ្យ​ពួកគាត់​បាន​យល់ដឹង​អំពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឲ្យ​បាន​ទាំង​អស់​គ្នា និង​ចូលរួម​អនុវត្ត​ដើម្បី​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់ និង​អត្រា​ស្លាប់​ឲ្យ​មក​ថយ​ចុះ​ចំនួន​ចាប់​ពី​ឆ្នាំ​២០១៥ ត​ទៅ។ ជាង​នេះ ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ក៏​នឹង​ដាក់​ឲ្យ​ប្រើប្រាស់​ចាប់​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៥ ត​ទៅ ដែល​តម្រូវ​ឲ្យ​អ្នក​ជិះ​ម៉ូតូ​ទាំង​អ្នក​បើកបរ​ម៉ូតូ និង​អ្នក​ជិះ​ពី​ក្រោយ​ក៏​ត្រូវ​ពាក់​មួយ​ការពារ​សុវត្ថិភាព​ទាំង​អស់​គ្នា​ដែរ»

​បន្ថែម​លើ​នេះ លោក អ៊ី សុខា ក៏​បាន​អំពាវនាវ​ដល់​គ្រប់​អង្គការ​សមាគម និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ក្នុង​ខេត្ត​ព្រះសីហនុ រាប់​បញ្ជូន​គ្រឹះស្ថាន​សិក្សា ឬ​សាលារៀន​ជាដើម​ត្រូវ​បំផុស និង​ចលនា​ឲ្យ​យុវជន​ចូល​រួម​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ឲ្យ​បាន​គ្រប់ៗ​គ្នា៖ «ផ្សព្វផ្សាយ​ដើម្បី​ពញ្ញាក់​ស្មារតី​ប្រជាពលរដ្ឋ​ទាំង​អស់​ឲ្យ​ដឹង​ថា ច្បាប់​ថ្មី​នេះ​មាន​ការ​រឹត​បន្តឹង​ការ​ផាក​ពិន័យ និង​ការ​ដាក់​ទោសទណ្ឌ​ធ្ងន់ធ្ងរ​ចំពោះ​អ្នក​មិន​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក»

​ប្រធាន​អគ្គនាយក​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ហត្ថា​កសិករ លោក ហ៊ួត អៀងតុង មាន​ប្រសាសន៍​ថា ដើម្បី​ចូល​រួម​កាត់​បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍ និង​អត្រា​ស្លាប់​របស់​មនុស្ស​ជាមួយ​រាជរដ្ឋាភិបាល ស្ថាប័ន​នេះ​បាន​ប្រើ​បុគ្គលិក​ជិត ២០០​នាក់ ដើម្បី​ចុះ​ចែក​ជូន​ខិត្តប័ណ្ណ និង​ចុះ​អប់រំ​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​ផ្លូវ​សាធារណៈ នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ឲ្យ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ទាំង​អស់​គ្នា។

​លោក​បន្ត​ថា អត្រា​គ្រោះថ្នាក់​ចរាចរណ៍ និង​អត្រា​មនុស្ស​ស្លាប់ នឹង​មិន​អាច​ថយ​ចុះ​បាន​ទេ ដរាបណា​ប្រជាពលរដ្ឋ​ដែល​ជា​អ្នកប្រើប្រាស់​ផ្លូវ មិន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់​កំណត់​នោះ​ទេ៖ «ដោយសារ​តែ​មើល​ឃើញ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​បន្ត​មាន​សញ្ញា​កើន​ខ្ពស់ ទើប​ហត្ថា​កសិករ​បាន​ចូលរួម​ផ្សព្វផ្សាយ ច្បាប់​ចរាចរណ៍​ជាមួយ​រដ្ឋាភិបាល ដើម្បី​អប់រំ​ដល់​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ ឲ្យ​បាន​យល់ដឹង​ច្បាប់​នេះ​ថែម​ទៀត និង​ចូលរួម​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឲ្យ​បាន​ទាំង​អស់​គ្នា​នៅ​ថ្ងៃ​អនាគត»

​ក្រុម​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ បាន​សាទរ​ចំពោះ​ការ​បង្កើត​ឲ្យ​មាន​កម្មវិធី​ចុះ​អប់រំ​អំពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក ជូន​ដល់​សាធារណជន​បាន​ស្វែងយល់​ពី​សារប្រយោជន៍​នៃ​ការ​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ពេលនេះ៖ «ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដែល​រដ្ឋាភិបាល​ដាក់​ឲ្យ​ប្រើប្រាស់ គឺ​អ្នក​បើកបរ​ត្រូវតែ​គោរព ពិសេស​ភ្លើង​សញ្ញា​បញ្ជា​ចរាចរណ៍ និង​ការ​ពាក់​មួយ​សុវត្ថិភាព​ជា​ប្រចាំ ដើម្បី​ការពារ​អាយុ​ជីវិត​របស់​យើង​ទាំង​អស់​គ្នា»

អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក លោក ឈួន វ៉ន់ ក៏​បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតមាន​ជា​រៀង​រាល់​ឆ្នាំ​នៅ​កម្ពុជា គឺ​ភាគ​ច្រើន​បណ្ដាល​មក​ពី​មិន​គោរព​ច្បាប់​ចរាចរណ៍។ មាន​ដូចជា​បើកបរ​ក្នុង​ល្បឿន​លឿន​ហួស​ច្បាប់​កំណត់ បើ​ប្រជែង​គ្នា​គ្មាន​ការ​យោគយល់ មិន​គោរព​សញ្ញា​ចរាចរណ៍ និង​បើកបរ​ក្នុង​សភាព​ស្រវឹង​ជាដើម។

ផ្ដើម​ពី​បញ្ហា​នេះ លោក​ស្នើ​ដល់​ប្រជាពលរដ្ឋ ពិសេស​យុវជន ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​គ្រប់​គ្នា ពេល​បើកបរ​យន្តយាន​គ្រប់​ប្រភេទ មាន​រថយន្ត ឬ​ម៉ូតូ​ជាដើម នៅ​តាម​ផ្លូវ​សាធារណៈ។ ជាង​នេះ អ្នក​ប្រើប្រាស់​ម៉ូតូ ដាច់​ខាត​ត្រូវ​តែ​ពាក់​មួយ​ការពារ​សុវត្ថិភាព​ជា​ប្រចាំ​ទោះ​ជា​ចម្ងាយ​ផ្លូវ​ជិត ឬ​ឆ្ងាយ​បែប​ណា​ក្តី។

ត្រង់​ចំណុច​នេះ លោក ឈិត សុខុន អភិបាល​ខេត្ត​ព្រះសីហនុ ក៏​បាន​ស្នើ​ដល់​ប្រជាពលរដ្ឋ​ទូទៅ ពិសេស​យុវជន ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​គ្រប់គ្នា​ដើម្បី​ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​ដល់​អាយុជីវិត និង​បំផ្លាញ​សេដ្ឋកិច្ច​គ្រួសារ​របស់​ខ្លួន។

លោក​ស្នើ​កុំ​ឲ្យ​អ្នក​បើក​បរៗ ក្រោម​ឥទ្ធិពល​នៃ​ជាតិ​ស្រវឹង។ ស្នើ​កុំ​ឲ្យ​ហួស​ល្បឿន​កំណត់។ ត្រូវ​គោរព​សិទ្ធិ​អាទិភាព​ក្នុង​ពេល​បើកបរ។ កុំ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ពេល​កំពុង​បើកបរ។ កុំ​បើកបរ​វ៉ា​ជែង​គ្នា​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ និង​ការពារ​ជីវិត​អ្នក​ដោយ​ពាក់​មួយ​សុវត្ថិភាព និង​ពាក់​ខ្សែ​ក្រវាត់​ជាដើម៖ «យើង​ទាំង​អស់​គ្នា គឺ​ជា​អ្នក​ចូល​រួម​ក្នុង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក។ ច្បាប់​នេះ សំខាន់​បំផុត​គឺ​អ្នក​ពាក់ព័ន្ធ​នៅ​តាម​មូលដ្ឋាន ភូមិ​ឃុំ ឬ​អង្គភាព​ពាក់ព័ន្ធ​ទាំង​អស់​ហ្នឹង គឺ​ត្រូវ​តែ​នាំ​គ្នា​ពន្យល់ និង​អប់រំ​ដល់​អ្នក​ធ្វើ​ដំណើរ​ឲ្យ​បាន​យល់​ដឹង​អំពី​សារសំខាន់​នៃ​ការ​គោរព​ច្បាប់​ចរាចរណ៍។ ជាង​នេះ យុវជន​ត្រូវ​បណ្ដុះ ឬ​អប់រំ​ក្រុម​យុវជន​ឲ្យ​ពួកគាត់​បាន​យល់​ដឹង​ពី​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​នេះ​ឲ្យ​បាន​ទាំង​អស់​គ្នា និង​ឲ្យ​យល់​អំពី​ផលវិបាក​បណ្ដាល​មក​ពី​គ្រោះថ្នាក់​ចរាចរណ៍ និង​កុំ​ឲ្យ​ពួកគេ​ភ្លេច​ខ្លួន​ចំពោះ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវ​គោក​នេះ»

​របាយការណ៍​បូកសរុប​ការងារ​ឆ្នាំ​២០១៤ របស់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ​​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​បង្ហាញ​ថា ខេត្ត​នេះ​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើង ២០៤​ករណី ក្នុង​នោះ​កើត​ឡើង​ទៅ​លើ​ជនបរទេស​ចំនួន ៥០​ករណី។ បើ​ប្រៀបធៀប​ឆ្នាំ​២០១៣ គឺ​ថយ​ចុះ​ចំនួន ១២​ករណី។ ឆ្នាំ​២០១៣ គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើត​ឡើង​ចំនួន ២១៦​ករណី។

គ្រោះថ្នាក់​ភាគ​ច្រើន​គឺ​កើត​ឡើង​រវាង​រថយន្ត និង​ម៉ូតូ ៨៩​ករណី និង​គ្រោះថ្នាក់​រវាង​រថយន្ត និង​រថយន្ត​កើត​មាន ២២​ករណី។

​គ្រោះថ្នាក់​នេះ សម្លាប់​មនុស្ស ៨៤​នាក់ ក្នុង​នោះ​មាន​ជនបរទេស​ចំនួន ៦​នាក់ និង​រង​របួស​ធ្ងន់​ស្រាល​សរុប​មាន​ចំនួន ៣៩០​នាក់។ ខូចខាត​យានយន្ត​ចំនួន ៣៥៩​គ្រឿង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។