គ្រោះថ្នាក់​ចរាចរណ៍​៦​ខែ​ដើម​ឆ្នាំ​២០១៥​នៅ​ខេត្ត​ព្រះសីហនុ​សម្លាប់​មនុស្ស​ជាង​៣០​នាក់

0:00 / 0:00

មន្ត្រី​នគរបាល​ខេត្ត​ព្រះសីហនុ បង្ហាញ​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ឆមាស​ទី​១ ឆ្នាំ​២០១៥ មាន​មនុស្ស​ស្លាប់ និង​រង​របួស​ជាង ១៥០​នាក់ ដោយសារ​អ្នក​បើកបរ​ក្នុង​ល្បឿន​លឿន និង​បើកបរ​ក្នុង​អាការៈ​ស្រវឹង​ខួប ជាដើម។

បញ្ហា​នេះ មន្ត្រី​សង្គម​ស៊ីវិល បាន​ស្នើ​ដល់​កម្លាំង​នគរបាល​ចរាចរណ៍ ត្រូវ​ចុះ​ពង្រឹង​ការ​អប់រំ​ច្បាប់​ចរាចរណ៍​ជូន​អ្នក​ប្រើប្រាស់​ផ្លូវ​នៅ​តាម​ផ្លូវ​សាធារណៈ ពិសេស​នៅ​ពេល​រាត្រី ហើយ​ត្រូវ​ដាក់​ពិន័យ​អ្នក​បើកបរ​មិន​គោរព​ច្បាប់ និង​មាន​ជាតិ​ស្រវឹង​ឲ្យ​បាន​ធ្ងន់ធ្ងរ ព្រោះ​អត្រា​គ្រោះថ្នាក់​នេះ​មិន​ទាន់​មាន​សញ្ញា​ថយ​ចុះ​ទេ។

របាយការណ៍​បូក​សរុប​សភាពការណ៍ និង​លទ្ធផល​កិច្ច​សហប្រតិបត្តិការ​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០១៥ របស់​ការិយាល័យ​កណ្ដាល​នគរបាល​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បាន​បង្ហាញ​ថា មាន​គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើង​ចំនួន ១២៧​ករណី។ ក្នុង​នោះ​កើត​ឡើង​ទៅ​លើ​ជន​បរទេស​មាន​ចំនួន ២១​ករណី។ ចំនួន​នេះ បើ​ប្រៀបធៀប ៦​ខែ​ដើម​ឆ្នាំ​២០១៤ គឺ​កើន​ឡើង ១៩​ករណី។ គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើត​ឡើង​ច្រើន​ករណី​ជាង​គេ គឺ​រវាង​រថយន្ត និង​ម៉ូតូ​ចំនួន ៤៥​ករណី រវាង​ម៉ូតូ និង​ម៉ូតូ​ចំនួន ៣៥​ករណី និង​រថយន្ត​បុក​គ្នា​ជាមួយ​រថយន្ត​មាន​ចំនួន ១៣​ករណី។

គ្រោះថ្នាក់​នេះ​សម្លាប់​មនុស្ស​ចំនួន ៣២​នាក់ និង​រង​របួស​ធ្ងន់​ស្រាល​ចំនួន ២១៥​នាក់។ ក្នុង​នោះ​មាន​ជន​បរទេស ១៤​នាក់។ ចំនួន​នេះ​បើ​ប្រៀបធៀប ៦​ខែ​ដើម​ឆ្នាំ​២០១៤ ចំនួន​មនុស្ស​ស្លាប់​បាន​ថយ​ចុះ ១៦​នាក់ ប៉ុន្តែ​ចំនួន​អ្នក​រង​របួស​កើន​ឡើង ៧​នាក់ និង​ខូចខាត​យានយន្ត​ចំនួន ២១៣​គ្រឿង។ ឆ្នាំ​២០១៤ ខូចខាត​យានយន្ត ១៨៦​គ្រឿង គឺ​កើន ២៧​គ្រឿង។

ស្នងការ​រង​នគរបាល​ខេត្ត​ព្រះសីហនុ និង​ជា​ប្រធាន​ការិយាល័យ​កណ្ដាល​នគរបាល​សណ្ដាប់ធ្នាប់​សាធារណៈ លោក អ៊ី សុខា មាន​ប្រសាសន៍​ថា មន្ត្រី​ជំនាញ​របស់​លោក​បាន​បង្កើន​សកម្មភាព​ចុះ​អប់រំ​ច្បាប់​ចរាចរណ៍ ដល់​ប្រជាពលរដ្ឋ​នៅ​តាម​ផ្លូវ​សាធារណៈ​ជា​រៀង​រាល់​ថ្ងៃ នៅ​គ្រា​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​ត្រូវ​ដាក់​ឲ្យ​អនុវត្ត​នា​ពេល​ខាង​មុខ។ លោក​បន្ត​ថា គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើត​ឡើង​នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ គឺ​ដោយសារ​កត្តា​មនុស្ស​មិន​គោរព​ច្បាប់​ចរាចរណ៍ និង​បើកបរ​មាន​សារធាតុ​ស្រវឹង ជាដើម។ គ្រោះថ្នាក់​ជាង ៦០​ករណី កើត​ឡើង​ដោយសារ​ការ​បើកបរ​ក្នុង​ល្បឿន​លឿន ឬ​បើកបរ​ប្រជែង​គ្នា​ក្នុង​ស្ថានភាព​ផ្លូវ​គ្រោះថ្នាក់ ជាដើម។ លោក​ទទួល​ស្គាល់​ថា អាច​មាន​ពលរដ្ឋ​ចន្លោះ​ពី ៣០ ទៅ ៤០​ភាគរយ​មិន​ទាន់​គោរព​ច្បាប់​ចរាចរណ៍ មាន​ដូចជា ពួក​គេ​មិន​ពាក់​មួក​ការពារ​សុវត្ថិភាព បើកបរ​មិន​គោរព​ភ្លើង​សញ្ញា​ចរាចរណ៍ ឬ​ក៏​ម៉ូតូ​មិន​មាន​កញ្ចក់​ត្រឹមត្រូវ ជាដើម។

យ៉ាង​ណា លោក អ៊ី សុខា បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទូទៅ ពិសេស​យុវជន ឲ្យ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ទាំងអស់​គ្នា ដើម្បី​កាត់​បន្ថយ​អត្រា​ស្លាប់ និង​គ្រោះថ្នាក់​ឲ្យ​ថយ​មក​ចំនួន​ទាប​ចាប់​ពី​ឆ្នាំ​២០១៥ នេះ​ត​ទៅ។ លោក​ឲ្យ​ដឹង​ថា សព្វថ្ងៃ​នេះ មន្ត្រី​ជំនាញ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក ខេត្ត​ព្រះសីហនុ កំពុង​ចុះ​ធ្វើ​សកម្មភាព​អប់រំ​អំពី​ច្បាប់​ចរាចរណ៍​ថ្មី​ជូន​ដល់​អ្នក​ជាប់​ពាក់ព័ន្ធ​នៅ​តាម​មូលដ្ឋាន​នានា ដើម្បី​រួម​គ្នា​បង្ការ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យ​ថយ​ចុះ​នា​ថ្ងៃ​អនាគត៖ «ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺ​ខ្ញុំ​បាន​បញ្ជូន​កម្លាំង​ជំនាញ​បង្កើន​ការ​ចុះ​អប់រំ​ច្បាប់​ចរាចរណ៍​ថ្មី ដល់​មូលដ្ឋាន មាន​សាលា​រៀន កម្មករ​រោងចក្រ គ្រឹះស្ថាន និង​កម្មករ​ធ្វើ​សំណង់​ជាដើម ឬ​តាម​រយៈ​ភូមិ​ឃុំ​សុវត្ថិភាព អ្នក​រត់​ម៉ូតូ​ឌុប ម៉ូតូ​កង់​បី និង​ក្រុមហ៊ុន​ដឹក​ជញ្ជូន ជាដើម។ ជាង​នេះ ក៏​បាន​តម្រូវ​ដល់​ប៉ូលិស​ដែល​ឈរ​ជើង​តាម​ផ្លូវ ឲ្យ​អប់រំ​ថែម​ទៀត​ដល់​ប្រជាពលរដ្ឋ​ឲ្យ​យល់​ពី​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក និង​ត្រូវ​គោរព​ឲ្យ​បាន​ទាំងអស់​គ្នា»

ទោះ​ជា​បែប​នេះ​ក្តី មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ បាន​រិះគន់​ថា អ្នក​ប្រើប្រាស់​ផ្លូវ ឬ​អ្នក​បើកបរ​យានយន្ត​នា​មូលដ្ឋាន​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ មិន​ទាន់​គោរព​ច្បាប់​ចរាចរណ៍​ត្រឹមត្រូវ​ទេ។ ជាង​នេះ គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ក​ដោយ​ជន​បរទេស​មិន​ចេះ​ច្បាប់​ចរាចរណ៍ និង​មិន​ចេះ​បើកបរ​ម៉ូតូ​ជាដើម ពួក​គេ​អាច​មាន​សិទ្ធិ​បើក ឬ​ប្រើប្រាស់​ផ្លូវ​ដោយ​គ្មាន​សមត្ថកិច្ច​ហាម​ឃាត់​ទេ។ បញ្ហា​នេះ ក្រុម​ប្រជាពលរដ្ឋ​មាន​លំនៅឋាន​នៅ​ខេត្ត​ព្រះសីហនុ បាន​ស្នើ​ដល់​កម្លាំង​នគរបាល​ចរាចរណ៍​ខេត្ត​នេះ ឲ្យ​ជួយ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ទៅ​លើ​អ្នក​បើកបរ​រថយន្ត​ធំៗ មាន​រថយន្ត​កុងតឺន័រ រថយន្ត​ដឹក​ទំនិញ​ធុន​ធ្ងន់ និង​រថយន្ត​ក្រុង​ដឹក​អ្នក​ដំណើរ​ជាដើម ឲ្យ​បាន​ជា​ប្រចាំ។ ក្រុម​ប្រជាពលរដ្ឋ​លើក​ឡើង​ថា អាជ្ញាធរ​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ជន​បរទេស​ដែល​មិន​ចេះ​បើកបរ​ម៉ូតូ អាច​ប្រើប្រាស់​ផ្លូវ​សាធារណៈ​នោះ​ទេ។

ចំណែក​មន្ត្រី​សម្រប​សម្រួល​អង្គការ​លីកាដូ (Licadho) ខេត្ត​ព្រះសីហនុ លោក ឃុន សាវឿន បាន​សង្កេត​ឃើញ​ថា អ្នក​បើកបរ ឬ​ប្រើប្រាស់​ផ្លូវ​នា​ខេត្ត​ទេសចរណ៍​មួយ​នេះ មិន​ទាន់​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ត្រឹមត្រូវ​ពិត​មែន។ ចំណែក​ជន​បទេស ពួក​គេ​មាន​សិទ្ធិ​បើកបរ​ម៉ូតូ​ដោយ​គ្មាន​ការ​ហាម​ឃាត់ ទាំង​ជន​បរទេស​ខ្លះ​មិន​ចេះ​បើកបរ​ជាដើម និង​បាន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ជា​បន្តបន្ទាប់។ លោក​ថា កន្លង​មក​មាន​គ្រោះថ្នាក់​ចរាចរណ៍​ជាច្រើន​ករណី បង្ក​ឡើង​ដោយ​ជន​បរទេស​បើកបរ​មិន​ចេះ​ច្បាប់ ឬ​បើកបរ​ក្នុង​ល្បឿន​លឿន និង​មាន​ជាតិ​ស្រវឹង​ជាដើម ប៉ុន្តែ​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ គ្មាន​វិធានការ​ទប់ស្កាត់​ទេ។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ បាន​ស្នើ​ដល់​សមត្ថកិច្ច​គ្រប់​ជំនាញ ពិសេស​នគរបាល​ចរាចរណ៍​ខេត្ត​ព្រះសីហនុ ត្រូវ​ចុះ​ពង្រឹង ឬ​អប់រំ​ពី​ច្បាប់​ចរាចរណ៍​ជូន​ពលរដ្ឋ ពិសេស​ជន​បរទេស​ដែល​ទៅ​រស់នៅ ឬ​ទស្សនា​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ​ឲ្យ​បាន​ច្រើន​ថែម​ទៀត ដើម្បី​ឈាន​ដល់​កាត់​បន្ថយ​អត្រា​គ្រោះថ្នាក់ និង​អត្រា​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នា​ថ្ងៃ​អនាគត៖ «សូម​ឲ្យ​ត្រួត​ពិនិត្យ​ឡើង​វិញ​នូវ​រថយន្ត​ដឹក​ទំនិញ​ធំៗ មាន​កុងតឺន័រ និង​រថយន្ត​ក្រុង​ដឹក​អ្នក​ដំណើរ​ជាដើម គឺ​អ្នក​បើកបរ​ក្នុង​ល្បឿន​លឿន​ទោះ​នៅ​តាម​ផ្លូវ​ជាតិ ឬ​កណ្ដាល​ក្រុង​ជាដើម ព្រោះ​តែង​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ជា​ប្រចាំ»

លោក ឃុន សាវឿន សំណូមពរ​ថា នគរបាល​ចរាចរណ៍​គួរ​ដាក់​ពង្រាយ​នៅ​ពេល​រាត្រី ដើម្បី​ត្រួត​ពិនិត្យ​អ្នក​បើកបរ​មាន​ជាតិ​ស្រវឹង​ឲ្យ​បាន​ជា​ប្រចាំ ព្រោះ​រាល់​ថ្ងៃ​នេះ គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើង​ភាគ​ច្រើន​នៅ​ខេត្ត​ព្រះសីហនុ គឺ​ផ្ដើម​ដោយសារ​អ្នក​បើកបរ​ស្រវឹង ហើយ​គ្រោះថ្នាក់​ភាគ​ច្រើន កើត​ឡើង​នៅ​ពេល​រាត្រី៖ «ខាង​ប៉ូលិស​ចរាចរណ៍​គួរ​តែ​មាន​ក្រុម​ណា​មួយ ធ្វើ​ការ​ត្រួត​ពិនិត្យ​អ្នក​បើកបរ​នៅ​ពេល​យប់ ពីព្រោះ​អ្នក​បើកបរ​ពេល​យប់​ភាគ​ច្រើន បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ជោគ ហើយ​តែង​បង្ក​ការ​បុក​រះ​នៅ​តាម​ផ្លូវ បណ្ដាល​ឲ្យ​គ្រោះថ្នាក់​ដល់​ពលរដ្ឋ​ដទៃ ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​សាធារណៈ​នោះ​ដែរ»

ឆ្លើយ​តប​បញ្ហា​នេះ លោក អ៊ី សុខា ស្នងការ​រង​នគរបាល​ខេត្ត​ព្រះសីហនុ បញ្ជាក់​ថា មន្ត្រី​ជំនាញ​របស់​លោក​បាន​បង្កើន​សកម្មភាព​ចុះ​អប់រំ​ច្បាប់​ចរាចរណ៍ ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​ផ្លូវ​សាធារណៈ​ជា​រៀង​រាល់​ថ្ងៃ នៅ​គ្រា​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​ត្រូវ​ដាក់​ឲ្យ​អនុវត្ត​នា​ពេល​ខាង​មុខ។ លោក​ស្នើ​ដល់​ប្រជាពលរដ្ឋ ពិសេស​យុវជន ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​គ្រប់​ពេលវេលា នៅ​ពេល​ឡើង​បើកបរ​យានយន្ត​គ្រប់​ប្រភេទ មាន​រថយន្ត ឬ​ម៉ូតូ ជាដើម នៅ​តាម​ផ្លូវ​សាធារណៈ។ ជាង​នេះ​ទៀត អ្នក​ប្រើប្រាស់​ម៉ូតូ ដាច់​ខាត​ត្រូវ​តែ​ពាក់​មួក​ការពារ​សុវត្ថិភាព​ជា​ប្រចាំ ទោះ​ជា​ចម្ងាយ​ផ្លូវ​ជិត ឬ​ឆ្ងាយ​បែប​ណា​ក្តី៖ «ខ្ញុំ​បាន​ដាក់​បទបញ្ជា​ដល់​កម្លាំង​នគរបាល​ចរាចរណ៍​ទាំងអស់ ឲ្យ​រឹត​បន្តឹង​គោលដៅ​ដើម​ទី ដោយ​ពិនិត្យ​មើល​ហ្វ្រាំង ភ្លើង ទូ​ដឹក​ទំនិញ ឬ​ដឹក​ទំនិញ​មិន​ឲ្យ​លើស​ចំណុះ​ជាដើម។ ក្នុង​នោះ បញ្ហា​ល្បឿន​ក៏​បាន​ណែនាំ​មិន​ត្រូវ​បើក​ហួស​ល្បឿន​ច្បាប់​កំណត់ មិន​ត្រូវ​បើកបរ​ពេល​មាន​ជាតិ​ស្រវឹង​ជាដើម គឺ​ត្រូវ​បាន​ត្រួត​ពិនិត្យ​ដោយ​យក​ចិត្ត​ទុក​ដាក់។ ហើយ​អ្នក​បើកបរ​ទាំងអស់ ត្រូវ​តែ​មាន​ប័ណ្ណ​បើកបរ​ទាំងអស់​គ្នា»

បញ្ហា​នេះ​ដែរ លោក ឈិត សុខុន អភិបាល​ខេត្ត​ព្រះសីហនុ ក៏​បាន​ស្នើ​ដល់​ប្រជាពលរដ្ឋ​ទូទៅ ពិសេស​យុវជន ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​គ្រប់​គ្នា ដើម្បី​ចូលរួម​កាត់​បន្ថយ​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត និង​បំផ្លាញ​សេដ្ឋកិច្ច​នៅ​តាម​គ្រួសារ​រៀងៗ​ខ្លួន។ លោក​ស្នើ​ឲ្យ​អ្នក​បើកបរ កុំ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​ជាតិ​ស្រវឹង កុំ​បើក​ហួស​ល្បឿន​កំណត់ ត្រូវ​គោរព​សិទ្ធិ​អាទិភាព​ក្នុង​ពេល​បើកបរ កុំ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ពេល​កំពុង​បើកបរ កុំ​បើកបរ​វ៉ា​ជែង​គ្នា​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ និង​ការពារ​ជីវិត​អ្នក​ដោយ​ពាក់​មួក​សុវត្ថិភាព និង​ពាក់​ខ្សែ​ក្រវាត់ ជាដើម។

របាយការណ៍​បូក​សរុប​ការងារ​ឆ្នាំ​២០១៤ របស់​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក នៃ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​បង្ហាញ​ថា ខេត្ត​នេះ​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើង ២០៤​ករណី ក្នុង​នោះ​កើត​ឡើង​ទៅ​លើ​ជន​បរទេស​ចំនួន ៥០​ករណី។ បើ​ប្រៀបធៀប​ឆ្នាំ​២០១៣ គឺ​ថយ​ចុះ​ចំនួន ១២​ករណី។ ឆ្នាំ​២០១៣ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើត​ឡើង​ចំនួន ២១៦​ករណី។ គ្រោះថ្នាក់​ភាគ​ច្រើន គឺ​កើត​ឡើង​រវាង​រថយន្ត និង​ម៉ូតូ ៨៩​ករណី និង​គ្រោះថ្នាក់​រវាង​រថយន្ត និង​រថយន្ត កើត​មាន ២២​ករណី។ គ្រោះថ្នាក់​នេះ សម្លាប់​មនុស្ស ៨៤​នាក់ ក្នុង​នោះ​មាន​ជន​បរទេស​ចំនួន ៦​នាក់ និង​រង​របួស​ធ្ងន់​ស្រាល​សរុប​មាន​ចំនួន ៣៩០​នាក់ ខូចខាត​យានយន្ត​ចំនួន ៣៥៩​គ្រឿង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។