អ្នក​សេដ្ឋកិច្ច​ផ្ដល់​ដំណោះស្រាយ​១០​ចំណុច​លើ​បញ្ហា​កក​ស្ទះ​ចរាចរណ៍​នៅ​កម្ពុជា

0:00 / 0:00

មន្ត្រី​រដ្ឋាភិបាល អ្នក​សេដ្ឋកិច្ច និង​យុវជន លើក​ឡើង​ថា ការ​កក​ស្ទះ​ចរាចរណ៍​នៅ​តាម​បណ្ដា​ទីប្រជុំជន​នានា ជាពិសេស​នៅ​ក្នុង​ទីក្រុង ​បាន​ក្លាយ​ជា​បញ្ហា​ចម្បង ធ្វើ​ឲ្យ​ពលរដ្ឋ​គ្រប់​រូប លើក​យក​ទៅ​ពិភាក្សា​ស្ទើរ​គ្រប់​ទី​កន្លែង។ ចំណែក​អ្នក​សេដ្ឋកិច្ច​យល់​ថា បញ្ហា​កក​ស្ទះ​ចរាចរណ៍ កំពុង​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ការ​អប់រំ និង​របៀប​របប​នៅ​ក្នុង​សង្គម។

ការ​មិន​គោរព​ភ្លើង​សញ្ញា​ចរាចរណ៍ ការ​មិន​គោរព​សិទ្ធ​អាទិភាព កង្វះ​ការ​យល់​ដឹង​ពី​ច្បាប់​ចរាចរណ៍ បើក​បរ​មិន​អធ្យាស្រ័យ​គ្នា វត្តមាន​យានយន្ត​ដឹក​ទំនិញ​ធំៗ​ក្នុង​ទីក្រុង​កើន​ឡើង ការ​ធ្វើ​អាជីវកម្ម​លើ​ចំណី​ផ្លូវ ការ​ចត​យានយន្ត​គ្មាន​សណ្ដាប់ធ្នាប់ ជា​មូលហេតុ​សំខាន់​បង្ក​ឲ្យ​កក់​ស្ទះ​ចរាចរណ៍។

ថ្លែង​ទៅ​កាន់​សិក្ខាសាលា​ស្ដីពី «ទស្សនៈ ៣៦០​ដឺក្រេ លើ​ការ​កក់​ស្ទះ​ចរាចរណ៍» កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ មាន​ប្រសាសន៍​ថា បញ្ហា​កក​ស្ទះ​ចរាចរណ៍​បាន​ក្លាយ​ជា​បញ្ហា​អាទិភាព​ដែល​សាលា​រាជធានី​ត្រូវ​ដោះស្រាយ​ជា​បន្ទាន់ ព្រោះ​កក​ស្ទះ​ចរាចរណ៍​ជា​មូលហេតុ​សំខាន់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍។ លោក​ឲ្យ​ដឹង​ទៀត​ថា ក្នុង​មួយ​ថ្ងៃ​នៅ​កម្ពុជា មាន​ជន​រង​គ្រោះ​ប្រមាណ ៩​នាក់ បាន​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នេះ។

អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ រូប​នេះ បាន​ឲ្យ​ដឹង​ទៀត​ថា កន្លង​មក​បើ​ទោះ​ជា​សាលា​រាជធានី​ខិតខំ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​ធ្វើ​សកម្មភាព​ជា​ច្រើន​ទៀត​ដើម្បី​ដោះស្រាយ​បញ្ហា​ការ​កក​ស្ទះ​ចរាចរណ៍ ក៏​បញ្ហា​នេះ​នៅ​តែ​ជា​បញ្ហា​ប្រឈម។

លោក​បន្ត​ទៀត​ថា បញ្ហា​កក​ស្ទះ​ចរាចរណ៍​នៅ​រាជធានី​ភ្នំពេញ ភាគ​ច្រើន​បណ្ដាល​មក​ពី​កំណើន​ប្រជាពលរដ្ឋ​រស់​នៅ​កាន់​តែ​ច្រើន ការ​កើន​ឡើង​នៃ​ចំនួន​យានយន្ត និង​ការ​មិន​គោរព​ច្បាប់​ចរាចរណ៍​របស់​ពលរដ្ឋ បញ្ហា​នេះ​លោក​ស្នើ​ឲ្យ​ពលរដ្ឋ​គោរព​ច្បាប់​ចរាចរណ៍​ទាំង​អស់​គ្នា៖ «ការ​កក​ស្ទះ​ចរាចរណ៍​វា​ជា​រឿង​សំខាន់​ដែល​យើង​ទាំង​អស់​គ្នា​ចាំបាច់​ត្រូវ​ដោះស្រាយ ព្រោះ​វា​បង្ក​ឲ្យ​បាត់បង់​ដល់​អាយុ​ជីវិត និង​ទ្រព្យសម្បត្តិ និង​ប៉ះពាល់​ជា​ច្រើន​ទៀត ដូច្នេះ​ខ្ញុំ​សូម​ឲ្យ​ពលរដ្ឋ​ទាំង​អស់​យក​ចិត្ត​ទុក​លើ​បញ្ហា​នេះ»

ឆ្លើយ​តប​នឹង​បញ្ហា​ការ​កក​ស្ទះ​ចរាចរណ៍ អ្នក​វិភាគ​សេដ្ឋកិច្ច​ឯករាជ្យ លោក ចាន់ សុផល បាន​លើក​ឡើង​ថា តាម​ទ្រឹស្ដី​សេដ្ឋកិច្ច​ភាគ​កក​ស្ទះ​ចរាចរណ៍​ច្រើន​កើត​ឡើង​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ ដូចជា​ការ​ប្រមូល​ផ្តុំ​នៃ​បណ្ដា​រោងចក្រ និង​សហគ្រាស កំណើន​មនុស្ស​រស់​នៅ​ទីប្រជុំ​ដើម្បី​ស្វែង​រក​ប្រយោជន៍​សេដ្ឋកិច្ច កត្តា​បរិស្ថាន កត្តា​ច្បាប់​ធូរ​រលុង និង​កត្តា​សង្គម និង​នយោបាយ​ជាដើម។

លោក ចាន់ សុផល បាន​លើក​ឡើង​ទៀត​ថា ការ​កក​ស្ទះ​ចរាចរណ៍​នឹង​ជះឥទ្ធិពល​ដល់​ពេល​វេលា​ដំណើរ​ការ​អាជីវកម្ម ចំណាយ​លើ​ការ​ធ្វើ​ដំណើរ​កើន​ឡើង និង​ប៉ះពាល់​ដល់​ផ្លូវ​ចិត្ត​ដែល​អាច​រាំង​ស្ទះ​ដល់​ការ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ជាដើម៖ «កត្តា​ផល​ប៉ះពាល់​ទៅ​លើ​សេដ្ឋកិច្ច វា​ប៉ះពាល់​ជា​លក្ខណៈ​ប្រព័ន្ធ និង​មាន​ច្រើន​ជុំ ដូចជា​ត្រូវ​ចំណាយ​ពេល​វេលា​ច្រើន ដែល​អាច​បង្ក​ឲ្យ​ប៉ះពាល់​អាជីវកម្ម​របស់​យើង»

អ្នក​វិភាគ​សេដ្ឋកិច្ច​រូប​នេះ​បាន​ផ្ដល់​ដំណោះស្រាយ​ចំនួន ១០​ចំណុច​លើ​បញ្ហា​កក​ស្ទះ​ចរាចរណ៍​ដែល​ជា​ផែនការ​រយៈពេល​ខ្លី​ស្រប​តាម​ស្ថានភាព​កម្ពុជា បច្ចុប្បន្ន ដើម្បី​ចំណេញ​ដល់​សេដ្ឋកិច្ច រួម​មាន បន្ថែម​ប្រាក់​លើក​ចិត្ត​ដល់​ប៉ូលិស​ចរាចរណ៍ បង្កើន​ចំនួន​ប៉ូលិស​ចរាចរណ៍​បាន​ច្រើន បង្កើន​ចំនួន​ភ្លើងស្តុប បង្កើន​ស្លាក​សញ្ញា​ចរាចរណ៍ ការ​រឹត​បន្តឹង​លើ​ច្បាប់​ចរាចរណ៍​ឲ្យ​ទៀងទាត់ ការ​ចំណាយ​ទុន​ទិញ​ដី​ឯកជន​ដើម្បី​ធ្វើ​ហេដ្ឋារចនាសម្ព័ន្ធ ជៀសវាង​បិទ​ផ្លូវ​សាធារណៈ​នៅ​ពេល​មាន​ព្រឹត្តិការណ៍​ណា​មួយ ការ​ជួសជុល​ផ្លូវ​ស្តារ​ប្រព័ន្ធ​លូ​ឲ្យ​បាន​ឆាប់​រហ័ស និង​ពង្រឹង​ការ​ទទួល​ខុស​ត្រូវ​ផ្នែក​គមនាគមន៍​ឲ្យ​បាន​ច្បាស់លាស់។

អង្គការ​សុខភាព​ពិភពលោក (WHO) បាន​បង្ហាញ​របាយការណ៍​ថា កាលពី​ឆ្នាំ​២០១៣ កន្លង​ទៅ កម្ពុជា ខាត​បង់​សេដ្ឋកិច្ច​ជាតិ​ប្រមាណ ៣៣៧​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដោយសារ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍។ ទឹកប្រាក់​ខាតបង់​នេះ គឺ​កើន​ឡើង​ចំនួន ៨​លាន​ដុល្លារ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១២ កន្លង​ទៅ ដែល​គ្រោះថ្នាក់​ចរាចរណ៍​ខូចខាត​សេដ្ឋកិច្ច​ជាតិ​ប្រមាណ ៣២៩​លាន​ដុល្លារ​អាមេរិក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។