ក្នុងពេលសហជីពជាច្រើនក្រុម កំពុងចរចាជាមួយតំណាងម្ចាស់រោងចក្រ និងតំណាងរដ្ឋាភិបាល ដើម្បីទាមទារឡើងប្រាក់ខែគោល ស្រាប់តែមានសហជីពមួយក្រុមបែរជាទាមទារសុំប្រាក់អត្ថប្រយោជន៍កម្មករទៅវិញ។
តើការទាមទារនេះ នឹងបង្កឱ្យមានផលប៉ះពាល់យ៉ាងណាដល់ដំណើរការទាមទារប្រាក់ខែគោល?
សហជីពមួយក្រុមដែលមានសមាជិកជាក្រុមសហជីពចំនួន ១៣អង្គភាពរួមគ្នា បានផ្ញើលិខិតមួយច្បាប់ សុំឲ្យរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជួយរៀបចំឲ្យមានការប្រជុំមួយ ដើម្បីពិភាក្សាអំពីការផ្តល់ប្រាក់អត្ថប្រយោជន៍ឲ្យកម្មករ។
ប្រធានសហជីពសហភាពជាតិកម្ពុជា ការពារកម្មករ លោក សាត់ ឈាងហួរ ដែលអះអាងថាជាតំណាងឲ្យសហជីព ១៣អង្គភាពរួមគ្នា មានប្រសាសន៍នៅថ្ងៃទី២៩ តុលា ថា ក្រុមលោកចង់ជួបជាមួយម្ចាស់រោងចក្រ និងតំណាងរដ្ឋាភិបាល ពិភាក្សាលើប្រាក់ថ្លៃបាយថ្ងៃត្រង់ ប្រាក់សោហ៊ុយធ្វើដំណើរ ប្រាក់ឈ្នួលផ្ទះ និងសេរីភាពក្នុងការបង្កើតសហជីព។
លិខិតផ្ញើជូនលោករដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី២៤ តុលា បានសរសេរថា ក្រុមសហភាពជាតិកម្ពុជា ការពារកម្មករ មានសំណើសុំឲ្យនិយោជករោងចក្រផ្តល់ប្រាក់ថ្លៃបាយថ្ងៃត្រង់ក្នុងមួយខែ ២៦ដុល្លារអាមេរិក ផ្តល់ប្រាក់សោហ៊ុយធ្វើដំណើរ និងថ្លៃជួលផ្ទះក្នុងមួយខែ ២០ដុល្លារអាមេរិក និងសុំឲ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើការចុះបញ្ជិកាសហជីព ដោយមិនចាំបាច់ត្រូវមានលិខិតថ្កោលទោសដែលចេញដោយក្រសួងយុត្តិធម៌ ទេ។
លោក សាត់ ឈាងហួរ ប្រធានសហភាពជាតិកម្ពុជា ការពារកម្មករ មានប្រសាសន៍ថា ក្រុមលោកមិនទាមទារផ្ដោតទៅលើការឡើងប្រាក់ខែគោលទេ ដោយសារមានក្រុមសហជីពផ្សេងទាមទារទៅហើយ។ ប៉ុន្តែលោកយល់ថា បើសិនជាក្រុមលោកទាមទារបានប្រាក់អត្ថប្រយោជន៍នោះ គឺប្រាក់ខែកម្មកររោងចក្រកាត់ដេរ អាចឡើងបានពីប្រាក់ខែគោលបច្ចុប្បន្ន ១០០ដុល្លារអាមេរិកក្នុងមួយខែ ទៅដល់ ១៤៦ដុល្លារអាមេរិក៖ «ដោយសារតែកម្មករភាគច្រើនសំណូមពរ ហើយក្រុមយើងឃើញថា បច្ចុប្បន្នគេបានត្រឹមតែចរចាពិភាក្សាដំឡើងប្រាក់ឈ្នួល ប៉ុន្តែប្រាក់អត្ថប្រយោជន៍ផ្សេងៗ ដូចជាលុយថ្លៃបាយ លុយថ្លៃធ្វើដំណើរផ្សេងៗអី គេអត់បានដាក់ចូលទេ»។
មកទល់ពេលនេះ មិនទាន់មានការឆ្លើយតបពីលោករដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅឡើយទេ អំពីការសុំឲ្យមានការជួបប្រជុំគ្នានោះ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីសួរបញ្ជាក់អំពីការសម្រេចរបស់លោករដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចំពោះការប្រជុំនោះបានទេ នៅថ្ងៃទី២៩ តុលា។
ទាក់ទងជាមួយការសុំប្រាក់អត្ថប្រយោជន៍របស់ក្រុមសហជីពសហភាពជាតិកម្ពុជា ការពារកម្មករនេះ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ និងជាសមាជិកគណៈកម្មការត្រីភាគីពិភាក្សាប្រាក់ឈ្នួល លើកឡើងថា ការទាមទាររបស់ក្រុម លោក សាត់ ឈាងហួរ នេះ គឺគ្រាន់តែជាការទាមទារមួយ ដើម្បីបង្វែរការចាប់អារម្មណ៍លើការទាមទារប្រាក់ឈ្នួលគោល ទៅជារឿងទាមទារប្រាក់អត្ថប្រយោជន៍ទៅវិញប៉ុណ្ណោះ៖ «គេគ្រាន់តែធ្វើឲ្យការចរចាប្រាក់ឈ្នួលយើងត្រូវបានភាគីរដ្ឋាភិបាល យល់ថាមិនមែនទារតែយើងទេ គឺគេទារដែរ។ ដូច្នេះ កាលណាយើងដាក់លេខខ្ពស់ពេកទៅ វាពិបាកក្នុងការទារអ៊ីចឹងណា។ អ៊ីចឹងគេធ្វើមួយទៅ ដើម្បីកុំឲ្យសំឡេងវាមានតែក្រុមយើងធ្វើពេក។ ពីព្រោះកន្លងមកមានតែក្រុមយើងទេ បានពុះពារធ្វើរឿងនេះ»។
ចំពោះលទ្ធផលនៃការចរចាទាមទារប្រាក់ខែគោល ១៧៧ដុល្លារអាមេរិក លោក ប៉ាវ ស៊ីណា បានឲ្យដឹងថា មកទល់ពេលនេះ ការចរចាបានឈានដល់ការធ្វើរបាយការណ៍បញ្ចប់ ដើម្បីសុំយោបល់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ហើយ។ ទាក់ទងតួលេខទាមទារប្រាក់ឈ្នួលគោលនោះ គឺភាគីសហជីព ទារប្រាក់ខែគោល ១៤០ដុល្លារអាមេរិកក្នុងមួយខែ។ ចំណែកភាគីរដ្ឋាភិបាល កំណត់ឲ្យភាគីនិយោជក និងសហជីព ពិភាក្សាចំនួនប្រាក់ខែគោលនោះចាប់ពី ១២០ដុល្លារអាមេរិកឡើងទៅ។ ដូច្នេះ ចំនួនប្រាក់ខែគោលនោះ គឺអាចចាប់ពី ១២០ ទៅ ១៤០ដុល្លារអាមេរិក ប៉ុន្តែការសម្រេចត្រឹមចំនួនប៉ុន្មាននោះ ត្រូវមានការជជែកគ្នា និងបោះឆ្នោតសម្រេចទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។