សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ផ្ញើលិខិតជូន លោក អ៊ឹម សិទ្ធី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឲ្យជួយបើកប្រាក់ខែ និងទប់ស្កាត់ការកាត់ប្រាក់ឧបត្ថម្ភពីគ្រូបង្រៀននៅតាមរាជធានីខេត្តមួយចំនួន។
លិខិតចុះថ្ងៃទី១៦ ខែកក្កដា ផ្ញើជូនរដ្ឋមន្ត្រីក្រសួងអប់រំ ចុះហត្ថលេខាដោយ លោក រ៉ុង ឈុន បានឲ្យដឹងថា ក្រុមគ្រូបង្រៀនតាមខេត្តខ្លះមានខេត្តរតនគិរី ជាដើម មិនទាន់បើកប្រាក់បៀវត្សខែមិថុនា ទេ គិតមកដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៣។
លិខិតដដែលបានបញ្ជាក់ថា ប្រាក់ឧបត្ថម្ភជូនគ្រូបង្រៀននៅតំបន់ដាច់ស្រយាលក្នុង១ត្រីមាស ផ្តល់ជូនគ្រូបង្រៀនចំនួន ៦ម៉ឺនរៀល ក៏ត្រូវមន្ត្រីការិយាល័យអប់រំស្រុកនិមួយៗ កាត់យក ១ម៉ឺនរៀល សរុបបីត្រីមាស កាត់អស់ ៣ម៉ឺនរៀល ដោយគ្មានការឯកភាពពីគ្រូបង្រៀន។
ផ្ដើមពីភាពមិនប្រក្រតីនេះ លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានស្នើដល់រដ្ឋាភិបាលជាប់ឆ្នោតថ្មី ត្រូវគិតគូរពីជីវភាពរបស់មន្ត្រីរាជការ គ្រូបង្រៀន និងត្រូវបើកប្រាក់បៀវត្សឲ្យបានទៀងទាត់តាមខែនិមួយៗ។ លោកបានស្នើឲ្យមន្ត្រីរាជការ ឬគ្រូបង្រៀន ត្រូវសម្រេចចិត្តឲ្យបានត្រឹមត្រូវ និងត្រូវទៅបោះឆ្នោតនៅថ្ងៃទី២៨ ខែកក្កដា តាមឆន្ទៈរៀងៗខ្លួន។
លោក រ៉ុង ឈុន៖ «មានតែវិធីមួយទេ យើងត្រូវតែធ្វើការផ្លាស់ប្ដូរនៅថ្ងៃទី២៨ ខែកក្កដា ដើម្បីកុំឲ្យមានភាពអសកម្មការបើកប្រាក់បៀវត្សមិនបានទៀងពេលវេលា ហើយបញ្ហាកាត់លុយអី សូមឲ្យលុបបំបាត់។ គឺសន្លឹកឆ្នោតលោកគ្រូអ្នកគ្រូមួយសន្លឹកហ្នឹង សម្រេចចិត្តនៅថ្ងៃទី២៨ ហ្នឹង គឺបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ ទៅ។ យើងត្រូវតែផ្លាស់ប្ដូរទៅ យើងមិនត្រូវទុកបន្តអ្នកដឹកនាំដែលមិនយកចិត្តទុកដាក់បែបហ្នឹងនៅបន្តទៀតទេ»។
លោក រ៉ុង ឈុន បានចាត់ទុកករណីកាត់ប្រាក់ខែរបស់គ្រូបង្រៀន ឬមន្ត្រីរាជការតាមស្ថាប័ននានា ថាជាអំពើពុករលួយ និងជាការមិនទទួលខុសត្រូវរបស់រដ្ឋាភិបាលចំពោះគ្រូបង្រៀន ឬមន្ត្រីរាជការ។
គ្រូបង្រៀនមិនបង្ហាញអត្តសញ្ញាណនៅខេត្តរតនគិរី ម្នាក់ ស្ថិតក្នុងចំណោមគ្រូបង្រៀនច្រើនទៀត បានរិះគន់ថ្នាក់ដឹកនាំក្រសួងអប់រំ និងរដ្ឋាភិបាលថា សូម្បីប្រាក់បៀវត្សរបស់គ្រូបង្រៀន ក៏បើកមិនបានទៀងទាត់តាមខែនិមួយៗ។
គ្រូបង្រៀនរូបនេះបានអំពាវនាវដល់រដ្ឋាភិបាលថ្មី ដែលនឹងជាប់ឆ្នោតអាណត្តិទី៥ ត្រូវយកចិត្តទុកដាក់បើកប្រាក់ខែជូនគ្រូបង្រៀនឲ្យបានទៀងទាត់ និងមិនត្រូវកាត់ប្រាក់បៀវត្សគ្រូបង្រៀនដូចសព្វថ្ងៃនេះទេ៖ «សូមឲ្យរដ្ឋាភិបាលថ្មីដែលឈ្នះឆ្នោតអាណត្តិទី៥ សូមឲ្យកែទម្រង់នៅក្នុងប្រព័ន្ធអប់រំទាំងអស់ រួមទាំងផ្លាស់ប្ដូរក្បាលម៉ាស៊ីនដឹកនាំផង។ ក្បាលម៉ាស៊ីនដែលបក្ខពួកនិយម និងពុករលួយសព្វថ្ងៃនេះចោល។ រាល់ថ្ងៃនេះ ប្រាក់ខែគ្រូបើកអត់បានទៀងទាត់ទេ សូមអន្តរាគមន៍ឲ្យរដ្ឋាភិបាលហ្នឹង បើកប្រាក់ខែឲ្យបានទាន់ពេលនៅតាមខេត្តនានា ដែលគាត់មានការលំបាក ជាពិសេស គ្រូបង្រៀននៅតាមស្រុកតែម្តង»។
ទាក់ទិនបញ្ហានេះ លោក ភួង សុវណ្ណ ប្រធានក្រុមការងារសហជីពសេវាកម្មអាស៊ាន ប្រចាំប្រទេសកម្ពុជា និងជាគណៈកម្មាធិការនាយកសមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា ក៏ស្នើឲ្យរដ្ឋាភិបាលអាណត្តិថ្មី ត្រូវជំរុញបើកប្រាក់បៀវត្សជូនមន្ត្រីរាជការឲ្យបានទៀងទាត់ដែរ។
ជាងនេះ រដ្ឋាភិបាល ឬតាមក្រសួងស្ថាប័ននិមួយៗ ត្រូវបញ្ឈប់កាត់ប្រាក់បៀវត្ស ឬប្រាក់ឧបត្ថម្ភផ្សេងៗពីបុគ្គលិកមន្ត្រីរាជការតទៅទៀត។ លោករិះគន់ថា រដ្ឋាភិបាលសព្វថ្ងៃ នៅគ្រាប្រាក់បៀវត្សមន្ត្រីរាជការនៅមានចំនួនតិចនោះ តែបែរជាបើកមិនបានទៀងទាត់ និងមានកាត់ប្រាក់បៀវត្សថែមទៀត៖ «ចាំបាច់ប្រាក់បៀវត្សហ្នឹងហើយ ត្រូវបើកឲ្យបានទៀងទាត់។ ប៉ុន្តែ បើថ្នាក់ដឹកនាំថ្នាក់លើ បើពុករលួយបាន គាត់ចង់បើកយឺតក៏បើកទៅ។ តែសម្រាប់បុគ្គលិកធម្មតា ត្រូវបើកឲ្យបានទាន់ពេលវេលា។ ក្រៅពីនេះ ស្នើឲ្យរដ្ឋាភិបាលកាត់បន្ថយការកាត់ប្រាក់ចំណាយផ្សេងៗរបស់មន្ត្រីរាជការទៅលើប្រាក់អត្ថប្រយោជន៍ផ្សេងៗ នៅក្នុងស្ថាប័នពីលើដល់ក្រោយហ្នឹង គឺកុំឲ្យកាត់ជាភាគរយដូចសព្វថ្ងៃ»។
មន្ត្រីសមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា បានឲ្យដឹងថា ចំនួនមន្ត្រីរាជការសរុបនៅទូទាំងប្រទេស មានចន្លោះពី ១៨ម៉ឺននាក់ ទៅ ២០ម៉ឺននាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
