
សហជីពឯករាជ្យមកពី ៨ស្ថាប័ន នៅថ្ងៃទី៦ ខែតុលា បានឯកភាពគ្នាជាឯកច្ឆន្ទ កំណត់យកប្រាក់ឈ្នួលចំនួន ១៦០ដុល្លារក្នុងមួយខែ ដាក់បញ្ចូលក្នុងកិច្ចចរចាប្រាក់ឈ្នួលអប្បបរមាជូនកម្មករសម្រាប់ឆ្នាំ២០១៦។ ទន្ទឹមគ្នានេះ តំណាងសហជីពអះអាងថា នឹងធ្វើយុទ្ធនាការរួមគ្នា ទាមទារដំឡើងប្រាក់ឈ្នួលកម្មករសម្រាប់ឆ្នាំ២០១៦ ចាប់ពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥ តទៅ។
កិច្ចចរចាប្រាក់ឈ្នួលអប្បបរមាជូនកម្មករសម្រាប់ឆ្នាំ២០១៦ ត្រីភាគីដែលមានសហជីពកម្មករ និយោជក និងក្រសួងការងារ មិនទាន់ឯកភាពលើតួលេខប្រាក់ឈ្នួលរួមគ្នាជូនកម្មករនៅកម្ពុជា នៅឡើយ ទោះបីជាមានការជជែកគ្នាជាច្រើនលើកមកហើយក្ដី។
ការចរចានេះ ខណៈភាគីនិយោជកបានព្រមឡើងដល់ ៤% ថែមលើប្រាក់ខែចាស់ ១២៨ដុល្លារ។ រីឯភាគីសហជីពកម្មករវិញ ក៏បានចុះមកត្រឹម ២៥% ដែលស្មើនឹង ១៦០ដុល្លារ ថែមលើប្រាក់ខែចាស់។ តែការចរចានេះ មិនទាន់ឯកភាពគ្នានៅឡើយ។ តំណាងសហជីពអះអាងថា ពួកគេនឹងចាប់ផ្ដើមធ្វើយុទ្ធនាការដំបូងនៅថ្ងៃទី៧ ខែតុលា ដើម្បីបង្ហាញពីជំហរទាមទារប្រាក់ឈ្នួលជូនកម្មករ ឲ្យមានការរស់នៅសមរម្យ និងថ្លៃថ្នូរ។
ការលើកឡើងរបស់ក្រុមសហជីពនៅពេលនេះ ត្រូវបានធ្វើឡើងក្រោយបញ្ចប់កិច្ចប្រជុំបិទទ្វាររវាងក្រុមការងារបច្ចេកទេសត្រីភាគី ដើម្បីពិភាក្សាប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងសម្រាប់ឆ្នាំ២០១៦ នៅថ្ងៃទី៦ ខែតុលា នាទីស្ដីការក្រសួងការងារ។
តំណាងសហជីពកម្ពុជា ដែលបានចូលរួមកិច្ចប្រជុំនោះ និងជាប្រធានសម្ព័ន្ធសហជីពស៊ីខៅដូ (C.CAWDU) លោក អាត់ ធន់ បានឲ្យដឹងពីលទ្ធផលក្រោយកិច្ចប្រជុំបិទទ្វារជាង ២ម៉ោងថា ចាប់ពីថ្ងៃទី២៨ កញ្ញា មក កិច្ចចរចាប្រាក់ឈ្នួលអប្បបរមាជូនកម្មករឆ្នាំ២០១៦ នៅតែខ្វែងគំនិតគ្នាលើប្រាក់ឈ្នួលនៅឡើយ ព្រោះភាគីនិយោជកបានដំឡើងត្រឹមតែ ៤% ដោយអាចដំឡើងបានជាង ១៣៣ដុល្លារប៉ុណ្ណោះ ហើយភាគីសហជីពបានបញ្ចុះមកត្រឹម ២៥% ស្មើនឹង ១៦០ដុល្លារ។ លោក អាត់ ធន់ អះអាងថា ១៦០ដុល្លារ ជាតួលេខចុងក្រោយដែលក្រុមសហជីពឯកភាពគ្នា ទាមទារដើម្បីបន្តចរចាជាមួយភាគីនិយោជក។ ជាងនេះទៀត លោកថា នៅថ្ងៃទី៧ តុលា ក្រុមសហជីពនឹងធ្វើយុទ្ធនាការដោយសន្តិវិធីនៅខាងមុខរោងចក្រជិត៦០ ទាំងតាមបណ្ដាខេត្ត និងរាជធានីភ្នំពេញ ដើម្បីស្វែងរកជំហររបស់កម្មករលើការកំណត់ប្រាក់ឈ្នួលកម្មករនៅកម្ពុជា៖ «ថ្ងៃស្អែកនេះសហជីពចាប់ផ្ដើមធ្វើយុទ្ធនាការទាមទារប្រាក់ខែកម្មករនៅតាមរោងចក្រជិត ៦០ នៅតាមកន្លែងផ្សេងៗគ្នា ដើម្បីស្វែងរក និងបង្ហាញជំហររបស់កម្មករនិយោជិត តើគាត់ចង់បានចុងក្រោយចំនួនប៉ុន្មាន ដើម្បីយើងដាក់តម្រូវការនោះចូលក្នុងការចរចាជាមួយភាគីនិយោជក និងក្រសួងបន្តទៀត»។
ទោះជាយ៉ាងណា ក្រុមសហជីពមិនទាន់បញ្ជាក់ច្បាស់លាស់នៅឡើយពីរយៈពេល នៃយុទ្ធនាការប្រាក់ឈ្នួលនេះ ប៉ុន្តែក្រុមសហជីពអះអាងថា នឹងយកគំនិតដែលបានមកពីយុទ្ធនាការនេះជាមូលដ្ឋានគ្រឹះ ជំរុញលើការចរចាប្រាក់ឈ្នួលជូនកម្មករឲ្យទទួលបានប្រាក់ឈ្នួលសមរម្យ។
ឆ្លើយតបទៅនឹងយុទ្ធនាការ និងការទាមទារតួលេខ ១៦០ដុល្លាររបស់ក្រុមសហជីពនៅពេលនេះ អនុប្រធានសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា អ្នកស្រី សាន់ ដ្រាដាមីកូ (Sandra D'AMICO) យល់ថា ការប្រកាន់ជំហររបស់សហជីពដែលទាមទារចំនួន ១៦០ដុល្លារក្នុងមួយខែ នៅតែមានកម្រិតខ្ពស់ ព្រោះការដំឡើងប្រាក់ឈ្នួលខ្ពស់ ខណៈផលិតភាពការងារនៅមានកម្រិតទាប វាអាចនឹងបង្កហានិភ័យដល់ស្ថិរភាពសេដ្ឋកិច្ច និងជាក្តីបារម្ភធ្ងន់ធ្ងររបស់ក្រុមអ្នកវិនិយោគលើវិស័យកាត់ដេរនៅកម្ពុជា។ អ្នកស្រីបន្តថា ក្រុមនិយោជកយល់ព្រមឡើងដល់ជាង ១៣៣ដុល្លារ គឺជាតួលេខខ្ពស់។
ខណៈការប្រកាសធ្វើយុទ្ធនាការទាមទារប្រាក់ឈ្នួលរបស់ក្រុមសហជីពនេះដែរ អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ អំពាវនាវឲ្យភាគីទាំងពីរនៅតែបន្តប្រជុំ ដើម្បីស្វែងរកតួលេខប្រហាក់ប្រហែលមួយ ដើម្បីឈានទៅដល់ការបោះឆ្នោតសម្រេចនៅក្នុងសប្ដាហ៍នេះ មុននឹងបញ្ជូនទៅកាន់គណៈកម្មការប្រឹក្សាការងារប្រជុំសម្រេចនាពេលឆាប់ៗ។ ជាងនេះទៀត ក្រសួងការងារ ក៏ស្នើឲ្យភាគីនីមួយៗ ត្រូវតែមានស្មារតីគោរពច្បាប់ ដោយមិនត្រូវប្រើប្រាស់សកម្មភាពបាតុកម្មជាងការចរចានោះទេ។
យ៉ាងណាក៏ដោយ ទោះជាកិច្ចចរចាប្រាក់ឈ្នួលមិនទាន់ចេញជាតួលេខច្បាស់នៅឡើយ ប៉ុន្តែត្រីភាគីទាំងបី នឹងប្រើលក្ខណៈវិនិច្ឆ័យបែបសង្គម ដែលក្នុងនោះរួមមាន ស្ថានភាពគ្រួសារ អត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ និងលក្ខណៈវិនិច្ឆ័យបែបសេដ្ឋកិច្ច ផលិតភាព ភាពប្រកួតប្រជែង ស្ថានភាពទីផ្សារការងារ និងកម្រិតតម្លៃបន្ថែមនៃវិស័យ ក៏ដូចជាបន្ទាត់ភាពក្រីក្រសម្រាប់ធ្វើជាមូលដ្ឋានក្នុងការបន្តកិច្ចពិភាក្សា ដើម្បីឈានទៅកំណត់ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា សម្រាប់ឆ្នាំ២០១៦៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។