អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ចេញសេចក្ដីថ្លែងការណ៍សម្ដែងការសោកស្ដាយចំពោះការបាត់បង់ដៃគូសហការក្នុងការងារការពារព្រៃឈើចំនួន ៣រូប ដោយសារជនល្មើសបាញ់សម្លាប់ពេលបំពេញការងារក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី៣០ មករា។ អ្នកគ្រប់គ្រងអង្គការនេះ ប្ដេជ្ញាចិត្តសហការជាមួយស្ថាប័នជំនាញដើម្បីវែកមុខជនល្មើសមកផ្ដន្ទាទោស។ ក្រុមគ្រួសារជនរងគ្រោះជាមន្ត្រីឧទ្យាននុរក្ស មន្ត្រីកងរាជអាវុធហត្ថ និងបុគ្គលិកអង្គការនេះ ទាមទារឲ្យស្ថាប័នពាក់ព័ន្ធផ្ដល់យុត្តិធម៌ដល់ពួកគេ។
ភរិយាអ្នកអភិរក្សព្រៃដែលត្រូវបានជនល្មើសបាញ់សម្លាប់ក្នុងពេលបំពេញបេសកកម្មល្បាតក្នុងដែនជម្រកសត្វព្រៃកែវសីមា ស្នើឲ្យរដ្ឋាភិបាលចាត់ វិធានការផ្ដន្ទាទោសជនដៃដល់ និងអ្នកនៅពីក្រោយឲ្យបានតឹងរ៉ឹងដើម្បីកុំឲ្យមនុស្សជំនាន់ក្រោយដែលមានឆន្ទៈការពារធនធានធម្មជាតិមានការរួញរា និងខ្លាចញញើត។
លោកស្រី អ៊ឹម ស្រីនាថ ជាភរិយាលោក ថុល ខ្នា មន្ត្រីផ្នែកព័ត៌មានភូមិសាស្ត្រនៃអង្គការសមាគមអភិរក្សសត្វព្រៃ ដែលជនល្មើសបានបាញ់សម្លាប់។ លោកស្រីថ្លែងថា កន្លងមកលោកស្រីបារម្ភណាស់ចំពោះសុវត្ថិភាពស្វាមីដែលធ្វើការក្នុងវិស័យនេះ។ ប៉ុន្តែលោកស្រីមិនជំទាស់ទេ ពីព្រោះស្វាមីលោកស្រីពេញចិត្តខ្លាំង និងស្រលាញ់ធម្មជាតិ៖ «តាំងពីចាប់ផ្ដើមធ្វើខ្ញុំមានការព្រួយបារម្ភ ព្រោះខ្ញុំគិតថា គាត់ដើរក្នុងព្រៃខ្ញុំចេះតែខ្លាចពីរឿងដូចសព្វថ្ងៃនេះ។ ប៉ុន្តែគាត់និយាយថា គាត់សប្បាយចិត្តព្រោះអីគាត់ស្រលាញ់ធនធានធម្មជាតិ គាត់ថា គាត់ចូលក្នុងព្រៃគាត់ឃើញដើមឈើគាត់មានអារម្មណ៍ស្រស់ស្រាយ គាត់ពេញចិត្តនឹងការងារហ្នឹង។ ខ្ញុំអត់ចង់ឲ្យគាត់ធ្វើ ព្រោះខ្ញុំគិតថា ថ្ងៃណាមួយនឹងមានថ្ងៃនេះមកដល់។ ធ្វើម៉េចបើចិត្តគាត់ស្រលាញ់មានតែបណ្ដោយតាមគាត់»។
លោកស្រីបន្តថា បច្ចុប្បន្នលោកស្រីរស់នៅខេត្តតាកែវ ដោយសារគាត់ទើបសម្រាលកូនដំបូងបាន ២ខែ ១៥ថ្ងៃ ស្វាមីគាត់បំពេញការងារនៅខេត្តមណ្ឌលគីរី មួយខែទើបធ្វើដំណើរទៅលេងផ្ទះម្ដង។
លោកស្រីថ្លែងថា ស្វាមីគាត់បានលះបង់សុភមង្គលក្នុងគ្រួសារដើម្បីចូលរួមអភិរក្សព្រៃរហូតដល់បាត់បង់ជីវិត ដូច្នេះលោកស្រីស្នើឲ្យរដ្ឋាភិបាលដាក់ទោសទណ្ឌដល់ជនដៃដល់ឲ្យខាងតែបាន ដើម្បីកុំឲ្យបង្អាក់ទឹកចិត្តអ្នកដែលចង់ការពារធនធានធម្មជាតិជំនាន់ក្រោយៗទៀត៖ «ខ្ញុំគ្រាន់តែផ្ដាំផ្ញើថា ឲ្យក្រសួងសមត្ថកិច្ចឲ្យជួយពង្រឹង តាមចាប់ជនដៃដល់។ បើសិនជាបន្ធូរបន្ថយអ្នកជំនាន់ក្រោយគេលែងចង់ធ្វើការងារហ្នឹង វាបាត់បង់ធនធានធម្មជាតិយើង ព្រោះគេខ្លាចជួបហេតុការណ៍ហ្នឹង។ ព័ត៌មាននេះឮទូទាំងប្រទេសហើយ ធម្មតាអាណាព្យាបាលជាប្រពន្ធ ជាបងប្អូនឮអ៊ីចឹងគឺមិនចង់ឲ្យធ្វើការងារហ្នឹងទៀត»។
កាលពីថ្ងៃទី៣០ មករា មន្ត្រីផ្នែកព័ត៌មានភូមិសាស្ត្រអង្គការ WCS លោក ថុល ខ្នា មន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន លោក តឺន សុខណៃ និងមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក សេក វឌ្ឍនា ត្រូវបានជនដៃដល់បាញ់សម្លាប់អំឡុងពេលពួកគាត់ចុះបំពេញបេសកកម្មការពារព្រៃឈើនៅតំបន់អភិរក្សសត្វព្រៃកែវសីមា ឋិតនៅឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគិរី។
អ្នកទាំង៣ ត្រូវបានជនល្មើសបាញ់សម្លាប់នៅពេលពួកគាត់ត្រឡប់ពីចំណុចអូរហុច ព្រំដែនកម្ពុជា វៀតណាម បន្ទាប់ពីប្រទះឃើញជំរំស្នាក់នៅរបស់ជនល្មើសកាប់ឈើខុសច្បាប់ និងដកហូតរឹបអូសយករណារយន្ត រួមទាំងម៉ូតូដែលប្រើប្រាស់សម្រាប់ដឹកជញ្ជូនឈើ។
ចំណែកភរិយាសពមន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន លោក តឺន សុខណៃ គឺលោកស្រី ទូច ណារ៉ាន់ រស់នៅភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគិរី អំពាវនាវឲ្យមានយុត្តិធម៌ចំពោះស្វាមីគាត់។ លោកស្រីរន្ធត់ចិត្តជាពន់ពេកនៅពេលដឹងថា ស្វាមីស្លាប់នៅក្នុងព្រៃ។
លោកស្រីថ្លែងថា ក្រៅអំពីបាត់បង់ប្ដី លោកស្រីប្រឈមមុខនឹងបញ្ហាជីវភាព និងការដោះបំណុលដែលធ្លាប់តែរំពឹងលើប្រាក់ចំណូលរបស់ស្វាមី៖ «ខ្ញុំបានឮពីលោកថ្នាក់ធំៗ អញ្ជើញចូលរួម គាត់បានប្ដេជ្ញាថា នឹងរកយុត្តិធម៌ឲ្យនាងខ្ញុំ។ ខ្ញុំបានទទួលការកក់ក្ដៅទុកចិត្តដែលគាត់បានធានាអះអាង។ រស់នៅពីមុនជាស្ត្រីអាងទៅលើប្ដី តែប្ដីបានចាកចេញទៅដោយមិនដឹងខ្លួន។ បញ្ហាចំពោះមុខគឺជីវភាពមើលថែកូនខ្ញុំត្រូវរស់នៅម្នាក់ឯង និងការរស់នៅជាមួយគ្នាពីមុនជំពាក់បំណុលធនាគារខ្ញុំមានការខ្វល់ខ្វាយជាច្រើន»។
រីឯភរិយាសពលោក សេក វឌ្ឍនា មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស មិនចង់អត្ថាធិប្បាយទេ។ លោកស្រី ឃាន លីនដា ថ្លែងថា នាងកំពុងធ្វើបុណ្យសពហើយមិនទាន់បានគិតគូរដល់រឿងយុត្តិធម៌ ឬប្ដឹងផ្ដល់នៅឡើយ៖ «ខ្ញុំអត់ទាន់គិតថាម៉េចៗទេ វារឿងច្រើនពេក»។
ក្រោយហេតុការណ៍បាញ់សម្លាប់លើក្រុមការងារអភិរក្សព្រៃទាំង ៣រូប អង្គការសមាគមអភិរក្សសត្វព្រៃ ចេញសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃទី២ កុម្ភៈ ដោយហៅអ្នកទាំង៣ ជាវីរជនអភិរក្សព្រៃឈើ។
នាយកអង្គការ WCS លោក កែន សេរីរដ្ឋា មានប្រសាសន៍ថា ជារៀងរាល់ថ្ងៃមន្ត្រីឧទ្យានុរក្ស និងក្រុមអនុវត្តច្បាប់ បានប្រថុយជីវិតរបស់ខ្លួនដើម្បីការពារសត្វព្រៃ និងព្រៃឈើ។ លោកថា តាមរយៈបេសកកម្មការងារថែរក្សាធនធានធម្មជាតិនេះ នឹងមិនអនុញ្ញាតឲ្យឧក្រិដ្ឋជនកាប់បំផ្លាញព្រៃឈើបន្តគំរាមកំហែង និងបាញ់សម្លាប់អ្នកការពារសម្បត្តិធម្មជាតិកើតឡើងជាថ្មីទៀតឡើយ៖ «ជាទិដ្ឋភាពច្បាប់ គឺខាងរដ្ឋាភិបាលគាត់ធ្វើកិច្ចការងារនេះ ហើយយើងជាអ្នកជំនួយបច្ចេកទេសធ្វើការជាមួយស្ថាប័នរដ្ឋាភិបាលដើម្បីវែកមុខឈានទៅចាប់ខ្លួន និងអនុវត្តទៅតាមនីតិវិធីដើម្បីរកយុត្តិធម៌ជូនមិត្តភក្តិដែលធ្វើកិច្ចការដ៏ល្អរបស់យើងនេះ»។
សេចក្ដីថ្លែងការណ៍អង្គការ WCS បានបង្ហាញប្រវត្តិរូបត្រួសៗរបស់មន្ត្រីទាំង ៣ ដែលបានបូជាជីវិតក្នុងការងារអភិរក្សព្រៃ។
លោក តឺន សុខណៃ អាយុ ៣៧ឆ្នាំ ជាជនជាតិដើមភាគតិចព្នង មានកំណើតនៅភូមិពូហ្យាម ឃុំសែនមនោរម្យ គ្រួសាររបស់លោក និងលោកផ្ទាល់ គឺជាអ្នកមានជំនឿលើព្រះយេស៊ូវគ្រីស្ទ។ លោក សុខ ណៃ ធំដឹងក្ដីជាមួយធម្មជាតិ និងសត្វព្រៃ គាត់បានយល់ដឹងពីសារសំខាន់នៃធនធាននេះ តាំងពីកុមារភាព ហើយបានចាប់យកការងារអភិរក្សព្រៃ។ គាត់បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងធនធានមនុស្សនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ហើយបានចាប់ផ្ដើមការងារជាជំនួយការគម្រោងទេសចរណ៍ធម្មជាតិក្នុងដែនជម្រកសត្វព្រៃកែវសីមា ជាមួយអង្គការ WCS រយៈពេល ៤ឆ្នាំ។
គ្រានោះគាត់បានរៀបចំបង្កើតគម្រោងទេសចរណ៍ជំរំសត្វទោចថ្ពាល់លឿងញី ក្បែរភូមិអណ្ដូងក្រឡឹង ដែលមានភ្ញៀវទេសចរទៅកម្សាន្ត ស្នាក់នៅ អាចឲ្យសហគមន៍ទទួលបានប្រាក់ចំណូល។ បន្ទាប់មកគាត់បានចូលបម្រើការងារជាមន្ត្រីឧទ្យានុរក្សរបស់ក្រសួងបរិស្ថាន និងក្លាយជាមន្ត្រីសមភាគីរបស់អង្គការ WCS វិញនៅពាក់កណ្ដាលឆ្នាំ២០១៧។
លោកទទួលបានការគោរពស្រលាញ់ពីសហគមន៍ជនជាតិដើមភាគតិចព្នង មិត្តរួមការងារ និងភ្ញៀវទេសចរដែលធ្លាប់ទៅកម្សាន្តនៅជំរំសត្វទោច ពីព្រោះគ្រប់គ្នាបានដឹងពីឆន្ទៈ ការខិតខំប្រឹងប្រែងការពារធម្មជាតិ។ លោកបានបន្សល់ទុកកូនស្រី ចំនួន ២នាក់ អាយុ ៤ឆ្នាំម្នាក់ និងអាយុ ១ឆ្នាំម្នាក់។
ចំណែកមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក សេក វឌ្ឍនា អាយុ ៣៤ឆ្នាំ មានកំណើតនៅរាជធានីភ្នំពេញ។ បន្ទាប់ពីបញ្ចប់ថ្នាក់បរិញ្ញាបត្រគាត់បានបម្រើការងារក្នុងកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ នៅឆ្នាំ២០១៦ គាត់បានផ្លាស់ទៅកាន់កែវសីមា ជាមន្ត្រីសមភាគីកងរាជអាវុធហត្ថ និងជាសមាជិកក្រុមល្បាត ដែលធ្វើការជាមួយមន្ត្រីបរិស្ថាន និងក្រុមល្បាតសហគមន៍។ លោក សេក វឌ្ឍនា បានលាចាកលោកនេះទៅដោយបន្សល់ទុកនូវប្រពន្ធ និងកូនស្រី ២នាក់ដែរ គឺអាយុ ៥ឆ្នាំម្នាក់ និង ២ឆ្នាំម្នាក់។
មន្ត្រីដែលបានបាត់បង់ជីវិតមួយរូបទៀតគឺ លោក ថុល ខ្នា អាយុ ២៤ឆ្នាំ បានធំដឹងក្ដីនៅភូមិប៉ែនមាស ជាភូមិដាច់ស្រយាលមួយ នៅក្នុងឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ។ គាត់ជាកូនតែម្នាក់គត់ក្នុងគ្រួសារ ដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រព្រៃឈើពីសាកលវិទ្យាល័យភូមិន្ទកសិកម្មចម្ការដូង នៅឆ្នាំ២០១៦។
គាត់បានអាហារូបករណ៍រយៈពេល ១០ខែ សិក្សាផ្នែកប្រព័ន្ធព័ត៌មានភូមិសាស្ត្រនៅប្រទេសអ៊ីស្រាអែល។ នៅឆ្នាំ២០១៧ លោក ថុល ខ្នា បានចូលរួមជាមួយអង្គការ WCS ជាមួយក្រុមការងារជីអូក្រាហ្វិច អិនហ្វ័រមេហ្សិន ស៊ីសស្ទឹម (Geographic Information System) ហៅកាត់ថា ជី.អាយ.អេស (GIS) និងស្ពេសហ្សល ម៉ូនីទ័ររីង អិន រីផតធឺ ធូល (Spatial Monitoring And Report Tool) ហៅកាត់ថា ស្មាត (SMART)។
គាត់ពេញចិត្តនឹងក្រុមការងារស្វែងរកវិធីសាស្ត្រថ្មី ដោយប្រើប្រាស់ទិន្នន័យពីលើអាកាសសម្រាប់ការងារអភិរក្ស។ ផ្នែកមួយនៃការងាររបស់គាត់គឺជួយពង្រឹងគុណភាពនៃការត្រួតពិនិត្យនិងប្រមូលទិន្នន័យនៅទីវាល ដែលតម្រូវឲ្យគាត់ត្រូវចុះក្នុងព្រៃ។ ថ្វីបើលោក ថុល ខ្នា បានចូលរួមជាមួយអង្គការនេះតិចជាង ១ឆ្នាំក្ដី គាត់ជាសមាជិកដ៏មានប្រជាប្រិយភាពម្នាក់ក្នុងក្រុមដែលមិនអាចបំភ្លេចបាន។ លោកបន្សល់ទុកនូវកូនស្រីអាយុទើបបាន ២ខែកន្លះ។
សារព័ត៌មានក្នុងស្រុកសរសេរថា មកដល់ថ្ងៃទី២ កុម្ភៈ សមត្ថកិច្ចបានធ្វើការស៊ើបអង្កេត និងចាប់ខ្លួនលើជនសង្ស័យ ៤នាក់ ពាក់ព័ន្ធនឹងការបាញ់សម្លាប់ជនរងគ្រោះទាំង ៣រូប៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។