ការរៀបចំពាក្យបណ្ដឹងនេះ បានធ្វើឡើងក្រោយពីសមត្ថកិច្ចខេត្តកំពង់ស្ពឺ បង្ក្រាបទៅលើក្រុមកម្មកររោងចក្រកាត់ដេរ សាប្រ៊ីណា កាលពីព្រឹកថ្ងៃ២៧ ខែឧសភា ឆ្នាំ២០១៣ បណ្ដាលឲ្យកម្មការិនី ២រូប រងគ្រោះរលូតកូនក្នុងផ្ទៃ និងកម្មករជាង ២០នាក់ទៀតរងរបួស។
កម្មការិនីឈ្មោះ អ៊ុំ ស្រីសូត្រ អាយុ ២០ឆ្នាំថ្លែងនៅព្រឹកថ្ងៃ២៨ ខែឧសភា ថា សមត្ថកិច្ចរុញច្រានកម្មករកំពុងកូដកម្មនៅមុខរោងចក្រ បានធ្វើឲ្យគាត់ដួលហើយគាត់ធ្លាក់ឈាមច្រើនបណ្ដាលឲ្យកូនក្នុងផ្ទៃអាយុ ៣ខែបានរលូត។
កម្មការិនីបន្តថា គ្រូពេទ្យនៅមន្ទីរពេទ្យបែកចាន បានជួយសង្គ្រោះជីវិតគាត់៖ «ថ្នាក់ដួលអុកគូថ ដល់អ៊ីចឹងហើយខ្ញុំចុក ចុកហើយធ្លាក់ឈាមមក។ កូននោះ ៣ខែក្នុងពោះ ធ្លាក់មកហ្នឹងខ្ញុំទៅពេទ្យនៅបែកចាននោះ។ ពេទ្យឥឡូវគាត់យកឲ្យហើយ ព្រោះអីវាធ្លាក់មកហើយ អ៊ីចឹងទុកវាអត់កើត ព្រោះអីកូនឡើងនេះហើយ រលូតមកហើយ អ៊ីចឹងឲ្យគាត់លាងសំអាតនៅពេទ្យបែកចានហ្នឹង»។
បុរសជាស្វាមីកម្មការិនី អ៊ុំ ស្រីសូត្រ លោក ណយ ស៊ីណាត ថ្លែងថា គាត់សោកស្ដាយជីវិតកូនដំបូងដែលមិនទាន់ចាប់កំណើតផង ត្រូវសមត្ថកិច្ចបំផ្លាញជីវិតគ្នា ខណៈម្ដាយទាមទារដំឡើងប្រាក់ឈ្នួល ១៤ដុល្លារ។ លោកថា គាត់ចំណាយក្នុងការបង់ថ្លៃពេទ្យ និងថ្នាំលេបអស់ ១០០ដុល្លារហើយ មិនទាន់ដឹងសុខភាពភរិយាគាត់ទៅជាយ៉ាងណាទេនៅថ្ងៃមុខ៖ «ដាក់ពាក្យប្ដឹងទៀត ដើម្បីឲ្យសហជីពជួយរកដំណោះស្រាយឲ្យកូនខ្ញុំដែលស្លាប់បាត់ទៅនោះ»។
ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ជា មុនី ថ្លែងថា មេធាវីរបស់សហជីពនេះកំពុងប្រមូលឯកសារមួយចំនួនពាក់ព័ន្ធសកម្មភាពសមត្ថកិច្ចខេត្តកំពង់ស្ពឺ បង្ក្រាបកម្មកររោងចក្រកាត់ដេរ សាប្រ៊ីណា ដើម្បីដាក់ពាក្យប្ដឹងទៅតុលាការ៖ «ដាក់បណ្ដឹងប្ដឹងពីអាជ្ញាធរសមត្ថកិច្ចខេត្តកំពង់ស្ពឺ ដែលបានប្រើអំពើហិង្សាទៅលើក្រុមកូដករស្លូតត្រង់ ដែលបណ្ដាលឲ្យស្ត្រី ២រូបរងរបួសធ្ងន់។ ម្នាក់គាត់រលូតកូន ហើយស្ត្រីម្នាក់ទៀតគាត់ភ័យខ្លាច ហើយមិនដឹងទៅព្យាបាលនៅគ្លីនិកមួយណាទេ យើងកំពុងឲ្យមានការស្រាវជ្រាវ»។
តំណាងសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំរោងចក្រកាត់ដេរ សាប្រ៊ីណា លោក ស៊ុន វណ្ណនី ថ្លែងថា ការបង្ក្រាបរបស់សមត្ថកិច្ចមកលើកូដករកាលពីថ្ងៃ២៧ ខែឧសភា មានអ្នករបួសធ្ងន់ស្រាលជាង ២០នាក់។ ក្នុងនោះស្ត្រី ២នាក់រលូតកូនក្នុងផ្ទៃ គឺអ្នកស្រី អ៊ុំ ស្រីសូត្រ និងកម្មការិនីមួយរូបទៀត មិនទាន់ដឹងអាសយដ្ឋានគាត់ទៅព្យាបាលនៅកន្លែងណា។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសមត្ថកិច្ចខេត្តកំពង់ស្ពឺ ជម្រាបសួរព័ត៌មាននៅថ្ងៃ២៨ ខែឧសភា បានទេ។
រដ្ឋបាលរោងចក្រកាត់ដេរ សាប្រ៊ីណា អ្នកស្រី ហុង លុយ ថ្លែងថា រោងចក្រមិនបានដឹងថា មានកម្មការិនីបានរលូតកូននោះទេ។ តែខាងរោងចក្របានដឹងថា មានសមត្ថកិច្ចអាវុធហត្ថ ៤នាក់បានរងរបួស។ អ្នកស្រីឲ្យដឹងថា ខាងរោងចក្របានផ្ដល់ប្រាក់ឈ្នួលអប្បបរិមា ៩៥ដុល្លារដល់កម្មកររួចហើយ ក្នុងនោះបូកប្រាក់សុខភាព ៥ដុល្លារ និងថ្លៃធ្វើដំណើរ ៧ដុល្លារ ទើបខាងរោងចក្រមិនអាចដំឡើងប្រាក់បន្ថែម ១៤ដុល្លារតាមការទាមទាររបស់កម្មករ៖ «រឿងម្សិលមិញនេះ ឥឡូវហ្នឹងកំពុងតែដោះស្រាយ ប៉ុន្តែមិនដឹងសុំថាម៉េចទេ ទាមទាររឿង ១៤ដុល្លារ បើរោងចក្រខ្ញុំគឺប្រាក់ខែខ្ពស់ជាងគេហើយ ហើយឥឡូវហ្នឹងគាត់នៅតែទាមទាររឿង ១៤ដុល្លារហ្នឹងទៀត»។
កម្មករនិងកម្មការិនីរោងចក្រកាត់ដេរ សាប្រ៊ីណា ជាង ៤ពាន់នាក់ បានធ្វើកូដកម្មពីថ្ងៃទី២១ ខែឧសភា មក ដើម្បីទាមទារដំឡើងប្រាក់ឈ្នួលអប្បបរមា ១៤ដុល្លារបន្ថែមលើប្រាក់ឈ្នួលដែលគេទទួលបាន និងសុំប្ដូរលក្ខខណ្ឌការងារមួយចំនួនដែលជាផលប្រយោជន៍របស់កម្មករ។
ការទាមទារនោះក៏មានការដោះស្រាយពីមន្ត្រីដោះស្រាយវិវាទការងារ ខេត្តកំពង់ស្ពឺ ប៉ុន្តែខាងរោងចក្រកាត់ដេរ សាប្រ៊ីណា មិនទទួលយកដំណោះស្រាយនោះ ទើបកម្មករបន្តការធ្វើកូដកម្ម។ ប៉ុន្តែនៅថ្ងៃ២៨ ខែឧសភា កម្មករមិនធ្វើកូដកម្មទេ ព្រោះជាថ្ងៃឈប់សម្រាកបុណ្យជាតិ ព្រះរាជពិធីច្រត់ព្រះនង្គ័ល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
