រយៈពេល ១ឆ្នាំមកហើយដែលកម្មករចំនួន ៥នាក់ត្រូវបានសមត្ថកិច្ចបាញ់សម្លាប់ ក្នុងពេលពួកគេធ្វើបាតុកម្មទាមទារដំឡើងប្រាក់ខែនៅលើកំណាត់ផ្លូវវ៉េងស្រេង ក្បែរសួនឧស្សាហកម្មកាណាឌីយ៉ា។
ចំណែកសាច់ញាតិរបស់ជនរងគ្រោះវិញ ពួកគេនៅតែបន្តស្រែកដង្ហោយហៅឲ្យរដ្ឋាភិបាល ស្វែងរកយុត្តិធម៌ឲ្យប្ដី និងកូនរបស់ពួកគេ។ ការដង្ហោយហៅជាថ្មីនេះ ធ្វើឡើងក្នុងគម្រប់ខួប ១ឆ្នាំនៃការបាញ់សម្លាប់នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៥។
សំឡេងទ្រហោយំស្រែកទាមទាររកយុត្តិធម៌ឲ្យជនរងគ្រោះចំនួន ៥នាក់ ដែលត្រូវបានបាញ់សម្លាប់កាលពីឆ្នាំមុន ត្រូវបានគេលាន់ឮជាថ្មីទៀតនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៥ នៅលើកំណាត់ផ្លូវវ៉េងស្រេង ក្បែរសួនឧស្សាហកម្មកាណាឌីយ៉ា។ គឺនៅទីនោះហើយដែលកម្មករត្រូវបានបាញ់សម្លាប់ ខ្លះត្រូវវាយឲ្យរបួស និងអ្នកមួយចំនួនទៀត ត្រូវសមត្ថកិច្ចចាប់ចងស្លាបសេកទៅក្រោយ ឲ្យដេកផ្កាប់មុខរាបនឹងដីកាលពីឆ្នាំមុន។
ទោះជាបែបនេះក្តី រហូតមកទល់ពេលនេះ ឃាតកមិនត្រូវបានវែកមុខយកទៅផ្ដន្ទាទោសតាមច្បាប់នៅឡើយ។
ក្នុងពិធីគម្រប់ខួប ១ឆ្នាំនៃសោកនាដកម្មបាញ់សម្លាប់នេះ ព្រះសង្ឃ សហគមន៍ដីធ្លី ប្រជាពលរដ្ឋ និងអ្នកដែលធ្លាប់រងគ្រោះដោយការបង្ក្រាបរបស់សមត្ថកិច្ចកាលពីឆ្នាំមុន សរុបប្រមាណ ១០០នាក់ នាំគ្នាទៅប្រមូលផ្តុំធ្វើពិធីរំឭកវិញ្ញាណក្ខន្ឋដល់ជនរងគ្រោះទាំងនោះ។
អ្នកចូលរួមដែលភាគច្រើនពាក់អាវខ្មៅ និងមានចងក្រណាត់ពណ៌ខ្មៅលើក្បាល ជាសញ្ញាកាន់ទុក្ខ បានលើកផ្ទាំងបដាពណ៌ខ្មៅស្រែកទាមទារឲ្យតុលាការរកយុត្តិធម៌ឲ្យជនរងគ្រោះ។ ក្នុងពេលជាមួយគ្នានេះដែរ កម្រងផ្កាចំនួន៥ ដែលមានដាក់រូបថតជនរងគ្រោះទាំង៥ នាក់ នៅចំកណ្ដាល ត្រូវបានគេដាក់បញ្ឈរជាប់របងជញ្ជាំងលើចិញ្ចើមថ្នល់វ៉េងស្រេង ដើម្បីឲ្យអ្នកចូលរួមអុជទៀន ធូប និងដាក់ផ្កាឈូកគោរពបូជា។ ព្រមជាមួយគ្នា ព្រះសង្ឃក៏បានសូត្រធម៌បង្សុកូល ដើម្បីឧទ្ទិសកុសល និងរំឭកវិញ្ញាណក្ខន្ឋដល់ជនរងគ្រោះទាំងអស់នោះ។
ថ្លែងក្នុងពិធីនោះ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ ដែលធ្លាប់ត្រូវបានកងទ័ពឆត្រយោង៩១១ វាយសំពងកាលពីឆ្នាំមុន មានប្រសាសន៍ថា អាជ្ញាធររដ្ឋាភិបាលត្រូវតែស្វែងរកយុត្តិធម៌ឲ្យជនរងគ្រោះ។ លោកក៏ទាមទារឲ្យសមត្ថកិច្ចរដ្ឋាភិបាល ត្រូវបញ្ឈប់ជាបន្ទាន់ការប្រើអំពើហិង្សាទៅលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់។ លោកក៏អំពាវនាវឲ្យរដ្ឋាភិបាល បញ្ឈប់ការប្រើប្រព័ន្ធតុលាការ ដើម្បីដាក់ទោសទណ្ឌធ្វើបាប ឬធ្វើទុក្ខបុកម្នេញទៅលើកម្មករ សហគមន៍ដីធ្លី និងអ្នកការពារសិទ្ធិលំនៅឋាន។ លោកថា អាជ្ញាធរ «ត្រូវតែមានការទទួលខុសត្រូវ ចំពោះជីវភាពរស់នៅរបស់គ្រួសារដែលបានបាត់បង់ជីវិត»។
ជាការពិតណាស់ ការស្វែងរកយុត្តិធម៌ឲ្យជនរងគ្រោះ គឺជារឿងមួយទាមទារឲ្យមានការទទួលខុសត្រូវចំពោះជីវភាពរស់នៅរបស់ក្រុមគ្រួសារនៃសព ក៏ជាប្រការសំខាន់ណាស់ដែរសម្រាប់អ្នកដែលរស់រានមានជីវិត។
អ្នកស្រី ខាត់ សំនៀង សព្វថ្ងៃមានកូនស្រីម្នាក់អាយុ ១៤ខែ ហើយដែលបានក្លាយជាស្ត្រីមេម៉ាយតាំងពីប្ដីរបស់អ្នកស្រីឈ្មោះ គឹម ផល្លាភ ត្រូវបានសម្លាប់ ឲ្យដឹងថា បើទោះជាប្ដីអ្នកស្រីបានស្លាប់អស់រយៈពេល ១ឆ្នាំមកហើយក្តី ប៉ុន្តែចិត្តអ្នកស្រីនៅតែនឹកអាណិត និងសោកស្ដាយចំពោះប្ដីដែលបាត់បង់។ អ្នកស្រីឲ្យដឹងដែរថា ក្នុងរយៈពេល ១ឆ្នាំដែលគ្មានរូបប្ដីនេះ ធ្វើឲ្យជីវភាពអ្នកស្រីមានភាពលំបាកជាខ្លាំង គឺរស់នៅខ្វះមុខខ្វះក្រោយ ព្រោះអ្នកស្រីថា ប្ដីអ្នកស្រីគឺជាបង្គោលសំខាន់តែមួយគត់នៅក្នុងគ្រួសារ។ លើសពីនេះទៀតអ្នកស្រីថា អ្នកស្រីអាណិតកូនស្រីដែលកំព្រាឪពុកតាំងពីអាយុ ២ខែ។ អ្នកស្រីថា អ្នកស្រីចង់ឲ្យអាជ្ញាធរ យកអ្នកប្រព្រឹត្តិមកផ្ដន្ទាទោសតាមច្បាប់ និងសងសំណងសម្រាប់អ្នកស្រីចិញ្ចឹមកូន។
ក្តីអាណិតអាសូរចំពោះជនរងគ្រោះ គឺមិនមានត្រឹមតែគ្រួសារជនរងគ្រោះ ឬអ្នកដែលចូលរួមក្នុងពិធីរំឭកខួបគម្រប់ ១ឆ្នាំសម្រាប់ជនរងគ្រោះនោះឡើយ សូម្បីតែប្រជាពលរដ្ឋដែលចោមរោមឈរមើលការប្រារព្ធពិធីនៅតាមផ្លូវ ក៏បង្ហាញពីអារម្មណ៍ក្តុកក្តួលរបស់ពួកគេចំពោះជនរងគ្រោះផងដែរ។
បុរសប្រកបរបររត់ម៉ូតូកង់បីម្នាក់នៅក្បែរសួនឧស្សាហកម្មកាណាឌីយ៉ា លោក តូយ វ៉ា ដែលអះអាងថា បាននៅក្បែរកន្លែងកើតហេតុដែរកាលពីឆ្នាំមុន លោកមានប្រសាសន៍ថា ការបង្ក្រាបរបស់សមត្ថកិច្ចលើបាតុករ គឺហួសពីការស្មានរបស់ពលរដ្ឋ។ លោកថា ពួកគេបានធ្វើបាបកម្មករដូចសត្វធាតុ។ លោកថា ទង្វើរបស់សមត្ថកិច្ច គឺ «អមនុស្សធម៌ខ្លាំងណាស់»។
យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋដែលចូលរួមមួយចំនួនហាក់ពុំសូវមានសង្ឃឹមថា តុលាការកម្ពុជា នឹងស្វែងរកយុត្តិធម៌ចំពោះជនរងគ្រោះឡើយ ដោយពួកគេយល់ថា តុលាការកម្ពុជា ពុំមានឯករាជ្យភាព។ ផ្ទុយទៅវិញ ពួកគេបានដង្ហោយហៅឲ្យតុលាការព្រហ្មទណ្ឌអន្តរជាតិ ជួយរកយុត្តិធម៌ឲ្យពលរដ្ឋខ្មែរទៅវិញ។
ការជួបជុំធ្វើពិធីបង្សុកូល បានបិទបញ្ចប់នៅម៉ោងប្រមាណ ១០ព្រឹក។ បន្ទាប់មក អ្នកចូលរួមបានធ្វើដំណើររួមគ្នាតាមបណ្តោយផ្លូវវ៉េងស្រេង ឆ្ពោះទៅកាន់តំបន់បុរីកីឡា ដើម្បីរំឭកខួប ៣ឆ្នាំនៃការបណ្ដេញចេញពលរដ្ឋពីសហគមន៍បុរីកីឡា។ យ៉ាងណាក៏ដោយ នៅពេលដែលក្បួនមកដល់កន្លែងថ្លឹងឡានក្បែរផ្លូវបំបែកស្ទឹងមានជ័យ សមត្ថកិច្ចប្រដាប់ដោយអាវុធគ្រប់ដៃ បានរារាំង និងបំបែកពួកគេមិនឲ្យធ្វើដំណើរបន្តទៀត។ ក្រោយពីការបំបែកនោះ ពលរដ្ឋបានសម្រេចចិត្តធ្វើដំណើរតាមមធ្យោបាយរៀងៗខ្លួនទៅកាន់សហគមន៍បុរីកីឡា។
ពេលមកដល់បុរីកីឡា ពួកគេបានឈរស្រែកទាមទារឲ្យសាលារាជធានីភ្នំពេញ និងក្រុមហ៊ុន ផាន អ៊ីម៉ិច ផ្តល់សំណងឲ្យពួកគេ។ ក្រោយមកនៅម៉ាងប្រមាណ ១២ថ្ងៃត្រង់ ពួកគេនាំគ្នាធ្វើដំណើរទៅកាន់មន្ទីររដ្ឋសភាដើម្បីដាក់ញត្តិ ប៉ុន្តែត្រូវកងសន្តិសុខ និងនគរបាលរារាំងមិនឲ្យបន្តដំណើរទៅមុខទៀត។ នៅទីបំផុត ពួកគេសម្រេចចិត្តវិលត្រឡប់ក្រោយវិញ ប៉ុន្តែមុននឹងបកក្រោយ ពួកគេបានអុជធូបដាក់ម្ទេស ជាការដាក់បណ្ដាសាអ្នកដែលរារាំងពួកគាត់។
ការរារាំងរបស់សមត្ថកិច្ចចំនួនពីរលើកជាប់ៗគ្នាក្នុងថ្ងៃតែមួយនេះ ត្រូវបានមន្ត្រីសង្គមស៊ីវិលយល់ឃើញថា ជាការបំបិទសិទ្ធិសេរីភាព និងជាការគំរាមកំហែងមិនឲ្យពលរដ្ឋស្វែងរកយុត្តិធម៌បន្តទៀត។
អនុប្រធានផ្នែកស៊ើបអង្កេតនៃសមាគមអាដហុក (adhoc) លោក ណៃ វ៉ង់ដា ដែលចូលរួមឃ្លាំមើលការជួបជុំរបស់ពលរដ្ឋ កត់សម្គាល់ថា ការរារាំងរបស់សមត្ថកិច្ចលើក្បួនដង្ហែរបស់ពលរដ្ឋ ដែលក្នុងនោះរួមមានទាំងព្រះសង្ឃផង គឺជាទង្វើដែលមិនសមហេតុផលទាល់តែសោះ។ លោក ណៃ វ៉ង់ដា ថ្លែងរបៀបចំអកថា ទង្វើរបស់សមត្ថកិច្ចបែបនេះវាគួរតែត្រូវបានគេប្រើក្នុងសតវត្សទី១៤ ឬ ១៥។ វាមិនសមយកមកប្រើក្នុងសតវត្សរ៍ទី២១ នោះទេ។ លោកថា «គោលបំណងធំរបស់អាជ្ញាធរ គឺមិនចង់ឲ្យពលរដ្ឋរួបរួមគ្នា ដើម្បីទាមទារយុត្តិធម៌ដែលត្រូវបានអាជ្ញាធរឆក់យកទៅ» នោះឡើយ។
ទោះយ៉ាងណា អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ដែលបានចុះទៅពិនិត្យមើលការរារាំងដែរនោះ មានប្រសាសន៍ថា អ្វីដែលអាជ្ញាធរធ្វើ គឺដើម្បីថែរក្សាសណ្ដាប់ធ្នាប់សង្គមប៉ុណ្ណោះ។ ម្យ៉ាងវិញទៀតលោកថា ក្រុមអ្នកហែក្បួននោះក៏មិនបានសុំច្បាប់ពីអាជ្ញាធរដែរ។
យ៉ាងណាក៏ដោយ លោក ណៃ វ៉ង់ដា យល់ឃើញថា ការរារាំងរបស់អាជ្ញាធរនៅថ្ងៃទី៣ មករា គឺមានចេតនាបំភិតបំភ័យមិនឲ្យពលរដ្ឋចូលរួមពិធីជាមួយគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី៤ មករា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។