ពលរដ្ឋ​ពីរ​ស្រុក​នៅ​ខេត្ត​កំពង់ស្ពឺ​ប្រកាស​ជំហរ​បន្ត​បិទ​ផ្លូវ​មិន​ឲ្យ​ឡាន​ដឹក​ថ្ម​ឆ្លង​កាត់

0:00 / 0:00

ប្រជាពលរដ្ឋ​ចំនួន ១០​ភូមិ​ចំណុះ​ឲ្យ​ស្រុក​ចំនួន​២ គឺ​ស្រុក​ភ្នំស្រួច និង​ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ ដែល​មាន​វិវាទ​ជាមួយ​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ថ្ម​ភ្នំ បាន​បិទ​ផ្លូវ​អស់​រយៈពេល ៣​ថ្ងៃ​មក​ហើយ​គិត​ត្រឹម​ថ្ងៃ​ទី​៣ កុម្ភៈ នេះ។ ប្រជាពលរដ្ឋ​ព្រមាន​ថា បើ​ភាគី​ក្រុមហ៊ុន​នៅ​បន្ត​ប្រើប្រាស់​ផ្លូវ​លំ​ចាស់ ដោយ​ពុំ​ព្រម​ចាក់​បេតុង ឬ​ក្រាល​កៅស៊ូ​ទេ គឺ​ពួក​គាត់​មិន​បើក​ផ្លូវ​ឲ្យ​រថយន្ត​ធ្វើ​ចរាចរ ឬ​ដឹក​ថ្ម​ចេញ​ចូល​ឡើយ។

ចំណែក​តំណាង​ភាគី​ក្រុមហ៊ុន និង​អាជ្ញាធរ​ក្នុង​តំបន់​វិញ ព្យាយាម​កោះ​ហៅ​តំណាង​ពលរដ្ឋ​ទៅ​ដោះស្រាយ​នៅ​សាលា​ឃុំ​មហាសាំង ក៏ប៉ុន្តែ​ប្រជាពលរដ្ឋ​ទាមទារ​ឲ្យ​ខាង​ក្រុមហ៊ុន និង​អាជ្ញាធរ ដោះស្រាយ​នៅ​កន្លែង​បិទ​ផ្លូវ​វិញ។

ការ​ខ្វែង​គំនិត​គ្នា​រវាង​ពលរដ្ឋ និង​ភាគី​ក្រុមហ៊ុន​ការដ្ឋាន​ថ្ម ជំរុញ​ឲ្យ​អ្នក​ភូមិ​សម្រេច​ចិត្ត​ជីក​របាំង​ការពារ​ផ្លូវ ហើយ​ជម្លោះ​នេះ បាន​កាត់​ផ្ដាច់​សកម្មភាព​នៃ​ការ​ដឹក​ថ្ម​ភ្នំ​ទាំង​ស្រុង គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​៣ កុម្ភៈ។ ម្យ៉ាង​ទៀត ក្រុម​អ្នក​តវ៉ា បាន​ដាក់​វេន​គ្នា​នៅ​ការពារ​ត្រង់​របាំង​ផ្លូវ មិន​ឲ្យ​ក្រុមហ៊ុន​ឆ្លង​កាត់​ថែម​ទៀត​ផង។

រស់នៅ​ភូមិ​ប្រាសាទ ឃុំ​មហាសាំង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ លោកស្រី ម៉ី ភួង បញ្ជាក់​ថា ប្រជាពលរដ្ឋ​បាន​បិទ​ផ្លូវ​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​កាត់​ផ្ដាច់​សង្វាក់​នៃ​ការ​ផលិត និង​ដឹក​ជញ្ជូន​ថ្ម​ភ្នំ​ហើយ។ ម្យ៉ាង​វិញ​ទៀត ដោយ​ពុំ​មាន​ជម្រើស​ណា​មួយ​ដែល​ល្អ​ប្រសើរ​ជាង​នេះ ទើប​ពលរដ្ឋ​សម្រេច​ប្រើ​មធ្យោបាយ​បិទ​ផ្លូវ ដោយ​ជីក​របាំង​ការពារ​កាត់​ផ្លូវ​នេះ ជា​ថ្នូរ​បង្ខំ​ឲ្យ​ភាគី​ក្រុមហ៊ុន​ចេញ​មុខ​ទទួល​ខុស​ត្រូវ៖ «ប្រជាពលរដ្ឋ​អត់​មាន​សម្រាក​ទេ​នៅ​ហ្នឹង​ជាប់។ ប៉ុន្តែ​គ្រាន់​មាន​អ្នក​ខ្លះ​គេ​មក​ហូប​បាយ​ផ្ទះ ពេល​ហូប​ហើយ​គេ​ទៅ​វិញ​អ៊ីចឹង​ទៅ»។ពាក់ព័ន្ធ​ការ​តវ៉ា​នេះ ប្រជាពលរដ្ឋ​ប្រហែល ១០០​នាក់​ចំណុះ​ឲ្យ​ស្រុក​ចំនួន​២ គឺ​ស្រុក​ភ្នំស្រួច និង ស្រុក​សំរោងទង បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ខាង​មុខ​ភូមិ​ត្រពាំងអោប ឈាន​ចូល​ថ្ងៃ​ទី​៣ ហើយ​នៃ​ការ​ធ្វើ​បាតុកម្ម។ បើ​ទោះ​ជា​បែប​ណា ការ​ប្រើប្រាស់​ពេល ៣​ថ្ងៃ​មក​នេះ ភាគី​ទាំង​សង​ខាង​នៅ​តែ​មិន​អាច​រក​ចំណុច​រួម​បាន​នៅ​ឡើយ។ ប្រជាពលរដ្ឋ​ដែល​ប្រមូល​ផ្តុំ​គ្នា គឺ​ពួក​គេ​ប្រឆាំង​មិន​ឲ្យ​ក្រុមហ៊ុន​ដឹក​ថ្ម ប្រើប្រាស់​ផ្លូវ​លំ​ចាស់ ព្រោះ​ផ្លូវ​នេះ​ធ្វើ​ឲ្យ​ដី​ហុយ​ពេល​រថយន្ត​ឆ្លង​កាត់​ម្ដងៗ។ ជាង​នេះ​ទៀត អ្នក​ភូមិ​ទទូច​ឲ្យ​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ថ្ម ត្រូវ​ធ្វើ​ផ្លូវ​ចាក់​បេតុង ឬ​ក្រាល​កៅស៊ូ​វិញ ប៉ុន្តែ​ភាគី​ក្រុមហ៊ុន​បញ្ជាក់​ថា ពុំ​មាន​លទ្ធភាព​ទេ គឺ​ទុក​ភារកិច្ច​នេះ​ឲ្យ​រដ្ឋាភិបាល​ជា​អ្នក​ទទួល​ខុស​ត្រូវ​វិញ។

បើ​ទោះ​ជា​បែប​ណា ការ​បិទ​ផ្លូវ​នេះ កម្លាំង​សមត្ថកិច្ច​មួយ​ចំនួន​ត្រូវ​បាន​គេ​ដាក់​ឲ្យ​ឃ្លាំ​មើល ក៏ប៉ុន្តែ​ពុំ​មាន​អំពើ​ហិង្សា​ណា​មួយ​កើត​ឡើង​បណ្ដាល​មក​ពី​បាតុកម្ម​បិទ​ផ្លូវ​នេះ​ទេ។ ទន្ទឹម​នឹង​នេះ រថយន្ត​ជាច្រើន​គ្រឿង​ដែល​ដឹក​ថ្ម និង​រថយន្ត​អ្នក​ដំណើរ​ខ្លះ​ផង ត្រូវ​កាត់​ផ្តាច់​ទាំង​ស្រុង​ក្នុង​ការ​ឆ្លង​កាត់​ផ្លូវ​លំ​នេះ។ មាន​រថយន្ត​ជាច្រើន​គ្រឿង ត្រូវ​តម្រៀប​ជា​ជួរៗ​ប្រៀប​ដូច​ខ្សែ​រថភ្លើង​កក​កុញ។

រស់នៅ​ឃុំ​មហាសាំង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ លោកស្រី យូ ស៊ី ឲ្យ​ដឹង​ថា មូលហេតុ​ដែល​ប្រជាពលរដ្ឋ​ជ្រើស​រើស​ការ​បិទ​ផ្លូវ​នេះ​ធ្វើ​ជា​ចំណាប់​ខ្មាំង ដោយសារ​ពួក​គាត់​ទ្រាំ​រស់​ដោយ​ដី​ហុយ​រាប់​ឆ្នាំ​ណាស់​មក​ហើយ។ ម្យ៉ាង ដោយ​ពុំ​មាន​មធ្យោបាយ​ណា​ដែល​ល្អ​ជាង​នេះ ទើប​អ្នក​ភូមិ​បង្ខំ​ចិត្ត​បិទ​ផ្លូវ ដើម្បី​ដាក់​សម្ពាធ​ឲ្យ​ក្រុមហ៊ុន​ត្រូវ​ទទួល​ខុស​ត្រូវ៖ «បើ​សិន​ជា​អស់​លោក​មិន​អាច​ធ្វើ​ផ្លូវ​ថ្នល់​នេះ​ឲ្យ​នាង​ខ្ញុំ​ទាំង ​ភូមិ​១០​ទេ គឺ​សូម​បិទ​ផ្លូវ​តែម្ដង។ផ្លូវ​នេះ​អត់​អោយ​ឡាន​ថ្ម​ចេញ​ចូល​ទេ ព្រោះ​អី​ដី​ហុយ ​ហើយ​សុខភាព​ឈឺ​ជា​ប្រចាំ និង​ជា​អចិន្ត្រៃយ៍​ហើយ សូម​សំណូមពរ​តែ​ប៉ុណ្ណឹង​ទេ»

សព្វថ្ងៃ នៅ​ជួរ​ភ្នំ​ថ្មពួក និង​ភ្នំ​វាល​ស្រី​ស្រណោះ មាន​ការដ្ឋាន​ថ្ម​ចំនួន ៤​ទីតាំង កំពុង​ធ្វើ​អាជីវកម្ម​បំផ្ទុះ​ភ្នំ​យក​ថ្ម ក្នុង​នោះ​មាន​ក្រុមហ៊ុន អេច្ឆ.ធី.ខេ (HTK) និង​ក្រុមហ៊ុន អាយ.អេស.ខេ ខ្មែរ (ISK Khmer) របស់​កូរ៉េ ជាដើម។ ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំង​នេះ មាន​ក្រុមហ៊ុន​ខ្លះ ប្រជាពលរដ្ឋ​អះអាង​ថា លោក ហ៊ុន តូ ក្មួយ​ប្រុស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាង​ពី​ក្រោយ​នៃ​ការ​ធ្វើ​អាជីវកម្ម​ថ្ម​ភ្នំ។

វិទ្យុ​អាស៊ីសេរី ពុំ​អាច​សុំ​ការ​បំភ្លឺ​ពី​តំណាង​ក្រុមហ៊ុន​ដែល​កំពុង​ធ្វើ​អាជីវកម្ម​ថ្ម​ទាំង​នេះ​បាន​ភ្លាមៗ​ទេ ដោយ​តំណាង​ក្រុមហ៊ុន​បដិសេធ​ក្នុង​ការ​អត្ថាធិប្បាយ នៅ​ថ្ងៃ​ទី​៣ មករា។

បើ​ទោះ​ជា​បែប​ណា អភិបាល​ស្រុក​សំរោងទង លោក ស៊ីម រតនៈ និង​មេ​ឃុំ​ធម្មតាអរ លោក អែម ធន បញ្ជាក់​ថា នឹង​ដោះស្រាយ​បញ្ហា​នេះ​ដើម្បី​ឈាន​ទៅ​បញ្ចប់​វិវាទ ជាពិសេស​នឹង​ព្យាយាម​បន្ត​ការ​ចរចា​ជាមួយ​ភាគី​ក្រុមហ៊ុន​បន្ត​ទៀត។

ការ​តវ៉ា​ឈាន​ដល់​ថ្ងៃ​ទី​៣ នេះ រថយន្ត​ប្រភេទ​យីឌុប និង​រថយន្ត​ប្រភេទ​ធុន​ធ្ងន់​ដែល​ដឹក​ថ្ម​ចេញ​ពី​ការដ្ឋាន​ថ្ម​មួយ​ចំនួន នៃ​ជួរ​ភ្នំ​ថ្មពួក ជាច្រើន​គ្រឿង មិន​អាច​ឆ្លង​កាត់​ផ្លូវ​ដែល​អ្នក​ភូមិ​បិទ​បាន​ទេ។ ម្យ៉ាង​ទៀត វិវាទ​ដែល​ផ្ដើម​ចេញ​ពី​ការ​បំផ្ទុះ​ថ្ម​ភ្នំ ដែល​បាន​អូស​បន្លាយ​រយៈពេល ៣​ថ្ងៃ​មក​ហើយ​នេះ ភាគី​ជម្លោះ​ទាំង​សង​ខាង​នៅ​តែ​ពុំ​ទាន់​អាច​រក​ច្រក​ចេញ​បាន​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។