មន្ត្រីស្រង់ទិន្នន័យអ្នករងគ្រោះដោយសារគ្រាប់មីន ខេត្តឧត្តរមានជ័យ ឱ្យដឹងថា បច្ចុប្បន្នពលរដ្ឋនៅតាមតំបន់ជាច្រើននៃខេត្តនេះ នៅតែរងគ្រោះថ្នាក់ដោយសារគ្រាប់មីនកប់ក្រោមដី និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលសេសល់ពីសង្គ្រាមរយៈពេលជាង ២០ឆ្នាំមកហើយ។
ក្នុងរយៈពេល ៧ខែ ឆ្នាំ២០១៧ នេះ ពលរដ្ឋដែលរងគ្រោះដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងខេត្តឧត្តរមានជ័យ មានប្រមាណ ១០នាក់។ មន្ត្រីផ្នែកស្រង់ទិន្នន័យជនរងគ្រោះដោយសារគ្រាប់មីន បង្ហាញកង្វល់ថា ថ្វីត្បិតតែចំនួនអ្នករងគ្រោះឆ្នាំនេះបានថយចុះជាងឆ្នាំមុនក៏ដោយ ក៏វានៅតែជាការព្រួយបារម្ភនៅឡើយ។
ពលរដ្ឋជាច្រើនរស់នៅភូមិខ្ទុំ សង្កាត់កូនក្រៀល ក្រុងសំរោង នៃខេត្តឧត្តរមានជ័យ នៅតែព្រួយបារម្ភអំពីសុវត្ថិភាពរបស់គេ និងក្រុមគ្រួសារ ក្នុងរឿងគ្រោះថ្នាក់ដោយសារគ្រាប់មីន និងគ្រាប់ដែលសេសសល់ពីសង្គ្រាម នៅពេលដែលចេញទៅកាប់គាស់ដីធ្វើស្រែចំការម្ដងៗ។ ការព្រួយនេះ ដោយសារតែគេដឹងថា ផ្ទៃដីស្រែចំការ ព្រមទាំងដីភូមិខ្លះ ដែលពួកគេកំពុងរស់នៅ គឺជាកន្លែងដែលនៅមានសល់គ្រាប់មីនកប់ក្រោមដី និងគ្រាប់មិនទាន់ផ្ទុះជាច្រើនប្រភេទ ដែលអាចបង្កគ្រោះថ្នាក់នៅឡើយ។
បុរសចំណាស់ម្នាក់ក្នុងចំណោមអ្នកភូមិខ្ទុំ គឺលោក សុខ ងឿន។ លោកមានប្រសាសន៍ថា បច្ចុប្បន្នទាំងរូបលោក និងអ្នកភូមិខ្ទុំ ទាំងអស់ មានអារម្មណ៍ភ័យខ្លាចជាប់ជានិច្ចចំពោះគ្រោះថ្នាក់ដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលកប់នៅក្រោមដី។ លោកបញ្ជាក់ថា នៅតាមវាលស្រែ និងដីចំការ ព្រមទាំងកន្លែងភូមិដែលកំពុងរស់នៅផង គឺនៅមានសេសសល់គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ជាច្រើនដែលមិនអាចមើលឃើញ។
លោក សុខ ងឿន មានការភ័យខ្លាចនៅពេលដែលអ្នកភូមិរបស់គាត់ជាច្រើននាក់ បានរងគ្រោះដោយសារគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះជាបន្តបន្ទាប់ក្នុងពេលទៅធ្វើស្រែចំការ៖ «ព្រោះតែកសិករកាយដីចិញ្ចឹមជីវិត ដូចជារូបខ្ញុំ ដោយទៅភ្ជួរដីដាំដំឡូង ដាំបន្លែ ពេលកាប់គាស់ដីទៅមិនបានដឹងថា មីននៅត្រង់ណាទេ»។
កាលពីថ្ងៃទី២៧ ខែមិថុនា បុរសអ្នកភូមិខ្ទុំ ម្នាក់ឈ្មោះ យីង យឿម អាយុ ៦៩ឆ្នាំ បានស្លាប់ដោយសារតែកាប់ដីដំបូកប៉ះចំគ្រាប់មិនទាន់ផ្ទុះ នៅពេលដែលគាត់ទៅធ្វើស្រែ៖ «សំឡេងផ្ទុះ...»។
កូនស្រីរបស់បុរសរងគ្រោះ លោកស្រី យីង ខឿន មានប្រសាសន៍ថា នៅពេលដែលឪពុករបស់នាងមានគ្រោះថ្នាក់ស្លាប់នោះ គឺនាងកំពុងតែធ្វើការនៅឯប្រទេសថៃ។ នាងមានអារម្មណ៍រន្ធត់ជាខ្លាំងពេលដែលទទួលដំណឹងថា ឪពុកមានគ្រោះថ្នាក់ដោយសារតែគ្រាប់នៅសល់ពីសង្គ្រាម។ ថ្វីបើឪពុករបស់នាងបានស្លាប់ទៅហើយក្តី ក៏នាងនៅតែបារម្ភអំពីសុវត្ថិភាពបងប្រុសរបស់នាងម្នាក់ទៀត ដែលតែងទៅធ្វើស្រែទីនោះ ពីព្រោះតែនាងដឹងថា ស្រែរបស់នាងគឺនៅមានសល់គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះជាច្រើន តាំងពីសម័យសង្គ្រាមចាប់ពីឆ្នាំ១៩៨០ រហូតដល់ឆ្នាំ១៩៩៨ នៅឡើយ៖ «សោកស្ដាយហើយ ដោយសារតែខ្ញុំកំព្រា មិនមានម្ដាយ ដល់ពេលបាត់បង់ឪទៀត ខ្ញុំក៏កាន់តែស្រាលខ្លួន»។

ប្រភពពីអ្នកភូមិខ្ទុំ ឱ្យដឹងថា ភូមិដែលពួកគេរស់នៅបច្ចុប្បន្ន គឺជាអតីតបន្ទាយទាហានរបស់រដ្ឋាភិបាលសម័យរដ្ឋកម្ពុជា ហើយកន្លែងនេះក៏ជាសមរភូមិក្តៅរវាងកងទ័ពប៉ារ៉ា និងកងទ័ពខ្មែរក្រហមវាយប្រយុទ្ធគ្នាជាញឹកញាប់ជាមួយទាហានរដ្ឋាភិបាល កាលពីអំឡុងឆ្នាំ១៩៨០ រហូតដល់ឆ្នាំ១៩៨៩។ នៅតាមវាលស្រែ ដំបូក ឬក៏គុម្ពោតព្រៃជាច្រើនគេតែងប្រទះឃើញមានគ្រាប់កាំភ្លើងដែលមិនទាន់ផ្ទុះ ឬក៏គ្រាប់មីនជាញឹកញាប់។ ជារៀងរាល់ឆ្នាំ អ្នកភូមិខ្ទុំ នៅតែភ័យខ្លាចជុំវិញបញ្ហាគ្រោះថ្នាក់ដោយសារគ្រាប់មីនក្នុងពេលដែលគេបើកគោយន្ត ឬក៏ត្រាក់ទ័រ ទៅភ្ជួររាស់ដីធ្វើស្រែចំការម្ដងៗ៖ «សំឡេងត្រាក់ទ័រ...»។
លោក ពឿន ហយ ជាអ្នកភូមិខ្ទុំ ម្នាក់ទៀត មានប្រសាសន៍ថា រូបលោក ក៏ដូចជាអ្នកភូមិ គឺភ័យខ្លាចចំពោះគ្រោះថ្នាក់ដោយសារគ្រាប់មីន។ លោកបញ្ជាក់កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ គឺឪពុកមាររបស់គាត់បានស្លាប់ដោយផ្ទុះគ្រាប់ ហើយកាលពីឆ្នាំ២០១៦ គឺអ្នកភូមិម្នាក់ទៀត បានរងរបួសដោយសារគ្រាប់មីនកប់នៅក្រោមដី នៅពេលដែលបើកត្រាក់ទ័រទៅភ្ជួរស្រែ៖ «រឿងប្រជាពលរដ្ឋ ចេះតែខ្លាចហើយ ព្រោះយើងមិនអាចមើលឃើញទេ វានៅក្នុងដី។ ពេលទៅស្រែម្ដងៗចេះតែភ័យខ្លាចដែរ ប៉ុន្តែមិនដឹងធ្វើម៉េចបើកសិករត្រូវតែកាប់គាស់ដីទៅហើយ»។
មន្ត្រីស្រង់ទិន្នន័យជនរងគ្រោះដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ខេត្តឧត្តរមានជ័យ លោក អូន លីហេង ឱ្យដឹងថា ក្នុងរយៈពេល ៧ខែ ឆ្នាំ២០១៧ នេះ មានជនរងគ្រោះដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួនប្រមាណ ១០នាក់។ ក្នុងចំណោមអ្នករងគ្រោះទាំងនោះមាន ២នាក់បានស្លាប់។ មន្ត្រីដដែលឱ្យដឹងថា នៅក្រុងសំរោង គឺជាតំបន់ដែលមានគ្រោះថ្នាក់ដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះច្រើនជាងគេ ក្នុងចំណោមស្រុកមួយចំនួនទៀត ដូចជាស្រុកត្រពាំងប្រាសាទ ស្រុកចុងកាល់ និងស្រុកបន្ទាយអំពិល ជាដើម។
មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) កំពុងប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបោសសំអាតគ្រាប់មីនចេញពីផ្ទៃដីឱ្យមានសុវត្ថិភាព ព្រមទាំងបង្កើតក្រុមឱ្យចុះទៅតាមមូលដ្ឋានជួយអប់រំពលរដ្ឋឱ្យយល់ដឹងអំពីគ្រោះថ្នាក់ដោយសារគ្រាប់មីន។
អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា លោក ហេង រតនា ធ្លាប់ថ្លែងនៅក្នុងពិធីទទួលសម្ភារៈបោសសំអាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះពីរដ្ឋាភិបាលជប៉ុន កាលពីថ្ងៃទី៦ ខែកក្កដា កម្លាំង CMAC ជាច្រើនពាន់នាក់ កំពុងប្រឹងប្រែងរំដោះគ្រាប់មីនចេញពីផ្ទៃដីជាច្រើនកន្លែងក្នុងប្រទេសកម្ពុជា៖ «ក្នុងរយៈពេល ២៥ឆ្នាំនេះ CMAC បានរួមចំណែកជាមួយរដ្ឋាភិបាលលើការអនុវត្តច្បាប់ប្រយុទ្ធប្រឆាំង និងបំផ្លាញចោលគ្រាប់មីន»។
គិតចាប់ពីឆ្នាំ១៩៩២ រហូតមកដល់ខែឧសភា ឆ្នាំ២០១៧ ស៊ីម៉ាកបានរកឃើញ និងកំទេចចោលគ្រាប់មីនប្រឆាំងមនុស្សចំនួនជាង ៥០ម៉ឺនគ្រាប់ មីនប្រឆាំងរថក្រោះជាង ១ម៉ឺនគ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនប្រភេទជាង ១លាន ២សែនគ្រាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។