អ្នក​ភូមិ​ជាប់​ព្រំដែន​នៅ​ខេត្ត​ត្បូងឃ្មុំ​ប្រតិកម្ម​នឹង​ការ​លក់​ដើម​ច័នគិរី​ឱ្យ​ជនជាតិ​វៀតណាម

ដោយ​ សូត សុខប្រាថ្នា
2017-06-17
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ដើម​ច័នគិរី ឬ​ដើម​អំពិល​បារាំង ដែល​ឈ្មួញ​វៀតណាម ចូល​មក​កាប់​នៅ​បរិវេណ​វត្ត​បឹងជ្រោង ក្នុង​ឃុំ​ជាំ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ កាល​ពី​ថ្ងៃ​ទី​១៤ មិថុនា ឆ្នាំ​២០១៧។ រូប​ពី​ពលរដ្ឋ
ដើម​ច័នគិរី ឬ​ដើម​អំពិល​បារាំង ដែល​ឈ្មួញ​វៀតណាម ចូល​មក​កាប់​នៅ​បរិវេណ​វត្ត​បឹងជ្រោង ក្នុង​ឃុំ​ជាំ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ កាល​ពី​ថ្ងៃ​ទី​១៤ មិថុនា ឆ្នាំ​២០១៧។ រូប​ពី​ពលរដ្ឋ
រូប​ពី​ពលរដ្ឋ

ពលរដ្ឋ​នៅ​ភូមិ​បឹងជ្រោង ឃុំ​ជាំ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បារម្ភ​ថា ការ​កាប់​ដើម​ច័នគិរី ឬ​ដើម​អំពិល​បារាំង នៅ​ជាប់​ព្រំដែន​កម្ពុជា-​វៀតណាម គឺ​ធ្វើ​ឱ្យ​បាត់បង់​ភស្តុតាង ឬ​កេរដំណែល​ចាស់​ដែល​បន្សល់​ទុក​ពី​ដូនតា​មក។ ការ​បារម្ភ​នេះ ក្រោយ​ពេល​ដើម​ច័នគិរី មួយ​ដើម​នៅ​បរិវេណ​វត្ត​បឹងជ្រោង ត្រូវ​បាន​គេ​លក់​ឱ្យ​ទៅ​ជនជាតិ​វៀតណាម ហើយ​ពួកគេ​បាន​កាប់​ផ្នែក​ខ្លះ​នៃ​ដើម​នោះ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មិថុនា ហើយ​បម្រុង​នឹង​គាស់​រំលើង​ទាំងស្រុង​យក​ទៅ​ទៀត​ផង។

ប្រជាពលរដ្ឋ ព្រមទាំង​អតីត​មេ​ឃុំ​ជាំ ស្នើ​ឱ្យ​រាជរដ្ឋាភិបាល​រក្សាទុក​ដើម​ឈើ​ទាំង​ឡាយ​ដែល​ដុះ​នៅ​ក្បែរ​ព្រំដែន​ក្នុង​ដី​ខ្មែរ សម្រាប់​ជា​ភស្តុតាង​រស់​ដល់​ក្មេង​ជំនាន់​ក្រោយ។ ពួកគេ​យល់​ថា ការ​កាប់​ដើម​ច័នគិរី ដែល​មាន​មុខ​កាត់​ជាង ១​ម៉ែត្រ និង​ដុះ​ក្បែរ​បង្គោល​ព្រំដែន​ក្នុង​ដី​ខ្មែរ​ប្រៀប​ដូចជា​ការ​លុបបំបាត់​ភស្តុតាង​ចាស់​ពី​បុរាណ ដ្បិត​តំបន់​នោះ​ធ្លាប់​មាន​ភាព​ចម្រូងចម្រាស​ជាមួយ​វៀតណាម ទៀត​ផង។

​ពលរដ្ឋ​រស់​នៅ​ភូមិ​បឹងជ្រោង មាន​វ័យ​ជាង ៦០​ឆ្នាំ លោក ម៉ូវ បឺត មាន​ប្រសាសន៍​ថា ដើម​ច័នគិរី នោះ គឺ​មាន​អាយុ​កាល​រាប់​សិប​ឆ្នាំ​មក​ហើយ ព្រោះ​លោក​កើត​ឡើង​ឃើញ​វា​តែម្ដង។ លោក​ថា ពី​ដើម​មក​ដើម​នេះ​ស្ថិត​នៅ​ក្នុង​បរិវេណ​វត្ត​បឹង​ជ្រោង ក្រោយ​មក​គេ​កាត់​ចេញ​ដាក់​ទៅ​ជា​ដី​សហគមន៍​នៅ​ក្នុង​ភូមិ​សម្រាប់​បញ្ចុះ​សព។ លោក​ដឹង​ថា ដើម​ឈើ​ចំណាស់​នេះ ត្រូវ​បាន​គេ​លក់​ឱ្យ​ជនជាតិ​វៀតណាម ប៉ុន្តែ​មិន​ដឹង​ប្រាកដ​ថា​នរណា​ជា​អ្នក​លក់​ទេ។ យ៉ាង​នេះ​ក្តី ពលរដ្ឋ​ដដែល​យល់​ថា ការ​លក់​ដើម​ឈើ​នៅ​ក្បែរ​ព្រំដែន គឺ​ជា​រឿង​ខុស​ទាំង​ស្រុង៖ «របស់​នេះ​ធំ​ប៉ុណ្ណឹង​ហើយ​ខ្ញុំ​គិត​ថា ជា​របស់​សហគមន៍ ជា​ខ្សែ​បន្ទាត់​ព្រំដែន​មិន​អាច​ទៅ​បំផ្លាញ​អ៊ីចឹង​បាន​ទេ ត្រូវ​តែ​ទុក​បើ​ទោះ​បី​ជា​មាន​តម្លៃ​ប៉ុណ្ណា​ក៏ដោយ»

​ដើម​ច័នគិរី ដែល​មាន​ទំហំ​ជិត​ប៉ុន​កង់រទេះ ត្រូវ​បាន​ឈ្មួញ​ជនជាតិ​វៀតណាម នាំ​គ្នា​មក​អារ​កាត់​មែក និង​ឫស​មួយ​ចំនួន​កាល​ពី​ថ្ងៃ​ទី​១៤ មិថុនា ប៉ុន្តែ​ដើម​នៅ​មិន​ទាន់​កាប់​ផ្ដួល​ទេ។

ទាក់ទង​បញ្ហា​នេះ មេ​ភូមិ​បឹងជ្រោង លោក សួរ ពេជ្រ បញ្ជាក់​ថា មិន​មែន​អាជ្ញាធរ​លក់​ដើម​ច័នគិរី​ទេ ប៉ុន្តែ​ជា​ការ​ដោះដូរ​ដើម្បី​បាន​ប្រាក់​ប្រមាណ ៦០​ម៉ឺន​រៀល សម្រាប់​ទិញ​សម្ភារៈ​ប្រើប្រាស់​នៅ​ក្នុង​ភូមិ​ដូច​ជា​តុ កៅអី​ជាដើម។ លោក​បន្ត​ថា បើ​ទោះ​បី​ជា​ឈ្មួញ​វៀតណាម មិន​កាប់​ដើម​ច័នគិរី​នោះ​ក៏ដោយ ប៉ុន្តែ​ក្រុម​កង​វិស្វកម្ម​ធ្វើ​ផ្លូវ​ខ្សែ​ក្រវាត់​ព្រំដែន នឹង​ឈូស​ឆាយ​ចោល​ដដែល ព្រោះ​វា​អាច​ប៉ះពាល់​គម្រោង​ធ្វើ​ផ្លូវ​របស់​គេ៖ «ខ្ញុំ​គិត​ថា ឱ្យ​គេ​គាស់​ដើម​ហ្នឹង​ចេញ​ទៅ កុំ​ឱ្យ​ចូល​ដី​កប់​ខ្មោច ព្រោះ​ដី​កប់​ខ្មោច​មាននៅ​តែមួយ​ក្រវេច»

​បរិវេណ​វត្ត​បឹង​ជ្រោង គឺ​ធ្លាប់​មាន​ភាព​ចម្រូងចម្រាស​រឿង​ព្រំដែន​ជាមួយ​វៀតណាម កាល​ពី​ឆ្នាំ​២០១២ និង​ឆ្នាំ​២០១៣ ដោយសារ​របង​វត្ត​ផ្នែក​ខាង​កើត​មិន​អាច​កសាង​បាន ព្រោះ​អាជ្ញាធរ​វៀតណាម ហាមឃាត់។

​អតីត​មេ​ឃុំ​ជាំ លោក ប្រាក់ វន្នី មាន​ប្រសាសន៍​ថា ដើម​ឈើ​នោះ គឺ​មាន​សារសំខាន់​ណាស់ ព្រោះ​ជា​ផ្នែក​មួយ​កំណត់​ទីតាំង​ភូមិសាស្ត្រ​នៅ​ក្នុង​ឃុំ​ទាំង​មូល។ លោក​បន្ថែម​ថា ឈ្មួញ​វៀតណាម គេ​បម្រុង​នឹង​គាស់​រំលើង​ទាំង​ឫស​តែម្ដង ប៉ុន្តែ​ដោយមាន​ប្រតិកម្ម​ពី​ពលរដ្ឋ​ច្រើន ទើប​ពួកគេ​ផ្អាក​ទៅ​វិញ៖ «កាល​ណា​យើង​បណ្ដោយ​ឱ្យ​កាប់​វា​នឹង​បាត់​វត្ថុតាង។ អ៊ីចឹង​ពលរដ្ឋ​ដែល​ខិតខំ​តស៊ូ​ព្យាយាម មិន​ចង់​ឱ្យ​បាត់បង់​កេរដំណែល​មរតក​ដូនតា»

​លោក​យល់​ថា ប្រសិនបើ​កង​វិស្វកម្ម​ប៉ះពាល់​គម្រោង​ធ្វើ​ផ្លូវ ហើយ​ត្រូវ​ការ​ឈូស​ឆាយ​គឺ​ជា​សិទ្ធិ​របស់​រាជរដ្ឋាភិបាល ប៉ុន្តែ​សម្រាប់​ពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​មាន​សិទ្ធិ​ថែរក្សា​ការពារ​សម្បត្តិ​រួម​ទាំង​នេះ។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​ត្បូងឃ្មុំ លោក នាង សុវ៉ាត ដែល​ធ្លាប់​ចុះ​ទៅ​ពិនិត្យ​មើល​នៅ​តំបន់​នោះ​យល់​ថា ការ​ព្រួយ​បារម្ភ​របស់​អ្នក​ភូមិ​ខ្លាច​បាត់​ភស្តុតាង​ចាស់ គឺ​ជា​រឿង​ត្រឹមត្រូវ។ លោក​ថា អ្នក​លក់​ដើម​អំពិល​បារាំង ទៅ​ឱ្យ​វៀតណាម អាច​ទទួល​បាន​ប្រយោជន៍​ផ្ទាល់​ខ្លួន​ទៀត​ផង។ លោក​ពន្យល់​ថា ដើម​ឈើ​នៅ​តំបន់​នោះ​ជា​សម្បត្តិ​រួម ដូច្នេះ​គ្មាន​បុគ្គល​ណា​ម្នាក់​អាច​លក់​ដូរ​បាន​ឡើយ ម្យ៉ាង​រាជរដ្ឋាភិបាល​ទើប​តែ​ចេញ​បម្រាម​មិន​ឱ្យ​នាំ​ឈើ​ខុស​ច្បាប់​ចេញ​ទៅ​​ប្រទេស​វៀតណាម ថែម​ទៀត៖ «នាយករដ្ឋមន្ត្រី​ចេញ​សារាចរ​មិន​ឱ្យ​ដឹង​ឈើ​ចូល​ទៅ​វៀតណាម។ អា​ហ្នឹង​មាន​ន័យ​ថា កាប់​ដើម​ឈើ​លក់​ឱ្យ​ជនជាតិ​វៀតណាម ហើយ​ហ្នឹង។ អា​ហ្នឹង​ផ្ទុយ​ទៅ​នឹង​ការ​សម្រេច​ចិត្ត​របស់​រាជ​រដ្ឋាភិបាល​ត្រូវ​មាន​ទោស»

​មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បញ្ជាក់​ថា រាល់​កេរ​ដំណែល​មាន​នៅ​តាម​ព្រំដែន ដូចជា​ដើមឈើ ស្ទឹង បឹង ព្រែក បង្គោល ភ្នំ វត្ត​អារាម សំណង់​ចាស់ៗ ជាដើម គឺ​មិន​គួរ​ប៉ះពាល់ ឬ​បំផ្លាញ​ចោល​ទេ ព្រោះ​ជា​ភស្តុតាង​សម្រាប់​ក្មេង​ជំនាន់​ក្រោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល