ពលរដ្ឋខ្លះដែលជាអ្នករើសសំរាមលក់នៅឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ចម្ងាយជិត ៣០គីឡូម៉ែត្រភាគខាងកើតពីទីក្រុងសៀមរាប មិនសប្បាយចិត្តជាមួយនឹងក្រុមហ៊ុនប្រមូលសំរាមចេញពីទីក្រុងឈ្មោះ ហ្កាអ៊ីយ៉ា (Gaea)។
ការមិនសប្បាយចិត្តនេះ កើតឡើងបន្ទាប់ពីក្រុមហ៊ុនបានធ្វើទីលានចាក់សំរាមថ្មី១កន្លែង ហើយបិទរបងការពារមិនឱ្យអ្នកភូមិចូលទៅរើសសំរាម និងកាកសំណល់ដែលអាចយកទៅលក់បានប្រាក់ដូចនៅកន្លែងចាក់សំរាមមុនៗទៀត។
ពលរដ្ឋជាង ១០០នាក់ នៅឃុំត្រពាំងធំ ដែលប្រកបមុខរបរជាអ្នករើសសំរាម និងកាកសំណល់យកទៅលក់ បានលើកគ្នាបិទផ្លូវលំ ១ខ្សែ មិនឱ្យឡានដឹកសំរាមរបស់ក្រុមហ៊ុនចេញពីទីក្រុងចូលទៅចាក់នៅកន្លែងរណ្ដៅបានទេ នៅថ្ងៃអង្គារ ទី២៩ ខែសីហា។
ពលរដ្ឋទាំងនោះ និយាយថា មូលហេតុដែលពួកគេបិទផ្លូវមិនឱ្យឡានរបស់ក្រុមហ៊ុនហ្កាអ៊ីយ៉ា ចូលទៅចាក់សំរាមបាន ដោយសារតែក្រុមហ៊ុនបានហាមឃាត់ពួកគេមិនឱ្យចូលទៅរើសសំរាម និងកាកសំណល់ដែលអាចលក់ដូរបាននៅកន្លែងរណ្ដៅចាក់សំរាមថ្មី។
ស្ត្រីអ្នកភូមិអន្លង់២ ម្នាក់ ក្នុងចំណោមអ្នកតវ៉ាបិទផ្លូវជាច្រើនទៀត គឺអ្នកស្រី ជុន សាំ។ អ្នកស្រីមានប្រសាសន៍រសៀលថ្ងៃអង្គារ ទី២៩ ខែសីហា ថា គាត់គ្មានដីស្រែ និងចម្ការ សម្រាប់ធ្វើកសិកម្មចិញ្ចឹមជីវិតទេ មានតែមុខរបររើសសំរាមយកទៅលក់អេតចាយរយៈពេល ១០ឆ្នាំហើយ។ ស្ត្រីដដែលបញ្ជាក់ប្រសិនក្រុមហ៊ុន ហាមឃាត់មិនឱ្យពួកគាត់ចូលទៅរើសសំរាមនៅរណ្ដៅថ្មី ដែលកំពុងរៀបចំនោះ ពួកគាត់ក៏គ្មានកម្រៃចិញ្ចឹមជីវិត គឺមានតែបិទផ្លូវតវ៉ា៖ «ជីវភាពប្រចាំថ្ងៃមានតែមុខរបររើសសំរាមលក់ប៉ុណ្ណោះ ពីព្រោះខ្ញុំចាស់ហើយ មិនអាចទៅធ្វើការងារសំណង់ដើម្បីយកប្រាក់ចិញ្ចឹមជីវិតបានទេ»។

អ្នកភូមិអន្លង់២ ម្នាក់ទៀត អ្នកស្រី ធួន ស៊ីលុយ មានប្រសាសន៍ថា ចាប់តាំងពីក្រុមហ៊ុនសំរាម ទៅធ្វើរណ្ដៅចាក់សំរាមនៅជិតភូមិរបស់គាត់ គឺក្រុមហ៊ុនបានលុបប្រឡាយទឹក បណ្ដាលឱ្យគ្មានទឹកធ្វើស្រែគ្រប់គ្រាន់ទេ ដូច្នេះ រូបគាត់និងអ្នកភូមិជាច្រើននាក់ តែងទីពឹងលើរបររើសសំរាមយកទៅលក់។ ស្ត្រីដដែលបញ្ជាក់ថា ប្រសិនបើក្រុមហ៊ុនបិទមិនឱ្យពួកគាត់ចូលរើសសំរាម និងកាកសំណល់យកទៅលក់ដូរទៀតនោះ គឺមានន័យថា ពួកគាត់នឹងគ្មានប្រាក់ឯណាទិញស្បៀងអាហារចិញ្ចឹមជីវិតទេ៖ «ព្រោះប្រជាពលរដ្ឋរស់ដោយសារសំរាម ប្រកបអាជីវកម្ម រើសសំរាមរហូតមកដល់សព្វថ្ងៃ។ ១ថ្ងៃអាចរើសសំរាមយកទៅលក់បានប្រាក់ប្រហែល ២ម៉ឺនរៀល»។
ក្រុមហ៊ុនប្រមូលសំរាម ហ្កាអ៊ីយ៉ា បានពន្យល់ថា ការធ្វើរណ្ដៅចាក់សំរាមថ្មីនេះ គឺគេបានធ្វើតាមការស្នើសុំរបស់អ្នកភូមិ ព្រមទាំងទទួលយកអនុសាសន៍ពីរដ្ឋាភិបាល និងអាជ្ញាធរខេត្តសៀមរាប ឱ្យធ្វើតាមស្តង់ដារអន្តរជាតិ ដើម្បីការពារបរិស្ថាន ការលុបបំបាត់ក្លិនស្អុយ ព្រមទាំងធានាសុវត្ថិភាពសាធារណៈមិនឱ្យមានគ្រោះថ្នាក់ផង ដូច្នេះ គេមិនអាចអនុញ្ញាតឱ្យពលរដ្ឋចូលទៅដណ្ដើមគ្នារើសសំរាមនៅក្នុងរណ្ដៅថ្មី ដែលមានហ៊ុមព័ទ្ធរបងការពារនោះទេ។
អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនប្រមូលសំរាម ហ្កាអ៊ីយ៉ា កញ្ញា គ្លៀរ ប្រូម (Claire Prome) មានប្រសាសន៍ថា ជំនួសឱ្យការបិទមិនឱ្យអ្នកភូមិចូលរើសសំរាមនេះ គឺក្រុមហ៊ុនរបស់នាងបានធានាថា នឹងយកអ្នករើសសំរាមទាំងអស់ឱ្យចូលធ្វើការជាបុគ្គលិកដោយផ្ដល់ប្រាក់ខែសមរម្យ៖ «ជាការពិតគឺយើងមិនអនុញ្ញាត ឱ្យពលរដ្ឋអាចចូលទៅរើសសំរាមបានទៀតទេ។ រណ្ដៅសំរាមនោះគឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុនដែលទទួលខុសត្រូវ។ ការហាមឃាត់មិនឱ្យអ្នកភូមិចូលទៅរស់សំរាមនោះ ពីព្រោះតែរណ្ដៅសំរាមថ្មី មានជម្រៅជ្រៅ ហើយពេលចាក់សំរាមម្ដងៗ មានសំរាមប្រហែលពី ១៥ ទៅ ២០តោន ប្រសិនបើអ្នកភូមិសម្រុកចូលទៅរើស វាអាចនឹងសង្កត់ស្លាប់នៅពេលណាមួយ»។
មេឃុំត្រពាំងធំ លោក សយ សីហា ឱ្យដឹងថា ក្រុមហ៊ុនសំរាមមានគោលការណ៍រើសបុគ្គលិកធ្វើការប្រហែល ៣០០នាក់ ដោយផ្ដល់ប្រាក់ខែសម្រាប់បុគ្គលិកស្រីម្នាក់ គឺចាប់ពី ១២០ដុល្លារឡើងទៅ ចំណែកបុរសគឺឱ្យប្រាក់ខែចាប់ពី ១៥០ដុល្លារ។ លោក សយ សីហា គាំទ្រគោលការណ៍របស់ក្រុមហ៊ុនដែលសុខចិត្តទទួលយកពលរដ្ឋធ្វើជាបុគ្គលិកជំនួសឱ្យមុខរបររើសសំរាមលក់នេះ ហើយលោកព្យាយាមពន្យល់អ្នកភូមិឱ្យទទួលយកការងារមានប្រាក់ខែនោះ ប៉ុន្តែត្រូវពលរដ្ឋបដិសេធ។
រហូតដល់រសៀលថ្ងៃទី២៩ ខែសីហា ក្រុមអ្នកតវ៉ាបិទផ្លូវមិនឱ្យឡានដឹកសំរាមចូលចាក់សំរាមនោះ បានបដិសេធមិនព្រមចូលចរចាជាមួយតំណាងក្រុមហ៊ុន និងអាជ្ញាធរឡើយ ដោយពួកគេសុខចិត្តនាំគ្នាអង្គុយលេងដោយគ្មានដំណោះស្រាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។