អ្នកភូមិបណ្ដែតទឹកដែលភាគច្រើនជាជនជាតិវៀតណាម នៅខេត្តកំពង់ឆ្នាំង ប្រកាសថា ខ្លួននឹងឡើងតាំងទីលំនៅលើគោកតាមកាលកំណត់របស់រដ្ឋាភិបាល។ ប៉ុន្តែពួកគាត់ខ្លះកំពុងប្រឈមនឹងបញ្ហាមួយចំនួន ហើយស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចជួយដោះស្រាយ។
សកម្មភាពរស់នៅប្រចាំថ្ងៃ ការសិក្សារបស់ក្មេងតូចៗ និងការដោះដូរទំនិញផ្សេងៗក្នុងរយៈពេលជិត ៣ខែ របស់អ្នកភូមិបណ្ដែតទឹក ៩៩៦គ្រួសារ មានការលំបាក ក្រោយពីអាជ្ញាធរផ្លាស់ទីទៅឆ្ងាយពីទីប្រជុំជន ឬផ្សារក្រោម ទៅរស់នៅលើទឹកត្រង់ចំណុចពាមញ នៃឃុំស្វាយជ្រំ ស្រុករលាប្អៀរ ចម្ងាយប្រមាណ ៣គីឡូម៉ែត្រ ប៉ុន្តែពួកគេសុខចិត្តអនុវត្តតាមវិធានការរបស់អាជ្ញាធរ។
ជនជាតិវៀតណាមម្នាក់ លោក ច្រឹង យ៉ាំងរស់ មានប្រសាសន៍ថា អ្នកភូមិបណ្ដែតទឹក ជាពិសេសជនជាតិវៀតណាម មានជីវភាពក្រីក្រគ្មានលទ្ធភាពរកទិញដីរស់នៅលើគោកបានទេ ហើយក៏ពុំទាន់មានត្រៀមលុយកាក់ ឬសម្ភារៈអ្វីឡើងគោកដែរ។ លោកស្នើឲ្យអាជ្ញាធរដោះស្រាយគោលនយោបាយដីធ្លីនៅក្បែរទន្លេ និងរក្សាបែរត្រីពួកគាត់នៅក្នុងទន្លេដដែល ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ៖ «បើគេ (ជនជាតិវៀតណាម) អ្នកមានលុយគេចេះតែទិញដីត្រៀមខ្លះ បើអ្នកខ្លះក្រអត់ទេ ដូចខ្ញុំអ៊ីចឹងក៏អត់ទាន់មានផង។ បើដូចខ្ញុំគ្រាន់តែបានស៊ីគ្រប់គ្រាន់មិនទាន់មានលុយទិញផង រួចមានក្រច្រើនទៀត»។
អាជ្ញាធរខេត្តកំពង់ឆ្នាំង បានផ្លាស់ទីផ្ទះបណ្ដែតទឹក ១.៤៨៦ខ្នង ភាគច្រើនជាផ្ទះរបស់ជនជាតិវៀតណាម នៅភូមិចុងកោះ និងភូមិកណ្ដាល នៃសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ចេញឲ្យផុតពីតំបន់អភិវឌ្ឍន៍ច្រាំងទន្លេកាលពីដើមខែតុលា ឆ្នាំ២០១៥។ បើទោះបីជាផ្ទះទាំងនេះចេញផុតពីតំបន់អភិវឌ្ឍន៍ អាជ្ញាធរគ្រោងឲ្យអ្នកទាំងនោះឡើងរស់នៅលើគោក ដើម្បីបញ្ចៀសការបំពុលទឹក និងរៀបចំទីតាំងនោះឲ្យទៅជាតំបន់ទេសចរណ៍ធម្មជាតិដែលមានតែផែ និងបែរចិញ្ចឹមត្រីរបស់អ្នកភូមិ។
ទាក់ទងបញ្ហានេះអភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររៀបចំផ្ទះបណ្ដែតទឹក លោក ស៊ុន សុវណ្ណារិទ្ធិ ថ្លែងថា អាជ្ញាធរពុំមានគោលនយោបាយដីធ្លីជូនអ្នកភូមិបណ្ដែតទឹក ឬទទួលខុសត្រូវចំពោះការឡើងរស់នៅលើគោកនោះទេ ដូច្នេះពួកគាត់ត្រូវមានភាពម្ចាស់ការលើខ្លួនឯងក្នុងការតាំងទីលំនៅថ្មីនៅលើគោក។ អាជ្ញាធរមិនទាន់ទទួលបានសំណូមពររបស់អ្នកភូមិដែលចង់រស់នៅក្បែរទន្លេ និងរក្សាបែរត្រីនៅក្នុងដដែលនោះទេ តែលោកថា សំណូមពរបែបនេះទាល់តែមានអាជ្ញាធរថ្នាក់ជាតិទើបអាចសម្រេចបាន ខណៈក្រុមការងារផ្ដោតលើការអភិវឌ្ឍផ្សារ និងផ្លូវថ្នល់ជូនអ្នករងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍នៅកន្លែងថ្មី។
លោក ស៊ុន សុវណ្ណារិទ្ធិ៖ «ប៉ុន្តែក្រុមការងារនឹងខិតខំរកទីតាំងមួយមិនឆ្ងាយពីទន្លេ និងមិនឆ្ងាយពីទីផ្សារថ្មី ហើយផ្លូវថ្នល់អាចធ្វើចរាចរណ៍បាន ហើយសង្ឃឹមថា បងប្អូននឹងអាចទទួលយកបាន។ អ៊ីចឹងតាមគោលនយោបាយសម្រាប់អ្នកដែលមានប័ណ្ណសម្គាល់សិទ្ធិយើងដោះតាមរបៀបផ្សេង ហើយអ្នកនៅផ្ទះទឹកយើងដោះស្រាយតាមផែនការយុទ្ធសាស្ត្រផ្សេងៗគ្នា យើងមិនអាចយកទាំងអស់ហ្នឹងទៅដាក់មួយកន្លែងអត់បាន ព្រោះយើងក៏អត់មានទីតាំងអាចទទួលយកបានទាំងអស់ហ្នឹងដែរ»។
លោកបញ្ជាក់ថា បច្ចុប្បន្នក្រុមការងារកំពុងសិក្សាលម្អិតលើផលប៉ះពាល់ផ្ទះសម្បែងជាង ៤០០ខ្នង ដែលឋិតនៅក្នុងតំបន់អភិវឌ្ឍ ហើយគោលនយោបាយដោះដូរមានភាពខុសគ្នាទៅតាមផ្ទះនីមួយៗ។
អាជ្ញាធរខេត្តកំពង់ឆ្នាំង កំពុងអនុវត្តលើគម្រោងអភិវឌ្ឍន៍សួនច្បារ និងច្រាំងទន្លេ នៅក្រុងកំពង់ឆ្នាំង ដោយប្រើរយៈពេល ៥ឆ្នាំ គឺគិតចាប់ពីឆ្នាំ២០១៥។ គម្រោងនេះសំដៅលើកកម្ពស់សណ្ដាប់ធ្នាប់ និងសោភ័ណភាពក្នុងក្រុង ហើយត្រៀមធ្វើជាម្ចាស់ផ្ទះ នៃពិធីបុណ្យទន្លេនាថ្ងៃអនាគតទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។